ក្រុមសហជីពឯករាជ្យ អះអាងថាកម្ពុជានៅបន្តមានឱនភាពផ្នែកសេដ្ឋកិច្ចដុនដាប់នៅឡើយ ស្របពេលដែលធនាគារពិភពលោករកឃើញថាសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញបណ្តើរៗក្នុងរង្វង់ជិត៦ភាគរយ តាមរយៈការនាំចេញផ្នែកវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងវិស័យទេសចរណ៍។
ប្រតិកម្មពីសំណាក់ក្រុមសហជីពឯករាជ្យនៅពេលនេះ ធ្វើឡើងក្រោយពេលដែលធនាគារពិភពលោក បានចេញរបាយការណ៍ នៃការអង្កេតរបស់ខ្លួន កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដែលរកឃើញថាសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញពីរង្វង់៥,៦ភាគរយ សម្រាប់ឆ្នាំ២០២៣ ឡើងមក៥,៨ភាគរយ នៅក្នុងឆ្នាំ២០២៤។
យ៉ាងនេះក្តី ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា ទទួលស្គាល់ថាការនាំចេញវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឃើញថាមានការកើនឡើងពិតមែន។ហើយនៅដើមឆ្នាំ២០២៤ នេះស្ថានភាពរោងចក្រមានដំណើរការល្អ និងមានក្រុមហ៊ុនបញ្ជារទិញច្រើនជាងមុន។ប៉ុន្តែ សម្រាប់វិស័យរោងចក្រមួយនេះនៅតែបន្តមានបញ្ហាកើតឡើងដែលនៅក្នុងនោះមានដូចជា នៅក្នុងកំឡុងឆ្នាំ ២០២៤ រោងចក្រត្រូវភ្លើងឆេះ និងនៅតែមានរោងចក្របន្តបិទទ្វារ។មួយវិញទៀតប្រាក់ខែគោលរបស់កម្មករមិនអាចឆ្លើយតបស្ថានភាពនៃការចំណាយនាពេលបច្ចុប្បន្នបានដូចមុនដដែល។
លោកបន្តថា៖«បើយើងពិនិត្យទៅលើបញ្ហាប្រាក់ឈ្មួលនៅក្នុងវស័យនេះយើងឃើញបើទោះបីប្រាក់ឈ្មួយមិនអាចឆ្លើយតបទៅនឹងស្ថានភាពនេះការចំណាយរស់នៅបាន ប៉ុន្តែនៅក្នុងយុទ្ធការនៃការតម្លើងប្រាក់ឈ្មួលសម្រាប់ប្រទេសកម្ពុជាមានការចរចារតម្លើងប្រាក់ឈ្មួលជារៀងរាល់ឆ្នាំ ពាក់ពន្ធ័ទៅនឹងការរើសអើងសេរីភាពសហជីបដែលខ្ញុំនៅតែជួបប្រទះនោះគឺការរើសអើងអំពីសំណះភាគីនិយោជក»។
ហាក់មិនខុសគ្នាទេ ប្រធានសហភាពការងារកម្ពុជា (CLC)លោក គង់ អាទិត្យ ឯកភាពថា ការងើបឡើងវិញបណ្តើរៗនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យវាយនភ័ណ្ឌរោងចក្រកាត់ដេរក៏ពិតមែន ក៏ប៉ុន្តែបញ្ហាប្រាក់ខែកម្មកររោងចក្រ នៅតែរកឃើញថាមិនទាន់អាចបំពេញទៅតាមតម្រូវការចាំបាច់ នៃការឡើងថ្លៃទំនិញនៅលើទីផ្សារបាននៅឡើយ។
ជាងនេះទៀត នៅក្នុងវិស័យកាត់ដេរមួយនេះដើម្បីឲ្យមានការប្រសើរឡើងត្រូវតែមានភាពទាក់ទាញក្រុមហ៊ុនធំៗមកវិនិយោគកាន់តែច្រើនឡើងដែលចាប់អារម្មណ៍បញ្ជាទិញដែលនៅក្នុងនោះប្រទេសកម្ពុជានិងធានាស្ថេរភាពនៅក្នុងឧស្សាហកម្មកាត់ដេរបន្ថែមទៀត ហើយជាពិសេសទៅទៀតនោះត្រូវតម្លើងប្រាក់ឈ្មួលសម្រាប់កម្មកររោងចក្រ ឱ្យបានថ្លៃខ្ពស់ជាងបច្ចុប្បន្ននេះ ទើបពួកគេអាចរស់ដោយសមរម្យបាន។
លោកបន្តថា៖ «ការតម្លើងប្រាក់ខែរជារឿងសំខាន់ ប្រសិនជាយើងធ្វើឲ្យសុខភាពកម្មករកាន់តែប្រសើរឡើង ប្រាក់ឈ្មួយកាន់តែប្រសើរឡើងជំនាញរបស់ពួកគាត់[កម្មករ]កាន់តែប្រសើរឡើងនឹងអាចធ្វើឲ្យ ស្នេរភាព សន្តិភាពកាន់តែបន្តទៅមុខកុំឲ្យមានបញ្ហា ក្នុងវិស័យមួយនឹងអីចឹងខ្ញុំជឿជាក់ថាអាចធ្វើមានការប្រកួតប្រជែងខ្ពស់ មាននិរន្តភាពទៅឈានទៅមុខខ្ពស់ដែលយើងចង់បានទៅមុខទៀត»។
បើទោះបែបណា របាយការណ៍ដែលចេញដោយធនាគារពិភពលោក កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បង្ហាញថាសកម្មភាពសេដ្ឋកិច្ចកម្ពុជាបាន កើនឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ ដោយសារតែការ ងើបឡើងវិញវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះយ៉ាងណាក្តី។
មិនតែប៉ុណ្ណោះ វិស័យនាំចេញទំនិញ និងសេវាកម្មរបស់កម្ពុជា បានជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ចកើនឡើងបន្ថែមទៀត នៅកម្រិត៦.១ភាគរយ នៅឆ្នាំ២០២៥ និង ៦.៤ភាគរយ នៅឆ្នាំ ២០២៦។កត្តានៃការកើនឡើងនេះ ដោយសារតែការប្រសើរឡើងវិញលើការនាំចេញ ផ្នែកវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរណ៍។
ប្រធានគ្រប់គ្រងធានាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានលើកឡើងនៅក្នុងនៅក្នុងពិធីសម្ពោធ របាយការណ៍នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ ថា៖ «ដើម្បី រក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូ ហិរញ្ញវត្ថុ ដោយការស្តារឡើងវិញនូវលំហសារពើពន្ធ និងការ ការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន»។
បន្ថែមពីលើនេះលោក ប៊ូ សារឿន មន្ត្រីទំនាក់ទំនងព័ត៍មានរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានឆ្លើយតបថាចំពោះរបាយការណ៍មួយនេះជាការលើកឡើងស្រាវជ្រាវសម្រាប់ធនគារពិភពលោកដែលបានរកឃើញ និងសិក្សារបស់ប្រទេសកម្ពុជា។ប៉ុន្តែក្នុងនាមស្ថាប័នផ្នែកហិរញ្ញវត្ថុអន្តរជាតិមួយនេះ នឹងមិនតបតចំពោះការរិះគន់ចំពោះរបកគំហើញរបស់ខ្លួននោះឡើយ។
លោកបន្តថា៖ «World bank បាននិយាយអំពីរទៅលើរបាយការណ៍របស់យើង យើងអត់ប្រតិកម្មទៅលើការកឃើញការលើកឡើងរបស់អ្នកផ្សេងនោះទេហើយអ្វីដែលយើងចេញវាការរកឃើញរបស់យើង»។
នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោក ក្រៅពីបានព្យាករណ៍អំពីកំណើនសេដ្ឋកិច្ច ដែលងើបឡើងវិញបណ្តើរៗ តាមរយៈការនាំចេញទំនិញផ្នែករោងចក្រកាត់ដេរហើយ ស្ថាប័នអន្តរជាតិផ្នែកហិរញ្ញវត្ថុអន្តជាតិមួយនេះ ក៏បានបង្ហាញដែរចំពោះនិន្នាការ នៃការប្រែប្រួលផ្នែកសេដ្ឋកិច្ចនេះ គឺការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិដែលមានភាពប្រសើរឡើងនៅក្នុងត្រីមាសទីមួយដែលឈានដល់កម្រិត ៨៤ភាគរយ នៃការមកដល់មុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង បានងើបឡើងវិញ ខណៈដែលការនាំចេញទំនិញមិនមែនសម្លៀកបំពាក់ ជាពិសេសទំនិញ កសិកម្ម នៅតែមានភាពធន់ល្អ។
យ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា យល់ស្របថាចំពោះការរកឃើញរបស់ធនាគារពិភពលោក ដោយសារតែការព្យាករណ៍របស់ធនាគារពិភពគឺធ្វើឡើងមានស្តង់ដាបច្ចេកទេស ដែលគួរឱ្យជឿទុកចិត្តបាន។លោកបន្តថា ការលើកឡើងមួយនេះគឺស្រដៀងគ្នាការលើកឡើង រវាងធនាគារអភិវឌ្ឍន៍អាស៊ី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជាដែរ។
លោកបន្តថា៖ «ទៅការព្យាករណ៍សេដ្ឋកិច្ចគេធ្វើឡើងតាមលក្ខណៈបច្ចេទេស ការព្យាករណ៍យ៉ាងម៉េចគឺវាចឹងហើយវាមិនខុសគ្នាទេគឺរវាងធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងក្រសួងសេដ្ឋកិច្ចកម្ពុជា»។
គេសង្កេតឃើញថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់អាស៊ានបានក្លាយជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក។លើសពីនេះទៀត ការកើនឡើងនៃការវិនិយោគពីបរទេសក្នុងវិស័យផលិតកម្ម និងកសិកម្ម ក៏បានរួមចំណែកដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានេះដូចគ្នាដែរ។
ក្រៅពីនេះ អតិផរណាបានធ្លាក់ចុះស្ថិតក្នុងកម្រិតសូន្យសម្រាប់ខែមីនា ដោយសារតម្លៃម្ហូបអាហារបានធ្លាក់ចុះ ខណៈដែលគណនីចរន្តបានកត់ត្រានូវអតិរេកដែលមិនធ្លាប់មានពីមុន មកក្នុងឆ្នាំ ២០២៣ ដោយសារ ឱនភាពពាណិជ្ជកម្មរួមតូច និងការកើនឡើងនៃភ្ញៀវទេសចរ។ បើទោះបែបណា សម្រាប់ក្រុមសហជីពឯករាជ្យ នៅតែមើលឃើញថា ដើម្បីធានាបាននូវកម្រិតសេដ្ឋកិច្ចអាចរក្សាបាននៅក្នុងរង្វង់កម្រិតជាងក្នុងនាមជាង៦ភាគរយ លុះត្រាតែរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព ជាពិសេសគោរពដោយម៉ឺងម៉ាត់ចំពោះអនុសញ្ញាអន្តជាតិ និងកតិកាសញ្ញាដទៃទៀត ដែលកម្ពុជាក៏ជារដ្ឋភាគីមួយដែរ នៃអនុសញ្ញាអន្តរជាតិទាំងនោះ៕