លទ្ធផលផ្លូវការដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអង្គារ៍បង្ហាញថា គណបក្សប្រជាជនកម្ពុជាឈរលំដាប់លេខរៀងទី១ ក្នុងចំណោមគណបក្សនយោបាយទាំង៥ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សម្រាប់នីតិកាលទី៤ នៅក្នុងឆ្នាំ២០២៤នេះ។
ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានចេញលទ្ធផលជាផ្លូវការរបស់ខ្លួន នៅថ្ងៃទី៤ មិថុនា នេះ ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈទាំងថ្នាក់ រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។លទ្ធផលនេះ ឱ្យដឹងថា គណបក្សកាន់អំណាចដែលមានសំឡេងនាំមុខ ក្នុងចំណោមគណបក្សនយោបាយទាំង៥ នឹងក្លាយជាប្រធានក្រុមប្រឹក្សាទាំងនៅកម្រិតថ្នាក់ រាជធានី ដល់ខណ្ឌ។
បន្ថែមលើសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យស្ថាប័នជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់ថា សម្រាប់អាសនៈរាជធានី និងខេត្ត គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងនាំមុខ បើធៀបនឹងគណបក្សក្រៅរដ្ឋាភិបាល២ផ្សេងទៀត គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។តាមរយៈសំឡេងឆ្នោត នាំមុខនេះ លោកអះអាងថានាំឱ្យគណបក្សគ្រប់គ្រងអំណាច ទទួលបានកៅអីទាំងនៅថ្នាក់រាជធានី ដល់ខណ្ឌ គឺជាប្រធានក្រុមប្រឹក្សាតែម្តង។
លោកបន្តថា៖ «នៅដែលឥឡូវសុំកត់យកអសន:ទៅបាទ ទី១អសន:ក្រុមប្រឹក្សារាជធានីខេត្តមាន៥៥៩ សរុប គណបក្សប្រជាជនបាន៥០៤ គណបក្សឆន្ទ:ខ្មែរបាន៤៧ ហើយកម្លាំងជាតិបាន៨ ចឹងអសន:ក្រុមប្រឹក្សារាជធានីខេត្តបានតែ៣គណបក្សនោះទេដោយឡែកគណបក្សប្រជាជននឹងទៅជាប្រធានក្រុមប្រឹក្សារាជធានីខេត្ត២៥រាជធានីខេត្តបាទ។ហើយទី២ ខ្ញុំចង់ចូលទៅក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ បាទមាន ៣៦៤១អសន:សរុបក្នុងហ្នឹងគណបក្សប្រជាជនកម្ពុជាមាន ៣២៥៧អសន: គណបក្សឆន្ទ:ខ្មែរមាន៣១២អសន: គណបក្សហ្វុនស៊ិនប៉ិចបាន២អសន: គណបក្សកម្លាំងជាតិបាន ៦៩អសន: និងគណបក្សខ្មែររួបរួមជាតិបាន ១អសន: បាទអានេះគឺជាតូលេខដែលចែកអសន:ផ្អែកទៅលើអសន:តាមមណ្ឌលនីមួយៗ » ។
របាយការណ៍ដែលចេញ គ.ជ.ប បង្ហាញថា ក្នុងចំណោមគណបក្សនយោបាយទាំង៥ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សម្រាប់នីតិកាលទី៤នេះ គឺគណបក្សរាជានិយម ហ្វ៊ុន ស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញ៉ឹក ប៊ុនឆៃ មិនទទួលបានអាសនៈ នៅក្នុងក្រុមប្រឹក្សាទេ សម្រាប់អាណត្តិទី៤នេះ។
បើទោះជាបែបនេះក្តី អ្នកនាំពាក្យគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ ដោយលោកចាត់ទុកថាអ្វីដែល គ.ជ.ប បង្ហាញគឺមិនខុសពីអ្វីដែលគណបក្សបានផ្ទៀងផ្ទាត់ នៅតាមមណ្ឌលបោះឆ្នោតនោះទេ។
លោកបន្តថា៖ «ចេញផ្សាយនៅពេលនេះហើយក៏មិនខុសអីពីអ្វីដែលយើងផ្ទៀងផ្ទាត់ពីខាងដើមមកគឺចាប់តាំងពីថ្ងៃបោះឆ្នោតមកគឺគណបក្សរបស់យើងអត់មានអីទេគឺគ្រាន់តែអរគុណចំពោះអង្គបោះឆ្នោតទាំងអស់ដែលបានបោះឆ្នោតគ្រាំទ្របេក្ខជនខាងគណបក្ស ហ្វុនស៊ិនប៉ិច បាទគណបក្សរបស់យើងក៏មិនមានពាក្យបណ្តឹង ក៏មិនបានរកឃើញភាពមិនប្រក្រតីណាមួយដែលបាទ»។
គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការអត្ថាធិប្បាយពីលោក គង់ មុនីកា សមាជិកព្រឹទ្ធសភា កូតាមកពីគណបក្សឆន្ទ:ខ្មែរ និងលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានទេ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
ចំណែក នាយកប្រតិបត្តិ នៃអង្គការ និកហ្វិក លោក សំ គន្ធាមី សង្កេតឃើញថាដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សា នៅក្នុងអាណត្តិនេះ ហាក់មានដំណើរការទៅប្រក្រតី។ លោកបន្តថា៖ «ខ្ញុំឃើញថាវាត្រឹមត្រូវហើយណាព្រោះមិនមានបណ្តឹងខាងគណបក្សដែលចូលរួមទេព្រោះប៉ុន្មានហ្នឹងណា ខ្ញុំមើលទៅថ្ងៃបោះគឺវារលូនដែលណាដំណើរការមិនមានមិនប្រក្រតីអីទេបាទអរគុណ»៕