មន្ត្រីនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ ឱ្យដឹងថា គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញ បានបង្ក្រាបករណីក្មេងទំនើងបានចំនួន ៨០០ករណី និងបានឃាត់ខ្លួនមនុស្សចំនួន ២ ០០០នាក់ ក្នុងនោះមនុស្សជាង ៩០០នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មាននៃក្រសួងព័ត៌មាន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ថា គិតមកដល់ដើមខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើង ដោយឃាត់ខ្លួនមនុស្សបានចំនួន ២ ០០០នាក់ ដោយក្នុងនោះក្មេងទំនើងជាង ១ ៥០០នាក់ ត្រូវបានអប់រំ ធ្វើកិច្ចសន្យា និងប្រគល់ជូនអាណាព្យាយបាលវិញ។ ដោយឡែក ក្មេងទំនើងជាង ៩០០នាក់ផ្សេងទៀត លោកថា ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពីពិនិត្យឃើញថាមានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងព្រហ្មទណ្ឌ។
បើតាមអ្នកនាំពាក្យរូបនេះ ការបង្ក្រាបករណីក្មេងទំនើង នៅដើមឆ្នាំនេះ មានការកើនឡើង ២០០ករណី បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងសមត្ថកិច្ច ចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្មេងទំនើង ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសង្គម ក្រោយលោកមើលឃើញថាមួយរយៈក្រោយនេះមានក្មេងទំនើងធ្វើសកម្មភាពកាប់គ្នាច្រើនករណី។
ត្រឹមរយៈពេល ១សប្តាហ៍ ក្រោយពីនាយករដ្ឋមន្ត្រីចេញបញ្ជា សមត្ថកិច្ចជំនាញ បានបង្ក្រាបករណីក្មេងទំនើងបានចំនួន ៨២ករណី និងបានឃាត់ខ្លួនមនុស្សចំនួន ២៦៧នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២២៩នាក់ ដោយក្នុងនោះមាន ៣៩នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ នេះបើតាមការឱ្យពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មានប្រសាសន៍នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះថា ចំណាត់ការរបស់សមត្ថកិច្ច គឺនៅបន្តផ្សព្វផ្សាយអប់រំ ដើម្បីទប់ស្កាត់កុំឱ្យក្មេងទំនើងធ្វើសកម្មភាពដែលប៉ះពាល់ដល់សង្គមបន្តទៅទៀត។
លោកមានប្រសាសន៍ថា៖ «យើងអនុវត្តតាមវិធានការរដ្ឋបាល បានន័យថា រាល់ក្មេងទំនើងដែលធ្វើសកម្មភាពមិនចូលជាចរិតបទល្មើសព្រហ្មទណ្ឌគឺយើងអប់រំណែនាំ ហើយធ្វើកិច្ចសន្យា […] ចំពោះអំពើដែលចូលជាបទល្មើសព្រហ្មទណ្ឌយើងមិនអាចអត់ឱនបានទេ តាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី គឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីឱ្យតុលាការចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់កំណត់»។
លោក ទូច សុឃៈ បន្ថែមថា៖ « ចំពោះស្ថានភាពនៃការកើតឡើង នៅសកម្មភាពអវិជ្ជមានរបស់ក្មេងទំនើងហ្នឹង យើងឃើញថា វាកើតឡើងជាធម្មតាជាប្រចាំចឹង គឺក្នុងមួយថ្ងៃក៏មានមួយមានពីរ ក៏មានបួនប្រាំជាហូរហែ ជាមធ្យម នៅក្នុង១សប្តាហ៍ អាចកើតឡើងចន្លោះពី ៣ ទៅ ៥ករណី កម្រិតទូទាំងប្រទេស ក្នុងថ្ងៃខ្លះ ក៏អត់មានសកម្មភាពក្មេងទំនើងដែរ តែសកម្មភាពខ្លះបង្កឱ្យមានព្យសនកម្ម ឬក៏ហានិភ័យគួរឱ្យកត់សម្គាល់ ដូចជា កាប់ដាច់ដៃដាច់អីទៅ គឺថាបង្កឱ្យមានព្យសនកម្ម»។
នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មានប្រសាសន៍ថា រឿងធំជាងគេ ដែលនាំឱ្យមានបញ្ហាក្មេងទំនើងនេះ គឺអាចពាក់ព័ន្ធនឹងគ្រឿងញៀន ឬគ្រឿងស្រវឹង។
លោកថា៖ «រឿងធំជាងគេមួយ ដែលនាំឱ្យមានបញ្ហាក្មេងទំនើងនេះអាចពាក់ព័ន្ធនឹងគ្រឿងញៀន ការសាក ការភ្លក់ រសជាតិគ្រឿងញៀន ឬគ្រឿងស្រវឹងផ្សេងៗ នឹងក៏អាចជាដើមចមដ៏ធំដែរ ប៉ុន្តែវាមិនមែនទាំងអស់ទេ វាមិនមែនក្មេងទំនើងទាំងអស់សុទ្ធតែពាក់ព័ន្ធគ្រឿងញៀន តែកម្រិតមួយដែរ ការសាកល្បង វាអាចជាដើមចមដែរ ហើយយើងដឹងហើយថាចរិតមនុស្សឱ្យដើរផ្លូវល្អវាមិនមែនជារឿងងាយទេ តែអំពើអាក្រក់គឺងាយនឹងអូសទាញណាស់ ព្រោះវាងាយធ្វើ»។
ស្រដៀងគ្នានេះដែរ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា កត្តាដែលជំរុញឱ្យមានក្មេងទំនើងច្រើននេះ អាចបណ្តាលមកពីបរិយាកាសសង្គម ការផឹកស៊ី ការប្រើប្រាស់គ្រឿនញៀន និងកង្វះទំនាក់ទំនងរវាងសាលានិងអាណាព្យាបាលជាដើម។
លោកយល់ថា៖ «រដ្ឋគួរតែមានការរៀបចំដោះស្រាយបញ្ហាហ្នឹង [កត្តាដែលជំរុញឱ្យមានក្មេងទំនើង] ដោយផ្តោតទៅលើការអប់រំពួកគាត់ ហើយជាមួយនឹងសហការណ៍ជាមួយអាណាព្យាបាល ជាមួយសាលា ជាមួយនឹងអាជ្ញាធរដែនដីអីគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងបង្ការអប់រំគាត់ឱ្យបានច្រើន ជាជាងប្រើវិធានការដាក់ពន្ធនាគារដែលធ្វើឱ្យខូចខាតដល់គាត់ ដល់ការអប់រំរបស់គាត់ បើគាត់មិនបានប្រព្រឹត្តកំហុសដូចជាការប្រព្រឹត្តបទល្មើស ដែលមានចែងនៅក្នុងច្បាប់ទេ មិនគួរនឹងយកគាត់ទៅដាក់នៅក្នុងពន្ធនាគារទេ»៕