គណបក្សនយោបាយចំនួន២បក្ស ដែលជាសម្ព័ន្ធភាពនិងគ្នានៅក្រៅរដ្ឋាភិបាល បានអះអាងថាប្រសិនបើមិន​​អា​ច​​​បញ្ចប់សមាជិកភាពមន្រ្តីរបស់ខ្លួនដែលបានដើរចេញពីបក្សទេ នោះមាន័យថាបញ្ហានេះនឹងជះឥទ្ធិពលអាក្រក់ និ​ងប៉ះពាល់ទៅដំណើលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រក្សា សម្រាប់នីតិកាលទី៤នេះ។

ការលើកឡើងនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា រវាងគណបក្សភ្លើង​ទៀ​ន និងគណបក្សឆន្ទៈខ្មែរ ស្តីពី «ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹ​ក្សា​ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤» នៅព្រឹកថ្ងៃទី១០ មិថុនា នេះ។

លោក គង់ មុនីកា ជាសមាជិកព្រឹទ្ធសភា និងជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ  មានប្រសាសន៍ថា ការរៀបចំស​ន្និសីទសារព័ត៌មានរួមគ្នា របស់បក្សនយោបាយទាំងពីរនៅថ្ងៃនេះ គឺចង់បង្ហាញថាអង្គបោះឆ្នោត របស់បក្ស​ភ្លើង​ទៀ​ន បានបោះឆ្នោតឱ្យបក្សផ្សេង វាជាគំរូមិនល្អ ហើយកិច្ចការនេះ មន្រ្តីទាំងនោះត្រូវតែ​​បញ្ចប់ពី​​សមាជិ​​កភា​ព​ពី​​ក្នុង​បក្ស។ក្រៅពីនេះទៀត រហូតមកដល់ពេលនេះ បញ្ហាបែបនេះបានកើតឡើងជាង៤០ ករណីហើយដែលបក្ស​​ជំ​ទា​​ស់​ស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីផ្លាស់ប្តូរតាំងពីមុនបោះឆ្នោត។ប៉ុន្តែករណីទាំងទាំងនេះ រកឃើញថានៅមិនត្រូវ​​បានដោះស្រា​​យនៅឡើយទេ។

លោកបន្តថា៖ «ទោះបីជាលទ្ធផលវាមិនបានឆ្លើយតបទៅនឹងអ្វី ជាការរំពឹងទុករបស់យើង  ប៉ុន្តែយើងមិនជំទាស់ទៅនឹងលទ្ធផលនោះទេ។ ប៉ុន្តែក៏យើងចង់បង្ហាញជូនសាធារណជនបានជ្រាបថា នៅក្នុងដំណើរការនៃការបោះឆ្នោ​តក៏យើងមានបញ្ហាមួយចំនួន ដែលយើងសង្កេតឃើញថា វាជះឥទ្ធិពលដល់លទ្ធផលដែរ ដែលគណបក្សទ​​ទួលបានគឺទី១អង្គបោះឆ្នោត ក្រុមប្រឹក្សាជាប់ឆ្នោតឃុំសង្កាត់របស់គណបក្សភ្លើងទៀនដែលបានទៅចូលរួមជី​​​វភាពនយោបាយជាមួយគណបក្សដទៃ ហើយជាគោលការណ៍  បានន័យថាពួកគាត់បានបញ្ចប់សមាជិកភាពរបស់ខ្លួនដោយស្វ័យប្រវត្តិពីគណបក្សភ្លើងទៀន ដូច្នេះហើយគណបក្សភ្លើងទៀនចាំបាច់ដាក់នៅសកម្មជន ឬមន្ត្រីរបស់ខ្លួនជំនួសឱ្យអ្នកដែលបានចាកចេញ ប៉ុន្តែនៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរនេះ គឺថាយើងធ្វើអត់បានទេ»។

អគ្គលេខាធិការគណបក្សឆន្ទៈខ្មែររូបនេះបានបន្ថែមថា ការសុំផ្លាស់ប្ដូរអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំសង្កាត់នោះ ជានីតិវិធីច្បាប់ត្រូវរង់ចាំការឆ្លើយតបពីក្រសួងមហាផ្ទៃវិញ ក្នុងរយៈពេលប្រមាណ១៤ថ្ងៃក្រោយដាក់សំ​ណើរ​។ក៏ប៉ុន្តែគណបក្សលោកត្រូវចំ​ណា​​យរយៈពេលយូរជាងនេះ ដោយមកដល់ពេលនេះមិនទាន់អាចផ្លាស់ប្ដូរបាននៅ​​ឡើយទេ។

ចំណែក ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ប្រាប់ Newsroom Cambodia ថា មុនពេលបោះឆ្នោត និងក្នុងរយៈពេលដែលបោះឆ្នោត គឺមានការលំបាកក្នុងការផ្លាស់ប្ដូរក្រុមប្រឹក្សា និងការគំរាមកំហែងចាប់ខ្លួនសកម្មជន ជាអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនមួយចំនួន អ្នកខ្លះបានភៀសខ្លួនចេញពីប្រទេសកម្ពុជា ហើយមួយចំនួនទៀតមានការលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលមិនអាចឱ្យពួកគេចេញទៅបោះឆ្នោតបាន។

លោកបន្តថា៖«យើងនៅតែទាមទារ ទោះបីជាមានការបោះឆ្នោតកន្លងផុតទៅហើយក៏ដោយ ក៏យើងនៅតែទាមទារសុំធ្វើការផ្លាស់ប្តូរ ពីសមាជិកភាពរបស់ សមាជិកគណបក្សភ្លើងទៀនដែលបានធ្វើខុសបទបញ្ជាផ្ទៃក្នុង របស់គណបក្សភ្លើងទៀន។[…]យើងអត់មាននីតិវិធីអីទេ យើងមានតែជំរុញឲ្យសមាជិកព្រឹទ្ធសភារបស់យើងទៅក្រសួងមហាផ្ទៃដើម្បីសួរនាំអំពី នីតិវិធីនៃការផ្លាស់ប្ដូរហ្នឹង តែបច្ចុប្បន្ននេះដែលយើងបានជម្រាបនៅក្នុងសន្និសីទកាសែត គឺមានប្រហែលជា២០០នាក់ដែលយើងបានធ្វើការផ្លាស់ប្តូរ រយៈពេលប្រហែលជា៣ទៅ៦ខែហើយអត់មានការផ្លាស់ប្តូរ គឺយើងនឹងបញ្ជូនសមាជិសភា ៣រូបដើម្បីទៅសួរនាំនៅក្រសួងមហាផ្ទៃ   លើសពីហ្នឹងទៀតគេយើងនឹងធ្វើការតវ៉ាទៅតាមនីតិវិធីច្បាប់ ស្ដីពីគណបក្សនយោបាយបានចែង បន្តនីតិវិធីបន្តទៅទៀត»។

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឆ្លើយតបថា ក្រសួងមហាផ្ទៃមានការស្មុគស្មាញក្នុងការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងទាំង២ ដោយសារតែគណបក្សបប្រឆាំងទាំងនោះមានបញ្ហាផ្ទៃក្នុង ហើយមានការផ្លាស់ប្ដូរបក្ស និងការប្ដឹងផ្ដល់គ្នា។

លោកថា៖«មួយរយៈនេះគណបក្សប្រឆាំងគឺបែកខ្ញែកគ្នាទៅបង្កើតគណបក្សផ្សេងៗជាច្រើន ពេលខ្លះក៏ត្រូវគ្នា ពេលខ្លះក៏ទាស់គ្នាហូរហែរ។ ហើយសមាជិកគេថាមានទំនាស់ផ្ទៃក្នុងជាប្រចាំ ចាកចេញពីបក្សនេះបក្សនោះ ទៅកាន់បក្សនេះបក្សនោះ សមាជិកក្រុមប្រឹក្សានៃគណបក្សប្រឆាំងគឺថាមានទំនាស់គ្នាហូរហែរហើយរហូលដល់មានការប្ដឹងប្ដល់គ្នាពីរឿងសុំដោះដូរសមាជិកក្រុមប្រឹក្សានោះថែមទៀតផង។ ដែលបញ្ហាទាំងអស់ហ្នឹងនាំឱ្យក្រសួងមានការលំបាកស្មុគស្មាញមួយជំហ៊ានធំនៅក្នុងការសម្រេច។ អ្វីដែលសំខាន់គឺសូមឱ្យពួកគាត់ដោះស្រាយនូវផ្ទៃក្នុងរបស់គាត់ឱ្យបានចប់សព្វគ្រប់ហើយក្រសួងមហាផ្ទៃធ្វើទៅតាមតែច្បាប់ ធ្វើទៅតាមតែទម្លាប់ទេ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះយល់ឃើញថា ការបាត់បង់សំឡេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គឺដោយសារសមាជិករបស់បក្សប្រឆាំងទាំង២ មានការបែកបាក់ផ្ទៃក្នុង ធ្វើឱ្យមានការមិនទុកចិត្តគ្នា។

នាយកប្រតិបត្តិអង្គការនិចហ្វិច លោក សម គន្ធាមី មានប្រសាសន៍ថា ក្រសួងមហាផ្ទៃជាអ្នកគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ធ្វើការងារបច្ចេកទេសជាមួយគណបក្សសាម៉ី គួតែចាត់ចែងដោះស្រាយចំពោះការសុំប្តូរក្រុមប្រឹក្សា ដើម្បីកុំឱ្យប៉ះពាល់ដល់ការបាត់សន្លឹកឆ្នោត។

លោកបន្តថា៖«វាបាត់សន្លឹកឆ្នោត កាលណាអត់មានអង្គបោះឆ្នោត អ្នកដែលគេចាកចេញ ហើយអត់គាំទ្រ មានវត្តមានបំពេញការងារ អញ្ជឹងគាត់ក៏មិនមានសិទ្ធបោះឆ្នោតដែរ អញ្ជឹងទៅវាប៉ះពាល់ដល់សន្លឹកឆ្នោតរបស់គណបក្សដែលឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ[…] ខ្ញុំគ្រាន់តែសុំណូមពរក្រសួងមហាផ្ទៃជួយរៀបចំចាត់ចែងតាមដំណើរគណបក្សដែលសុំផ្លាស់ប្តូរនោះទៅ ដើម្បីឱ្យដំណើរការបោះឆ្នោត អង្គបោះឆ្នោត បានចូលរួមបោះឆ្នោតបានទាំងអស់គ្នា»

តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០២៤ គណបក្សប្រជាជនទទួលបាន៥០៤អសន: គណបក្សឆន្ទ:ខ្មែរបាន៤៧អសន: និងគណបក្សកម្លាំងជាតិទទួលបាន៨ អសន: ក្នុងចំណោមអសន:ក្រុមប្រឹក្សារាជធានី-ខេត្តសរុបដែលមានចំនួន ៥៥៩អសន:៕