តុលាការកំពូលបានសម្រេចកម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការដោយរក្សាការផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀន និងបង្គាប់ឱ្យនគរបាលយុត្តិធម៌បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារវិញ ក្រោមបទចោទប្រកាន់«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ខណៈមេធាវី និងសង្គមស៊ីវិលយល់ឃើញថាសំណុំរឿងនេះ ដំណើរការទៅគ្មានតម្លាភាព និងយុត្តិធម៌ចំពោះជនជាប់ចោទ។
ថ្លែងក្រោយបញ្ចប់សវនាការនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ថ្លែងថា ការសម្រេចកម្កល់ការរផ្តន្ទាទោសកូនក្ដីរបស់លោកនៅពេលនេះវាជារឿងអយុត្តិធម៌ ដោយសារដើមបណ្ដឹងគ្មានឯកសារច្បាប់ដើមជាភស្តុតាងចោទប្រកាន់ឡើយ។
លោកបន្តថា៖ «មេធាវីយល់ឃើញថាសេចក្ដីសម្រេចនេះមិនផ្ដល់យុត្តិធម៌ដល់ឯកឧត្ដម ថាច់ សេដ្ឋា ទេ។ដើមបណ្ដឹងអត់មានសែកជាឯកសារច្បាប់ដើមមកធ្វើជាមូលដ្ឋានចោទប្រកាន់ទេ។មានតែឯកសារថតចម្លងតែប៉ុណ្ណោះ។ ផ្លូវច្បាប់ឯកសារថតចម្លងមិនអាចធ្វើជាភស្តុតាងបានឡើយ» ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ជាខ្មែរកម្ពុជាក្រោម ត្រូវបានតុលាការក្រុងភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២៣ ផ្តន្ទាទោសដាក់ពន្ធនាគារ ១៨ខែ ក្រោមបទចោទ «ចេញមូលប្បទានប័ត្រក្លែងក្លាយ» និងត្រូវទូទាត់បំណុលដល់ហាងបញ្ចាំឈ្មោះ រិន ឆាយ ផនសប ចំនួន ១១៣,៦ លានរៀល។បន្ថែមពីលើនេះ អំណាចសាលក្រមនេះ ក៏បានបង្គាប់ឱ្យជនត្រូវចោទរូបនេះ សងជំងឺចិត្តទៅឱ្យដើមបណ្តឹងចំនួន ៥លានរៀលផ្សេងទៀត។
ការសម្រេចរបស់តុលាការកំពូលនៅពេលនេះ ក្រោយពីសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានបើកការជំនុំជម្រះ ដោយសម្រេចតម្កល់សាលក្រមរបស់សាលាដំបូង ទុកបានជាការដដែល។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានប្រាប់ថា លោក និងអ្នកគាំទ្របក្សលោក ព្រមទាំងសាមីខ្លួនលោក ថាច់ សេដ្ឋា មានការខកចិត្តចំពោះការសម្រេចរបស់តុលាការកំពូលនៅព្រឹកនេះ។ម្យ៉ាងវិញទៀត ការសម្រេចនេះជារឿងអយុត្តិធម៌សម្រាប់លោក ថាច់ សេដ្ឋា ខណៈលោកមានវ័យចំណាស់ទៅហើយថែមទៀតផង។
លោកបន្តថា៖ «ការតម្កល់សេចក្ដីសម្រេចនេះវាធ្វើឱ្យយើងខកចិត្ត ទាំងលោក ថាច់ សេដ្ឋា ទាំងអ្នកគាំទ្រក៏ខកចិត្ត ហើយទាំងយើងទាំងអស់គ្នាក៏ខកចិត្ត យើងសង្ឃឹមថាលោក ថាច់ សេដ្ឋា មានសេរីភាពមកវិញ ប៉ុន្តែឥឡូវនេះវាការតម្កល់នូវសាលដីការហ្នឹងរបស់តុលាការកំពូលធ្វើឱ្យយើងខកចិត្ត។លោក ថាច់ សេដ្ឋា គួរតែទទួលបាននូវសិទ្ធិសេរីភាពរបស់គាត់វិញ ហើយតុលាការគួរតែពិចារណាទម្លាក់នូវបទចោទហ្នឹងទៅហើយឱ្យគាត់មានសេរីភាពមកវិញ ព្រោះលោក ថាច់ សេដ្ឋា បានជាប់ពន្ធនាគារជាងមួយឆ្នាំមកហើយគួបផ្សំនិងខណៈពេលនេះគាត់ចាស់ហើយ គាត់អាយុ៧០ឆ្នាំហើយៗសុខភាពគាត់មិនអំណោយផលទៅទៀត។ អ៊ីចឹងទេ ការចោទប្រកាន់មកគាត់ ការសម្រេចរបស់តុលាការកំពូលនេះ វាហាក់ដូចជាអយុត្តិធម៌ចមពោះលោក ថាច់ សេដ្ឋា»។
ចំណែក ភរិយារបស់លោក ថាច់ សេដ្ឋា គឺអ្នកស្រី ថាច់ សុខបូរ៉ានី អាយុ៤៩ឆ្នាំ ក៏ឯកភាពដែរថា ការសម្រេចកម្កល់ការរផ្តន្ទាទោសស្វាមីរបស់អ្នកស្រីនេះជារឿងអយុត្តិធម៌ ខណៈអ្នកស្រីអស់ជំនឿលើតុលាការនៅកម្ពុជាហើយ។
អ្នកស្រីបន្តថា៖ «មីងយល់ថាអត់មានយុត្តិធម៌ចំពោះគាត់ ដែលគ្រាន់តែកូពីក្រដាស់មកចាប់គាត់ ហើយដាក់ទោសលើគាត់ឡើងមួយឆ្នាំកន្លះដែលមិនការពិតណាអូន!»។
អ្នកស្រី ថាច់ សុខបូរ៉ានី ស្នើឱ្យតុលាការដោះលែងប្ដីអ្នកស្រី និងសមាជិកគណបក្សប្រឆាំងផ្សេងទៀតដែលកំពុងជាប់ឃុំ ដោយថាពួកគេធ្វើកិច្ចការដើម្បីបុព្វហេតុជាតិ និងសង្គម។
អ្នកស្រីបន្តថា៖«ខ្ញុំមានសំណូមពរថា មិនថារឿងគេចោទ រឿងគេចាប់ រឿងញុះញង់ក៏ដោយ ឱ្យតុលាការទម្លាក់បទចោទដោះលែងប្ដីខ្ញុំឱ្យមានសេរីភាព មិនថាគ្រួសារខ្ញុំ មិនថាគ្រួសារផ្សេងៗ[សមាជិកបក្សប្រឆាំង]ទាំងអស់ សុំឱ្យពួកគាត់ដោះលែងដែលថាធ្វើការខ្មែរដូចគ្នា រួបរួមជាតិដើម្បីជាតិទាំងអស់គ្នា កុំឱ្យជាតិបែកបាក់ កុំឱ្យប្រទេសជិតខាងគេមើលងាយប្រទេសខ្មែរយើង មិនថាខ្មែរក្រោម មិនថាខ្ញែរលើរួបរួមគ្នា ដើម្បីតស៊ូដើម្បីជាតិទាំងអស់គ្នា»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការសិទ្ធិមនុស្ស លីកាដូ(Licadho) លោក អំ សំអាត នៅពេលដែលតុលាការកំពូលដែលជាផ្លូវការចុងក្រោយបំផុត និងជាន់ខ្ពស់បំផុតនៅប្រទេសកម្ពុជាបានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ក៏ដូចជាសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនេះ បាននាំឲ្យមានការរិះគន់បន្ថែមទៀតមកលើប្រទេសកម្ពុជា។
លោកបន្តថា៖ «ខ្ញុំយល់ថា អ្នកនយោបាយទាំងអស់គួរតម្កល់នូវឧត្តមប្រយោជន៍ជាតិ ឧត្ដមប្រយោជន៍ប្រជាពលរដ្ឋជាធំ គួរតែរឿងនយោបាយ ឬក៏វិបត្តិនយោបាយដែលសេសសល់ គួរតែជជែកគ្នាក្នុងនាមជាពលរដ្ឋខ្មែរហើយនិងស្វែងរកដំណោះស្រាយដើម្បីបញ្ចប់នូវបញ្ហានយោបាយដែលសេសសល់ដើម្បីបន្ធូរបន្ថយនូវស្ថានភាពនៃការរិះគន់ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សធ្លាក់ចុះនៅកម្ពុជា» ។
លោក ថាច់ សេដ្ឋា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយសារបណ្តឹងមួយ ដែលបានចោទប្រកាន់ថា លោកបានចេញមូលប្បទានប័ត្រចំនួន ៥សន្លឹក ដែលមិនមានទឹកប្រាក់ (សែកស្អុយ) កាលពីឆ្នាំ២០១៩ ដើម្បីសងបំណុលទៅដើមបណ្តឹង ជាហាងបញ្ចាំ ឈ្មោះ រិន ឆាយផនសប។អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»កាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំ ២០២៣។
ក្រៅជាប់បណ្តឹងទី១នេះហើយ អនុប្រធានគណបក្សទំទាស់រូបនេះ ក៏នៅជាប់បណ្តឹង២ផ្សេងទៀត ដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ មួយខែបន្ទាប់ពីបទ«ញុះញង់បង្កឱ្យភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទចោទ« ញុះញង់បង្កឱ្យមានការរើសអើងជាតិសាសន៍ »។បទចោទទាំងពីរនេះ គឺជាប់ទងនឹងការថ្លែងសារនយោបាយរបស់លោក អំពីស្តុបកម្ពុជាវៀតណាម ប្រវត្តិគណបក្សប្រជាជនកម្ពុជា និងថ្ងៃ៧មករា នៅក្រៅប្រទេសជាមួយអ្នកគាំទ្ររបស់ខ្លួន កាលពីខែមករា ឆ្នាំ២០២៣៕