រដ្ឋាភិបាល​កម្ពុជា កំពុង​ពិនិត្យ​​​លើ​​​លិខិត​សុំទោស​​​របស់​ លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ ក្រោយ​ពី​មេដឹក​នាំ​គណបក្ស​រូបនេះ បាន​​ចេញ​​លិខិត​​សុំទោស​ជា​សាធារណៈ​ទៅ​លោក​នាយករដ្ឋ​មន្រ្តី​ ចំពោះការ​ថ្លែង​របស់​ខ្លួន​ធ្វើ​ឱ្យប៉ះពាល់​ដល់​កិត្តិយស​ និង​ការដឹកនាំ​របស់​រដ្ឋាភិបាល​​។

កាលពីចុងសប្តាហ៍មុន​នេះ មានការ​ផ្សព្វផ្សាយ​នូវ​​លិខិត​សុំទោស​ជា​សាធារណៈ​របស់​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ លោក​ ស៊ុន ចន្ធី ដែលក្នុងលិខិត​នោះ​មាន​តែ​ស្នាម​មេដៃ​ និងមិន​មាន​ចុះ​កាល​បរិច្ឆេទ។ លិខិត​នោះ​​ បាន​លើកឡើង​ថា លោកមានការ​​សោកស្តាយ និង​សុំទោស​​ចំពោះ​មតិ​លើក​ឡើងដោយ​អចេតនា ​ក្នុង​ពេលដែល​លោក​​​ជួប​ជា​មួយ​ពលរដ្ឋ​នៅ​ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ២០២៤ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិ​យស​ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិវឌ្ឍន៍​​ប្រទេស​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា​។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក​ ប៉ែន បូណា ប្រាប់​ Newsroom Cambodia នៅ​ថ្ងៃ​ទី១០ ខែមិថុនានេះ​ថា រដ្ឋាភិបាល​​មិន​ទាន់មានការ​​​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ ​ចំពោះ​ការ​ចេញ​លិខិត​សុំទោស​របស់​លោក ស៊ុន ចន្ធី ដាក់​មក​រដ្ឋាភិបាល។

លោក​ថ្លែងថា៖ «ចាំ​សម្តេច[លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត]​​លោក​​សម្រេច​​យ៉ាង​​ណា​ ចាំ​ជូន​ព័ត៌មាន​តាម​ក្រោយ»។

ទោះ​ជា​យ៉ាង​ណា​ លិខិត​សុំទោស​ជា​សាធារណៈដែល​គេ​ថា ជា​​របស់​លោក​ ស៊ុន ចន្ធី ដាក់​ទៅ​លោក​នាយករដ្ឋមន្រ្តី​ កាល​ពី​ពេល​ថ្មីៗ​នេះ​ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា លិខិត​នោះ​ជា​លិខិត​ចេញ​ដោយ​លោក​ ស៊ុន ចន្ធី មែន​ឬ​យ៉ាង​ណា។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ លោក​ រ៉ុង ឈុន មាន​ប្រសាសន៍ថា​​ លោក​​នៅ​​មិន​​ទាន់​​អាច​​សន្និដ្ឋាន​បាន​​ថា​ លិខិត​សុំទោស​របស់​លោក ស៊ុន ចន្ធី ពិត​​ជា​​ចេញ​ដោយ​​លោក  ស៊ុន ចន្ធី ផ្ទាល់​ពិត​​មែន​​ឬ​យ៉ាង​​ណាឡើយ​ ព្រោះ​​លិខិត​​នោះ​​មិន​​បាន​​បញ្ជាក់​ពី​កាល​បរិច្ឆេទ និង​មិន​មាន​ការ​បញ្ជាក់​ពី​សាច់​ញាតិ​​ក្រុម​​គ្រួសារ​របស់គាត់​នៅឡើយ។

តែយ៉ាងណា លោកថា ការ​ចេញ​លិខិត​សុំទោស​របស់​លោក ស៊ុន ចន្ធី គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​គាត់​តែ​ប៉ុណ្ណោះ​ មិន​មាន​អ្វី​ប៉ះពាល់​ដល់​គោលនយោបាយ​ ឬ​ការ​ដឹកនាំ​របស់​គណបក្ស​កម្លាំង​ជាតិ​ទេ។

លោក​ រ៉ុង ឈុន ថ្លែងថា​៖ «ចំពោះ[គណបក្ស]​ជំហ​គណបក្ស​អត់​មាន​[បញ្ហា​]អី​ទេ។ ប្រសិន[ជា]ថា លិខិត​ហ្នឹងពិត អាហ្នឹង​គ្រាន់​តែ​ជា​សេរីភាព​របស់​បុគ្គល​ទេ មិន​មែន​ឆ្លុះ​បញ្ចាំង​អំពី​ជំហ​គណបក្ស​នោះ​ទេ»។​

ជា​មួយ​គ្នា​នេះ​ដែរ អ្នកស្រី យាន ស្រីយ៉ាន ភរិយា​របស់​លោក ស៊ុន ចន្ធី លើក​ឡើង​ថា អ្នក​ស្រី​ក៏​មិន​ទាន់​​​ដឹង​​ថា លិខិត​នោះ​ពិត​ជា​របស់​ស្វាមី​ឬ​យ៉ាង​ណា​ឡើយ។

អ្នកស្រីថា​៖ «ខ្ញុំ​ មិន​ដឹង​ថា​លិខិត​[នោះ]ជា​របស់​នរណា[ឡើយ]»។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា​ បានបញ្ជាក់​ថា​ លិខិត​នេះ​ ​​ពិត​ជា​របស់​លោក​ ស៊ុន ចន្ធី ដោយសារក្នុងលិខិត​មាន​​ស្នាម​មេដៃរបស់គាត់ ដោយ​ការ​ចេញលិខិត​នោះគឺធ្វើឡើង​​ដោយ​​ការ​​ស្ម័គ្រ​ចិត្ត​ពិតមែន​ និងគ្មាន​ការ​បង្ខិត​បង្ខំ​ឡើយ។ លោក​បន្ត​ថា មូលហេតុ​ដែល​លិខិត​នោះ​រៀបចំ​សរសេរ​ដោយ​ប្រើ​កុំព្យូទ័រ មិនមែនជាការសរសេរដោយផ្ទាល់ដៃ​​ ព្រោះ​វា​ជា​ការ​ស្ម័គ្រ​ចិត្ត​ព្រមព្រៀង​រវាង​លោក ស៊ុន ចន្ធី និង​មន្រ្តី​មណ្ឌល​ពន្ធនាគារ។

លោកថ្លែង​ថា៖ «ស្នាម​មេដៃ​ដែល​បាន​ផ្តិត​ ពិត​ជា​ស្នាម​មេដៃ​របស់​លោក ស៊ុន ចន្ធី ពិតមែន។ ចំពោះ​ការ​ផ្តិត​នេះ​ យើង​ក៏​បាន​ឱ្យ​គាត់​ពិនិត្យ​មើល​ខ្លឹមសារ​ឃ្លា​ឃ្លោង​នៅ​លើ​ឯកសារ​នេះ​ដែរ មុន​នឹង​គាត់​ផ្តិត​​ដោយ​​ស្ម័គ្រ​​ចិត្ត»។

គួរបញ្ជាក់​ថា លោក ស៊ុន ចន្ធី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​ ៩ព្រឹក គ្រា​ដែល​លោក​ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​វិញ​ ជា​ទី​ដែល​លោក​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​។​ លោក​ ស៊ុន ចន្ធី ត្រូវបានតុលាការ​សម្រេចចោទប្រកាន់ពីបទ ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​​ដល់​សន្តិ​សុខ​សង្គម» និង​ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ​ខេត្តពោធិ៍សាត់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស​កម្លាំងជាតិ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោក  ស៊ុន ចន្ធី នឹង​ត្រូវ​​សាលាឧទ្ធរណ៍រាជធានី​ភ្នំពេញ ​បើកសវនាការ​លើបណ្តឹងសុំនៅក្រៅឃុំ​បណ្តោះអាសន្ន នៅរសៀលថ្ងៃទី១១ ខែមិថុនា ស្អែកនេះ៕​