សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃពុធនេះ បានបើកសវនាការ​​ជំនុំជម្រះក្ដីលើ​សំណុំរឿង ប្រធានសហជីពប្រចាំរោងចក្រ វីង ស្ដារស៊ូ លោក ជា ចាន់ ដែល​រង​ការ​ចោទពី​បទ​ «សមគំនិតក្នុងអំពើ​លួច» ដោយ​ចៅក្រមគ្រោង​នឹង​ប្រកាសសាលក្រម​លើសំណុំរឿងនេះនៅអំឡុងពាក់​កណ្តាល​​​ខែមិថុនាខាងមុខ។

លោក សេង រាជ មេធាវីការពារក្តី​ឱ្យលោក ជា ចាន់ បាន​ឱ្យដឹងថា បន្ទាប់​ពី​បញ្ចប់​ការ​សួរ​ដេញដោល ចៅក្រមជំនុំជម្រះ​បាន​សម្រេច​កំណត់​ការ​ប្រកាស​សាល​ក្រម​លើសំណុំរឿង​ប្រធានសហជីពរូបនេះ នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

លោក​បន្ត​ថា លោក ជា ចាន់ ត្រូវបានចោទប្រកាន់ពីបទ​ «សមគំនិតក្នុងអំពើលួច» ដែលប្រព្រឹត្ត​​នៅក្នុងរោងចក្រ វីង ស្ដារស៊ូ កាលពីឆ្នាំ២០២២។ ប៉ុន្តែ​ លោកអះអាងថា សំណុំរឿងរបស់​លោក ជា​ ចាន់ មិនបានបញ្ជាក់ថ្ងៃកើតហេតុច្បាស់លាស់នោះទេ ដោយគ្រាន់តែដាក់ថា បានប្រព្រឹត្តនៅក្នុង​ឆ្នាំ២០២២ ប៉ុណ្ណោះ។

ទោះយ៉ាងណា មេធាវីរូបនេះ ក៏សុំមិនអត្ថាធិប្បាយអ្វីបន្ថែមជុំវិញករណីនេះទេ។​

ចំណែក អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ បានឱ្យដឹងយ៉ាងខ្លីថា សំណុំរឿងនេះ តុលាការនឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២០ ខែមិថុនា។

អ្នកស្រី ឆែ ចាន់រ៉ា ជាភរិយារបស់លោក ជា ចាន់ ដែលបានចូលរួមស្ដាប់សវនាការនោះ បាន​និយាយ​​ថា ស្វាមីរបស់គាត់​ មិនមានកំហុសដូចការចោទប្រកាន់​​នោះទេ ហើយអំឡុងពេល​សវនាការ​ សាក្សីក៏មិនបាននិយាយថា ស្វាមី​របស់គាត់​​​បានលួ​ចសម្ភារៈក្រុមហ៊ុនផងដែរ។

ភរិយាជនត្រូវចោទរូបនេះ អះអាងថា សព្វថ្ងៃអ្នកស្រីបារម្ភអំពីសុខភាពរបស់លោក ជា ចាន់ ដោយសារលោក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយមិនមានថ្នាំលេបដិតដល់ ខណៈចំណូលគ្រួសារក៏ធ្លាក់ចុះ បន្ទាប់ពីស្វាមីរបស់គាត់​​ត្រូវបានឃុំខ្លួន។

អ្នកស្រីនិយាយថា៖ «ខ្ញុំសំណូមពរឱ្យតុលាការ ធ្វើការដោះលែងប្ដីខ្ញុំ ពីព្រោះអីគាត់លក្ខណៈអត់​កំហុស​អ្វី​ទេ សាក្សី គាត់​អត់​បាន​អះអាង​ប្រាប់​ថា គាត់ [លោក ចាន់] ប្រព្រឹត្តកំហុសអ្វីទេ»។

Newsroom Cambodia មិនអាចសុំ​ការអត្ថាធិប្បាយពីភាគីក្រុមហ៊ុន វីង ស្ដារស៊ូ ដែលជាដើមបណ្ដឹង បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃពុធនេះ។

ក្នុងអំឡុងពេលតុលាការបើកសវនាការ​នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មករ-កម្មការិនី និង​សមាជិកសហជីពប្រមាណ ៣០នាក់ ក៏បានប្រមូលផ្តុំគ្នា និងលើក​បដា នៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ ទាមទារឱ្យ​មានការ​ដោះលែង និង​ស្នើឱ្យតុលាការទម្លាក់បទចោទ ទៅលើ​លោក ជា ចាន់ ផងដែរ​ ដោយពួកគេ​អះអាងថា សំណុំរឿងនេះ កើតឡើងក្រោមការ​គប់គិត​គ្នារវាង​និយោជក និងអាជ្ញាធរមូលដ្ឋាន ដើម្បីលុបបំបាត់សហជីពឯករាជ្យប្រចាំរោងចក្រ។

ប្រធាន​សហព័ន្ធសហជីព​កម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ ដែលបានចូលរួមស្ដាប់សវនាការផងដែរ មានប្រសាសន៍ថា ក្នុងសវនាការព្រឹកនេះ លោក ជា ចាន់ បានបដិសេធចំពោះការចោទប្រកាន់របស់តំណាងអយ្យការជុំវិញការសមគំនិតក្នុងអំពើលួច ខណៈ​សាក្សីរបស់ភាគីក្រុម​ហ៊ុន​ដែល​ជាដើ​ម​បណ្ដឹង មិនបានបញ្ជាក់ច្បាស់ថា លោក ជា ចាន់ បានលួចសម្ភារៈរបស់រោងចក្រឡើ​យ ដោយគ្រាន់តែបញ្ជាក់ថា គេបានឃើញគាត់​ឈរក្បែរជនសង្ស័យម្នាក់​ដែលព្យាយាម​លួច​យក​សម្ភារៈ​របស់​រោងចក្រប៉ុណ្ណោះ។

ករណីនេះ លោកស្រីយល់​ថា វាជារឿងអយុត្តិធម៌​នៅ​ពេល​សាក្សី​មិន​បាន​ដឹង​ច្បាស់​អំពី​រឿង​រ៉ាវនៃបទ​ល្មើស ប៉ុន្តែលោក ជា ចាន់ បែរជាត្រូវរងការចាប់ និងឃុំខ្លួនអស់រយៈពេលប្រមាណ៣ខែ​ទៅហើយ។

លោកស្រី យ៉ាង សុភ័ណ្ឌ និយាយថា៖ «ចឹងវាជារឿងមួយដែលយើងមើលទៅវាអត់ត្រឹមត្រូវ […]​ សូមឱ្យ​តុលាការទម្លាក់បទចោទ និងដោះលែង លោក ជា ចាន់ ឱ្យមានសេរីភាព»។

យោង​តាម​សេចក្ដីថ្លែងការណ៍​របស់សហព័ន្ធសហជីពកម្ពុជា ចេញកាលពីថ្ងៃទី២៧ ខែឧ​សភា  ឆ្នាំ ២០២៤ ឱ្យដឹងថា លោក ជា ចាន់ ត្រូវបានជាប់ចោទពីបទ «សមគំនិតក្នុងអំពើលួច» ដែលបានប្រព្រឹត្តនៅចំណុច រោងចក្រផលិតស្បែកជើង វីង ស្ដារស៊ូ ស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលប្ដឹងដោយក្រុមហ៊ុន វីង ស្ដារស៊ូ ដោយផ្ទាល់។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា ចាន់ ត្រូវបាន​ចាប់​ខ្លួន និង​ឃុំខ្លួន បន្ទាប់ពីលោក​ជាប់ឆ្នោតជាប្រធានសហជីពប្រចាំរោងចក្រ វីង ស្តារស៊ូ​​ បានរយៈពេលមួយ​ខែ។

នៅមុនការប្ដឹងចោទប្រកាន់នេះ​ សហព័ន្ធសហជីពកម្ពុជា អះអាង​ថា លោក ជា ចាន់ បានរងការ​គំរាម​កំហែង​តាម​ទូរសព្ទកុំឱ្យបង្កើតសហជីពនៅរោងចក្រនេះ​ លុះក្រោយមក​​ក៏មានការចាប់ខ្លួន លោក​នៅក្នុងរោងចក្រ ដោយគ្មានដីកា។

ជុំវិញករណីនេះ សហព័ន្ធសហជីពកម្ពុជា យល់ថា ជាការសហការគ្នា ដោយរៀបចំទុកជាមុន រវាង​និយោជក និងអាជ្ញាធរ ក្នុងគោលបំណងកំចាត់សហជីព​ឯករាជ្យ កុំឱ្យមាននៅក្នុងរោងចក្រផលិតស្បែកជើង វីង ស្ដារស៊ូ។

សហជីពនេះ ក៏បាន​​ចាត់ទុកសកម្មភាពនេះ ថា​បានបង្ហាញពីការ​គំរាម​កំហែង ការ​បំភិ​តបំភ័យ កា​រ​រើស​អើង និងការធ្វើទុក្ខបុកម្នេញ លើសកម្មសហជីព ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់​ជាតិ និងច្បាប់អន្តរជាតិ ដែលមានជាធរមាននៅក្នុងវិស័យការងារនៅកម្ពុជា។

សហព័ន្ធសហជីពកម្ពុជា បាន​ស្នើឱ្យតុលាការខេត្តកំពង់ស្ពឺ ទម្លាក់បទចោទប្រកាន់ និង​ដោះលែង លោក ជា ចាន់ ឱ្យមានសេរីភាពវិញផងដែរ៕