មន្ត្រីរដ្ឋាភិបាល ជំរុញដល់​ម្ចាស់ភោជនីយដ្ឋាន និ​ងចុង​ភៅតាមរោង​ការ និងកម្មវិធី​នានា បង្កើនការ​ប្រើផលិតផលកសិកម្ម​ក្នុងស្រុក ដើម្បីជួយសម្រួល​ដល់កសិករក្នុងការធានាឱ្យបានជូនពួក​គាត់នូវនិរន្តរភាពទីផ្សារ។​

ការជំរុញ​នេះ ធ្វើឡើងនៅក្នុងវេទិកាពិភាក្សាមួយនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីអំពី «រសជាតិកសិផលខ្មែរ» កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ដែលធ្វើឡើងក្នុងគោលបំណងជំរុញការគាំទ្រកសិផលខ្មែរឱ្យ​បានកាន់តែខ្លាំងក្លា និង​ជាវេទិកា​មួយ​ដែល​បានប្រមូលផ្តុំនូវគ្រប់ភាគីពាក់ព័ន្ធ​ ឱ្យ​មានជជែកវែកញែកអំពីបញ្ហាប្រឈម និង​ឈានទៅដល់ការស្វែងរកដំណោះស្រាយរួម។

ថ្លែងនៅក្នុងកិច្ចពិភាក្សានោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានជំរុញ​ដល់​ម្ចាស់​ភោជនីយដ្ឋាន អ្នកផ្គត់ផ្គង់អាហារក្នុងកម្មវិធីនានា ព្រមទាំងម្ចាស់​ដើមការ ប្រើ​ប្រាស់​កសិផល​ និងផលិត​ផលក្នុងស្រុក ជំនួស​នូវ​ការប្រើ​ប្រាស់​វត្ថុ​ធាតុដើម​នាំចូល នៅក្នុងភោជនីយ​ដ្ឋាន និងកម្មវិធីរបស់ពួកគេ។​

លោកមានប្រសាសន៍ថា៖ «យើងព្យាយាមឱ្យ​​អ្នកពាក់ព័ន្ធទាំងអស់យល់ថា វាចាប់​ផ្តើម​ពីយើង​ទាំង​អស់​គ្នា ទាំង​អ្នកផ្គត់ផ្គង់អាហារ គឺសហការជាមួយគ្នាជំនួសផលិតផលនាំចូលដោយ​ផលិត​ផល​ក្នុង​ស្រុក ហើយក្រសួងគឺមានការត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចូលរួម»។

លោកបន្ថែម​ថា៖ «យើងនឹងធ្វើគុណភាពឱ្យ​​បានល្អបំផុត ទោះបីជាយកវត្ថុធាតុដើម​ខ្មែរយកទៅធ្វើជាម្ហូបចិនក៏ដោយ ម្ហូបខ្មែរក៏ដោយ។ […] ជូនដល់ម្ចាស់ដើមការ ក្រសួងត្រៀម​នៅក្នុងការ​ចូល​រួម បញ្ជាក់​ជូន​តែ​ម្តង ការមួយដែលកម្មង់ម្ហូបអ្វីក៏ដោយ យ៉ាងហោច៩០% ត្រូវ​តែមាន​ចំណែកជាផលិតផលខ្មែរ»។

ជាមួគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានឱ្យដឹងដែរថា ក្រសួងកសិកម្ម ​បាននិងកំពុងរៀបចំច្បាប់កិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីជាជំហរមួយបន្ថែមទៀតនៅក្នុងការធានានូវតុល្យ​ភាព​ការ​ផ្គត់ផ្គង់ និងការបញ្ជាទិញ។

លោកមានប្រសាសន៍ថា៖ «យើងកំពុងរៀបចំច្បាប់កិច្ចសន្យាផលិតកម្មកសិកម្ម ហេតុអីបានត្រូវការច្បាប់ពិសេស? ព្រោះថាបើយើងយកច្បាប់រដ្ឋប្បវេណីធម្មតាមកប្រើ គឺមានន័យថាភាគីណាមួយត្រូវសងការខូចខាតដែលធ្វើឱ្យ​ប៉ះពាល់ដល់កសិករខ្លាំង ដូចជាកាលឡើងចុះថ្លៃខុស​ពីអ្វីដែលបានសន្យាគ្នា ប៉ុន្តែយ៉ាងហោចណាស់យើងដោះស្រាយ​បញ្ហាអស្ថេរភាពហ្នឹងបាន។ […] អ្នកជ្រុលនិយមមួយចំនួននិយាយថា មិនឱ្យ​នាំចូល តែបើយើងផ្គត់ផ្គង់មិនបាន វាប៉ះពាល់អ្នកប្រើប្រាស់ទាំងអស់»។

ករណីនេះ ក្រុមចុងភៅផ្គត់ផ្គង់ម្ហូបអាហារតាមរោងការ និងម្ចាស់ភោជនីយដ្ឋាននានា បានបង្ហាញពីឆន្ទៈនៅក្នុងការបង្កើនការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុកឱ្យ​បាន​កាន់​តែច្រើន ខណៈបច្ចុប្បន្នម្ចាស់អា​ជីវកម្មទាំងនោះ អះអាងថា ពួកគេ​​​នៅតែបន្តមាន​បញ្ហាប្រឈម​មួយចំនួននៅក្នុងការ​ទទួលទិញ​ផលិតផលកសិកម្មដែលផលិតនៅក្នុងស្រុក។

លោក ទូច រដ្ឋា ជាម្ចាស់អាជីវកម្មផ្គត់ផ្គង់ម្ហូបអាហារយីហោ សឹង ហុកហេង បានឱ្យ​ដឹង​ថា ការ​ប្រើប្រា​ស់​ផលិត​ផល​កសិកម្មក្នុងស្រុក ដូចជា សាច់ និង​បន្លែ ក្នុងអាជីវកម្មរបស់លោក គឺមានប្រហែល៦០%នៃ​ការផ្គត់ផ្គង់សរុប។

លោកបន្ត​ថា៖ «សម្រាប់កម្រិតដែលខាងខ្ញុំ និងអ្នកផ្គត់ផ្គង់ផ្សេងទៀតមានចំនួនច្រើនហើយ ដែលផលិតផលមួយចំនួនទៀត ​យើងត្រូវការអ្នកផ្គត់ផ្គង់ក្នុងស្រុកហ្នឹង​ជំនួសឱ្យ​បាន ហើយនឹងធ្វើម៉េចរក្សានូវស្ថេរភាព បន្ទាប់​មកទៀត​បានយើងគិតពីរឿងគុណភាពនិងតម្លៃ»។

លោក រដ្ឋា បានលើកឡើងដែរថា​ ដោយសារតែការបម្រើម្ហូបអាហារនៅតាមពិធីមង្គលការ គឺជាអាជីវកម្មដែលមិនមានស្ថេរភាពអូសបន្លាយរយៈពេលមួយឆ្នាំពេញ ដូច្នេះ​បញ្ហា​នេះបាន​បង្កឱ្យ​ក្លាយជាការ​លំបាកសម្រាប់ទាំងអ្នកទទួលទិញ និងអ្នកផ្គត់ផ្គង់​នៅក្នុង​ការ​ធានាឱ្យ​បាននូវស្ថេរភាពនៃការផ្គត់ផ្គង់។

លោកមានប្រសាសន៍ថា៖ «ការងារតុការ វាជាការងារមួយដែលឡើងចុះ​ ឡើងក៏ខ្លាំង ហើយចុះវិញក៏ខ្លាំង ចុះវិញគំហុក ចឹងវាមានរដូវកាលដែរ។ […] ដូច្នេះខ្ញុំគិតថាវាក៏ជាបញ្ហាប្រឈមដ៏ខ្លាំងសម្រាប់ទាំងអ្នកផលិតនិងអ្នកផ្គត់ផ្គង់ ពីព្រោះពេលមួយដែលគាត់ផលិតច្រើនពេក ហើយគេមិនសូវមានកម្មវិធី អាហ្នឹងក៏ជាបញ្ហាដល់គាត់។ ប៉ុន្តែដល់ពេលយើងមានជាតម្រូវការ គាត់មានដែរ ប៉ុន្តែគាត់មានជាប្រចាំថ្ងៃសម្រាប់ការប្រើប្រាស់តាមតែភោជនីយដ្ឋាន ឬសណ្ឋាគារ តែដល់សម្រាប់កម្មវិធីសម្រាប់មនុស្សច្រើនរយនាក់ គាត់អត់មាន»។

ទោះបីជាមិនទាន់មានភាពរលូននៃសង្វាក់ផលិតកម្ម និងផ្កត់ផ្គង់ទាំងស្រុងក៏ពិតមែន ម្ចាស់អាជីវកម្មរូបនេះ បានប្តេជ្ញានៅក្នុងការបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យ​បានកាន់​តែ​ច្រើន​តាម​ដែល​អាច​ទៅ​រួច ដោយលោកបានសង្កត់ធ្ងន់ថា តម្លៃមិនមែនជាបញ្ហា ឱ្យ​តែផលិត​ផលមាន​គុណភាព។  

ជាមួយគ្នានេះដែរ លោក តាំង គឹមតេង ជាម្ចាស់អាជីវកម្ម តាំង តិចម៉េង ដែល​ផ្គត់​ផ្គង់​ម្ហូបអាហារ​តាម​កម្មវិធីដែរនោះ​ បានលើកឡើងថា កត្តាដែលអាជីវកម្ម​លោក​នាំចូល​ផលិត​ផលម​ក​ពី​ក្រៅ​ប្រទេស ដោយសារតែការផ្គត់ផ្គង់នៅក្នុងស្រុក​ មិនមាន​ទៅតាមតម្រូវការដែលខាង​លោក​ចង់​បាន។

ទោះជាយ៉ាងនេះក្តី លោកបានកត់សម្គាល់បន្ថែមផងដែរថា កសិផលដែល​ផលិត​នៅក្នុងស្រុក គឺមានគុណភាពល្អជាងកសិផលដែលនាំចូលពីបរទេស។

លោកថ្លែងថា​៖ «អត្រាដែលខ្ញុំប្រើផលិតផល​នាំចូល​ដោយ​សារនៅក្នុងស្រុក​អត់​មាន ចឹង​បាន​ខ្ញុំ​ប្រើផលិតផលក្រៅ​ស្រុក។ ជួលកាលរបស់ខ្លះនៅស្រុកខ្មេរយើងអត់មាន អត់អាចដាំដុះបាន ចឹងបានយើងត្រូវតែនាំចូល។ […] តែម៉េច​ក៏ដោយ គុណភាពផលិតផលក្នុងស្រុកល្អជាង ខ្ញុំប្រៀបធៀបតែស្ពៃបូកគោមួ​យបា​ន​ហើយ បើយើងនាំចូលស្ពៃបូកគោចម្អិន​ហើយ​មាន​ជាតិ​ជូរ បើស្ពៃបូកគោក្នុងស្រុកយើងអត់មានជាតិជូរទេ»។  

ចំណែក ​លោកស្រី រស់ រតនៈ (ចុងភៅណាក់) ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង ក៏បានលើក​ឡើង​​​ដែរ​ថា ទោះបីជាការផ្គត់ផ្គង់ហាក់មិនទាន់មានស្ថេរភាព ​ក៏លោកស្រីមិនមានជាបញ្ហាប្រឈមអ្វីធំដុំនោះទេ ដោយសារតែលោកស្រីធ្វើម្ហូបប្រកប​ដោយការច្នៃ​ប្រឌិត និងតាម​រដូវ​កាល។

លោកស្រីថា​៖ «ខ្ញុំធ្វើតែម្ហូបតាមរដូវ និង​តាម​តំបន់ អ៊ីចឹងហើយវាតម្រូវឱ្យ​ខ្ញុំប្រើប្រាស់អ្វីដែលមាននៅក្នុងខែហ្នឹង អាហ្នឹង​គឺជាគុណតម្លៃនៃកន្លែងខ្ញុំ ចឹងហើយខ្ញុំអត់មានបញ្ហាអីទេ»។

ប្រធានប្រតិបត្តិនៃអង្គការកសិដ្ឋានតុកកែញញឹមកម្ពុជា លោក រ៉ែម ចាន់ដារ៉ា គាំទ្រចំពោះការជំរុញនេះ ខណៈលោកសង្កេតឃើញថា​​ ស្ថាន​ភាព​អំណោយ​ផល​នៅកម្ពុជា​ អាច​ឱ្យ​កសិករ​ដាំដុះ និងមានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់​បាន​ពេញ​លេញ។ លោកបន្តថា ​ប៉ុន្តែអ្វីដែលគួរមានជាចាំបាច់នោះ ​​គឺទិន្នន័យមួយដែល​ច្បាស់​លាស់នៅ​ក្នុង​ការ​ធានា​ថា អ្វីដែលកសិករដាំដុះ ពិតជាមានតម្រូវការនៅលើទៅផ្សារ។

លោក​ថា៖ «បើនិយាយពីស្ថេរភាពនៃការផ្គត់ផ្គង់របស់យើង ខ្ញុំគិតថា​អាចផ្គត់ផ្គង់បាន ប៉ុន្តែលុះត្រាតែទីផ្សារបានផ្តល់​នូវទិន្នន័យច្បាស់លាស់ ពេលដែលកសិករដាំ គាត់​អត់មានទិន្នន័យច្បាស់លាស់​នៅក្នុងដៃ ​ថាតើគាត់ត្រូវដាំបន្លែស្លឹក​ប៉ុន្មាន​គីឡូ​ក្នុង​ខែ​នេះ។ […] ហើយយើងអត់ទាន់មានជាយន្តការណាមួយ ដើម្បីបង្កជាលក្ខណៈងាយស្រួលដែលឱ្យ​អ្នកដាំ និងអ្នកដែលមានតម្រូវការហ្នឹងស្វែងយល់ពីគ្នាទេ»៕