អ្នកស្រី ថុន ថាវរី ជាអ្នកនិពន្ធប្រលាមលោកបែបលើកទឹកចិត្ត​។ សៀវភៅដែល​ធ្វើ​ឱ្យ​អ្នកអាន​ស្គាល់​អ្នកស្រី​ច្រើន ទាំងក្នុង និង​ក្រៅ​ប្រទេស គឺ​ «សៀវភៅនារីប្រពៃ» ឬ «A Proper Woman»។

មានសម្បុរស្រអែម សក់រួញអង្គាដីជាមួយនឹងស្នាមញញឹមស្រស់អ្នកនិពន្ធ​វ័យ​៣៣​ឆ្នាំ ដែល​មាន​ស្រុកកំណើត​នៅ​ស្រុកកោះធំ ខេត្តកណ្ដាល ​រៀបរាប់ប្រាប់ Newsroom Cambodia ថា អ្នកស្រី​មានក្ដីស្រមៃចង់ក្លាយជាអ្នកនិពន្ធតាំងពីអាយុ​៩ឆ្នាំ។ ប៉ុន្តែ​កង្វះ​ព័ត៌មាន​ជុំវិញ​ការនិពន្ធ​សៀវភៅ ក្រោយចប់បាក់ឌុបអ្នកស្រីមិនបានចាប់យកជំនាញ​ផ្នែកនេះទេ។​

ដោយមិនបានបោះបង់ចោលក្ដីស្រមៃ អ្នកស្រីថាវរី ចាប់ផ្ដើមនិពន្ធសៀវភៅបែបកុមារ បោះពុម្ពដោយអង្គការមិនមែនរដ្ឋាភិបាលមួយនៅរាធានីភ្នំពេញក្នុងឆ្នាំ២០០៩​។ បន្ទាប់ពីផ្អាកមួយរយៈ​​ អ្នកស្រីនិពន្ធ​​សៀវភៅនារីប្រពៃ ឬ A Proper Woman ជាសៀវភៅបែបជីវប្រវត្តិ​ពិត​ក្នុង​ឆ្នាំ​២០១៦។​ ក្រោយ​បោះពុម្ព​​​​ជាសាធារណៈ ទទួល​បាន​ការគាំទ្រ​ពី​អ្នក​អាន និង​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​​កម្មវិធី​​ជាច្រើន​នៅ​ក្រៅប្រទេស​។ នេះជាមោទនភាពមួយសម្រាប់អ្នកស្រី។

អ្នកស្រីបន្តថា៖ «A Proper Woman (សៀវភៅ​​នារីប្រពៃ) បកប្រែ​៤​ភាសា ហើយ​មាន​ភាសាខ្មែរ ភាសាអង់គ្លេស ភាសាឆែក និងភាសាបារាំង។ យ៉ាងហោចណាស់ខ្ញុំជាក្មេងស្រីម្នាក់មកពីតាម ជនបទ អាចឱ្យពិភពលោកស្គាល់ពីខ្មែរយើងតាមរយៈសៀវភៅ​របស់ខ្ញុំ អាចឱ្យ​ប្រទេស​ផ្សេង​ទៀតគេ​ទទួលស្គាល់ស្នាដៃ​ដែលយើងធ្វើ នឹងអាចឱ្យ Publisher (អ្នកបោះពុម្ពផ្សាយ) នៅ​ស្រុក​គេ​ទទួលស្គាល់ហើយសុំសិទ្ធិបកប្រែជាភាសាគេហើយដើម្បីចែកផ្សាយនៅប្រទេសគេ»។

អ្នកស្រីនិពន្ធសៀវភៅប្រភេទបែបជីវប្រវត្តិពិត និងស្វ័យជីវប្រវត្តិ​ ជាប្រលាមលោកបែបខ្សែជីវិត ដក​ស្រង់​ចេញ​ពីបទពិសោធន៍​ផ្ទាល់ខ្លួន​​​របស់​អ្នកស្រី ប្រិយមិត្តអ្នកអាន និងអ្នកជុំវិញខ្លួន។ សៀវភៅ​ទាំង​នោះ​បាន​ជះឥទ្ធិពលវិជ្ជមាន​ដល់​ផ្នត់​គំនិត​អ្នកអាន ជាផ្នែក​មួយក្នុង​ការជំរុញ​ការអាន​ផង​ដែរ។

អ្នកស្រីថ្លែងថា៖​ «ពេលដែលគាត់បានអានសៀវភៅដែលខ្ញុំនិពន្ធនឹងទៅ គាត់មាន​ការលើក​ទឹក​ចិត្ត​ដើម្បីឱ្យគាត់មានកំលាំងចិត្តក្នុងការបន្តក្ដីស្រមៃ ឬការងារដែលគាត់ស្រលាញ់​កុំទាន់បោះ​បង់​ចោលងាយៗ ព្រោះអីខ្ញុំបានសរសេរផ្ដល់គំនិតអប់រំច្រើន ក្នុងនឹងឆ្លុះបញ្ចាំ​ង​ក្នុង​តួអង្គ​ដែល​ខ្ញុំ​បង្កើត»។

អ្នកស្រីបន្ថែមថា៖ «ទាក់ទងជាមួយនឹងរូបរាងក៏ដោយ សៀវភៅដែលខ្ញុំនិពន្ធ តួអង្គខ្ញុំអត់ស្អាត Perfect (ល្អឥតខ្ចោះ) ដូចបវរកញ្ញាទេ គឺមានល្អិត មានសក់​ក្រញ៉ាញ់​មានខ្មៅ មានស្អាត មាន​ចម្រុះ​ ឱ្យអ្នកអានឃើញ​ថា មនុស្សយើងអត់ដូចគ្នាទាំងអស់ទេ ហើយ​អត់​មាន​អ្នកណា​គេ​ឥត​ខ្ចោះ​ទេ​ ប៉ុន្តែអ្វីដែល​គាត់​​មាន​គឺ​ការតាំង​ចិត្ត និង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ក្ដី​ស្រមៃ​ខ្លួន​ឯង ហើយ​គោល​បំណង​ខ្ញុំ​ ចង់​ឃើញ​អ្នក​អាន​ពេល​ដែលគា​ត់​បាន​អាន​ស្នាដៃ​នឹង​ទៅ គាត់​អត់​បោះបង់​ចោល​ក្ដី​ស្រមៃខ្លួនឯង»។

អ្នកស្រីថាវរីចំណាយពេលនិពន្ធសៀវភៅនីមួយៗមានចន្លោះរយៈពេល១ឆ្នាំ។​ អំឡុងពេលនិពន្ធ អ្នកស្រី​​​ជួបផលលំបាកច្រើន ពិសេសសៀវភៅដំបូង ត្រូវចំណាយពេលយូរ កែសម្រួលសាច់រឿង បកប្រែ​ជា​ភាសាបរទេស ឯ​បទពិសោធន៍ និងថវិការ​បោះពុម្ព​ផ្យាយ​ក៏​មាន​កម្រិត ពេលនោះ​មិន​សូវ​មាន​​កំណើន​អ្នកអានផង។ ពេលខ្លះត្រូវ​រក​កន្លែង​ស្ងាត់ ដូចជា​តំបន់​ភ្នំ ដើម្បីបំផុស​គំនិត​ក្នុង​ការសរសេរ​​រឿង។ ទោះបី​ជួប​ឧបសគ្គយ៉ាងណា អ្នកស្រី​ដែល​មិន​គិត​ចង់​បោះបង់​ម្ដង​ណា​ឡើយ។

អ្នកស្រីប្រាប់ថា៖​​ «ពេលដែលខ្ញុំមានអារម្មណ៍ពិបាក ខ្ញុំត្រលប់ទៅមើលសារ​ពី​អ្នក​អាន​ដែល​គាត់​ផ្ញើ​មកថាសៀវភៅដែល​គាត់​បានអាន បានផ្លាស់ប្ដូរគាត់យ៉ាងម៉េចខ្លះ អ៊ីចឹង​ខ្ញុំ​ផ្ដោត​ទៅ​លើ​ចំណុច​វិជ្ជមាន​នៃកិច្ចការ​​របស់​ខ្ញុំ ធ្វើឱ្យខ្ញុំមានកម្លាំងបន្តទៅមុខទៀត ហើយមួយទៀតអ្នកនៅជុំវិញខ្លួនខ្ញុំ​គាត់​គំាទ្រ​ទាំងអស់»។

អ្នកស្រីថាវរី បាន​បញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា​ នៅសាធារណរដ្ឋឆែក​ក្នុង​ឆ្នាំ​២០១២។ គ្រួសារជា​ផ្នែកមួយដ៏សំខាន់ក្នុង​ជីវិតអ្នកស្រី។​ បើ​ទោះបីជា​រវល់​យ៉ាង​ណាក្ដី ក៏​អ្នកស្រី​ផ្ដល់​ពេល​វេលាជា​អាទិភាព​ចម្បងដល់គ្រួសារ។

បន្ទាប់ពីគ្រួសារ អ្នកអានជាផ្នែកមួយក្នុងការជំរុញលើកទឹកចិត្ត​​អ្នកស្រីថាវរី ឱ្យប​ន្ត​អាជីព​ជា​អ្នក​និពន្ធមកដល់សព្វថ្ងៃ។  ដោយមើលឃើញគុណតម្លៃការនិពន្ធសៀវភៅ រួមទាំងអ្នកអានមានការផ្លាស់គំនិតបែបវិជ្ជមាន។

អ្នកស្រីបន្ដថា៖​​ «ម្នាក់នោះ [អ្នកអាន] គាត់ធ្លាប់ផ្ញើសារមកខ្ញុំថាគាត់រក​បញ្ចប់ជីវិត​ខ្លួនឯង ហើយ​តែ​ស្រាប់ តែ​គាត់ចាប់សៀវភៅខ្ញុំអានធ្វើឱ្យគាត់ផ្លាស់ប្តូរគំនិត​ ហើយប្ដូរការ​គិត ចឹង​ទើប​គាត់​មិន​ស្លាប់​ខ្លួន។​ ពេលដែលខ្ញុំអាន ខ្ញុំសឹងតែស្រក់ទឹកភ្នែក។ ខ្ញុំគិតថាអ្វី​ដែល​ខ្ញុំបា​ន​សរសេរ​ពិតជា​បាន​ផ្លាស់​ប្ដូរ​ជីវិតមនុស្សម្នាក់ អ៊ី​ចឹងការងារខ្ញុំធ្វើសព្វថ្ងៃគឺមានតម្លៃណាស់»។

សៀវភៅដែលធ្វើឱ្យអ្នកស្រីដិតជាប់ក្នុងចិត្ត គឺសៀវភៅកាពីទែនជីវិត រឿងបែបស្វ័យជីវប្រវត្តិ ដែលបាន​ដាក់បញ្ចូលបទពិសោធន៍​ជីវិតការតស៊ូរបស់អ្នកស្រី និងមនុស្ស​ជុំវិញ​ខ្លួន​ក្នុងសាច់រឿងនោះ។ សៀវភៅនេះបានឆ្លុះបញ្ចាំងពីការតស៊ូរបស់ក្មេងស្រីម្នាក់ដែលឪពុកមិនបានផ្ដល់តម្លៃក្នុងនាមជាកូនស្រី រងអំពើហិង្សាក្នុងគ្រួសារ ប្រែពីការឈឺចាប់ ប្រឹងប្រែងរហូតបានជោគជ័យ។ ហើយ​បច្ចុប្បន្ននេះ អ្នកស្រីកំពុងបន្តសរសេររឿងថ្ងៃថ្មីនៅតែមាន ភាគ៣​​​​។

អ្នកស្រីថាវរី លើកឡើងថា ដើម្បីក្លាយជាអ្នកនិពន្ធ ត្រូវអានសៀវភៅ ស្វែង​យល់ពី​សង្គម​ឱ្យ​បាន​ច្រើន។ ចង់ក្លាយជាអ្នកនិពន្ធ​ព្រោះស្រលាញ់ ចែករំលែក ចំណេះដឹង ទើបទទួលបានជោគជ័យ ។

អ្នកស្រី​ផ្ញើសារ​ដល់​អ្នកដែល​ចង់ក្លាយជា​អ្នកនិពន្ធ​ថា៖​​ «គាត់គួរតែហ៊ានចាប់ផ្ដើមសរសេរ​ពី​អត្ថបទ ឬ​ក៏រឿងខ្លីទៅមុន ហើយ​ព្យាយាម​អាន​ស្នាដៃអ្នកនិពន្ធផ្សេងទៀតឲ្យបានច្រើន រៀន​ពី​របៀប​នៃ​អ្នក​និពន្ធ​ផ្សេង​ទៀត​តែង​និពន្ធ។ ប្រសិនបើ​គិត​ថា​ក្លាយ​ជា​អ្នក​និពន្ធ​នឹង​ក្លាយ​ជាអ្នកមាន នោះ​ក្ដី​ស្រមៃ​របស់​គាត់​នឹង​ទៅ​មុខ​មិន​បាន​ឆ្ងាយឡើយ»៕