តុលាការកំពូលបានបដិសេធសំណើរសុំនៅក្រៅឃុំរបស់លោក នី ណាក់ ខណៈភរិយារបស់អ្នករិះគន់សង្គមដែលមិនសំចៃមាត់រូបនេះមានការសោកស្ដាយចំពោះការសម្រេចនេះ។
ការប្រកាសសាលដីការនេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបើកការជំនុំជម្រះលើបណ្តឹងសារទុក្ខសុំនៅក្រៅឃុំរបស់លោក នី ណាក់ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ។
លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក នី ណាក់ បានប្រាប់ Newsroom Cambodia ថា នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក និល ណុន បានអានសាលដីការរបស់តុលាការកំពូលដែលបានបដិសេធសំណើរសុំនៅក្រៅឃុំរបស់លោក នី ណាក់។លោកប្រាប់ថា តុលាការមិនបានបញ្ជាក់ពីមូលហេតុនៃការសម្រេចបដិសេធសំណើរសុំនៅក្រៅឃុំនេះទេ។
លោកបន្តថា៖ «ព្រឹកមេញនេះតុលាការប្រកាសតែសេចក្តីសម្រេចទេ អត់បានអានសំអាងហេតុទេ […]ការសម្រេចនេះ ប៉ះពាល់ដល់សិទ្ធិបុគ្គលរបស់ នី ណាក់ ។ គាត់មិនទាន់មានទោសនៅឡើយទេ ប៉ុន្តែបែជាតុលាការ ឃុំខ្លួនគាត់តាំងពីខែមួយមកហើយ អញ្ជឹងកាលដែលឃុំខ្លួនគាត់នេះ ស្មើនឹង ការអនុវត្តទោសចំពោះគាត់ហើយ ខណៈដែលគាត់មិនទាន់មានទោសនៅឡើយ»។
ចំណែកឯភរិយារបស់លោក នី ណាក់ គឺអ្នកស្រី សុខ ស៊ីណែត អាយុ៤២ឆ្នាំ បាននិយាយថា អ្នកស្រីមានការសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល ចំពោះការច្រានចោលសំណើរសំនៅក្រៅឃុំរបស់ស្វាមីអ្នកស្រី គឺលោក នី ណាក់ នៅពេលនេះ។
អ្នកស្រីមានប្រសាសន៍ថា៖ «មានតែអារម្មណ៍សោកស្តាយ ហើយក៏ទទូចសំណូបពរដល់តុលាការទម្លាក់ បទចិទ ដោះលែងគាត់អោយមានសេរីភាព វិញ បានមកជួបជុំគ្រួសារនិងអោយគាត់បានបន្តកិច្ចការងារ ចែករំលែក ចំណេះជំនាញ បច្ចេកទេស ផ្នែកកសិកម្ម ដល់កស៧ករបន្តទៀត» ។
ស្រពពេលដែលតុលាការកំពូលបដិសេធសំណើរសុំនៅក្រៅឃុំរបសៈលោក នី ណាក់ អ្នកស្រី ស៊ីណែត នៅតែទទូចសុំផ្ទេរការឃុំខ្លួនស្វាមីអ្នកស្រីមកឃុំនៅភ្នំពេញវិញ ហើយអ្នកស្រីក៏សង្ឃឹមថាតុលាការនឹងទម្លាក់បទចោទចំពោះលោក នី ណាក់ នៅពេលខាងមុខនេះដែរ។
អ្នកស្រីបន្តថា៖ «បងមានតែសំណូមពរ ទីមួយគឺបងសុំ អគ្គនាយកដ្ឋានពន្ធនាគារគាត់បានបដិសេធហើយ ប៉ុន្តែសុំទទូចថាឱ្យផ្ទេរគាត់មកម១វិញអ៊ីចឹងជិតផ្ទះយើង កុំឱ្យថានៅឆ្ងាយពិបាកឡើងចុះ ចំណាយលុយកាក់ច្រើន។ បងមានតែក្ដីរំពឹងតុលាការនឹងទម្លាក់បទចោទហើយនិងដោះលែងគាត់ឱ្យមានសេរីភាពបានចេញមកជួបជុំគ្រួសារវិញ» ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការសិទ្ធិមនុស្ស លីកាដូ(Licadho) លោក អំ សំអាត យល់ឃើញថាការសម្រេចរបស់តុលាការកំពូលដែលបដិសេធសំណើរសុំនៅក្រៅឃុំរបស់ជនជាប់ចោទរូបនេះ ទំនងជាទាក់ទងនឹងរឿងនយោបាយជាជាងការអនុវត្តច្បាប់ ខណៈការស្នើសុំនៅក្រៅឃុំនេះមានលក្ខខណ្ឌគ្រាប់គ្រាន់រួចទៅហើយ។
លោកមានប្រសាសន៍ថា៖«បើយើងមើលទៅរឿងលោក នី ណាក់ នេះបើយើងមើលទៅគឺគាត់គ្រាន់តែជាការបញ្ចេញមតិរបស់គាត់ មិនគួរណាត្រូវមានការចោទប្រកាន់ និងធ្វើការឃុំខ្លួនបណ្ដុះអាសន្នអ៊ីចឹងទេណ៎ាទី១។ ទី២បទល្មើសនេះវាជាបទល្មើសមជ្ឈឹមដែរទេ អ៊ីចឹងគួរតែមានការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដុះអាសន្ន ហើយមិនថារឿងនៅក្រៅឃុំបណ្ដុះអាសន្នហ្នឹងវាបញ្ចប់នីតិវិធីតាមតុលាការទេ តុលាការអាចបន្តនីតិវិធីបាន តែមនុស្សអាចនៅក្រៅឃុំបណ្ដុះអាសន្ន អ៊ីចឹងហើយនៅពេលដែលតុលាការត្រូវការគឺគាត់ចូលរួមសហការគ្រប់នីតិវិធីអ៊ីចឹងទៅបានហើយដែលគាត់ដាក់ស្នើសុំនោះវាមានលក្ខខណ្ឌគ្រាប់គ្រាន់ហើយ ប៉ុន្តែគ្រាន់តែថារឿងនេះវាបើយើងមើលហេតុផលតាំងពីដើមមកវាអាចជារឿងនយោបាយច្រើនជាងរឿងអនុវត្តច្បាប់» ។
លោកបន្ថែមទៀតថា៖ «យើងសង្ឃឹមថាលោក នី ណាក់ នៅពេលដែលមានការសវនាការ តុលាការនឹងផ្ដល់យុត្តិធម៌ជូនលោក ហើយសង្ឃឹមថាលោកអាចនឹងត្រឡប់ទៅអនុវត្តនូវសិទ្ធិនិងសេរីភាពរបស់ខ្លួនបានពេញលេញវិញ» ។ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ លោក នី ណាក់ ត្រូវចាប់ខ្លួន និងរង់ការចោទប្រកាន់ពីបទ «ការមិនរាងចាលក្នុងបទមជ្ឈឹម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹមបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង » ដែលប្តឹងដោយរដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក។ ហើយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៤ លោក នី ណាក់ ត្រូវបានផ្ទេរពីពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ ទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមហេតុផលថានៅពន្ធនាគារព្រៃស មានកំណើនជនជាប់ឃុំច្រើន៕