លេខាធិការដ្ឋាន គ.ស.ព.ស. ប្រកាសបដិសេធចំពោះការបង្ហោះសាររបស់ម្ចាស់គណនីហ្វេសប៊ុកមួយពាក់ព័ន្ធនឹងរឿងស្តូបវៀតណាម ហើយព្រមានចាប់ខ្លួនក្រោមហេតុផលថាដើម្បីកុំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។
ការបដិសេធនេះធ្វើឡើងក្រោយម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះគ្រញូង ព្រៃឡង់ បានបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ ជាមួយរូបភាពមួយចំនួន ក្រោមចំណងជើងដែលមានខ្លឹមសារថា«ស្តូបយួនសាងសង់រកម៉ែវាស្អីនៅលើកំពូលភ្នំដងរែកនេះ»។
ក្រោយរូបភាពនេះ ត្រូវបង្ហោះព្រោងព្រាតនៅលើបណ្តាញសង្គម ប្រជាពលរដ្ឋបានបន្តចែករំលែក និងប្រតិកម្មដោយរិះគន់ពាក្យពេចន៍ជាច្រើន ចំពោះរូបភាពនោះ។
ភ្លាមៗ គណៈកម្មការជាតិរៀបចំសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈមតិ ហៅកាត់ថា គ.ស.ព.ស. បានអះអាងថានៅថ្ងៃសុក្រនេះថា ព័ត៌មាននោះជាការបំភ្លៃដើម្បីបំពុលមតិសាធារណៈ និងសង្គម ហើយសំណង់ ដែលសាងសង់នោះគឺជាវិមានឈ្នះ ឈ្នះ មិនមែនជាស្តូបវៀតណាមនោះទេ។
លេខាធិការដ្ឋានគ.ស.ព.ស. បានព្រមានដោយអំពាវនាវឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខ និងចាប់ខ្លួនអ្នកបំភ្លៃព័ត៌មានដើម្បីបំពុលសង្គមទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ប្រាប់ញូវ៍រ៉ូមខេមបូឌា នៅថ្ងៃសុក្រនេះថា ប្រសិនជាដូចទៅនឹងការលើកឡើងរបស់លេខាធិការដ្ឋាន គ.ស.ព.ស. ដែលថាស្កូបនោះពិតជាវិមានឈ្នះ ឈ្នះ រដ្ឋាភិបាលគួរតែប្រកាសជាសាធារណៈដើម្បីឱ្យប្រជាជនខ្មែរចូលរួមអបអរសាទរទាំងអស់គ្នា មិនគួរណាមានការលាក់បាំងដូច្នេះទេ។
យ៉ាងណាលោកថា ការព្រមានចាប់ខ្លួនរបស់លេខាធិការដ្ឋាន គ.ស.ព.ស. បែបនេះហាក់បង្ហាញពីការគំរាមគំហែង ទាក់ទងទៅនឹងសិទ្ធិក្នុងការបញ្ចេញមតិ ហើយសិទ្ធិនេះគួរតែបើកទូលាយឱ្យពលរដ្ឋបង្ហាញអ្វីដែលពួកគេបានដឹង។
លោកបន្តថា៖«គាត់ត្រូវតែប្រកាសព្រោះវាជាវិមានឈ្នះរបស់ខ្មែរ អញ្ចឹងមិនអាចទៅគំរាមគេទេព្រោះកន្លែងយើងឃើញហើយស្កុបមិត្តជ័យជំនះ ឈ្នះៗរបស់កម្ពុជានៅទីក្រុងភ្នំពេញក៏បើកឱ្យមនុស្សទាំងអស់ចូលរួម ហើយអបអរសាទរដែរ ដូច្នេះកន្លែងផ្សេងក៏គួរធ្វើដូចគ្នាដែរ មិនមែនវិមានឈ្នះៗ បែរទៅជាការគំរាមកំហែងអ្នកដែលផ្សព្វផ្សាយពីព័ត៌មាននោះទៅជាអ្នកជាប់ទោសវិញ វាអត់ត្រឹមត្រូវ »។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបន្ថែមថាសមត្ថកិច្ចគួរតែពិចារណា ពិគ្រោះយោបល់ឱ្យបានល្អិតល្អន់ និងពិភាក្សាគ្នាជាអ្នកដែលប្រព្រឹត្តិមិនមែនចាំបាច់តែអនុវត្តន៍ច្បាប់ ដាក់ទោសនោះទេ។
ហាក់មិនខុសគ្នាទេ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏យល់ស្របថាការបង្ហោះនេះ វាគឺជាសិទ្ធិបញ្ចេញមតិ ដែលគាំពារដោយច្បាប់ទៅទៀត ឬនេះអាចចាត់ទុកថាជាការបង្ហាញពីចង្ងល់របស់ពលរដ្ឋដែលពួកគេបានឃើញ។លោកបន្ថែមថា ពលរដ្ឋក៏ដូចគ្នា មុននឹងនិយាយគួរពិចារណាគិតគូឱ្យបានច្បាស់ថារឿងណាពិត ឬមិនពិតដើម្បីចៀសវៀងការយល់ច្រឡំ និងយកបញ្ហាមកដាក់ខ្លួន។
លោកបន្តថា៖«ដូច្នេះការផុសព័ត៌មានរបស់ប្រជាពលរដ្ឋយើងហ្នឹងគួរតែផ្ទៀងផ្ទាត់ផងដែរមុននឹងទាញសេចក្តីសន្និដ្ឋាន ឬក៏យកមកផ្សាយជាសាធារណៈដើម្បីកុំឱ្យមានការយល់ច្រឡំ »។
លោកបន្ថែមថា អជ្ញាធរក៏គួរយោគយល់ អធ្យាស្រ័យ និងផ្សព្វផ្សាយឱ្យបានច្បាស់លាស់មុននឹងសម្រេចចាត់វិធានការតាមផ្លូវច្បាប់ ព្រោះប្រជាពលរដ្ឋមួយចំនួនក៏មិនសូវយល់ដឹងច្បាស់។
លោកបញ្ជាក់ថា៖«ឃើញអញ្ចឹងទៅគាត់មានការបារម្ភ ឬក៏កើតទុក្ខមិនសុខចិត្តហើយមកផុស យកមកផ្សព្វផ្សាយទៅដោយសារព័ត៌មានមានកំណត់របស់គាត់ហ្នឹងក៏វាអាច ពេលខ្លះក៏វាមានការភ័នភាំង ដូច្នេះតួនាទីរបស់អជ្ញាធរគឺត្រូវតែបង្ហាញការពិតនិងបកស្រាយ បកស្រាយផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋវិញដើម្បីកុំឱ្យមានការយល់ខុសឬក៏ផ្សព្វផ្សាយព័ត៌មានវាបង្កើតនូវការយល់ច្រឡំ[…]អជ្ញាធរក៏គួរតែបើកចិត្តឱ្យទូលាយបន្តិចដែរ កុំឱ្យប្រកាន់ច្រើន ប្រកាន់ទោសអូសដំណើរច្រើនពេក »៕