តុលាការកំពូលសម្រេចលើកពេលបើកសវនាការ ដែលគ្រោងធ្វើនៅថ្ងៃទី៣ មិថុនានេះ ក្នុងសំណុំរឿងព្រហ្មទណ្ឌប្រឆាំងមន្រ្តីជាន់ខ្ពស់គណបក្សជំទាស់ទៅថ្ងៃក្រោយ ដោយមិនកំណត់ពេល ហើយការពន្យាពេលនៃការជំនុំជម្រះនេះ ដោយមូលហេតុចំថ្ងៃបូជាព្រះសពសម្តេចព្រះសង្ឃរាជ ទេព វង្ស នៅមុខវត្តបទុមវតីក្បែរនឹងតុលាការកំពូល ។
នៅក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះ ដែលចេញដោយតុលាការកំពូល សវនាលើអង្គសេចក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង» នឹងត្រូវដំណើរការ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នេះ។មន្រ្តីតុលាការកំពូល បញ្ជាក់ថាការលប់ចោលនៃការជំនុំជម្រះនេះ មិនមែនតែរឿងក្តីនយោបាយមួយនេះទេ នៅមានរឿងក្តី ៤ដាច់ដោយឡែកផ្សេងទៀត ក៏ត្រូវលើកពេលដូចគ្នាដែរ។
អ្នកនាំពាក្យតុលាការកំពូល លោកស្រី ម៉ៅ ធីតា មានប្រសាសន៍ថា តុលាការសម្រេចលើកពេលបើកសវនាការគឺដោយសារភាគីពាក់ព័ន្ធមួយចំនួនមិនបានមកចូលរួមសវនាការ បន្ទាប់ពីមានការបិទផ្លូវសម្រាប់ហែព្រះសពសម្ដេចព្រះសង្ឃរាជ មកថ្វាយព្រះអគ្គីបូជានៅវត្តបទុមវត្តី ដែលមានទីតាំងក្បែរតុលាការកំពូល។
ស្របពេលជាមួយគ្នានេះ លោកស្រី ធីតា អះអាងថា តុលាការមិនទាន់កំណត់ពេលវេលាច្បាស់លាស់ក្នុងការបើកការជំនុំជម្រះក្ដីលើលោក សេដ្ឋា ជាថ្មីនៅឡើយទេ។បើតាមលោកស្រី ធីតា ឱ្យដឹងថា តុលាការត្រូវកំណត់ពេលទុកជាមុន ១ ខែឬ២ ខែ សម្រាប់ការបើកសវនាការជំនុំជម្រះ ។
លោកស្រីបន្តថា៖«កាលពីព្រឹកមិញនេះ វាមានបញ្ហាដង្ហែព្រះសព មកបូជាមកវត្តបទុមវត្តី ចឹងទៅក៏មានការបិទផ្លូវ ហើយគូភាគីក៏អត់បានមកគ្រប់ ចឹងទៅក៏លើកទៅពេលក្រោយ» ។
សម្រាប់អ្នកឃ្លាំងមើលសិទ្ធិមនុស្ស និងមេធាវីការពារជនជាប់ចោទ យល់ឃើញថា ការលើកពេលបើកសវនាការលើ លោក សេដ្ឋា នេះនឹងនឹងបង្កផលប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន លើកឡើងថា ការលើកពេលបើកសវនាការនេះ នឹងបង្កផលប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌ដល់កូនក្ដីរបស់លោកដែលបានជាប់ឃុំអស់រយៈពេលជាច្រើនខែមកហើយ។
លោកបន្តថា៖ «បើយើងនិយាយអំពីសិទ្ធទទួលបានការជំនុំជម្រះដោយយុត្តិធម៌ វាប៉ះពាល់ទៅដល់អ្វីដែលជាការរងចាំ សិទ្ធិទទួលបានការជំនុំជម្រះដោយលឿន វាប៉ះពាល់ចំណុចហ្នឹងដែរ» ។
ដោយឡែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ជំរុញឱ្យតុលាការបើកសវនាការឱ្យបានឆាប់ដើម្បីឱ្យជនជាប់ចោទអាចទទួលបាននូវយុត្តិធម៌ឡើងវិញ។
លោកបន្តថា៖ «យ៉ាងណាក៏ដោយ តុលាការគួរតែកំណត់កាលបរិច្ឆេទ សវនាការហ្នឹងឱ្យបានឆាប់ឡើងវិញ» ។
លោក ថាច់ សេដ្ឋា ដែលជាអនុប្រធានគណបក្សភ្លើងទៀន ក្រៅពីជាប់បណ្តឹង ក្រោមបទចោទថាបានចេញមូលប្បទានប័ត្រចំនួន ៥សន្លឹក ដែលមិនមានទឹកប្រាក់ (សែកស្អុយ) កាលពីឆ្នាំ២០១៩ ដើម្បីសងបំណុលទៅដើមបណ្តឹង ជាម្ចាស់ហាងបញ្ចាំ ឈ្មោះ រិន ឆាយផនសប ហើយលោកក៏នៅជាប់បណ្តឹង២ផ្សេងទៀត ដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ។
បទចោទដែលតុលាការកំពូលគ្រោងនឹងលើកយកមកជំនុំជម្រះនៅថ្ងៃទី៣ មិថុនា នេះគឺទាក់ទិនបទចោទ «ញុះញង់បង្កឱ្យភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទចោទ«ញុះញង់បង្កឱ្យមានការរើសអើងជាតិសាសន៍ »។បទចោទទាំងពីរនេះ គឺជាប់ទងនឹងការថ្លែងសារនយោបាយរបស់លោក អំពីស្តុបកម្ពុជាវៀតណាម ប្រវត្តិគណបក្សប្រជាជនកម្ពុជា និងថ្ងៃ៧មករា នៅក្រៅប្រទេសជាមួយអ្នកគាំទ្ររបស់ខ្លួន កាលពីខែមករា ឆ្នាំ២០២៣៕