ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានចាប់ផ្តើមបើកសវនាការសួរដេញដោលក្រុមយុវជនចលនាមាតាធម្មជាតិ ពាក់ព័ន្ធសំណុំរឿង «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
សកម្មជនបរិស្ថានទាំងនេះ រួមមាន លោក យឹម លាងហ៊ី អ្នកនាង ស៊ុន រដ្ឋា និងលោក អាឡិចសាន់ដ្រូ ហ្គ៊តស្សាលេស ដេវីដសុន ដែលអ្នកទាំង៣ រងការចោទពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។ ចំណែកឯសកម្មជនចំនួន ៧រូបផ្សេងទៀត រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា និងលោក ពក ខើយ ក៏ត្រូវបានតុលាការកោះហៅចូលរួមសវនាការផងដែរ ក្រោមបទចោទ រួមគំនិតក្បត់។
នៅក្នុងសវនាការនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ជនជាប់ចោទដែលមានវត្តមាន រួមមាន លោក យឹម លាងហ៊ី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ដោយពួកគេបានស្លៀកសម្លៀកបំពាក់ ស កាន់ទុក្ខ និងក្នុងដៃមានកាន់ផ្កាឈូកពណ៌ស។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ លោក យឹម លាងហ៊ី បានឱ្យដឹងថា ក្នុងសវនាការ ចៅក្រមជំនុំជម្រះបានសួរដេញដោលបានតែរូបលោកម្នាក់ទេ ក្នុងចំណោមសកម្មជនដែលចូលរួមចំនួន ៥រូប។ លោកបន្តថា តុលាការនឹងបើកសវនាការសួរដេញដោលបន្តទៀតនៅថ្ងៃទី៥ ខែមិថុនា ខាងមុខ។
លោក យឺម លាងហ៊ី លើកឡើងទៀតថា ពួកគាត់ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ ខណៈក្រុមគ្រួសាររបស់លោក ជាអ្នកគោរពស្រឡាញ់អង្គព្រះមហាក្សត្រ ហើយសកម្មភាពដែលក្រុមយុវជនចលនាមាតាធម្មជាតិបានធ្វើកន្លងមក គឺដើម្បីការពារបរិស្ថាន និងជាការបំពេញកាតព្វកិច្ច ជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ។
លោកថ្លែងថា៖ «ខ្ញុំធ្វើការមិនបង្ហាញថាខ្លួនឯងចង់លះបង់ ដើម្បីខ្លួនឯងបានពានរង្វាន់ទេ ខ្ញុំចង់បញ្ជាក់ថា ការងារចលនាមាតាធម្មជាតិ គឺជាការងារដើម្បីបរិស្ថានរបស់យើងទាំងអស់គ្នា ដើម្បីពិភពលោកតែប៉ុណ្ណោះ ជាក់ស្តែងដូចជាពេលដែលមេឃក្តៅ៤៥អង្សាសេ តើអ្នកណាជាអ្នករងគ្រោះ គឺអ្នកក្រីក្រជាអ្នករងគ្រោះ ព្រោះគ្មានមាស៊ីនត្រជាក់នោះទេ នេះជាការងារបរិស្ថាន ជាការងារសម្រាប់យើងទាំងមូល»។
សកម្មជនមាតាធម្មជាតិម្នាក់ទៀត ដែលត្រូវបានតុលាការកោះហៅចូលសវនាការផងដែរនោះ លោក ថុន រដ្ឋា បានលើកឡើងថា រូបលោក ក៏ដូចជាយុវជនចលនាមាតាធម្មជាតិផ្សេងទៀត មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ ហើយការចោទប្រកាន់នេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ក្រុមយុវជនក្នុងកិច្ចគាំពារបរិស្ថាន។
លោកថា៖ «ជាគោលជំហររបស់ពួកយើង ពួកយើងមិនបានប្រព្រឹត្តល្មើសដូចការចោទប្រកាន់តាំងពីដើមមកហើយ ការចោទប្រកាន់លើពួកយើងទាក់ទងនឹងបទរួមគំនិតក្បត់ ក៏ដូចជាប្រមាថអង្គព្រះមហាក្សត្រអីហ្នឹង គឺជាការចោទប្រកាន់គ្រាន់តែដើម្បីរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកយើងដែលហ៊ាននិយាយការពិត អំពីបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា គ្រាន់តែធ្វើយ៉ាងណាដើម្បីបង្ក្រាបយុវជនដូចជាពួកយើង ដែលតែងតែហ៊ានឈឺឆ្អាល ហ៊ានលើកឡើងអំពីបញ្ហាដែលពួកយើងមើលឃើញ ហើយចង់ឱ្យមានការកែប្រែ ឬពិចារណាឡើងវិញ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍ថា ករណីរបស់ក្រុមចលនាមាតាធម្មជាតិ កំពុងតែដំណើរការនីតិវិធី ហើយសវនាការនេះនឹងបន្តនៅសប្តាហ៍ក្រោយទៀត។
លោកថា៖ «រឿងកំពុងចំណាត់ការនីតិវិធី ចាំមើលចៅក្រមគេសម្រេចយ៉ាងណា ចាំមើលតាមហ្នឹងទៅ […] ថ្ងៃទី៥ ខែមិថុនា[នឹងបន្តសវនាការ] គេបានប្រគល់[សិទ្ធទទួលបានការជំនុំជម្រះដោយយុត្តិធម៌]ពេញលេញទាំងអស់តើ គាត់ចង់លើកអ្វីលើកទៅតាមហ្នឹង តាមគេបញ្ជាក់ជូន ត្រូវការមេធាវី ក៏មានមេធាវី»។
ស្របពេលដែលតុលាការបើកសវនាការលើសំណុំរឿងនេះដែរ ក្រុមយុវជន ពលរដ្ឋ និងព្រះសង្ឃប្រមាណជាង ១០អង្គ/នាក់ ក៏បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តដល់ក្រុមយុវជនចលនាមាតាធម្មជាតិផងដែរ។
និស្សិតឆ្នាំទី២នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា កាត់ ស៊ីណាត បានលើកឡើងថា ក្រុមយុវជនចលនាមាតាធម្មជាតិ ធ្វើសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិ ដោយពួកគេមិនបានធ្វើសកម្មភាពណាមួយ ដូចការចោទប្រកាន់នៅតុលាការឡើយ។
កញ្ញាថ្លែងថា៖ «ខ្ញុំមើលឃើញពីមនសិកា ឆន្ទៈរបស់ពួកគាត់ក្នុងការការពារបរិស្ថាន ទើបខ្ញុំមកចូលរួមលើកទឹកចិត្តពួកគាត់នៅថ្ងៃនេះ […] ខ្ញុំមើលឃើញថា មិនដូចអ្វីដែលតុលាការចោទប្រកាន់ទេ ពីព្រោះថាពួកគាត់មានមនសិកាស្នេហាជាតិខ្លាំងណាស់ក្នុងការការពារបរិស្ថាន អីចឹងមិនអាចថាទៅពួកគាត់ជាជនក្បត់ជាតិ ជាអ្នកដែលប្រមាថព្រះមហាក្សត្រ វាអត់សមហេតុផល»។
ករណីនេះ កញ្ញាបានស្នើដល់តុលាការ ពិចារណាទម្លាក់បទចោទទៅលើក្រុមយុវជនចលនាមាតាធម្មជាតិ ដើម្បីឱ្យពួកគេមានសេរីភាពឡើងវិញ និងបន្តសកម្មភាពក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានពេញលេញឡើងវិញ។
ចំណែក ព្រះតេជគុណ ធូ រ៉ាឃីម គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ មានសង្ឃដីកាស្រដៀងគ្នាដែរថា ក្រុមចលនាមាតាធម្មជាតិនេះ គឺមិនបានធ្វើដូចការចោទប្រកាន់ពាក់ព័ន្ធនឹងបទចោទ រួមគំនិតក្បត់ បម្រើបរទេស និងប្រមាថអង្គព្រះមហាក្សត្រនោះទេ។ ព្រះតេជគុណ ក៏បានស្នើដល់តុលាការទម្លាក់បទចោទប្រកាន់ទៅលើពួកគេ ដើម្បីផលប្រយោជន៍ជាតិ។
ព្រះតេជគុណមានសង្ឃដីកាថា៖ «អាត្មាមកដើម្បីលើកទឹកចិត្ត គាត់ធ្វើដើម្បីផលប្រយោជន៍រួម ដើម្បីសង្គមជាតិ បែរជាមានបញ្ហា បែរជាមិនមានយុវជន ឬក៏ជនរួមជាតិណាជួយលើកទឹកចិត្តទេ» ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លងមក ការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួនទៅលើក្រុមយុវជនចលនាមាតាធម្មជាតិ បានទទួលរងនូវការរិះគន់ជាច្រើនពីអង្គការជាតិ-អន្តរជាតិ និងសហគមន៍អន្តរជាតិ ថាជាការរំលោភសិទ្ធិសេរីភាព និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ស្តីពីសិទ្ធិមនុស្សដែលកម្ពុជាទទួលស្គាល់។ លោកយល់ថា សកម្មភាពរបស់ក្រុមយុវជនចលនាមាតាធម្មជាតិនេះ មិនគួរត្រូវបានចាប់ខ្លួន ឬចោទប្រកាន់នោះទេ។
លោកមានប្រសាសន៍ថា៖ «សកម្មភាពចូលរួមយ៉ាងសកម្មកន្លងមករបស់ក្រុមយុវជនមាតាធម្មជាតិ លើកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និងការពារសិទ្ធិមនុស្ស គួរត្រូវបានលើកទឹកចិត្ត និងគាំទ្រ មិនគួរត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួននោះទេ»។
លោក អំ សំអាត ក៏បង្ហាញការសោកស្តាយផងដែរ ដោយសារតែមនុស្សចំនួន ៥នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ មិនមានវត្តមានក្នុងសវនាការ ដើម្បីជជែកដេញដោលរកយុត្តិធម៌ឱ្យបានពេញលេញក្នុងការជំនុំជំម្រះសំណុំរឿងនេះ។
លោកបន្ថែមថា៖ «ដើម្បីរកឱ្យមានការិះគន់បន្តទៀត និងដើម្បីលើកទឹកចិត្តដល់អ្នកស្រឡាញ់បរិស្ថាន និងយុវជនការពារបរិស្ថាន កម្ពុជាគួរពិចារណា និងយកចិត្តទុកដាក់ លើកទឹកចិត្ត និងជំរុញឱ្យមានការចូលរួមកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ព្រោះជាផលប្រយោជន៍រួមសម្រាប់កម្ពុជា។ ការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួនលើយុវជនការពារបរិស្ថាន និងអ្នកការពារបរិស្ថាន នាំឱ្យមានការិះគន់ថាជាការបំភិតបំភ័យ ការគំរាមកំហែងដល់យុវជនដទៃ មិនឱ្យហ៊ានចូលរួមក្នុងការងារនេះ »។
យោងតាមអត្ថបទខ្លីមួយរបស់អង្គការលីកាដូ ដែលចេញផ្សាយនៅថ្ងៃនេះដែរ ឱ្យដឹងថា យុវជនចលនាមាតាធម្មជាតិ គឺជាក្រុមយុវជនសកម្មផ្នែកកិច្ចការពារបរិស្ថាននៅកម្ពុជា ដោយពួកគេទាំងនោះបានលើកឡើងនូវបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការលុបបឹងក្នុងរាជធានីភ្នំពេញ ការកាប់បំផ្លាញព្រៃឈើ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិនានានៅក្នុងប្រទេស។
ប្រភពដដែល បន្តថា សមាជិករបស់ក្រុមយុវជនចលនាមាតាធម្មជាតិខ្លះ បានរងការចោទប្រកាន់ពីតុលាការ និងជាប់ពន្ធនាគារ ព្រមទាំងហាមឃាត់ដោយមិនឱ្យចាកចេញពីប្រទេស ខណៈដែលពួកគេបានទទួលពានរង្វាន់ Right Livelihood ឆ្នាំ២០២៣ នៅទីក្រុងស្តុកហូម ប្រទេសស៊ុយអ៊ែត ចំពោះភាពសកម្មនិយមលើកិច្ចការពារបរិស្ថានរបស់ពួកគេ។
បើតាមអង្គការផ្នែកសិទ្ធិមនុស្សនេះដដែល សកម្មជនមួយចំនួនដែលមានវត្តមានក្នុងសវនាការនាថ្ងៃនេះ ធ្លាប់ត្រូវបានតុលាការកាត់ទោស និងជាប់ពន្ធនាគារ ដោយសារភាពសកម្មនិយមអហិង្សារបស់ពួកគេផ្នែកកិច្ចការពារបរិស្ថាន ក្នុងនោះ អ្នកនាង ស៊ុន រដ្ឋា លោក លាងហ៊ី និងលោក ដារ៉ាវុធ ធ្លាប់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ និងជាប់ឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារអស់រយៈពេលជិត ៥ខែ ក្រោមបទចោទដែលពួកគេកំពុងប្រឈមមុខនៅក្នុងសវនាការនាថ្ងៃនេះ។
ចំណែក លោក ថុន រដ្ឋា កញ្ញា គន្ធា និងកញ្ញា កែវរស្មី ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ ក្រោមបទចោទមួយចំនួន ពាក់ព័ន្ធនឹងអំពើញុះញង់ ទាក់ទងនឹងយុទ្ធនាការដើរតែម្នាក់ឯងរបស់កញ្ញា គន្ធា ពីបឹងតាមោក ឆ្ពោះទៅកាន់គេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដើម្បីស្នើសុំឱ្យបញ្ឈប់ការលុបបឹងតាមោក។ អ្នកទាំងនោះបានជាប់ក្នុងពន្ធនាគារអស់ជាង ១៤ខែ និងរងបទចោទបន្ថែមទៀត ដែលជាបទចោទកំពុងត្រូវបានតុលាការបើកសវនាការនាថ្ងៃនេះ ។ រីឯលោក អាឡិច ត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ ដោយកំបាំងមុខ ក្រោយពេលលោកត្រូវបានអាជ្ញាធរបណ្តេញចេញពីប្រទេស កាលពីឆ្នាំ២០១៥៕