មេដឹកនាំសហជីពមួយចំនួន បង្ហាញការបារម្ភពីសុវត្ថិភាពរបស់កម្មករ-កម្មការិនី អំឡុងពេលធ្វើដំណើរទៅនិងមកពីធ្វើការ ក្រោយពួកគេសង្កេតឃើញមានករណីរថយន្តដឹកកម្មករ ជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដែលបណ្តាលឱ្យកម្មករកម្មការិនីជាច្រើននាក់រងរបួស ពេលជួបគ្រោះថ្នាក់ម្តងៗ។
អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ហៅកាត់ថា ស៊ីខាវឌូ) លោក អាត់ ធន់ មានប្រសាសន៍នៅថ្ងៃទី២៩ ខែឧសភានេះថា កន្លងមក លោកសង្កេតឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ បានកើតឡើងជាញឹកញាប់ ហើយបញ្ហានេះនៅតែមិនទាន់មានដំណោះស្រាយនៅឡើយ។ លោកបន្តថា កត្តាដែលបង្កឱ្យរថយន្តដឹកកម្មករជួបគ្រោះថ្នាក់ ដោយសារតែការប្រើប្រាស់រថយន្តកែច្នៃខុសបច្ចេកទេស កត្តាផ្លូវគ្មានភ្លើងបំភ្លឺនិងផ្លាកសញ្ញាចរាចរណ៍ កត្តាឥរិយាបថ និងចំណេះជំនាញរបស់អ្នកបើកបរជាដើម។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា បញ្ហានេះត្រូវដោះស្រាយជាបឋម គឺគួរតែត្រូវខាងក្រុមហ៊ុន ឬក៏ខាងរដ្ឋគួរតែជំរុញឱ្យការកែច្នៃ ឬក៏ការរៀបចំឡានដឹកកម្មករហ្នឹង ឱ្យមានតាមស្ដង់ដាអន្ដរជាតិ បានន័យថា ជាឡានត្រឹមត្រូវមួយ ហើយនៅក្នុងចំនួនមួយល្មមដែលអាចគ្រប់គ្រងបាន ហើយចំពោះបញ្ហាផ្លូវ ឬក៏បញ្ហាចរាចរណ៍គួរតែក្រសួងសាធារណការ ហើយនិងក្រសួងមហាផ្ទៃ គួរត្រូវអនុវត្តឱ្យបានល្អ ដើម្បីធានាថាកុំឱ្យមានបញ្ហាហ្នឹង»។
លោក អាត់ ធន់ បានបន្ថែមថា បើបញ្ហានេះនៅតែបន្តកើតមាន នឹងធ្វើឱ្យកម្មកររងគ្រោះ និងអាចឈានដល់ការបាត់បង់ជីវិតកម្មករ ឬធ្វើឱ្យកម្មករពិការ ដែលនាំឱ្យខាតបង់ដល់គ្រួសារពួកគេ ព្រមទាំងក្រុមហ៊ុន និងជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិផងដែរ។ ករណីនេះ លោកស្នើឱ្យរដ្ឋាភិបាល និងភាគីនិយោជក គួរជំរុញឱ្យរថយន្តដឹកកម្មករ មានស្តង់ដាដឹកជញ្ជូនត្រឹមត្រូវ និងបង្កើនការគោរពច្បាប់ ដើម្បីសុវត្ថិកម្មករនិយោជិត និងអ្នកធ្វើដំណើរតាមដងផ្លូវ។
លោកថ្លែងថា៖ «សូមអំពាវនាវដល់ខាងកម្មករនិយោជិត ត្រូវតែមានស្វ័យការពារខ្លួនឯងដោយជិះឡានត្រឹមត្រូវ និងជិះមានរបៀប គោរពច្បាប់ចរាចរណ៍ ហើយអ្នកដឹកកម្មករចៀសវាងការសេពគ្រឿងស្រវឹង ឬក៏គ្រឿងញៀនផ្សេងៗដែលប៉ះពាល់ដល់កម្មករ ហើយសាធារណការ និងកងកម្លាំងខាងចរាចរណ៍ ត្រូវពិនិត្យមើលគូសផ្លាកផ្លូវ ឬក៏សញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវ ហើយជាពិសេសគោរពច្បាប់ទាំងអស់គ្នា ដើម្បីធានាកុំឱ្យមានបញ្ហាដល់ពួកគេ»។
អនុប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី សាយ សុខនី សង្កេតឃើញស្រដៀងគ្នានេះដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីឡានដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជាញឹកញាប់ ហើយករណីនិមួយៗ បានធ្វើឱ្យកម្មករនិយោជិតជាច្រើននាក់រងរបួស ស្របពេលដែលរថយន្តទាំងនោះដាក់មនុស្សលើសចំណុះ។
លោកស្រីបន្តថា មូលហេតុចម្បងដែលអាចបណ្ដាលឱ្យរថយន្តដឹកកម្មករជួបគ្រោះថ្នាក់ គឺដោយសារការដឹកជញ្ជូនលើសចំណុះ ភាពចាស់រិចរិលនៃរថយន្តដឹកកម្មករ អ្នកបើកបរមិនចេះ ឬមិនគោរពច្បាប់ចរាចរណ៍ ខណៈអ្នកបើកបរមួយចំនួន មានភាពតានតឹងអារម្មណ៍ មួម៉ៅពេលបើកបរ ឬគ្មានសុជីវធម៌ក្នុងការបើកបរដោយការវ៉ាជែងជាដើម។ ករណីនេះ លោកស្រីស្នើឱ្យមានមានការរឹតបន្តឹងឡាន ឬមធ្យោបាយដឹកម្មករនានា កុំឱ្យដឹកលើសចំណុះ បញ្ឈប់ការប្រើឡានចាស់ៗ និងការច្នៃរថយន្ត ព្រមទាំងត្រូវបណ្ដុះបណ្ដាលអ្នកបើកឡានដឹកកម្មករឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ជាដើម។
លោកស្រីថា៖ «ខ្ញុំយល់ថា ក្រុមហ៊ុននៅរោងចក្រទាំងអស់នៅប្រទេសកម្ពុជា ល្មមដល់ពេលគេហៅថា It’s time for the next level គឺឈប់ប្រើប្រាស់ឡានកញ្ចាស់ៗទាំងអស់នោះដឹកកម្មករទៀតទៅទី១ ទី២រដ្ឋាភិបាលមានសមត្ថភាពណាស់ ខ្ញុំជឿថា បើសិនរដ្ឋាភិបាលស្នើសុំម្ចាស់ជំនួយ ដូចជា អង្គការ GIZ ឬក៏អង្គការរបស់ជប៉ុនស្នើសុំការបន្ថែមដូចជាឡានក្រុង ឡានក្រុងដែលដឹកជញ្ជូននៅទីក្រុងភ្នំពេញនេះ គឺប្រើប្រាស់ចំនួននៃឡានក្រុងដែលរដ្ឋាភិបាលអាចស្នើសុំពីប្រទេសជំនួយ ដូចជាជប៉ុន ដូចជាអាល្លឺម៉ង់ ដូចជាស៊ុយអែត»។
កង្វល់របស់សហជីព បានធ្វើឡើងក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មកររោងចក្រចំនួន ២គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បណ្តាលឱ្យកម្មករកម្មការិនីរោងចក្រចំនួន ៦៦នាក់ បានរងរបួសធ្ងន់ និងស្រាល។
លោក នៃ ចាន់ណាក់ អាយុ៣៧ឆ្នាំ អះអាងជាកម្មករដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំងនោះ បានឱ្យដឹងថា ក្នុងហេតុការណ៍នោះ បានបណ្តាលឱ្យរូបលោករងរបួសជើង និងទ្រូង ដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តជាច្រើនថ្ងៃ។ លោកបន្តថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយសារការបើកបរក្នុងល្បឿនលឿន និងវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្នរបស់អ្នកបើកបរនេះ បានបង្កឱ្យរូបគាត់ ក៏ដូចជាកម្មកររងគ្រោះផ្សេងទៀត ខាតបង់ពេលវេលា និងថវិកា ព្រមទាំងប៉ះពាល់ដល់ការរកចំណូលរបស់សមាជិកគ្រួសារផងដែរ។
លោកថា៖ «វាប៉ះពាល់ទាំងពេលវេលា និងការងារ និយាយទៅរបួសប៉ះពាល់ច្រើនហើយ ព្រោះអីយើងរបួសយើងធ្វើការអត់កើតអីចឹង[…] គ្រាន់តែថា រឿងបើកបរគួរតែគោរពគ្នា គោរពច្បាប់ចរាចរណ៍ឱ្យបានច្រើនទៅបានហើយ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថា កន្លងមក ក្រសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធ តែងតែអប់រំដល់អ្នកបើកបររថយន្តដឹកកម្មករ និងណែនាំដល់រោងចក្រ ឱ្យប្រើប្រាស់រថយន្តទេសចរណ៍ក្នុងការដឹកកម្មករ ព្រមទាំងអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់រថយន្តកែច្នៃ។
លោកមានប្រសាសន៍ថា៖ «ក្រសួងបានធ្វើការអប់រំជាបណ្ដើរៗនាពេលកន្លងទៅ នៅតាមរោងចក្រសហគ្រាស សហជីព ក៏ដូចជាការធ្វើសិក្ខាសាលាផ្សព្វផ្សាយផ្សេងៗ ដើម្បីឱ្យអ្នករកស៊ីបើកបរដឹកជញ្ជូនកម្មករនេះ កែប្រែពីការប្រើប្រាស់រថយន្តកែច្នៃ រថយន្តដឹកទំនិញ ឱ្យទៅជាការប្រើប្រាស់រថយន្តទេសចរណ៍ ឬក៏រថយន្តក្រុងដែលមានសុវត្ថិភាព ផាសុខភាពជាង»។
ជាមួយគ្នានេះដែរ លោកថា ក្រសួងបាននិងកំពុងពិចារណាក្នុងការជំរុញឱ្យមានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់អ្នករកស៊ីដឹកកម្មករអាចយកទៅទិញរថយន្តដែលមានផាសុខភាព ការនាំចូលរថយន្តដែលមានគុណភាពល្អនិងតម្លៃទាប ឬការតម្រូវឱ្យនិយោជកផ្គត់ផ្គង់រថយន្តដឹកកម្មករនិយោជិតជាដើម។
អ្នកនាំពាក្យក្រសួងការងាររូបនេះ បានបន្ថែមថា៖ «កន្លងមកនេះ ក្រសួងបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្នែកចរាចរណ៍ផ្លូវគោក ក៏ដូចជាក្រសួងពាក់ព័ន្ធទាំងអស់ នៅក្នុងការអប់រំចំពោះអ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ ទី២ អ្នកបើកបរត្រូវមានប័ណ្ណបើកបរចេញពីសាលាត្រឹមត្រូវ ទី៣ អ្នកបើកបរមិនប្រើប្រាស់គ្រឿងញៀន នេះជាគោលការណ៍ដែលយើងអនុវត្តជាទូទៅ»។ បើតាមលោក ហេង សុផាន់ណារិទ្ធ ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) និងជាអគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ (គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤) មានករណីកម្មករកម្មការិនីជាសមាជិក ប.ស.ស. ក្នុងវិស័យឯកជន ជួបគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៣ ៣២៧ករណី ដែលមានជនរងគ្រោះ ៣ ៥៧៣នាក់ ក្នុងនោះស្លាប់ចំនួន ៩២នាក់ របួសចំនួន ៣ ៤៨១នាក់៕