ក្រុមសកម្មជនចលនាមាតាធម្មជាតិច្រានចោលចំពោះការចោទប្រកាន់របស់ក្រុមយុវជនសង្គមស៊ីវិលនៃក្រសួងបរិស្ថានដែលថាសកម្មភាពរបស់ក្រុមខ្លួនស្ថិតនៅក្រោមសេណារីយ៉ូរបស់ជនបរទេស និងចោទប្រកាន់ថាផ្សព្វផ្សាយសកម្មភាពផ្អែកលើជ្រុងតែម្ខាងដែលនាំឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន។
ប្រតិកម្មនេះកើតឡើងក្រោយការគណនីហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានបង្ហោះលិខិតថ្កោលទោសមួយច្បាប់របស់ក្រុមយុវជនសង្គមស៊ីវិល ដែលចេញកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា «លិខិតថ្កោលទោសចំពោះចលនាយុវជនខុសច្បាប់ដែលយកវិស័យបរិស្ថានធ្វើជាឈ្នាន់នយោបាយ » ហើយវាយប្រហារមកលើសកម្មភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន។
កញ្ញា ភួង កែវរស្មី សកម្មជនម្នាក់ក្នុងចំណោមសកម្មជន នៃចលនាមាតាធម្មជាតិផ្សេងទៀត ប្រាប់ Newsroom Cambodia នៅចន្ទនេះថា កញ្ញាមិនដឹងថាក្រុមយុវជនសង្គមស៊ីវិលដែលក្រសួងបរិស្ថានយកមកផ្សាយលើគណនីហ្វេសប៊ុកនោះមានប្រភពម កពីណានោះទេ ខណៈមិនដែលបានឃើញចូលរួមសកម្មភាពណាមួយក្នុងកិច្ចការការពារបរិស្ថាន ប៉ុន្តែបែរជាមកចេញលិខិតចោទប្រកាន់ក្រុមខ្លួនដោយមិនមានភស្តុតាងអ្វីច្បាស់លាស់ទៅវិញ។
យ៉ាងណាកញ្ញាថា រូបខ្លួនបដិសេធចំពោះការចោទប្រកាន់មិនថាមកពីក្រុមយុវជនសង្គមស៊ីវិល ឬក្រសួងបរិស្ថានទេ ព្រោះសកម្មភាពដែលក្រុមចលនាមាតាធម្មជាតិបានធ្វើកន្លងមកគឺដើម្បីប្រយោជន៍បរិស្ថាន ចូលរួមការពារ និងថែរក្សាធនធានរបស់កម្ពុជា។កញ្ញាបន្តថា រាល់ការរិះគន់មិនមែនក្នុងន័យអាក្រក់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ការតិះតៀនទាំងនោះគឺចង់ឱ្យមានការកែប្រែចំណុចអវិជ្ជមាន។
កញ្ញាបញ្ជាក់ថា៖«សកម្មភាពដែលបន្ទច់បង្អាក់នូវលទ្ធផលរបស់ក្រសួងបរិស្ថានទេ ព្រោះយើងធ្វើការកន្លងមក យើងសាទរចំពោះលទ្ធផលដែលគេធ្វើបាន ហើយយើងរិះគន់ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់ក្រសួង ក៏ដូចជាធ្វើជាដៃគូសហការនូវក្នុងការជួយការពារទៅដល់ទ្រព្យសម្បត្តិធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា »។
កញ្ញាបន្ថែមទៀតថា សកម្មភាពដែលក្រុមចលនាមាតាធម្មជាតិបានធ្វើ គឺធ្វើចេញពីចិត្ត និងដោយក្តីស្រឡាញ់មិនមែនស្ថិតក្រោមការបង្គាប់បញ្ជាពីជនបរទេស ឬក្រុមណាមួយនោះទេ។
កញ្ញាថា៖«ពួកយើងមិនមែនជាមនុស្សដែលល្ងង់ ពួកយើងមិនមែនជាមនុស្សដែលមិនមានខួរក្បាលចេះគិតដើម្បីទៅធ្វើការបម្រើអ្នកណាម្នាក់ ហើយទៅលះបង់សិទ្ធិសេរីភាពខ្លួនឯងជាប់គុកម្តង១០ខែជាង ហើយរឿងក្តីក្រោយរួមគំនិតក្បត់នេះអាចនឹងជាប់គុបចាប់ពី៥ឆ្នាំ ទៅដល់១០ឆ្នាំឯណោះ។ ហើយមូលហេតុដែលពួកយើងហ៊ានលះបង់ដល់ប៉ុណ្ណឹង ដោយសារយើងនឹកឃើញថាអ្វីដែលយើងធ្វើ គឺយើងធ្វើដើម្បីប្រយោជន៍របស់បងប្អូនខ្មែរយើងទាំងអស់គ្នា»។
ហាក់មិនខុសគ្នាទេ សកម្មជនបរិស្ថានមួយរូបផ្សេងទៀតកញ្ញា មាន លីសា ប្រតិកម្មថា ការចោទប្រកាន់ប្រឆាំងពួកខ្លួនជាឈ្មួញបរទេស ដោយភាសាគ្រោធគ្រាធបែបនេះ បង្ហាញពីចេតនាអាត្មានិយម។មួយវិញទៀត នេះជាឆ្លុះបញ្ចាំងឱ្យឃើញសង្គមកម្ពុជា មិនទទួលយកការរិះគន់បែបស្ថាបនា និងកែលម្អឱ្យមានភាពប្រសើរ សម្រាប់អនាគតរបស់ប្រទេសកម្ពុជា និងពលរដ្ឋរបស់ខ្លួន។
ប្រភពបន្តថា៖«ពួកគេត្រូវបានមនោគមវិជ្ជាខ្មៅកខ្វក់ពីក្រុមជ្រុលនិយមដោយមិនបានបើកចិត្តទទួលយកសមិទ្ធផលជាច្រើនក្នុងប្រទេសរបស់ខ្លួន។ក្នុងនាមពួកគេជាយុវជនខ្មែរបែរជាបណ្តោយខ្លួនឱ្យចាញ់កល់មនោគមវិជ្ជាខ្មៅកខ្វក់របស់ជនបរទេសជ្រុលនិយមទៅវិញ »។
Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានទេនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ឃើញថា ការចូលរួមធ្វើសកម្មភាពក្នុងកិច្ចការការការពារបរិស្ថាន និងការថែរក្សាធនធានធម្មជាតិគឺជារឿងសំខាន់ដែលមិនអាចខ្វះវត្តមានរបស់យុវជនបានទេ។លោកបន្តថា សកម្មភាពទាំងនេះគួរតែមានការការចូលរួមលើកទឹកចិត្ត និងជ្រោមជ្រែង មិនមែនបំភិតបំភ័យ ឬគំរាមកំហែងដើម្បីឱ្យពូកគេបញ្ឈប់សកម្មភាពនោះឡើយ។
លោកបន្តថា៖«នៅពេលដែលយុវជនមានចិត្តក្នុងការចូលរួមលើកកម្ពស់និងការពារទៅលើការការងារបរិស្ថានគឺជារឿងមួយល្អហើយគួរតែមានការលើកទឹកចិត្តចំពោះយុវជនវិញ ពីព្រោះយើងឃើញហើយថាកម្រណាស់ដែលមានយុវជនចេញមុខការពារបរិស្ថាន និងធនធានធម្មជាតិ។ នៅពេលដែលមានយុវជនចូលរួម ហ្នឹងយើងគួរតែមានការលើកទឹកចិត្ត និងការគាំទ្រទៅលើកិច្ចការពារបរិស្ថាន មិនត្រូវមានការបំភិតបំភ័យ គំរាមកំហែង»។
បើតាមលោក អំ សំអាត នៅពេលយុវជនរាយការណ៍ពីភាពមិនប្រក្រតីណាមួយជុំវិញបញ្ហាបរិស្ថាន ឬសង្គមផ្សេងៗ ក្រសួងគួរបើកចិត្តទទួលយក និងពិចារណា ជាពិសេសស្វែងរកដំណោះស្រាយសម្រាប់ផលប្រយោជន៍រួម។
លោកបញ្ជាក់ថា៖«ការងារបរិស្ថានដែលយុវជនបានលើកឡើងគួរតែពិនិត្យមើលថាតើ ការលើកឡើងរបស់យុវជនជាការពិតឬមិនពិត ហើយបើសិនជាការពិត ហ្នឹងយើងត្រូវរកមធ្យោបាយយ៉ាងណាដើម្បីដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹងដើម្បីការពារនូវបរិស្ថាន និងធនធានធម្មជាតិ ហ្នឹងគឺជារឿងល្អ »៕