ក្រុមសកម្មជនចលនាមាតាធម្មជាតិ បានធ្វើពហិកាមិនចូលសវនាការ បន្ទាប់ពីអាជ្ញាធរដាក់ប៉ារាស់ រារាំងមិនឱ្យក្រុមអ្នកគាំទ្ររបស់ពួកគេ ចូលទៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ខណៈក្រុមសកម្មជនទាំងនេះ យល់ថា សកម្មភាពរបស់អាជ្ញាធរ ជាការរឹតត្បិតលំហសិទ្ធិសេរីភាព។
ការធ្វើពហិកានេះ បានធ្វើឡើងខណៈពេលតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បន្តបើកសវនាការលើកទី២ ជុំវិញសំណុំរឿងរបស់សកម្មជនចលនាមាតាធម្មជាតិ ក្រោមការចោទពីបទ «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ កាលពីសវនាការនាលើកទី១ដែលបានធ្វើនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ចៅក្រមជំនុំជម្រះ បានសួរដេញដោលបានតែសកម្មជនចលនាមាតាធម្មជាតិមួយរូបប៉ុណ្ណោះ គឺលោក យឹម លាងហ៊ី ខណៈជនជាប់ចោទចំនួន ៤នាក់ទៀត រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានលើកពេលសួរដេញដោល។
លោក ថុន រដ្ឋា ជាសកម្មជនចលនាមាតាធម្មជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែមិថុនានេះថា សវនាការលើកទី២នេះ មានការរឹតត្បិតសិទ្ធសេរីភាពជាងសវនាការលើកទី១ ដោយអាជ្ញាធរបានដាក់ប៉ារ៉ាស់បិទ និងយាម មិនឱ្យអ្នកគាំទ្រចលនាមាតាធម្មជាតិ និងអ្នកសារព័ត៌មានមួយចំនួន ចូលបរិវេណមុខសាលាដំបូងឡើយ។ ករណីនេះ លោកថា រូបលោក និងយុវជនផ្សេងទៀត សម្រេចធ្វើពហិកា មិនចូលសវនាការឡើយ និងទាមទារឱ្យអាជ្ញាធរបើកលំហរសិទ្ធិសេរីភាពឡើងវិញ។
លោកបញ្ជាក់ថា៖ «យើងមិនគេចវេសទេ បើយើងចង់គេចវេសពីនីតិវិធី យើងមានចេតនា មិនចូលទៅតុលាការ ប្រាកដជាមិនមកដល់ទីនេះទេ ឬយើងមិនចូលរួមដាច់ខាតចំពោះសវនាការលើកទី១ទេ ប៉ុន្តែពួកយើងបានត្រៀមខ្លួន បានមកនេះដើម្បីចូលសវនាការ ប៉ុន្តែខ្ញុំចង់ឱ្យមានការបើកសេរីភាព សម្រាប់សាធារណជនទាំងអស់គ្នា អញ្ចឹងនៅពេលណាយើងឃើញមានការបិទសិទ្ធសេរីភាព យើងនឹងទាមទារឱ្យតុលាការបើកសេរីភាពវិញ។ យើងនឹងសប្បាយរីករាយដើរចូលតុលាការ បើសិនជាប៉ារ៉ាស់ទាំងនេះ បើកឱ្យសាធារណជនឈរនៅមុខតុលាការបាន»។
ស្របពេលមានការរឹតបន្តឹងផ្នែកសន្តិសុខពីសំណាក់អាជ្ញាធរនោះ លោក ថុន រដ្ឋា និងយុវជនចលនាមាតាធម្មជាតិ ព្រមទាំងអ្នកគាំទ្ររបស់ពួកគេជាច្រើននាក់ បាននាំគ្នាអង្គុយក្បែរប៉ារ៉ាស់មុខផ្លូវចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរងចាំទទួលដំណឹងពីមេធាវីការពារសិទ្ធិឱ្យពួកគេ។
សកម្មជនចលនាមាតាធម្មជាតិមួយរូបទៀត កញ្ញា ភួង កែវរស្មី លើកឡើងថា កញ្ញា និងក្រុមចលនាមាតាធម្មជាតិផ្សេងទៀត មិនចូលសវនាការទេ ព្រោះអាជ្ញាធរបិទប៉ារ៉ាស់មិនឱ្យអ្នកគាំទ្រ និងអ្នកសាព័ត៌មានមួយចំនួន ចូលទៅដល់មុខសាលាដំបូង។ កញ្ញាថា នៅសវនាការលើកក្រោយៗទៀត បើអាជ្ញាធរមិនបើកប៉ារាស់នោះទេ កញ្ញានឹងនៅតែមិនព្រមចូលសវនាការដូចគ្នា។
កញ្ញាបន្តថា៖ «បើយើងភ័យខ្លាច យើងមិនហ៊ានមកតុលាការព្រឹកហ្នឹង[ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤]ទេ យើងមានគោលបំណងមកចូលសវនាការ ដើម្បីធ្វើតាមនីតិវិធីសាកសួរដេញដោល ដើម្បីតតាំងយកភាពស្អាតស្អំ និងភាពយុត្តិធម៌ជូនពួកយើងខ្លួនឯង ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលគាំទ្រការងារយើង អញ្ចឹងពួកយើងមិនបានខ្លាច មិនបានគេចវេសតុលាការទេ ប៉ុន្តែពួកយើងមិនអាចទទួលយកបានទេ ពេលដែលមានការរឹតត្បិត សូម្បីតែថ្ងៃបើកសវនាការ ដែលពួកយើងមកដល់ផ្ទាល់ ក៏ត្រូវដាក់ប៉ារ៉ាស់រារាំងអ្នកមកគាំទ្រ ក៏ដូចជាអ្នកមកយកព័ត៌មានជាដើម»។
រីឯ កញ្ញាឡុង គន្ធា ជាសកម្មជនចលនាមាតាធម្មជាតិមួយរូបទៀត ដែលមិនព្រមចូលសវនាការលើកទី២នេះ បានបង្ហាញពីអារម្មណ៍ថា កញ្ញាមានការភ័យខ្លាចនៅពេលរងការគំរាមកំហែង និងរងបណ្តឹង ជុំវិញសកម្មភាពនានារបស់ពួកគេដើម្បីការពារធនធានធម្មជាតិ ប៉ុន្តែកញ្ញាកាន់តែភ័យខ្លាចបន្ថែមទៀត បើសិនបាត់បង់ធនធានធម្មជាតិ។
កញ្ញាថា៖ «យើងខ្លាច តែអ្វីដែលកាន់តែខ្លាចជាងនោះ គឺធនធានធម្មជាតិអត់ត្រូវបានការពារ នោះជារឿងដែរយើងខ្លាចបំផុត នេះជាកម្លាំងចិត្តមួយដែរយើងនៅតែបន្តរធ្វើការងារ ទោះត្រូវបានគំរាមកំហែង ត្រូវបានចាប់ដាក់ពន្ធនាគារ ត្រូវបានគេចោទប្រកាន់យើងធ្ងន់ធ្ងយ៉ាងណាក៏ដោយ យើងនៅតែបន្តតស៊ូក្នុងការការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា»។
ចំណែក ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលមានវត្តមាននៅច្រកផ្លូវចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញដែរនោះ មានប្រសាសន៍ថា លោកគាំទ្រនូវការសម្រេចចិត្តរបស់យុវជននៃចលនាមាតាធម្មជាតិ ដែលសុំឱ្យមេធាវីស្នើឱ្យតុលាការបើកលំហរសេរីភាពសម្រាប់អ្នកគាំទ្រ និងអ្នកសារព័ត៌មាន ឱ្យចូលរួមឃ្លាំមើល ព្រោះសវនាការនេះធ្វើឡើងជាសាធារណៈ។
លោកមានប្រសាសន៍បន្តថា៖ «អាជ្ញាធរហាក់មានការព្រួយបារម្ភ ភ័យខ្លាច បិទមិនឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកសារព័ត៌មាន ទៅឈរឃ្លាំមើលនៅមុខតុលាការ ហើយខ្ញុំគិតថា គ្មានអ្វីលាក់បាំងទេ តុលាការត្រូវបង្ហាញតម្លាភាព ភាពស្អាតស្អំឱ្យអ្នកលើកទឹកចិត្ត អ្នកសារព័ត៌មានអាចនៅមុខរបងតុលាការ បើមិនបានទៅចូលក្នុងបន្ទប់សវនាការ បើបានចូលក្នុងបន្ទប់សវនាការបាន កាន់តែប្រសើរ»។
លោក សំ ចំរើន ជាមេធាវីមួយរូបក្នុងចំណោមសហមេធាវីឯទៀតដែលការពារក្តីឱ្យសកម្មជនចលនាមាតាធម្មជាតិ មានប្រសាសន៍យ៉ាងខ្លីថា ក្នុងសវនាការនាព្រឹកមិញនេះ មានការអានចម្លើយរបស់សកម្មជនទាំង៥រូប ដោយមិនមានការសួរដេញដោលនោះទេ។
លោកបន្តថា៖ «កាលណាយើងមិនចូល[សវនាកា] យើងបាត់បង់សិទ្ធិដោះសារចំពោះបទចោទប្រកាន់មកលើខ្លួនយើង បាត់បង់សិទ្ធិនិង»។
បើតាមក្រុមយុវជនមាតាធម្មជាតិ ចៅក្រមជំនុំជម្រះបានសម្រេចផ្អាកសវនាការនៅព្រឹកមិញនេះ ក្រោយស្តាប់ចម្លើយរបស់ក្រុមយុវជនទាំងនោះដែលអានដោយក្រឡាបញ្ជីឈ្មោះ ថុន សុវណ្ណ រួច ដោយចៅក្រមជំនុំជម្រះនឹងបន្តសវនាការក្នុងសំណុំរឿងនេះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បន្តទៀត។
Newsroom Cambodia មិនអាចសុំការអធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទេ នៅថ្ងៃទី៥ ខែមិថុនានេះ។
ក៏ប៉ុន្តែប្រធានក្រុមសន្តិសុខ បាននិយាយថា តុលាការមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងអ្នកគាំទ្រក្រុមចលនាមាតាធម្មជាតិចូលទៅក្នុងបរិវេណតុលាការ ដោយហេតុថា ពួកគេអាចបង្កឱ្យកកស្ទះចរាចរណ៍នៅមុខសាលាដំបូង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការមិនចូលរួមសវនាការរបស់សកម្មជនចលនាមាតាធម្មជាតិនេះ ជាសិទ្ធិរបស់ពួកគេ។
ប៉ុន្តែលោកថា៖ «ដើម្បីឱ្យសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានការជជែកដេញដោលគ្នានៅក្នុងសវនាការ ដើម្បីទទួលបានយុត្តិធម៌ គឺត្រូវមានវត្តមានគ្រប់ភាគីក្នុងសវនាការជារឿងល្អ ដូច្នេះតុលាការគួរពិចារណាលើចំណុចនេះ»។
លោក អំ សំអាត បន្តថា ការមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចូលក្នុងសវនាការជាសាធារណៈនេះ ជាការរំលោភសិទ្ធិសេរីភាពមូលដ្ឋានរបស់ពួកគេ។
លោកថា៖ «ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការដើរហើរ និងអ្នកសារពត៌មាន មានសិទ្ធិក្នុងការទទួលព័ត៌មាន ការរឹតត្បិតណាមួយលើសិទ្ធិពួកគាត់ គឺជាការរំលោភសេរីភាពជាមូលដ្ឋានរបស់ពួកគេ។ សវនាការ ជាសវនាការសាធារណ: ដូច្នេះសាធារណជនអាចចូលរួមស្តាប់បាន ប៉ុន្តែបើសាលសាវនាការតូចដាក់សាធារណជនបានតិចតុលាការអាចរកមធ្យោបាយណាមួយដែរ ដើម្បីឱ្យសាធារណជនបានតាមដានសវនាការ[…] អាជ្ញាធរ និងតុលាការគួរបើកទូលាយសម្រាប់សាធារណជន និងជនជាប់ចោទក្នុងការចូលរួមសវនាការ»។
គួរជម្រាបជូនថា សកម្មជនមួយចំនួនដែលមានវត្តមាននៅសាលាដំបូងរាជធានីភ្នំពេញនេះ ធ្លាប់ត្រូវបានតុលាការកាត់ទោស និងជាប់ពន្ធនាគារ ដោយសារភាពសកម្មនិយមអហិង្សារបស់ពួកគេផ្នែកកិច្ចការពារបរិស្ថាន ក្នុងនោះ អ្នកនាង ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុធ ធ្លាប់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ និងជាប់ឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារអស់រយៈពេលជិត ៥ខែ ក្រោមបទចោទដែលពួកគេកំពុងប្រឈមមុខនៅក្នុងសវនាការនាពេលនេះ។
ចំណែក លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ ក្រោមបទចោទមួយចំនួន ពាក់ព័ន្ធនឹងអំពើញុះញង់ ទាក់ទងនឹងយុទ្ធនាការដើរតែម្នាក់ឯងរបស់កញ្ញា គន្ធា ពីបឹងតាមោក ឆ្ពោះទៅកាន់គេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដើម្បីស្នើសុំឱ្យបញ្ឈប់ការលុបបឹងតាមោក។ អ្នកទាំងនោះបានជាប់ក្នុងពន្ធនាគារអស់ជាង ១៤ខែ និងរងបទចោទបន្ថែមទៀត ដែលជាបទចោទកំពុងត្រូវបានតុលាការបើកសវនាការ២លើកមកនេះ៕