តុលាការខេត្តបាត់ដំបងបានចេញដីកាបង្គាប់ឲ្យមន្រ្តីគណបក្សជំទាស់ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសម្រាប់អាណត្តិទី៤នេះ ចូលផ្តល់សក្ខីកម្មទាក់ទងបទចោទ «បរិហារកេរ្តិ៍ជាសាធារណ:និងញុះញង់បង្គឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលដើមបណ្តឹងគឺជាអតីតសហការីក្នុងគណបក្សជាមួយគ្នា។
នៅក្នុងដីកាបង្គាប់ឱ្យចូលខ្លួន ដែលចេញដោយសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ ខែឧសភា ហើយគេហទំព័រ Newsroom Cambodiaទើបទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថាបង្គាប់ឲ្យជនសង្ស័យឈ្មោះ ភូ សុវណ្ណថា ភេទប្រុស ចូលឆ្លើយបំភ្លឺនៅថ្ងៃនេះ នៅចំពោះមុខចៅក្រមស៊ើបសួរ នៃសាលាដំបងខេត្តបាត់ដំបង។
ដីកាបង្គាប់ដែលចេញដោយចៅក្រមស៊ើបសួរលោក ឆែ វីរៈ បញ្ជាក់ទៀតថា សមាជិកកូតាមកពីគណបក្សឆន្ទៈខ្មែរ ដែលនឹងត្រូវឈរឈ្មោះបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សា នីតិកាលទី៤នេះ ត្រូវជាប់ចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណ:និងញុះញង់បង្គឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ប្រភពបន្តថា៖ «សាម៉ីខ្លួនត្រូវចូលខ្លួនមកកាន់តុលាការ តាមដីកាកោះនេះ ឲ្យទាន់ពេលវេលា នឹងយកលិខិតផ្សេងដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន» ។
ដើមបណ្តឹងនៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ គឺលោក ឌឹម សារឿន ជាអតីតមន្រ្តីនយោបាយក្នុងបក្សជាមួយគ្នា កាលពីនៅក្នុងគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ។
បន្ថែមពីលើដីកាបង្គាប់នេះ អ្នកនាំពាក្យអយ្យការអមតុលាការខេត្តបាត់ដំបង លោក ដួង សារ៉េន ឆ្លើយតបថាសំណុំរឿងនេះលោកក្តាប់មិនទាន់ជុំនៅឡើយទេដោយសារករណីនេះ បានផុតពីដៃរបស់អយ្យការទៅហើយ។
លោកបន្តថា៖ «សួស្តីប្អូន! ខ្ញុំអ្នកនាំពាក្យត្រឹមដំណាក់អយ្យការប៉ុណ្ណោះ។ ក្នុងដំណាក់ស៊ើបសួរ និងជំនុំជម្រះ សុំប្អូនសួរទៅលោកស្រីរស្មី ជាអ្នកនាំពាក្យខាងតុលាការ»។
យ៉ាងនេះក្តី លោកស្រី ជា ច័ន្ទរស្មី អ្នកនាំពាក្សសាលាដំបងខេត្តដំបង មិនអាចស្នើការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួលនៅថ្ងៃទី២៩ ខែឧសភា។
ចំណែក អ្នកស្រី ជា ផាត់ដាវ ដែលជាភរិយារបស់លោក ភូ សុវណ្ណថា បានឲ្យដឹងថាអ្នកស្រីមិនអាចចូលទៅក្នុងបន្ទប់សួរចម្លើយរបស់ចៅក្រមបានទេ។ប្រភពបន្តថា អ្វីដែលអ្នកស្រីអាចធ្វើបាននៅថ្ងៃនេះ គឺបានឈរពីខាងក្រៅរបងនៃបរិវេណតុលាការ និងមើលស្វាមីបានពីចម្ងាយ។
លោកបន្តថា៖ «ខ្ញុំកន្លែងតុលាការគេអត់ឲ្យយើងចូលទេគាត់នៅក្នុង ខ្ញុំក្រៅហ្នឹងគេហៅតែបុគ្គលចូល គាត់ចេញមកគេយកគាត់ទៅឃុំបាត់ហើយខ្ញុំអត់ដឹងរឿងទេ ខ្ញុំកំពុងចង់សួរដែលចាស»។
ជុំវិញរឿងនេះ លោក អ៊ម ផាន់ណា មេធាវីការពារសិទ្ធិ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលការពារក្តីឱ្យលោក ភូ សុវណ្ណថា បដិសេធក្នុងការឆ្លើយបំភ្លឺ ដោយលោកអះអាងថា សំណុំរឿងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយ។
លោកបន្តថា៖«ដោយសារស្ថិតក្នុងដំណាក់កាលស៊ើបសួរ ការស៊ើបសួរជារឿងសំងាត់ ដូច្នេះ ខ្ញុំសុំមិននិយាយអ្វីបានទេ, អាស្រ័យខាងតុលាការជាអ្នកកំណត់ពេលសាកសួរ ចំពោះខ្ញុំនឹងចូលរួមតាមការកំណត់នោះ។ អរគុណ!» ។
សម្រាប់លោក ឌឹម សារឿន ដែលជាអតីតសហការីជាមួយគ្នា និងជាដើមបណ្តឹងនៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះ និយាយថា តាមពិតបញ្ហានេះវាផ្តើមចេញពីទំនាស់បុគ្គល និងបុគ្គលទេ។ប៉ុន្តែលោកបដិសេធនៅក្នុងការផ្តល់ព័ត៌មានលម្អិត ដោយអះអាងថាករណីនេះ ទុកនាទីឱ្យតុលាការជាអ្នកសម្រេច និងវិនិច្ឆ័យវិញចុះ។
លោកបន្តថា៖«បាទរឿងបទបរិហារកេរ្តិ៍ជាសាធារណ: រឿងហ្នឹងរឿងឯកជនទេពាក់ព័ន្ធនឹងមេធាវី យ៉ាងណាៗចាំសួរមេធាវីបាទស៊ើបសួរគាត់ពេលព្រឹកហ្នឹង តាមនិតីវិធីតុលាការយើងអត់ហ៊ាននិយាយថាយ៉ាងមិញប្អូន ដល់រឿងរបស់តុលាការហើយហ្នឹងបាទ គាត់អត់មានសុំទោសអីផងហ្នឹងបាទ។ដោយសារស្ថិតក្នុងដំណាក់កាលស៊ើបសួរ ការស៊ើបសួរជារឿងសំងាត់ ដូច្នេះ ខ្ញុំសុំមិននិយាយអ្វីបានទេ, អាស្រ័យខាងតុលាការជាអ្នកកំណត់ពេលសាកសួរ ចំពោះខ្ញុំនឹងចូលរួមតាមការកំណត់នោះ។ អរគុណ!» ។
ដោយឡែកលោក ភូ សុវណ្ណថា បានចាប់ខ្លូនតាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបងពីបទចោទ«បរិហារកេរ្តិ៍ជាសាធារណ:និងញុះញង់បង្គឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» របស់លោក ឌឹម សារឿន ជាអតីតគណបក្សភ្លើងទៀន។
លោក ភូ សុវណ្ណថា ដែលមានស្រុកកំណើតនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះសេ្តច ក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ការចាប់ខ្លួននេះ ធ្វើឡើងនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌកាលពីថ្ងៃទី២៦ ខែឧសភា ស្របពេលដែលអ្នកនយោបាយបក្សជំទាស់រូបនេះ គឺជាបេក្ខភាពឈរឱ្យគណបក្សឆន្ទៈខ្មែរ។
មន្រ្តីសម្របសម្រួល នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត យល់ឃើញថា បទចោទប្រឆាំងអ្នកនយោបាយបក្សជំទាស់នេះ វាហាក់មិនបង្ហាញពីការខូចខាតណាមួយ ដូចការរកឃើញថាមានបទល្មើសទេ។ក្នុងន័យនេះ តុលាការគួរទម្លាក់ចោទការចោទប្រកាន់នេះ ដោយសារធាតុផ្សំនៃបទល្មើស វាមិនសមនឹងអង្គហេតុ។
លោកបន្តថា៖«ហើយការដែលព័ត៌មានទាំងអស់ហ្នឹងវាមិនបង្កឲ្យភាពវឹកវរទេប៉ុន្តែជាព័ត៌មានគេលាតត្រដាងដើម្បីការពារនៅកិត្តិយសរៀងៗខ្លួនបាទ ខ្ញុំគិតថាតុលាការខេត្តបាត់ដំបងក៏ទម្លាក់ការចោទប្រកាន់ទៅលើលោក ភូ សុវណ្ណថា ព្រោះអីយើងមើលទៅលើអង្គហេតុដូចជាអត់មានពាក់ព័ន្ធនឹងការបង្កឲ្យមានញុះញង់បង្គឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមទេបាទ»៕