ស្ថិតក្នុងវ័យ១៣ឆ្នាំ ជាវ័យដែលទាមទារឲ្យមានការយកចិត្តទុកដាក់ពីអាណាព្យាបាល ថែទាំទំនុក​ប​ម្រុង បែរជាកុមារីម្នាក់នេះ មិនមានសំណាងគ្រប់គ្រាន់នៅក្នុងការទទួលបានការបីបាច់រក្សាបែបនេះឡើយ។ពោលទាំងទឹកមុខសោះកក្រោះ កុមារី ធារ៉ា និយាយថាជារៀងរាល់ថ្ងៃនេះ នាងត្រូវចេញដំណើរពីផ្ទះ​​ដើម្បីដើរពពាយនាយលក់សណ្តែកដី​ គ្រាន់បានថវិការផ្គត់ផ្គង់ម្ហូបអារហារប្រចាំថ្ងៃសម្រាប់គ្រួសារមួ​​យ​ដែលមានសមាជិក៤នាក់ នៅក្នុងបន្ទុក។ 

ប្រភពបន្តថា៖ «បើខ្ញុំអត់ចេញមកលក់ គ្រួសារខ្ញុំអត់មានលុយសម្រាប់ទិញម្ហូបទេ។ ខ្ញុំចេញមកលក់តាំងពីខ្ញុំមានអាយុ៧ឆ្នាំ ដោយសារតែម្តាយខ្ញុំឈឺ មិនអាចរកចំណូលបាន ម្តាយខ្ញុំគាត់លើសឈាមហើយស្លាប់មួយចំហៀងខ្លួន រាល់ថ្ងៃគាត់សម្រាន្តជាប់នឹងកន្ទេលរហូត។ […] កាលមុនឪពុកខ្ញុំនៅរកកើត គាត់រត់ម៉ូតូឌុប តែឥលូវគាត់ឈឺដែរ អ៊ីចឹងមានតែខ្ញុំទេដែលចេញរកលុយ»

ក្រោយមេឃភ្លៀង ដីមិនទាន់ស្ងួតទឹកស្រួលបួលផង ក្មេងស្រីម្នាក់នេះត្រូវជិះកង់មួ​យ​គ្រឿ​​ងជាមធ្យោ​​បា​​យក្នុ​ងការធ្វើដំណើរ ដែលកង់នេះតែងនាំនាងទៅលក់គ្រប់ទីកន្លែងដែលនាងចង់ទៅ។ជារៀងរាល់​​ថ្ងៃ​​នា​​ងតែង​​នាំក្មួយស្រីម្នាក់ ទៅជាមួយផង គ្រាន់បានជាគ្នា។ក្មួយស្រីដែលនាងតែងយកតាមខ្លួនដែលមា​​ន​អាយុប្រហែល៣ឆ្នាំ តែងឱ្យនាងអង្គុយនៅពីមុខជានិច្ច ហើយ​​គោលដៅដែលនាងតែង​​​លក់​ស​​ណ្តែ​​ក​​ដី​ជាប្រចាំថ្ងៃនេះ​ គឺនៅម្តុំ​តំបន់មាត់ទ​ន្លេជាទីគួរចាប់ចិត្តសម្រាប់មនុស្សម្នាជាច្រើនទៅអង្គុយលេងកម្សា​​​​​​​ន្ត ឬហាត់ប្រាណនៅពេលល្ងាច ហើយមានក្តីសង្ឃឹមថានឹងអាចលក់ដាច់។

​កុមារីបន្តថា៖ «ថ្ងៃនេះលក់អត់សូវបានទេ ដោយសារមេឃភ្លៀង តាំងពីថ្ងៃមក ទើបតែលក់បាន៦កំប៉ុងទេ។ […] ប៉ុណ្ណឹងមិនទាន់រួចថ្លៃដើមគេផង ទាល់តែលក់បាន២មុឺនរៀលទើបបានរួចខ្លួន ហើយនៅសល់ប៉ុន្មានបានចំណេញ។ មានថ្ងៃខ្លះលក់អត់បានរួចខ្លួន ហើយខាតទៀត របស់សល់ខ្ញុំអត់យកមកលក់ទេ»។ 

ដោយសារតែជីវភាពលំបាកលំបិន ទើបតម្រូវឲ្យក្មេងស្រីម្នាក់នេះត្រូវតលះបង់ពេលវេលាដែលនាងនៅ​មានសេសសល់ពីការសិក្សា ចេញមកទទួលយកបទពិសោធន៍នៃពិភពខាងក្រៅទាំងវ័យក្មេងដូចនេះ តា​​ម​​រយៈការលក់សណ្តែកដី និងពេលទំនេរជួយហៅភ្ញៀវឲ្យម្ចាស់ទូក ដើម្បីគ្រាន់បានប្រាក់បន្ថែម។ 

ប្រភពបន្តថា៖ «ពេលជិះដើរលក់អ៊ីចឹង ខ្ញុំលក់សណ្តែកដីផង ខ្ញុំហៅភ្ញៀវឲ្យទូកគេផង។ […] ពេលខ្ញុំហៅ​ភ្ញៀវខ្មែរបានម្នាក់ ម្ចាស់ទូកគេឲ្យខ្ញុំ១ពាន់រៀល ហើយបើបានភ្ញៀវបរទេស គេឲ្យខ្ញុំបាន៨ពាន់រៀល​​។ខ្ញុំត្រូវហៅទូកខ្លះ ព្រោះថ្ងៃខ្លះខ្ញុំអត់មានលុយធ្វើដើមទិញសណ្តែកដីលក់ អ៊ីចឹងមានតែហៅទូកឲ្យ​​គេ »

ស្របពេលដែលមនុស្សជាច្រើនកំពុងទទួលបាននូវភាពកក់ក្តៅនៅតាមផ្ទះរៀងៗខ្លួន រួមជាមួយនឹងអាហារពេលល្ងាចដ៏សម្បូរបែបរៀបចំរួចជាស្រេចនៅលើតុ រង់ចាំតែមានមនុស្សមកទទួលទាន ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់នេះប្រាប់ថា នាងត្រូវធ្វើម្ហូប ដាំបាយសម្រាប់ឪពុកម្តាយ នៅពេលដែលនាងត្រឡប់ទៅ​​ផ្ទះវិញដែលមានទីតាំងនៅច្បារអំពៅ។ 

ប្រភបន្តថា៖ «ខ្ញុំទៅផ្ទះវិញរាល់ថ្ងៃជួនកាលម៉ោង៩ ថ្ងៃខ្លះម៉ោង១០ ផ្លូវចូលផ្ទះហ្នឹងងងឹតណាស់ ជិះកង់ទៅអត់មានភ្លើង រាងខ្លាចដែរ។ […] ពេលទៅដល់ផ្ទះវិញហ្នឹង ខ្ញុំត្រូវដាំបាយ ធ្វើហូបឲ្យម៉ែឪខ្ញុំ ហើយជូនយាយខ្លះដែរ។ មួយពេល ខ្ញុំទិញម្ហូបអស់តែ២ពាន់ទេ អ្នកលក់សាច់ជ្រូកគេអាណិត គេចេះតែឲ្យលើស។ ២ពាន់ហ្នឹងខ្ញុំលៃបានម្ហូប២មុខដែរ»

ពេលវេលាមួយថ្ងៃរបស់ កុមារី ធារ៉ា មិនទាន់បញ្ចប់ត្រឹមនេះទេ ក្រោយពីរៀបចំបាយទឹកឲ្យគ្រួសាររួច នា​​ង​ត្រូវចំណា​​យពេលវេលាប្រចាំថ្ងៃប្រហែល២ម៉ោងនៅក្នុងការស្វ័យសិក្សាបន្ថែមនៅផ្ទះ ដោយនាងមានបំណ​​ង​ច​ង់សម្រេចក្តីស្រម៉ៃមួយនៅថ្ងៃអនាគតគឺជាគ្រូពេទ្យ។

កុមារីបន្តថា៖ «រាល់ថ្ងៃទម្រាំបានគេង គឺម៉ោង១ ព្រោះខ្ញុំចាត់ចែងការងារទាំងអស់នៅក្នុងផ្ទះ និងត្រូវរៀនបន្ថែមទៀត បើអត់រៀនទេ ខ្ញុំខ្លាខអត់បានលទ្ធផលល្អ។ […] ពេលធំទៅខ្ញុំចង់ក្លាយជាគ្រូពេទ្យ ដោយសារតែម៉ែឪខ្ញុំគាត់សុទ្ធតែឈឺទាំង២ អ៊ីចឹងខ្ញុំចង់អាចមើលថែទាំគាត់បាន ណាមួយបានជួយអ្នកជម្ងឺផ្សេងផង»

ក្រោមមេឃតែមួយ ហើយមានវាសនាស្រដៀងគ្នា កុមារា ឌីណាន់ ក៏មិនអាចប្រកែកនឹងព្រហ្មលិខិតបា​​ន​​ដូចគ្នាដែរ ហើយត្រូវតែបង្ខំចិត្តចេញមកជួយលក់ខ្ចៅស្ងោរនៅតំបន់មាត់ទន្លេជិតភោជនីយដ្ឋានដែលមានមនុស្សមកកម្សាន្តមិនចេះដាច់។

ឌីណាន់និយាយថា៖ «ខ្ញុំចេញមកលក់តាំងពីខ្ញុំនៅអាយុ១០ឆ្នាំ ហើយមកដល់ឥលូវនេះ វាបាន៤ឆ្នាំហើយ។ ខ្ញុំលក់ពេលថ្ងៃ ចេញពីផ្ទះមកម៉ោង២រសៀល ហើយនៅលក់រហូតដល់យប់ជ្រៅបានទៅផ្ទះ។ […] ពេលព្រឹកខ្ញុំទៅរៀន ខ្ញុំអត់ដែលបានសម្រាកទេ ទោះឈឺក៏ដោយ»

មានវ័យ១៤ឆ្នាំ កុមារាម្នាក់នេះមានការតស៊ូក្នុងឆាកជីវិតរាប់មិនអស់ទៅហើយ ដោយឆ្លងកាត់ឧបសគ្គជាច្រើន ទាំងក្នុងការរៀនសូត្រ និងការចេញមករកលុយជួយគ្រួសារ។

ប្រភពបន្តថា៖ «មកលក់នៅនេះ​ ជួនកាលគេដេញ គេអត់ឲ្យខ្ញុំដាក់រទេះនៅម្តុំជួរមាត់ទន្លេហ្នឹងទេ គេឲ្យមកក្រោយ ហើយបើមកក្រោយអ៊ីចឹង ខ្ញុំលក់អត់ដាច់ទេ បើសល់មានតែចាក់ចោល ហើយខាតលុយទៀត»

មនុស្សម្នាដើរឆ្លងកាត់ទៅមកមិនសូវដាច់ តែគ្មាននរណាម្នាក់បង្ហាញពីចេតនាចង់ទិញនូវអ្វីដែលក្មេងប្រុ​​សម្នាក់អង្គុយលក់នោះទេ។ អង្គុយញីភ្នែកនៅខាងក្រោយរទេះ ដោយសារមានបញ្ហាភ្នែកឈឺ ឌីណាន់ ហាក់បង្ហាញទឹកមុខអស់សង្ឃឹម ដោយពីថ្ងៃដល់យប់ គេទើបលក់ខ្ចៅស្ងោរនេះបាន៦កំប៉ុងនៅឡើ​យ​​ទេ។

​មានស្រុកកំណើតនៅខេត្តព្រៃវែង កុមារីអាយុ១៤ឆ្នាំម្នាក់ទៀត​ បានផ្លាស់ទីលំនៅមករាជធានីភ្នំពេញជា​​មួយឪពុកម្តាយតាំងពីខ្លួនមានអាយុ១១ឆ្នាំ ដើម្បីមកប្រកបរបរដើម្បីស៊ូទ្រាំនឹងជីវភាពប្រចាំថ្ងៃ ដែលមានព្រឹកខ្វះថ្ងៃ មានថ្ងៃខ្វះយប់។

កុមារីបន្តថា៖ «ខ្ញុំចេញមកលក់ម៉ោង៥ល្ងាច ហើយទៅផ្ទះវិញប្រហែលម៉ោង ២ ឬ៣ជិតភ្លឺ។ បើថ្ងៃណាភ្លៀង ខ្ញុំទៅវិញម៉ោង១២អីហ្នឹង»

ជាកូនស្រីទី៣ក្នុងគ្រសារដែលមានកូន៤នាក់ នាងត្រូវបង្ខំចិត្តឈប់រៀនដោយសារតែកត្តាជីវភាពមិនអំណោយផល ហើយប្តូរមកនៅភ្នំពេញមករស់នៅបន្ទប់ជួលមួយកន្លែងនៅតំបន់ចាក់អង្រែក្រោម។ ម្តាយនាងគឺជាអ្នកដើរលក់សណ្តែកដីនៅតំបន់កាស៊ីណូ ណាហ្កាវើលដ៍ ចំណែកឪពុកគឺជាអ្នករើសអេតចាយ។

​មេឃកំពុងតែបង្អុរភ្លៀងទាំងកណ្តាលរាត្រី ដោយមិនបានខ្វល់ខ្វាយពីក្មេងស្រីម្នាក់ត្រូវកាន់របស់របរយ​ក​មកលក់នោះឡើយ ខណៈមនុស្សភាគច្រើនរកកន្លែងជ្រកភ្លៀង មានខ្លះកំពុងស្រស់ស្រូបអាហារក្តៅ​​ៗឲ្យសាកសមទៅនឹងអាកាសធាតុ សោភ័ណ​ ត្រួវកណ្តៀតឥវ៉ាន់របស់នាងយក ដើរចុះដើរឡើងនៅតំ​បន់ដែលមានមនុស្ស ជាមួយនឹងក្តីសង្ឃឹមថានឹងបានលក់ដាច់ខ្លះ។

ប្រភពបន្តថា៖ «ម៉េចក៏ដោយក៏ត្រូវតែលក់ដែរបង បើមិនលក់ លុយដែលឪពុកម្តាយខ្ញុំរកមក ចាយអត់គ្រាន់ទេ។ […] ទោះថ្ងៃខ្លះលក់អត់ដាច់ ក៏ត្រូវតែចេញមកលក់ដែរ ខ្ញុំចង់ជួយឪពុកម្តាយខ្ញុំ ខ្ញុំឃើញគាត់លំបាកច្រើនពេក»

ភ្លៀងអាចជាឧបសគ្គសម្រាប់អ្នកធ្វើដំណើរទូទៅ តែភ្លៀងមិនអាចជាអ្វីដែលបញ្ឈប់ដំណើរនៅក្នុងការពុះពារដើរលក់ម្ជូរ និងសណ្តែកដីរបស់ក្មេងស្រីម្នាក់នេះទេ ព្រោះនាងដឹងនៅក្នុងចិត្តច្បាស់ថា ក្រពះនា​ង​កំពុងស្រេកឃ្លានអាហារ ដែលចាំឲ្យនាងផ្តល់ឲ្យ។

​របាយការណ៍មួយរបស់ក្រសួងការងាររបស់សហរដ្ឋអាមេរិកស្តីពីរបកគំហើញឆ្នាំ២០២២ ស្តីពីទម្រង់អា​​​ក្រក់នៃពលកម្មកុមារ​បង្ហាញថា នៅឆ្នាំ២០២២ ប្រទេសកម្ពុជាមានការជឿនលឿនតិចតួច ក្នុងកិ​​ច្ច​​ខិ​​ត​​ខំប្រឹងប្រែងដើម្បីលុបបំបាត់ទម្រង់អាក្រក់នៃពលកម្មកុមារ។

របាយការណ៍ដដែលបន្តថា ថ្វីត្បឹតតែកម្ពុជាបានដាក់ចេញ និងផ្តល់ថវិការប្រមាណ១០លានដុល្លារ ក្នុ​​ង​ផែនការសកម្មភាពថ្នាក់ជាតិ ស្តីពីការថែទាំ និងអភិវឌ្ឍន៍កុមារតូចៗក្នុងគោលដៅអប់រំ ក៏ប្រទេសកម្ពុជានៅតែត្រូវបានវាយតម្លៃថាមានការជឿនលឿនតិចតូច ដោយសារតែកម្ពុជានៅតែបន្តអនុវត្តតាមទម្លា​​​​ប់ ដែលធ្វើឲ្យពន្យារដល់ការជឿនលឿនក្នុងការលុបបំបាត់បញ្ហាពលកម្មកុមារ។

ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺលោក កត្តា អ៊ន បានប្រាប់ឲ្យដឹងថា តាមរយៈការធ្វើអធិការកិច្ចរបស់ក្រសួងការងារនៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ ក្រ​​សួងការងារមិនបានរកឃើញនូវករណីនៃការប្រើប្រាស់ពលកម្មកុមារណាមួយនោះទេ។ ក្នុងន័យនេះ លោកសំដៅទៅលើការងារក្នុងប្រព័ន្ធ ដែលកុមារទៅធ្វើការ និងទទួលបានប្រាក់បៀរវត្សន៍ពីខាងនិយោ​​ជ​ក។

លោកថ្លែងថា៖ «ក្នុងអំឡុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ អធិការកិច្ចចរបស់ក្រសួងបានចុះអង្កេ​ត​នៅតាមរោងចក្រសហគ្រាស ពុំឃើញមានការប្រើប្រាស់ពលកម្មកុមារណាមួយទេ។ […] ការប្រើប្រា​​ស់ពលកម្មកុមារ ជានិយមន័យទាល់តែកុមារនោះ​ធ្វើការទទួលប្រាក់បៀរវត្សន៍ ទទួលកម្រៃពីនិយោជក ឬក៏​ពីថៅកែ អាហ្នឹងបានយើងហៅថាពលកម្មកុមារ។ ក៏ប៉ុន្តែនៅក្នុងវប្បធម៌នៃប្រទេសកម្ពុជាយើងកុ​​មា​រជួយការងារឪពុកម្តាយ នៅស្រែចម្ការ កសិដ្ឋាន ការលក់ដូរ វាមិនមែនជាពលកម្មកុមារទេ »

អ្នកនាំពាក្យក្រសួងការងាររូបនេះក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារ ត្រូវចៀសវាងប្រើប្រាស់កុមារដែ​ល​​នាំឱ្យមានផលប៉ះពាល់ទៅដល់ការសិក្សារបស់ពួកគេ។

លោកបន្តថា៖ «យើងលើកទឹកចិត្តឲ្យក្រុមគ្រួសារនីមួយៗកុំអនុញ្ញាតិឲ្យកុមារមកជួយការងារតាមក្រុមគ្រួសាររបស់ខ្លួន ដោយធ្វើឲ្យប៉ះពាល់ដល់ការសិក្សាកុមារ ឬមួយសុខទុក្ខកុមារ យើងស្នើរសុំឲ្យគ្រួសារនីមួយៗបញ្ជូនកូនទៅរៀនសូត្រ ជាជាងឲ្យកុមារបោះបង់ការសិក្សាដោយសារយល់ថាជីវភាពរបស់ខ្លួនលំបាក »

ជាមួយគ្នានេះដែរ លោក តូច​ ចាន់នី អ្នកនាំពាក្យក្រសូងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ ថារដ្ឋាភិបាល ជាពិសេសក្រសួងសង្គមកិច្ចផ្ទាល់ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងការគាំទ្រទៅដល់កុមារ។

 ​លោកបន្តថា៖«យើងមានកម្មវិធីគាំពារទៅដល់កុមារដែលមិនមានផ្ទះសម្បែង ក៏ដូចជាកុមារក្រីក្រនានា យើងក៏មានជាគណកម្មការនៅតាមបណ្តាខេត្តក្រុងនានាផងដែរ។ […] ម៉េចក៏ដោយ ក្មេងៗគាត់មិនងាយស្រួកឲ្យយើងមើលទាំងស្រុងទេ ពួកគេភាគច្រើនមិនចង់មកនៅក្នុងមជ្ឈមណ្ឌលទេ ដោយសារតែគាត់គិតថាវាបាត់បង់សេរីភាព នៅក្នុងមណ្ឌលយើងមានឲ្យទាំងអស់ហ្នឹង ទាំងអាហារ ហើយនិងការអប់រំ »

ទាក់ទិននឹងករណីនេះ លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីអង្គការភ្លែនអន្តរជាតិ បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia ថាការប្រើប្រាស់ពលកម្មកុមារ ដែលឈានទៅដល់ការបោះបង់ចោលការសិក្សារបស់កុមារ គឺជាការប៉ះពាល់ធ្ងន់ធ្ងរទៅដល់សិទ្ធិរបស់ពួកគេ។

លោកបន្តថា៖ «ជាគោលការណ៍ វាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់កុមារ និងផ្ទុយពីសិទ្ធិជាមូលដ្ឋានរបស់ពួកគេដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ។ […] ការប្រើប្រាស់នូវពលកម្មុមារនេះ គឺជាការរំលោភសិទ្ធិជាមូលដ្ឋានរបស់កុមាររួចបាត់ទៅហើយ ដែលរួមទាំងសុខុមាលភាព សុវត្ថិភាព និងការអប់រំប្រកបដោយគុណភាព ការចូលរួម និងការទទួលបានការការពារ»

អង្គការសហប្រជាជាតិបានអនុម័តនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិដើម្បីការពារកុមា​​រពីគ្រប់ទ​ម្រ​ង់នៃពលកម្មកុមារ។

សម្រាប់លោក យី គឹមថាន ការបញ្ឈប់រាល់ទម្រង់នៃការប្រើប្រាស់កម្លាំងពលកម្មកុមារគឺចាប់ផ្តើមពីយើ​ង​ទាំងអស់គ្នា គិតចាប់ពីបុគ្គល គ្រួសារ និងអាណាព្យាបាល ជាការលើកកម្ពស់ការយល់ដឹងរបស់សាធា​​រ​​ណ​ជន ដោយលោកបានសង្កត់ធ្ងន់ថា ពលកម្មកុមារបានបំបាត់ឱកាសសិក្សាសម្រាប់ពួកគេ ឬពេលខ្លះ​​ឈានទៅដល់ការទទួលរងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

លោកបន្តថា៖ «ការបញ្ចប់គ្រប់ទម្រង់នៃពលកម្មកុមារវាចាប់ផ្តើមពីមនុស្សគ្រប់គ្នា ជាពិសេសគ្រួសារ អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបញ្ចប់គ្រប់ទម្រង់ ការងារដែលពាក់ព័ន្ធកុមារក្រោមអាយុ ដែលមិនអនុញ្ញាតដោយច្បាប់ និងធ្វើឱ្យកុមារប្រឈមមុខនឹងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព សុវត្ថិភាព និង ឱកាសសិក្សា។ […] ការជំរុញការយល់ដឹងរប​​ស់​​សាធារណជនក៏នឹងចួលរួមចំណែកសំខាន់ផងដែរ ជាពិសេសនៅក្នុងការទប់ស្កាត់ការចូលរួមរប​​ស់​កុមារនៅក្នុងការងារដែលរងផលប៉ះពាល់ខ្ពស់ »

ពាក់ព័ន្ធនឹងរឿងនេះ លោក គួច ម៉េងលី ជាអ្នកជំនាញផ្នែកអប់រំនៅកម្ពុជាបានលើកឡើងថា កុមារក្រោ​​ម​​អាយុត្រូវចេញមកលក់ដូរនៅខាងក្រៅនេះ ជាកត្តាមួយដែលគួរឲ្យព្រួយបារម្ភ ដោយសារតែវានឹងបន្ក​ផល​ប៉ះពាល់ទៅដល់ធនធានមនុស្សនៅកម្ពុជា។

លោកបន្តថា៖ «យើងឃើញហើយថា ក្មេងខ្លះគាត់រៀនផងគាត់ជួយលក់ម៉ែឪគាត់ផង ក៏ប៉ុន្តែក្មេងមួយចំនួនគឺគាត់លក់ដោយអត់មានការរៀនសូត្រ ហើយទាំងយប់ទាំងថ្ងៃ ជួនកាលអត់លក់ទេ ទៅដើរសុំទានតាមផ្លូវចឹងទៅ។ […] វាខូចសណ្តាប់ធ្នាប់ ហើយខូចអនាគតក្មេង ជួនកាលមិនមែនគាត់លក់ដោយសារតែគាត់ចង់លក់ទេ ជួនកាលគាត់ស្ថិតក្រោមការបង្គាប់បញ្ជារបស់គេ។ មានរឿងច្រើនដែលយើងអត់ដឹង »

អ្នកជំនាញអប់រំរូបនេះបន្តថា ការដែលបណ្តែតបណ្តោយឲ្យក្មេងចេញរកស៊ី​ និងបោះបង់ការសិក្សា គឺជា​​កត្តាសំខាន់ដែលនាំមកនូវភាពក្រីក្រតជំនាន់។ លោកបន្តថា វាពិតជាមានផលប៉ះពាល់ដល់សុ​​ខុ​​មាលភាពរបស់កុមារទាំងនោះដែរ។

លោកបន្តថា៖«ហ្នឹងហើយជាកត្តាដែលជំរុញឲ្យមានភាពក្រីក្រពីមួយជំនាន់ទៅមួយជំនាន់។ […] ហើ​​យ​​ការដើរលក់ដូរនៅពេលយប់ហ្នឹង វាប្រឈមច្រើនណាស់ គ្រោះថ្នាក់ មានទាំងការរំលោភ ការជួញដូរផ្លូវភេទ»

បើតាមលោក វេជ្ជបណ្ឌិត គួច ម៉េងលី ភាពធូររលុងនៃការអនុវត្តច្បាប់ ហើយតួនាទីចាំបាច់មួយ​ទៀ​ត​ដែលមិនអាខ្វះបានគឺរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណាជំរុញឱ្យកុមារបញ្ឈប់សកម្មភាព ប្រកបមុខរបរពេ​ល​​រាត្រីបា​ន នោះទើបជាជំរើសដែលល្អ ព្រោះកុមារគឺជាអ្នកដែលបន្តវេនជំនាន់ក្រោយសម្រាប់ប្រទេសជាតិ​​។លើសពីនេះទៀត លោកសង្កេតឃើញថាបច្ចុប្បន្នហាក់មិនមានភាពច្បាស់លាស់នៅឡើយទេនៅក្នុងការបែងចែកទំនួ​​​ល​​​​ខុសត្រូវរបស់អ្នកពាក់ព័ន្ធនៅក្នុងការដោះស្រាយបញ្ហានេះ។បើទោះជាយ៉ាងនេះក្តី លោកក៏នៅតែមាន​​សុទិដ្ឋិនិយមលើរដ្ឋាភិបាលក្នុងការធ្វើឲ្យមានភាពប្រសើរឡើង ចំពោះជោគវា​​ស​​នា​​​សម្រាប់ស្ថានភាពរបស់កុមារនេះដែរ។

លោកបន្តថា៖ «អ៊ីចឹងមានតែរាជរដ្ឋាភិបាល យកចិត្តទុកដាក់ ធ្វើយ៉ាងម៉េចកុំឲ្យមានក្មេងធ្វើការពេលយប់ ជាពិសេសក្មេងតូចៗក្រោមអាយុ។ […] គួរតែមានការត្រួតពិនិត្យឲ្យច្បាស់ និងជាប្រចាំនៅតាមកន្លែងកម្សាន្តផ្សេងៗដែលអាចមានក្មេងយករបស់ទៅលក់ យើងអងាចគ្រប់គ្រងបានប់យើងចង់ធ្វើ។​ យើងគួរតាមដានឲ្យបានជាប់ ថាតើក្មេងៗហ្នឹងគាត់មានប្រភពមកពីណា អ្នកណាបញ្ជូនគាត់មក តើគាត់ត្រូវបានគេជួញដូរឬយ៉ាងណា»

នៅក្នុងសារដែលចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ លោ​​ក​បា​​ន​​ជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារដើ​​ម្បី​​​លុ​ប​បំបាត់ គ្រប់ទម្រង់នៃពលកម្មកុមារ ដោយលើកកម្ពស់ការយល់ដឹង បណ្តុះបណ្តាល និងផ្សព្វ​​ផ្សា​​យ​អំពី ការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអធិការកិច្ច ពលកម្មកុមារ ព្រមទាំងកៀរគរធនធាន និងចលនាសាធារណជនក្នុងការស្វែងរកដំណោះស្រាយ សមស្របដើម្បីជួយសង្គ្រោះពលកម្មកុមារ។

សម្រាប់ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា នៅក្នុងឆ្នាំ២០២៤នេះ ប្រារព្ធឡើងក្រោមប្រ​​ធា​​​នបទ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើតមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថ​​ល​​» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា​ ក្រោមប្រធានបទ «រួមគ្នាអនុវត្តការប្ដេជ្ញាចិត្ត ដើ​​ម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ»។

​ទាក់ទងស្ថានភាពកុមារនេះដែរ អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូច) បានចេញ​របា​យ​ការណ៍របស់ខ្លួន នៅក្នុ​​ង​​ឆ្នាំ​​២០២៣ រកឃើញថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ ​នៅតែ​បន្ត​រីក​រាលដាល​នៅ​តាម​សិ​​ប្បកម្ម​ផលិត​ឥដ្ឋ​​នៅ​កម្ពុជា។របាយការណ៍បន្តថា​អាជ្ញាធរ​រដ្ឋ​នៅតែ​បន្ត​ភាព​អសកម្ម​អស់​ជាច្រើន​ទសវត្សរ៍​ ​ហើយ​វិ​ស័​យ​សំណង់​ ​និង​អចល​ន​ទ្រព្យ​ ​បាន​អនុញ្ញាត​ឱ្យ​អំពើ​រំ​​​លោភបំពាន​លើ​សិទ្ធិមនុស្ស​នៅតែ​បន្ត​មាន​ដោយ​គ្មាន​ការ​ត្រួត​​ពិនិត្យ​ក្នុង​ខ្សែ​សង្វាក​ផលិតកម្ម​របស់​ខ្លួន​៕