មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សម្រេចព្យួរសិទ្ធិនាយក និងនាយករង សរុបចំនួន ៤រូប នៅវិទ្យាល័យជាស៊ីម ឈូកវ៉ា ហើយនឹងបង្កើតគណៈគ្រប់គ្រងជាបណ្តោះអាសន្ន ដើម្បីរកដោះស្រាយចំពោះសំណើររបស់គ្រូបង្រៀន និងសិស្ស ដែលស្នើឱ្យដកដំណែងនាយក និងនាយករង។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមគ្រូបង្រៀន និងសិស្សនៅវិទ្យាល័យជាស៊ីមឈូកវ៉ា ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានតវ៉ាជាថ្មី និងបានធ្វើពហិកាមិនបង្រៀន បន្ទាប់ពីការតវ៉ាលើកទី១ ធ្វើឡើងកាលពីខែមីនា មិនទទួលបានលទ្ធផលតាមការស្នើសុំ។ ក្រុមគ្រូបង្រៀន និងសិស្សានុសិស្សទាំងនោះ បានស្នើដល់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដកនាយកវិទ្យាល័យឈ្មោះ ប៊ុន មុនី និងនាយករងឈ្មោះ យ៉ើ លាង ដោយលើកហេតុផលថា ថ្នាក់ដឹកនាំទាំង២រូបនេះ តែងតែគាបសង្កត់គ្រូ និងសិស្ស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ស្របពេលដែលមានការតវ៉ាជាថ្មីនេះ មន្ទីរអប់រំរាជធានីភ្នំពេញ បានចុះទៅសម្របសម្រួល និងបើកកិច្ចប្រជុំមួយជាគ្រូបង្រៀន នៅវិទ្យាល័យនេះ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
បន្ទាប់ពីកិច្ចប្រជុំនោះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឱ្យដឹងថា កាលពីខែមេសាកន្លងមក មន្ទីរបានចុះមកស្រាវជ្រាវ និងរកដោះស្រាយជុំវិញបញ្ហានៅវិទ្យាល័យជាស៊ីមឈូកវ៉ានេះ។ លោកបន្តថា ជាដំណោះស្រាយ មន្ទីរគ្រោងនឹងបង្កើតគណៈគ្រប់គ្រងបណ្តោះអាសន្ន នៅសប្តាហ៍ក្រោយ ដោយមានមន្ត្រីមន្ទីរអប់រំរាជធានីភ្នំពេញម្នាក់ ជាប្រធាន និងមានអនុប្រធាន២រូប ដែលជាប្រធានការិយាល័យអប់រំខណ្ឌព្រែកព្នៅ និងនាយកវិទ្យាល័យផ្សេងម្នាក់ទៀត ហើយចំណែកនាយក និងនាយករងទាំង៣រូបដែលរងការចោទនោះជាសមាជិក។
ក្រៅពីនោះ លោកថា មន្ទីរអប់រំក៏បានសម្រេចព្យួរសិទ្ធិគ្រប់គ្រងវិទ្យាល័យពីនាយក និងនាយករងចំនួន ៤រូប ជាបណ្តោះអាសន្នផងដែរ ក្នុងនោះមាន លោក ប៊ុន មុនី ជានាយក, លោក យ៉ើ លាង លោក អ៊ុក យ៉ុន និងលោក សាមឺឌី ជានាយករង។
លោក ហែម ស៊ីណារ៉េ បន្តថា៖ «សមាជិកទាំង ៤រូបនេះ គឺមិនមានសិទ្ធិចាត់ចែងអ្វីទាំងអស់ មានន័យថា ព្យួរសិទ្ធិគាត់ហើយអ្វីដែលយើងបង្កើតហ្នឹង គឺយើងប្រាប់ឱ្យគាត់ថតបដា ហើយលោកគ្រូ អ្នកគ្រូចូលបង្រៀនធម្មតា ហើយបើគាត់មិនយល់ស្របអី គាត់មានសិទ្ធិដាក់ពាក្យបណ្តឹងជំទាស់អីតាមឋានានុក្រម។ យើងមិនអនុញ្ញាតឱ្យគាត់ប្រមូលគៀរគរគ្រូ និងសិស្សលើកបដាតវ៉ាទេ ព្រោះនីតិវិធីនៃការណែនាំគឺមានកំណត់ហើយ បើមិនពេញចិត្តយ៉ាងម៉េចគឺដោះស្រាយតាមហ្នឹង»។
គ្រូបង្រៀននៅវិទ្យាល័យជាស៊ីមឈូកវ៉ាមួយរូប សុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា ក្រោយស្តាប់ការសម្របសម្រួលពីមន្ទីរអប់រ ក្រុមគ្រូបង្រៀន បានសម្រេចចិត្តចូលបង្រៀនសិស្សជាធម្មតាវិញហើយ នៅថ្ងៃទី៨ ខែមិថុនានេះ។ ប៉ុន្តែ អ្នកស្រីថា ប្រសិនបើខាងមន្ទីរ និងក្រសួង នៅបន្តឱ្យ លោក ប៊ុន មុនី បន្តតួនាទីជានាយកវិទ្យាល័យទៀត នៅពេលខាងមុខនោះ នោះគ្រូបង្រៀននឹងបន្តការតវ៉ាទៀតរហូតដល់មានដំណោះស្រាយ។
អ្នកស្រីមានប្រសាសន៍ថា៖ «គ្រូៗ គាត់ព្រមចូលបង្រៀនវិញហើយ ក៏ប៉ុន្តែនៅករណីណាមួយដែលថាដំណោះស្រាយរយៈពេលណាមួយអីចឹងលើកនាយក[លោក ប៊ុន មុនី]ឱ្យធ្វើនាយកវិញ គ្រូៗគឺអត់ព្រមទេ គឺដាច់ខាតត្រូវតែដកនាយកហ្នឹងចេញពីសាលានេះតែម្តង[…] ម្យ៉ាងបើរកឃើញអ្នកដែលប្រព្រឹត្តអំពើពុករលួយហើយ នៅតែដាក់នៅហ្នឹងទៀត គឺមិនដឹងជាយ៉ាងម៉េចទេ» ។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ប៊ុន មុនី នាយកវិទ្យាល័យជាស៊ីមឈូកវ៉ាបានទេ។
ចំណែក លោក យ៉ើ លាង ជានាយករងវិទ្យាល័យនេះ មានបដិសេធអត្ថាធិប្បាយជុំវិញការចោទប្រកាន់ពីសំណាក់គ្រូបង្រៀន ដោយគ្រាន់តែមានប្រសាសន៍យ៉ាងខ្លីថា៖ «សាលាដែលមានការប្តឹងផ្តល់ពីលោកគ្រូមួយចំនួននោះ ដំណោះស្រាយគេពីក្រសួងបង្កើតគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្នហើយ អាហ្នឹងដូចខ្ញុំស្តាប់អត់បាន អាហ្នឹងដូចខាងប្អូនបានលឺហើយ [ព្យួរសិទ្ធិ] ខ្ញុំជាប់រវល់បន្តិច»។
កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ គ្រូបង្រៀនចំនួន ៦៤នាក់ ក្នុងចំណោម ១១០នាក់ ដែលបង្រៀននៅវិទ្យាល័យជាស៊ីមឈូកវ៉ា ក៏បានដាក់ពាក្យបណ្តឹងទៅក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដោយពួកគាត់ស្នើឱ្យដកនាយក និងនាយករងទាំង២រូប ចេញពីតំណែង ដោយចោទថាគ្មានតម្លាភាពក្នុងការចាយវាយថវិកាដែលប្រមូលបានពីប្រភពផ្សេងៗ ប្រើប្រាស់ពាក្យមិនសមរម្យចំពោះគ្រូបង្រៀន និងមិនមានការដាក់ដេញថ្លៃចំពោះចំណតយានជំនិះជាដើម។
ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍នៅថ្ងៃទី០៧ ខែមិថុនានេះថា ករណីវិវាទដែលកើតឡើងនៅវិទ្យាល័យជាស៊ីមឈូកវ៉ានេះ ក្រសួងកំពុងត្រួតពិនិត្យ និងរកដំណោះស្រាយហើយ។
លោកស្រីថ្លែងថា៖ «កន្លងមក មន្ទីរបានសិក្សាលម្អិត និងចុះសម្របសម្រួលហើយ។ ក្រុមការងារនឹងបន្តពិនិត្យ និងដោះស្រាយបន្ត»។
ចំណែក អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានឱ្យដឹងដែរថា ក្រោយទទួលបានពាក្យបណ្តឹងនោះ អង្គភាពប្រឆាំងអំពើពុករលួយ កំពុងពិនិត្យ និងមានចំណាត់ការ។
លោថ្លែងថា៖ «ពាក្យប្តឹងនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ការរបស់អង្គភាព ដែលនេះជាការងារផ្ទៃក្នុង ដែលខ្ញុំសូមមិនធ្វើអត្ថាធិប្បាយ»។
លោកបន្ថែមថា៖ «ពាក្យប្តឹងដែលអង្គភាពបានទទួលមានស្ថានភាពផ្សេងៗគ្នា ពាក្យប្តឹងខ្លះបានភ្ជាប់មកជាមួយនូវភស្តុតាង ដែលអាចធ្វើឱ្យអង្គភាពស្រាវជ្រាវដោយប្រើពេលខ្លី ដោយឡែកពាក្យប្តឹងខ្លះ មិនបានភ្ជាប់មកនូវភស្តុតាងអ្វីទាំងអស់ ក្រៅពីការចោទប្រកាន់បុគ្គលណាម្នាក់ថាបានប្រព្រឹត្តមិនត្រឹមត្រូវ ពាក្យប្តឹងបែបនេះ អង្គភាពត្រូវការពេលវែងជាងក្នុងការស៊ើបអង្កេតប្រមូលភស្តុតាង»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បានជំរុញឱ្យក្រសួងពាក់ព័ន្ធ ពន្លឿននីតិវិធី និងចាត់វិធានការដោះស្រាយបញ្ហានេះ ឱ្យបានឆាប់ ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស។
លោកស្រីថ្លែងថា៖ «ក្រសួងអប់រំ ក៏ដូចជារដ្ឋាភិបាលគួរតែចាត់វិធានការទៅលើនាយក ថ្នាក់ដឹកនាំនៅទីនោះដែលរួមគ្នា[ប្រព្រឹត្ត]អំពើពុករលួយហ្នឹង ដោយសារយើងឃើញថា រាល់ថ្ងៃយើងមានអង្គភាពប្រឆាំងអំពើពុករលួយទៀត ចុះហេតុអ្វីបានទុកដល់ពេលវេលាគាត់ធ្វើកូដកម្មដោយអយុត្តិធម៌ចំពោះពួកគាត់ចឹង ត្រូវតែដោះស្រាយឱ្យទាន់ពេលវេលា កុំឱ្យសិស្សានុសិស្សយើងខាតការរៀនសូត្រ ដោះស្រាយឱ្យទាន់ពេលវេលា ឱ្យមានតម្លាភាព ឱ្យមានយុត្តិធម៌ចំពោះលោកគ្រូ អ្នកគ្រូយើងដែលស្រេកឃ្លានរកយុត្តិធម៌»៕