ក្រុមយុវជន ព្រះសង្ឃ និងសកម្មជនចលនាមាតាធម្មជាតិ ស្នើក្រសួងបរិស្ថាន ជួយអន្តរាគមន៍ឱ្យមានការបញ្ឈប់ការយកផ្នែកមួយនៃដែនជម្រកសត្វព្រៃពាមក្រសោប ទៅធ្វើជាទីលានចាក់សំរាម។
ការស្នើនេះ បានធ្វើឡើងតាមរយៈការហែក្បួនដាក់ញត្តិ ពីសំណាក់ក្រុមយុវជន ព្រះង្ឃ និងសកម្មជនចលនាមាតាធម្មជាតិជាង ១០អង្គ/នាក់ ដោយពួកគេបានប្រមូលផ្ដុំគ្នានៅផ្សារចាស់ និងបានដើរហែក្បួនយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ធួន ស្រីពៅ បានឱ្យដឹងថា ការដាក់ញត្តិនៅក្រសួងបរិស្ថាននេះ ក្នុងគោលបំណងស្នើដល់ថ្នាក់ដឹកនាំក្រសួង ជួយអន្តរាគមន៍ឱ្យមានការដកទីលានចាក់សំរាម ដែលពួកគេអះអាងថា ស្ថិតនៅទីតាំងមួយផ្នែកនៃដែនជម្រកសត្វព្រៃពាមប្រសោប ក្នុងខេត្តកោះកុង។
កញ្ញាបន្ថែមថា៖ «ទោះបីជារដ្ឋបាលខេត្តកោះកុង គាត់បកស្រាយថា តំបន់នឹងគឺត្រូវបានគ្រប់គ្រងដោយពួកគាត់ គាត់ទទួលបានដីប៉ុណ្ណេះប៉ុណ្ណោះ ពីក្រសួងបរិស្ថាន ដើម្បីបង្កើតទីលានចាក់សំរាម តែយើងអត់បានឃើញឯកសារហ្នឹងទេ អញ្ចឹងយើងស្នើឱ្យក្រសួងបរិស្ថាន បង្ហាញពីផែនទី ឬក៏បកស្រាយ អំពីអ្វីដែលរដ្ឋបាលខេត្តកោះកុងលើកឡើង ហើយកាលដែលយកសំរាមទៅចោលក្នុងដែនជម្រកសត្វព្រៃ វាមិនមែនជារឿងដែលត្រឹមត្រូវនោះទេ ព្រោះដែនជម្រកសត្វព្រៃ ត្រូវតែទទួលបាននៅការការពារ ប្រព័ន្ធអេកូឡូស៊ី សត្វព្រៃទាំងអស់ហ្នឹង សុទ្ធតែត្រូវទទួលបានការការពារ»។
កញ្ញាបន្ថែមថា ការយកផ្នែកមួយនៃដែនជម្រកសត្វព្រៃពាមក្រសោប ធ្វើជាទីលានចាក់សំរាមនេះ វាអាចប៉ះពាល់ដល់ធនធានធម្មជាតិ និងការបាត់បង់ព្រៃកោងកាង ខណៈដែនជម្រកសត្វព្រៃនេះ ជាដែនជម្រកសត្វព្រៃដែលមានព្រៃកោងកាងធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ កញ្ញាបន្តថា ព្រៃកោងកាងមានអត្ថប្រយោជន៍ច្រើន ទាំងការទប់លំនឹង និងផ្តល់សំណើមដីជាដើម។
រីឯកញ្ញា លាង សុវណ្ណា អាយុ ២៣ឆ្នាំ ជាសកម្មជនចលនាមាតាធម្មជាតិមួយរូបទៀត ដែលបានចូលរួមដាក់ញត្តិដែរនោះ បានលើកឡើងថា កញ្ញា និងយុវជនផ្សេងទៀត ស្នើឱ្យក្រសួងបរិស្ថាន ជួយយកសំរាមចេញពីតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប និងស្នើឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួម ក្នុងការស្វែងរកដំណោះស្រាយចំពោះដែនជម្រកសត្វព្រៃមួយនេះ។
កញ្ញាបន្តថា៖«អ្វីដែលយើងអត់ចង់ឱ្យមានការយកសំរាមទៅចាក់នៅដែនជម្រកសត្វព្រៃ[ពាមក្រសោប] ព្រោះថាទីលានចាក់សំរាមចាស់ នៅក្រុងខេមរភូមិន្ទគឺមានហើយ ក៏ប៉ុន្តែរដ្ឋបាលខេត្តកោះកុង គាត់បានលើកឡើងថា កន្លែងចាក់សំរាមចាស់នោះពេញអត់អាចចាក់សំរាមបានទៀតទេ ទើបបង្កើតជាទីលានចាក់សំរាមថ្មី នៅក្នុងដែនជម្រកសត្វព្រៃ តែពេលដែលយើងទៅជាក់ស្តែង ទីលានចាក់សំរាមចាស់អត់ទាន់ពេញទេ គឺនៅត្រឹមជង្គង់នៅឡើយ»។
កញ្ញាបន្ថែមថា៖ «ម្យ៉ាងវិញទៀតយើងឃើញថា ដែនជម្រកសត្វព្រៃពាមក្រសោបត្រូវបានកាត់ឆ្វៀល នៅក្នុងទំហំ៥០ហិកតា ដែលរដ្ឋបាលខេត្តកោះកុងបានលើកឡើង និងត្រូវយកមកធ្វើជាទីលានចាក់សំរាម តែបើយើងមើលតាមផែនទីដែលក្រសួងបរិស្ថានដែលគាត់ចេញអនុក្រឹត្យ តាំងពីឆ្នាំ២០២៣ គឺវានៅតែក្នុងដែនជម្រកសត្វព្រៃនៅឡើយទេ វាមិនមែនជាកន្លែងរបស់រដ្ឋដែលត្រូវយកស្រេចតែចិត្តនោះទេ។ យើងអត់ចង់ឱ្យយកសំរាមមកចាក់ក្នុងដែនជម្រកសត្វព្រៃ ព្រោះមានការប៉ះពាល់មែនទែនដល់ជីវៈចម្រុះ សត្វព្រៃ ព្រោះមានការដុត ការបង្ហូរទឹកស្អុយនៅកន្លែងហ្នឹង ព្រោះយើងឃើញមានទឹកដកនៅនឹងស្រាប់ អញ្ចឹងវាអាចហូរទៅប៉ះពាល់កន្លែងផ្សេងៗទៀតបាន ដែលយើងប៉ាន់ស្មានថា អាចហូរទៅដល់ស្ទឹងតាតៃដែលជាតំបន់រមណីយដ្ឋានទេសច៍ធម្មជាតិ»។
ព្រះតេជគុណមួយអង្គ ដែលបានចូលរួមក្នុងការដាក់ញត្តិនេះដែរ ប៉ុន្តែសុំមិនបញ្ចេញឈ្មោះ មានសង្ឃដីកាថា ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ព្រះតេជគុណចង់ឃើញតំបន់ការពារធម្មជាតិនៅកម្ពុជា មានបរិសា្ថនស្អាត ដោយមិនចង់ឱ្យមានករណីចាក់សំរាមនៅតំបន់ការពារនោះទេ។ ករណីនេះ ព្រះតេជគុណ បានស្នើដល់ក្រសួងបរិស្ថាន ជួយអន្តរាគមន៍ឱ្យបញ្ឈប់ការយកសំរាមទៅដាក់នៅក្នុងតំបន់ការពារ។
ព្រះអង្គមានសង្ឃដីកាបន្តថា៖ «បើសិនជានៅតែបន្តការចាក់សំរាមចូលក្នុងដែនជម្រកសត្វព្រៃមួយនេះ នាំឱ្យមានហានិភ័យ វាធ្វើឱ្យខូចប្រព័ន្ធអេកូឡូស៊ី ហើយប៉ះពាល់ទៅដល់ធនធានសត្វ និងរុក្ខជាតិ ព្រោះថាតំបន់ការពារអភិរក្សសត្វព្រៃ តែងតែមានសត្វ ហើយបើសត្វបរិភោគទឹកហ្នឹង ឬក៏បរិភោគស្មៅប៉ុន្តែចូលសំរាម វាខូចសុខភាព អាចធ្វើឱ្យសត្វស្លាប់ ហើយរុក្ខជាតិអាចធ្វើងាប់ជាច្រើនដែរ នៅកន្លែងតំបន់ការពារអភិរក្សសត្វព្រៃហ្នឹង»។
Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានទេនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
ប៉ុន្តែនៅពេលយុវជនដាក់ញត្តិនោះ ខាងតំណាងក្រសួងបរិស្ថាន បានចេញមកទទួលដោយបញ្ជាក់ថា នឹងយកញត្តិនេះ ដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ។
ចំណែក អភិបាលរងខេត្តកោះកុង លោក អន សុធារិទ្ធ មានប្រសាសន៍ថា តំបន់នោះ ជាតំបន់សហគមន៍ មិនមែនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបនោះទេ។ លោកបន្តថា ទីតាំងនោះដែរ រដ្ឋបាលខេត្ត បានត្រៀមបម្រុងទុកសម្រាប់ធ្វើជាទីលានចាក់សំរាមដែលមានស្តង់ដា នៅក្នុងឆ្នាំ២០២៥ ហើយបច្ចុប្បន្នមានការចាក់សំរាមជាបណ្ដោះអាសន្ន។
លោកមានប្រសាសន៍ថា៖ «ឥឡូវនេះ យើងកំពុងរៀបចំសិក្សាបញ្ហាហ្នឹង ដោយយើងមានផែនការ មានការជួយគ្រប់គ្រងពីធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា World Bank ដែលរៀបចំធ្វើទីលានហ្នឹង ដែលមានតម្លៃរហូតដល់ជាង ៥លានដុល្លារឯណោះ […] ពាក់ព័ន្ធការចាក់សំរាមនេះបណ្តោះអាសន្ន ដូចនេះមិនទាន់មានស្ដង់ដារទេ តែរដ្ឋបាលព្យាយាមធ្វើយ៉ាងណា ដើម្បីកុំឱ្យការប៉ះពាល់ក្នុងកម្រិតខ្ពស់ ប៉ុន្តែនៅពេលមានស្ដង់ដារ នោះនឹងលែងមានប៉ះពាល់បរិស្ថានទៀតហើយ»។
លោកបន្តថា៖ «ការពិតអនុក្រឹត្យលេខ១៦៤ វាបំបែកចេញពីព្រះរាជក្រឹត្យដែនជម្រកសត្វព្រៃពាមក្រសោប។ ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ពីមុនមានតែមួយទេ តែឥឡូវគេបំបែកជាពីរ ដោយមានលេខ១៦៤ និង១៧០។ ១៧០ហ្នឹង គឺតំបន់រ៉ាមសារកោះកាពិ ពីមុនរ៉ាមសារកោះកាពិហ្នឹង វាស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប អ៊ីចឹងឥឡូវគេបំបែកចេញជាពីរ។ ចំពោះពាក់ព័ន្ធទៅនឹងអ្វីដែលខាងអនុក្រឹត្យ១៦៤ ដែលចេញមកហ្នឹង គឺវាអត់ពាក់ព័ន្ធជាមួយនឹងការកាត់ឆ្វៀលនៃអនុក្រឹតលេខ៣០ទេ អ៊ីចឹងវានៅជាមានសុពលភាពរហូត»។
ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ការចាក់សំរាម នៅតំបន់ការពារ នឹងនាំឱ្យមានការប្រែប្រួល និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។
លោកបន្តថា៖ «ជុំវិញករណីនេះ ក្រសួងគួរតែពិចារណាធ្វើកិច្ចការឡើងវិញ ជាមួយរដ្ឋបាលខេត្ត [ខេត្តកោះកុង] កាយសំរាមចេញ ឬក៏រកកន្លែងសំរាមថ្មី មកជំនួសឱ្យតំបន់ហ្នឹងដើម្បីធានាថា មិនអាចបង្កបញ្ហាផ្សេងៗ និងបង្កឱ្យមានការព្រួយបារម្ភ ហើយនិងការភ័យព្រួយពីភាគីពាក់ព័ន្ធផ្សេងៗទៀត»។
គួរជម្រាបជូនថា ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាតំបន់ព្រៃកោងកាងធំជាងគេ ហើយមានទីតាំងនៅទឹកដីខេត្តកោះកុងនៃប្រទេសកម្ពុជា។ កាលដើមឡើយដែនជម្រកសត្វព្រៃនេះមានផ្ទៃដីទំហំ ២៣ ៧៥០ហិកតា តែត្រូវបានបង្រួមមកត្រឹម ១៦ ៩៨២ហិកតាវិញក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី និងរក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ។ នេះបើតាមអនុក្រឹត្យលេខ ១៦៤ របស់រាជរដ្ឋាភិបាល៕