ពលរដ្ឋដែលរងការប៉ះទង្គិចដោយអំពើហិង្សារវាងនគរបាលច្រកព្រំដែនកម្ពុជាថៃ លើកឡើងថា ពួកគេស្នើសុំឱ្យនគរបាល និងស្ថាប័នគយច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បើកច្រកទ្វារសម្រាប់ក្រុមអ្នកអូសរទេះឡើងវិញ ដើម្បីឱ្យពលរដ្ឋដែលរស់ពឹងលើចំណូលបានពីការអូសរទេះដឹកឥវ៉ាន់ពីទឹកដីថៃមកម្ពុជា បានចំណូលដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃសម្រាប់ចិញ្ចឹមជីវិត។
អ្នកស្រី ទូយ ម៉េត ដែលជាម្តាយរបស់ស្រ្តីដែលរងការប្រើហិង្សាពីកម្លាំងនគរបាលច្រកព្រំដែនប៉ោយប៉ែត ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រុមអ្នកប្រកបមុខរបរអូសរទេះដឹកឥវ៉ាន់ពីព្រំដែនថៃ ចូលកម្ពុជាទទូចសុំឱ្យអាជ្ញាធរខ្មែរ បើកផ្លូវឱ្យពួកខ្លួន បានប្រកបមុខរបរនេះឡើងវិញផង។អ្នកស្រីបន្តថា បើអាជ្ញាធរបន្តបិទច្រកទ្វារ សម្រាប់អ្នកអូសរទេសបែបនេះទៀត ក្រុមខ្លួននឹងដាច់បាយហើយ ព្រោះចំណូលពឹងផ្អែកទាំងស្រុងលើមុខរបរនេះមួយមុខទេ។
លោកស្រីបន្តថា៖ «ស្ងាត់ឆឹងៗអូនហាគ្មានអ្នកណាដោះស្រាយឲ្យទេ កាលពីដំបូងវាទៅមើលម៉ែឪទេគ្រាន់វាមកដាក់ប្រហិត២កញ្ចក់មកហ្នឹងគេស្ទាក់ជាប់នៅកៀនឡានហ្នឹង គេវ៉ៃគេអីហ្នឹងគេដេញចាប់យកប្រហិតហ្នឹងគេមិនមែនវ៉ៃឲ្យឃើញរបួសស្នាមអីទេ គេជញ្រ្ជុំយកៗវាឈឺក្នុងខ្លួនរហូតសន្លប់ឈឺខ្នងឈឺអីហ្នឹង គេមិនឥវ៉ាន់ចេញចូលទេគេចាប់។មិនដឹងធើ្វអីទេសិទ្ធិតែគ្នាគេទាំងអស់បានអីអូសអូនៗ ឥវ៉ាន់យើងមានតិចតួចយកចេញអត់បានចឹងហាឥឡូវដាច់បាយ ដាច់ទឹកហើយ៤ ៥ថ្ងៃនេះហូរមានដែលរកអីបាន១បាតទេអូនអើយចាសអត់មានការងារអីធើ្វ តាមលឺជានិយាយគេអត់ឲ្យយើងអូសរហូតអ្នកដើរពិបាកទៀតគេអត់ឲ្យប្រាស់ហ្នឹងចូលទៀតគ្នាវាកាក់យើងទាំងអស់» ។
ទាក់ទងអំពើហិង្សានេះ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រើប្រាស់ហិង្សាលើស្រ្តីម្នាក់ដែលមានវ័យប្រមាណ១៨ឆ្នាំបាត់បង់ស្មារតី។សកម្មភាពនេះកើតឡើង ក្រោយរកឃើញថានារីម្នាក់នោះ បានបំពានគោលការណ៍នាំឥវ៉ាន់ចេញចូលព្រំដែនកម្ពុជាថៃ សម្រាប់ច្រកអូសរទេះ។
អធិការនគរបាលក្រុងប៉ោយប៉ែតលោក ព្រំ ពិសិដ្ឋ បដិសេធក្នុងការអត្ថាធិប្បាយដោយលោកអះអាងថា ករណីនេះមិនមែនជាជំនាញនគរបាលយុត្តិធម៌ទេ តែជាការទទួលខុសត្រូវរបស់គយ និងក្រុមច្រកទ្វារព្រំដែន។
លោកបន្តថា៖ «ពូនៅខាងអធិការក្រុងទេចឹងហា ចឹងណពាក់ព័ន្ធខាងគយនឹងច្រកទ្វារទេក្មួយចង់សួរ សួរទៅច្រកទ្វារទៅនឹងខាងគយណា»។
គេហទំព័រ Newsroom Cambodia មិនទាន់អាចស្វែងរកការបំភ្លឺពីគយប្រចាំការនៅក្រុងប៉ោយប៉ែត ដែលរង់ការចោទប្រកាន់ពីបទប្រើហិង្សានេះបាននៅឡើយទេ គិតត្រឹមថ្ងៃទី៣១ ខែឧសភា នេះ។
ចំណែក អភិបាលក្រុងប៉ោយប៉ែតលោក គាត់ ហ៊ុល បដិសេធក្នុងការទទួលខុសត្រូវចំពោះអំពើហិង្សានេះ ។លោកចាត់ទុកករណីនេះថា ជានីតិវិធីផ្លូវច្បាប់ និងជាបន្ទុករបស់ស្ថាប័នប្រមូលពន្ធ។
លោកបន្តថា៖« និយាយយ៉ាងខ្លីណាអានេះវាពាក់ព័ន្ធនឹងច្បាប់ ទាំងគយទាំងច្រកបើមិនចឹងទេរង់ចាំការប្រជុំរបស់ខាងច្រកហើយ និងខេត្តហើយខាងគយលោកអាចត្រឹមណាមានការប្រជុំនិយាយទៅយើងអត់បានចូលរួមប្រជុំទេយើងអត់ដឹងរឿងទេព្រោះរឿងហ្នឹងចំណូលពន្ធគយរបស់រដ្ឋបាទ»។
ទាក់ទិនរឿងនេះ លោក វន់ ពៅ ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងថាករណីនេះ ស្ថាប័នពាក់ព័ន្ធគួរបញ្ឈប់ការប្រើប្រាស់ហិង្សាប្រឆាំងពលរដ្ឋ ជាជាងយកកំហឹងដោះស្រាយបញ្ហាដូចនេះ។លោកបន្តថា ជាមធ្យោបាយល្អរដ្ឋមានកាតព្វកិច្ច រកទីផ្សារឱ្យពលរដ្ឋ និងបង្កើនផលិតភាពប្រសើរជាងបង្កើតបន្ទុកឱ្យប្រជាជនដូចសព្វថ្ងៃនេះ ជាពិសេសច្រកទ្វារព្រំដែន ត្រង់ពលរដ្ឋអូសរទេះនេះ គួរសម្រួលឡើងវិញ។
លោកបន្តថា៖«ជាយោបល់ខ្ញុំផ្តល់យោបល់ថាមានរឿងរ៉ាវថាបើសិនមានរឿងរ៉ាវពីអាជ្ញាធរច្រកទ្វារគួរតែដោះស្រាយដោយសន្តិវិធីមិនត្រូវប្រើហិង្សារដាក់គ្នាទី១, ទី២គឺត្រូវតែបើកឡើងវិញនៅការប្រកបមុខរបរជីវកម្មក្នុងការអូសរទេះទំនិញចេញចូលព្រំដែនខ្មែរ ថៃដើម្បីជួយសំរួលដល់ពលរដ្ឋទទួលបាននៅការប្រកបមុខរបរជីវកម្ម ទទួលបាននៅប្រាក់ចំណូលដើម្បីធានានៅការចិញ្ចឹមជីវិត» ។
ដោយឡែក លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួល នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តបន្ទាយជ័យ បង្ហាញការខកចិត្តចំពោះឥរិយាបថរបស់សមត្ថកិច្ច ដែលប្រើហិង្សាប្រឆាំងពលរដ្ឋ។លោកចាត់ទុកថា ករណីនេះវាគួរមានការសម្រួល និងដោះស្រាយដោយសន្តិវិធីក្នុងការស្ថាប័នរដ្ឋ។ការប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរបែបនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីប្រទេស ហាក់គ្មានច្បាប់ទម្លាប់ និងជាការរំលោភអំណាចក្នុងកម្រិតដែលគួរចៀសវាង។
លោកបន្តថា៖ «យើងអង្គការសង្គមស៊ីវិលមានការគួរឲ្យសោកស្តាយបំផុតចំពោះសមត្ថកិច្ច និងមន្រ្តីគយនៅទីនោះតែបានប្រើហិង្សារលើយុវតីគាត់ពិការជើងឆ្វេងទៀតគាត់ទៅជួយកាន់ឥវ៉ាន់ របស់ឪពុកម្តាយគាត់ដោយសាររយះកន្លងមកគឺតាំងពីសម័យកូវីដច្រកទ្វារអន្តរជាតិត្រូវបានបិទ មិនឲ្យពលករអូសរទេះនាំទំនិញចូល»៕