គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្តឹងចំនួន១០ ពីគណបក្សនយោបាយមួយចំនួន ដែលបានចូលរួមការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា គិតមកដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ គ.ជ.ប បានទទួលពាក្យបណ្តឹងចំនួន ១០ ពីគណបក្សនយោបាយចំនួន ក្នុងនោះមានបណ្តឹងចំនួន៣ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ និងបណ្តឹងចំនួន ៧ទៀត ទទួលបានកំឡុងពេល និងក្រោយពេលនៃការបោះឆ្នោតនេះ ពាក់ព័ន្ធនឹងការរាប់សន្លឹកឆ្នោតឡើងវិញ។
លោកថា៖ «នៅអំឡុងពេលនៃថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ បណ្ដឹងសុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញនេះ មានបណ្ដឹងរបស់តំណាងគណបក្សប្រជាជន[កម្ពុជា]ផង និងបណ្ដឹងរបស់តំណាងគណបក្សឆន្ទៈខ្មែរផង»។
ជាមួយគ្នានេះ លោកបានជំរុញដល់គណបក្សនយោបាយ ដែលបានរកឃើញភាពមិនប្រក្រតីនៃការបោះឆ្នោត ដាក់ពាក្យបណ្ដឹងទៅកាន់ គ.ជ.ប ប្រសិនបើរកឃើញបន្ថែម ដើម្បីឱ្យស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ ពិនិត្យ និងរកដំណោះស្រាយ។
លោក ហង្ស ពុទ្ធា បន្ថែមថា៖ «ភាពមិនប្រក្រតីដែលលើកឡើងនៅខាងក្រៅ ដែលមិនដាក់ពាក្យបណ្ដឹងមក នោះគ្រាន់តែជាពាក្យចចាមអារ៉ាមទេ។ គ.ជ.ប តែងតែលើកទឹកចិត្ត លើកទឹកចិត្តឱ្យដាក់ពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរដើម្បី គ.ជ.ប មានមូលដ្ឋានក្នុងការស្រាវជ្រាវ អញ្ចឹងបើពិតប្រាកដជាមើលឃើញមានភាពមិនប្រក្រតី ដាក់មកអានឹងយើងអាចរកឃើញហើយថា ព័ត៌មាននឹងវាពិត ឬមិនពិតកំរិតណា។ តែដល់អត់បានដាក់ពាក្យបណ្ដឹង ហើយចេះតែលើកឡើង អានឹងយើងមិនដឹងប្រើយន្តការណាដើម្បីដោះស្រាយទៅលើបញ្ហានោះទេ»។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មូនីកា បានមានប្រសាសន៍ថា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ នាពេលកន្លងមកថ្មីៗនេះ មានភាពមិនប្រក្រតីមួយចំនួន ដូចជា មានការបំភិតបំភ័យ ការទិញទឹកចិត្តដល់អង្គបោះឆ្នោត និងមានការហាមឃាត់ ពីសំណាក់អាជ្ញាធរ មិនឱ្យអ្នកសង្កេតការណ៍របស់ខ្លួន ចូលក្នុងមណ្ឌលបោះឆ្នោត ដើម្បីតាមដានសកម្មភាពនៃការរាប់សន្លឹកឆ្នោតនោះទេ។
លោកថា៖ «ដូច្នេះហើយយើងឃើញថា បញ្ហាមួយចំនួនធ្វើឱ្យអង្គបោះឆ្នោតយើងមានការភ័យខ្លាច ហើយត្រូវបង្ខំចិត្តគេចខ្លួន ដូច្នេះលោកមិនបានចូលរួមការបោះឆ្នោតនាពេលកន្លងទៅ […] ក្រៅពីនេះ ក្នុងការដំណើរការរាប់សន្លឹកឆ្នោតតាមការិយាល័យមួយចំនួន អាជ្ញាធរដែលនៅក្បែរការិយាល័យបោះឆ្នោតនោះ ពុំអនុញ្ញាតឱ្យមន្ត្រី ឬសកម្មជន ឬក៏អង្គបោះឆ្នោតរបស់យើង បានទៅឈរជិតការិយាល័យមើលនោះទេ នៅកន្លែងខ្លះ ដែលទាំងអស់នេះជាបញ្ហាដែលយើងបានជួបប្រទះ ហើយវាជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតដែរ»។
លោកថា នៅមុនពេលបោះឆ្នោត និងកំឡុងពេលយុទ្ធនាការបោះឆ្នោត ក៏មានការចាប់ខ្លួនបេក្ខជនគណបក្សឆន្ទៈខ្មែរប្រមាណជិត ១០នាក់ នៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ស្ទឹងត្រែង បាត់ដំបង និងកំពង់ឆ្នាំង ដែលចំណុចទាំងនេះ បានប៉ះពាល់ និងជះឥទ្ធិពលលើបរិយាកាសនៃការបោះឆ្នោត។
បើតាម លោក គង់ មូនីកា បញ្ហាភាពមិនប្រក្រតីទាំងនេះ ខាងគណបក្សបានដាក់ពាក្យបណ្តឹងទៅ គ.ជ.ប រួចហើយ និងមានការដោះស្រាយជាបន្តបន្ទាប់ផងដែរ។ ហើយចំពោះករណីចាប់ខ្លួនបេក្ខភាព ក៏ដូចជាសកម្មជនវិញ លោកថា គណបក្សក៏កំពុងរងចាំនីតិវិធីរបស់តុលាការផងដែរ។
ចំណែក អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុនី មានប្រសាសន៍ដែរថា មុនពេលបោះឆ្នោត មានហេតុការណ៍មួយចំនួនដែលមានភាពមិនប្រក្រតី និងមានការជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតផងដែរ ក្នុងនោះ មានករណីចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី, អគ្គហេរញ្ញិកម្នាក់ និងអនុប្រធានគណកម្មធិការប្រតិបត្តិខេត្តកំពង់ចាមជាដើម។ ជាមួយគ្នានេះ លោកអះអាងថា នៅថ្ងៃបោះឆ្នោត ក៏មានករណីគំរាមកំហែងដល់អង្គបោះឆ្នោត តាមរយៈការបង្គាប់ឱ្យគូសតាមការណែនាំរបស់គណបក្សផ្សេងជាដើម។
លោកថា៖ «ព្រឹត្តិការណ៍ថ្ងៃបោះឆ្នោត យើងឃើញមានការគំរាមកំហែងគ្រប់រូបភាព ហើយការគំរាមកំហែងនោះ គឺវាពាក់ព័ន្ធនឹងការគូសគំនូស ឱ្យគូសអញ្ចេះគូសអញ្ចោះ បើមិនគូសអញ្ចឹងទេ គេនឹងដឹង កាលណាគេដឹងគេនឹងដក[តួនាទី]»។
លោកបញ្ជាក់ថា កន្លងមកនេះ គណបក្សកម្លាំងជាតិ បានដាក់ពាក្យបណ្ដឹងទៅខាង គ.ជ.ប ជាច្រើនករណីដែរ ដូចជា ករណីកើតឡើងនៅខេត្តព្រះវិហារ និងខេត្តកណ្ដាលជាដើម ក្នុងនោះមានករណីខ្លះត្រូវបានដោះស្រាយ និងករណីខ្លះទៀត នៅមិនទាន់មានដំណោះស្រាយនៅឡើយ។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍ថា ការបោះឆ្នោតអសកនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងមិនមានភាពមិនប្រក្រតីណាមួយកើតឡើងនោះទេ ហើយគណបក្សនេះ បានអនុវត្តទៅតាមសេចក្ដីណែនាំ និងច្បាប់នៃការបោះឆ្នោតផងដែរ។
លោកថា៖ «ដំណើរការបោះឆ្នោត កន្លងទៅថ្មីៗនេះ ដំណើរការលូនល្អ ស្ងប់ស្ងាត់ ដោយសន្តិវិធី ហើយមានការគោរពតាមបទបញ្ញាត្តិ និងច្បាប់ស្ដីពីការបោះឆ្នោត […] ទាំងអស់ ទាំងមុន ទាំងកំឡុងពេល[បោះឆ្នោត]»។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា សម្រាប់ភាពមិនប្រក្រតីទាំងឡាយ ដែលគណបក្សនយោបាយបានលើកឡើងថាមានដូចជា ការគំរាម និងបង្គាប់ឱ្យគូសសន្លឹកឆ្នោតតាមការណែនាំណាមួយនោះ ប្រសិនបើអង្គបោះឆ្នោតមិនបានយល់អំពីសិទ្ធិរបស់ខ្លួន និងមានសេចក្ដីក្លាហានក្នុងការដាក់ពាក្យបណ្ដឹងតាមនិតិវិធីទេនោះ គឺពុំមាននរណាអាចដឹងបានឡើយ។
លោកថា៖ «មែនទែនទៅ គណបក្សខ្លួនឯងនឹងត្រូវយល់ ពីសិទ្ធិភាពសម្ងាត់របស់ខ្លួន តើអ្វីដែលខ្លួនមានសិទ្ធិក្នុងការជ្រើសរើស តាមបែបសម្ងាត់ និងតាមឆន្ទៈរបស់ខ្លួន នេះជារឿងមួយដែលសំខាន់ណាស់ ព្រោះអីដោយសារតែអង្គដែលបោះឆ្នោតនេះ មិនមែនជាប្រជាពលរដ្ឋធម្មតាទេ អញ្ចឹងខ្លួន មែនទែនទៅខ្លួនត្រូវយល់ពីភាពសម្ងាត់បែបម៉េច យល់អំពីការរំលោភសិទ្ធិខ្លួនយ៉ាងម៉េច អញ្ចឹងបើសិនយើងមើលឃើញភាពមិនប្រក្រតី មានភាពអយុត្តិធម៌សម្រាប់ខ្លួន ហើយខ្លួនមិនបានលើកឡើងអំពីបញ្ហាទាំងអស់ហ្នឹង មិនបានមានអំណះអំណាងភស្តុតាងដើម្បីប្ដឹងផ្ដល់ រកភាពយុត្តិធម៌ និងត្រឹមត្រូវទេអាហ្នឹងជាបញ្ហាមួយហើយ ព្រោះហេតុអីថាជាបញ្ហាមួយ ក្រុមប្រឹក្សាខ្លួនអង្គបោះឆ្នោតជាក្រុមប្រឹក្សាផង នៅមានការលំបាក ឬបញ្ហាមិនអាចប្ដឹងផ្ដល់បាន ចុះទម្រាំប្រជាពលរដ្ឋទៀត»។
លោកថា បើសិនជាមានភាពមិនប្រក្រតីកើតឡើងដូចការអះអាងរបស់គណបក្សនយោបាយមួយចំនួន ហើយបញ្ហាទាំងនោះ មិនត្រូវបានដោះស្រាយទេ នោះនឹងមានផលប៉ះពាល់ទៅលើលទ្ធផលនៃការបោះឆ្នោត។
លោកថា៖ «ផលប៉ះពាល់ គឺលទ្ធផល វានឹងអត់ស្របទៅតាមឆន្ទៈរបស់ខ្លួន បើសិនខ្លួនចង់គូសទៅ ស្រឡាញ់គណបក្សនយោបាយណាមួយ ហើយខ្លួនត្រូវបានធ្វើតម្រូវតាមការចង់បានរបស់គេ អាហ្នឹងវាមានន័យថា លទ្ធផលហ្នឹងវាអត់ស្របតាមឆន្ទៈនៃអង្គបោះឆ្នោតទេ លទ្ធផលហ្នឹងក៏វាមានបញ្ហាផ្ទាល់ជាមួយភាពមិនប្រក្រតីហ្នឹងផងដែរ»។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៥ បានចូលរួម ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សរួបរួមជាតិ។ យោងតាមលទ្ធផលបឋមដែលចេញផ្សាយដោយ គ.ជ.ប គណបក្សនយោបាយដែលនាំមុខគេ នោះគឺគណបក្សប្រជាជនកម្ពុជា៕