ក្រសួងយុត្តិធម៌ ចាត់ទុករបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ជុំវិញការរកឃើញភាពមិនចាំបាច់នៃការឃុំខ្លួនកុមារដែលតាមម្តាយនៅក្នុងពន្ធនាគារថា គឺជារឿងដែលផ្ទុយពីស្មារតីច្បាប់។
ប្រតិកម្មនេះ ធ្វើឡើងនៅក្រោយពេលដែល អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) បានចេញរបាយការណ៍នៅចំថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនា ក្រោមចំណងជើងថា«បញ្ឈប់ការឃុំខ្លួនមិនចាំបាច់លើកុមារ ក្នុងពន្ធនាគារ »។
ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី៣ ខែមិថុនា នេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់ថាការចេញសេចក្តីថ្លែងការណ៍របស់អង្គការ លីកាដូ គឺ មិនសមស្របទៅនឹងនីតិវិធីច្បាប់នោះទេ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។លើសពីនេះទៀត ជាទូទៅវិធានការច្បាប់លើអនីតិជនភាគច្រើនផ្តោតទៅលើការអប់រំ ស្តារនីតិសមប្បទាជាជាងការឃុំខ្លួន។
លោកបញ្ជាក់ថា៖«ការដែលមិនឱ្យឃុំខ្លួនហ្នឹង វាមិនមែនជាវិធីសាស្រ្តក្នុងការដោះស្រាយការចង្អៀតណែនក្នុងពន្ធនាគារទេ។ អ្វីដែលយើងអនុវត្តគឺឃុំ ឬមិនឃុំផ្អែកលើច្បាប់នីតិវិធីច្បាប់ដែលមានជាធរមាន។ ការឃុំខ្លួនអនីតិជនហ្នឹង ត្រូវតែផ្អែកលើច្បាប់ ច្បាប់គេកំណត់អាយុប៉ុន្មានដែលត្រូវទទួលការខុសត្រូវ។ ការឃុំខ្លួនអនីតិជនគឺលុះត្រាតែចាំបាច់ ហើយជាមធ្យោបាយចុងក្រោយ »។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សវនា បញ្ជាក់ថាទាំងទារក និងកុមារដែលរស់នៅក្នុងពន្ធនាគារទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីពន្ធនាគារ និងអង្គការជាដៃគូ។ក្រៅពីនេះ ច្បាប់ក៏បានឱ្យខាងពន្ធនាគារយកចិត្តទុកដាក់ផ្គត់ផ្គង់ចំណីអាហារ និងអាហារបំប៉នសុខភាពដល់ទារកឱ្យល្អដែរ។
លោកបន្តថា៖«ក្មេងនៅក្នុងពន្ធនាគារមានការយកចិត្តទុកដាក់ ហើយអ្នកជាប់ឃុំដទៃទៀតហ្នឹង ជួយមើលគ្នាបានដិតដល់ណាស់។ មើលសាច់ឈាមទៅចង់ល្អជាងអ្នកនៅខាងក្រៅ សម្រាប់អ្នកដែលមានជីវភាពខ្វះខាតអីហ្នឹង។ ទារកនៅក្នុងទទួលបានការថែទាំល្អជាងទាំងការចាក់វាំងសាំង អាហាររូបត្ថបម្ភ »។
ការរិះគន់ពីស្ថាប័នជំនាញរបស់រដ្ឋាភិបាលនេះ គឺបន្ទាប់ពីអង្គការ លីកាដូ បានចេញផ្សាយរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០២៤ ដោយអំពាវនាវឱ្យបញ្ឈប់រាល់ទម្រង់នៃការឃុំខ្លួនកុមារ ដែលតាមម្តាយនៅក្នុងពន្ធនាគារ ប្រយោជន៍ដើម្បីកុំឱ្យមានភាពចង្អៀតណែននៅក្នុងឃុំ។សេចក្តីថ្លែងការណ៍ អមដោយ ឃ្លីបវីដេអូ ផង លីកាដូ ទទូចឱ្យក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ស្ថាប័នតុលាការ និងស្ថាប័នអនុវត្តច្បាប់ដទៃទៀត បញ្ឈប់ការឃុំខ្លួនដោយមិនចាំបាច់លើកុមារ និងអនីតិជនក្នុងពន្ធនាគារ។
មិនតែប៉ុណ្ណោះ ស្ថាប័នមិនមែនរដ្ឋាភិបាលដដែលនេះ ក៏បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់ទោសនៅក្នុងពន្ធនាគារជាជម្រើសចុងក្រោយសម្រាប់អនីតិជន និងម្តាយដែលមានកូនតូចនៅក្នុងពន្ធនាគារដែលមានលក្ខណៈចង្អៀតណែន និងកង្វះបរិក្ខារ និងធនធានគ្រប់គ្រាន់ដែលកំពុងបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
បន្ថែមលើរបាយការណ៍នេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ឱ្យដឹងថា ពន្ធនាគារមិនមែនជា កន្លែងសម្រាប់ឃុំខ្លួនកុមារ និងអនីតិជននោះទេ។ ដូច្នេះលោកថា គួរតែប្រើប្រាស់ជម្រើសផ្សេងទៀតជាបន្ទាន់ និងជាលក្ខណ:ប្រព័ន្ធ ជំនួសឱ្យការឃុំខ្លួនកុមារ និងអនីតិជនក្នុងពន្ធនាគារ ដោយជ្រើសរើសការឃុំខ្លួន ជាជម្រើសចុងក្រោយ។
លោកថ្លែងថា៖«កុមារនិងអនីតិជន មិនគួរត្រូវដាក់នៅក្នុងបន្ទប់ឃុំខ្លួនដែលមានភាពចង្អៀតណែន មិនទទួលបានអាហារដែលមានជីវជាតិគ្រប់គ្រាន់ មិនមានកន្លែងគេងគ្រប់គ្រាន់ មិនមានឱកាសទទួលបានការអប់រំ កង្វះលទ្ធភាពទទួលការជួបសួរសុខទុក្ខពីក្រុមគ្រួសារ កង្វះសុខមាលភាព កង្វះការទទួលបានសម្ភារ:អនាម័យ ឬសម្ភារ:សម្រាប់ស្រ្តីមានរដូវ និងកង្វះទឹកសម្រាប់ទទួលទាន និងប្រើប្រាស់ ជាពិសេសនៅក្នុងអំឡុងពេលដែលមានការឡើងកំដៅខ្លាំងនៅក្នុងប្រទេស »។
យ៉ាងនេះក្តី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បដិសេធថា ក្រសួងមហាផ្ទៃមិនមានអំណាចណាមួយក្នុងការសម្រេចឃុំខ្លួនបុគ្គលណាម្នាក់មិនថាកុមារ ឬអនីតិជនទេ។ផ្ទុយទៅវិញ ការសម្រេចឃុំខ្លួន ឬមិនឃុំនេះគឺជាសមត្ថកិច្ចរបស់តុលាការ និងក្រសួងយុត្តិធម៌ឯណោះទៅវិញទេ។
លោកបន្តថា៖«តុលាការលោកពិនិត្យមើលទៅលើចរិតនៃបទល្មើសដែលគ្រោះថ្នាក់រួមផ្សំនិងបទល្មើសគ្រប់គ្រាន់ លោកមិនមែនចេះតែឃុំខ្លួនទេ។ នេះជាការយល់ឃើញរបស់ខ្ញុំ ព្រោះវាអត់បានប្រយោជន៍អីទេចំពោះតុលាការ។ ប៉ុន្តែវាគិតពីប្រយោជន៍ធំ ផលប៉ះពាល់ធំមកលើសង្គម មកលើកុមារខ្លួនឯងនិងកុមារដទៃៗទៀត អាហ្នឹងគេសម្រេចឃុំខ្លួនបណ្តោះអាសន្នវាគឺជា សិទ្ធិស្របច្បាប់របស់ខាងតុលាការ »។
បើទោះជាទាំងក្រសួងយុត្តិធម៌ និងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ថ្លែងការពារថាការឃុំខ្លួននេះ វាស្របទៅនឹងគោលការណ៍ច្បាប់ ហើយមានការពិនិត្យដោយហ្មត់ចត់ផ្នែកសុខភាពសម្រាប់កុមារក្តី ក៏អ្នកការពារសិទ្ធិមនុស្ស នៃអង្គការ លីកាដូ រកឃើញថាបញ្ហានេះស្ថាប័នសាម៉ីរបស់រដ្ឋ នៅមិនទាន់បានដោះស្រាយឱ្យបានសមស្របនៅឡើយទេ។ម្យ៉ាងវិញទៀត ការឃុំខ្លួនកុមារ និងអនីតិជនក្នុងពន្ធនាគាររួមទាំងកុមារដែលរស់នៅតាមម្តាយ និងស្រី្តមានផ្ទៃពោះក្នុងពន្ធនាគារមានការប៉ះពាល់ដល់ការលូតលាស់សារពាង្គកាយ និងបញ្ញាស្មារតីរបស់កុមារមានរូបភាពអាក្រក់ជាងមុន។
លើសពីនេះទៀត អង្គការ លីកាដូ បានចេញផ្សាយនូវ ឃ្លីបវីដេអូ ខ្លីមួយ នៅចំថ្ងៃទិវាសិទ្ធិកុមារ ដោយបង្ហាញពីការកើនឡើងនៃចំនួនរបស់កុមារ និងអនីតិជននៅក្នុងពន្ធនាគារ ដែលអ្នកទាំងនោះគួរតែរស់នៅក្នុងផ្ទះ ជាមួយក្រុមគ្រួសាររបស់ពួកគេ ឬក៏បានចូលសាលារៀនជាមួយមិត្តភ័ក្តិរបស់ពួកគេ។
របាយការណ៍ដែលចេញដោយអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅក្នុងខែមីនា ឆ្នាំ២០២៤ បង្ហាញថា អនីតិជនមានចំនួន២.២១៤នាក់ ត្រូវឃុំខ្លួននៅក្នុងពន្ធនាគារចំនួន១៩ ដែលអង្គការលីកាដូ កំពុងធ្វើការងារជាមួយ។ចំណែក ច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងទណ្ឌិតជាអនីតិជន ត្រូវបានមន្ត្រីពន្ធនាគារកំណត់ថា ជាជនដែលមានអាយុចាប់ពី១៤ ឆ្នាំដល់២៤ ឆ្នាំ៕