លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសមិនឱ្យចេញអាជ្ញាប័ណ្ណបើកកាស៊ីណូនៅខេត្តកំពត និងខេត្តកែបនោះទេ ដោយរដ្ឋាភិបាលទុកខេត្តទាំង២នេះ សម្រាប់តែទេសចរណ៍បែបធម្មជាតិ ឬទេសចរណ៍បែបស្ងៀមស្ងាត់ប៉ុណ្ណោះ។
ការចេញគោលការណ៍ថ្មីរបស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ក្នុងខេត្តកំពត ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាល មិនអនុញ្ញាតឱ្យបើកកាស៊ីណូនៅខេត្តកំពត និងខេត្តកែបទៀតទេ ដោយសារខេត្តទាំង២នេះ ត្រូវរក្សាធនធានបែបធម្មជាតិ សម្រាប់តែវិស័យទេសចរណ៍។
លោកបញ្ជាក់ថា៖ «ការបើកកាស៊ីណូកន្លងទៅ យើងអនុញ្ញាតតែនៅច្រកព្រំដែន ហើយមានតែមួយទេនៅបូកគោ។ អញ្ចឹងពីនេះទៅមុខ គឺក្រៅពីកន្លែងនេះ គឺមិនចេញអាជ្ញាប័ណ្ណសម្រាប់ធ្វើកាស៊ីណូនៅក្នុងខេត្តកំពតទៀតទេ។ បើចង់វិនិយោគ ទៅធ្វើនៅច្រកព្រំដែនទៅ[…] ទី២ ខេត្តកែបដូចគ្នា គឺអត់ឱ្យអាជ្ញាប័ណ្ណធ្វើកាស៊ីណូទេ សុំអាជ្ញាប័ណ្ណធ្វើនៅតំបន់សេដ្ឋកិច្ចពិសេស ខ្ញុំអនុញ្ញាតឱ្យធ្វើ សុំអាជ្ញាប័ណ្ណធ្វើអូតែល អនុញ្ញាតឱ្យធ្វើ សុំអាជ្ញាប័ណ្ណធ្វើបុរី អនុញ្ញាតឱ្យធ្វើ សុំធ្វើកាស៊ីណូ អត់ទេ»។
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ មានប្រសាសន៍ថា រដ្ឋបាលខេត្ត នឹងអនុវត្តន៍ទៅតាមប្រសាសន៍ប្រមុខរដ្ឋាភិបាល ឱ្យបានតឹងរឹងបំផុតចំពោះបញ្ហានេះ។
លោកបន្តថា៖ «បើបង្កើតអត់មានច្បាប់ អត់មានទម្លាប់ ឬការឆ្លៀតឱកាសពីជនខិលខូចណាមួយ យើងមានតែបង្រ្កាបតែប៉ុណ្ណឹង […] បើមានការបង្កើតណាមួយលួចលាក់ពីអាជ្ញាធរភូមិ ស្រុក ខេត្ត អាជ្ញាធរណាស្រាវជ្រាវពិនិត្យឃើញ មានវិធានការច្បាប់»។
ចំណែកឯ លោក ម៉ៅ ចន្ទមធុរិទ្ធិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត មានប្រសាសន៍ថា ការបើកកាស៊ីណូនៅក្នុងខេត្តនេះ មានតែនៅព្រំដែនជាប់ជាមួយប្រទេសវៀតណាម និងនៅភ្នំបូកគោប៉ុណ្ណោះ ហើយសម្រាប់នៅក្នុងក្រុង និងទីប្រជុំជនផ្សេងៗ គឺមិនមាននោះទេ។
លោកបន្ថែមថា៖ «ក្នុងករណីគាត់[បើក]លួចលាក់ យើងអប់រំ សំខាន់បំផុតយើងអប់រំសិន បើសិនលើកក្រោយគាត់នៅតែបន្តទៀត យើងនឹងអនុវត្តន៍ច្បាប់»។
ជុំវិញរឿងនេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ដើម្បីអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ គាំទ្រការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ដោយថា នៅក្នុងច្បាប់ក៏មិនផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនឯកជន ឬក៏អ្នកណាម្នាក់បើកកាស៊ីណូថ្មីក្នុងទីក្រុងដែរ។ លោកបន្តថា ការបើកបនល្បែងនៅក្នុងទីក្រុងនេះ មិនបានធ្វើឱ្យមានផលចំណេញអ្វីដល់កម្ពុជាច្រើនទេ មានតែខូចមុខមាត់ និងកិត្តិយសរបស់កម្ពុជាទៅវិញទេ។
លោកបន្តថា៖ «ដូច្នេះហើយ ការដែលយើងមិនផ្តល់លទ្ធភាព ឬក៏មិនអនុញ្ញាតឱ្យបើកកាស៊ីណូនៅក្នុងទីប្រជុំជន ឬក៏ក្នុងទីក្រុងក្រៅពីព្រំដែននេះ គឺជារឿងមួយដែលត្រូវយកចិត្តទុកដាក់ ហើយត្រូវធ្វើដោយប្រកាន់នូវគោលការណ៍យុត្តិធម៌ និងមិនធ្វើឱ្យប៉ះពាល់ទៅដល់បញ្ហាផ្សេងៗ ដូចជា ក្នុងករណីនៅក្នុងខេត្តព្រះសីហនុ គឺជាឧទាហរណ៍មួយ គឺបានធ្វើឱ្យខូចមុខមាត់ខេត្តព្រះសីហនុ ដោយគេចាត់ទុកថា ជាខេត្តដែលមានការលេងល្បែងស៊ីសងខ្លាំងមែនទែន រហូតដល់មានការចាប់ជំរិតលើអនឡាញ ហើយនឹងការបោកប្រាស់តាមអនឡាញជាច្រើន»។
លោកបន្ថែមទៀតថា៖ «រដ្ឋាភិបាលគួរតែកំណត់នូវគោលនយោបាយមួយបានច្បាស់លាស់ ហើយមិនអនុគ្រោះ ឬក៏មិនមានការធ្វើសម្បទានណាមួយ ក្រៅពីអ្វីដែលខ្លួនបានអនុម័តកន្លងមក ថានឹងមិនឱ្យមានអំពើ ឬក៏មិនឱ្យមានបើកល្បែងស៊ីសងនៅក្នុងទឹកដីរបស់ខ្លួននៅក្នុងទីប្រជុំជន នៅក្នុងទីរួមខេត្តជាដើម ដូច្នេះទាំងអស់នេះគឺគួរតែអនុវត្ត ហើយធ្វើឱ្យដឹងថា នឹងមិនមានការយោគយល់ ដែលខុសពីប្រក្រតីទេ»។
គួរជម្រាបជូនថា នៅក្នុងខេត្តកំពត មានតំបន់ទេសចរណ៍ចំនួន ៣៤កន្លែង ក្នុងនោះមានរមណីយដ្ឋានចំនួន ២១កន្លែង រមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រចំនួន ៥កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន ៨កន្លែង។ ក្នុងឆ្នាំ២០២៣ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបចំនួន ១ ៨៣៩ ១១៨នាក់។
រីឯខេត្តកែប មានកន្លែងគោលដៅទេសចរណ៍ទាក់ទាញ និងរមណីយដ្ឋានសរុបចំនួន ៤២ កន្លែង និងទទួលបានភ្ញៀវទេសចរសរុបចំនួន ១ ៣៦០ ៧១៩នាក់ ក្នុងឆ្នាំ២០២៣៕