រាជរដ្ឋាភិបាល បន្តបង្ហាញគោលជំហរនៅក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺអេដស៍ ខណៈបញ្ហានេះត្រូវបានសង្គមស៊ីវិលមើលឃើញថា ការឆ្លងមានការកើនឡើង និងប្រហែលជាមិនអាចទប់ស្កាត់បាន។
អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ លោក ស៊ីម សូផៃ បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះថា រាជរដ្ឋាភិបាលមានមហិច្ឆតាក្នុងការកាត់បន្ថយនូវអត្រាឆ្លងថ្មីនៃមេរោគអេដស៍ឱ្យមកនៅត្រឹមប្រមាណ ២០០នាក់ក្នុងមួយឆ្នាំ ខណៈគិតត្រឹមឆ្នាំ២០២២ នៅមានអ្នកឆ្លងជារៀងរាល់ឆ្នាំប្រមាណ ១ ៤០០នាក់។
លោកមានប្រសាសន៍ថា៖ «ជាន័យបច្ចេកទេសយើងមិនអាចធ្វើឱ្យនៅសូន្យបានទេ ដូចខ្ញុំបានជម្រាបគោលដៅរបស់យើង គឺធ្វើម៉េចឱ្យនៅប្រហែល ២០០នាក់ក្នុងមួយឆ្នាំ បែបហ្នឹងក៏យើងស្ទើរតែអាចសន្មត់ថាបញ្ចប់អេដស៍ដែរ។ […] ពិភពលោក ក៏ដូចជាស្រុកខ្មែរដែរ បញ្ហាអេដស៍ក៏នៅតែជាបញ្ហាមួយដែលរាជរដ្ឋាភិបាល នៅតែបន្តគិតគូរព្រួយបារម្ភរឿងសុខមាលភាពរបស់ប្រជាពលរដ្ឋ»។
បើតាមការប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្រ កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦ ០០០នាក់ គិតត្រឹមឆ្នាំ២០២២ ខណៈអ្នកឆ្លងថ្មីជាប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថាមានប្រមាណ ១ ៤០០នាក់ជារៀងរាល់ឆ្នាំ និងអ្នកស្លាប់ប្រចាំឆ្នាំមានប្រហែល ១ ១០០នាក់។
លោក ស៊ីម សូផៃ បានឱ្យដឹងបន្ថែមថា កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការលុបបំបាត់ការរីករាលដាលនៃការឆ្លងជំងឺអេដស៍ ស្របទៅតាមយុទ្ធសាស្ត្រកម្ពុជា ០.៣ និងយុទ្ធសាស្ត្រសូន្យបីរបស់ពិភពលោក គឺគ្មានការឆ្លងថ្មី គ្មានការស្លាប់ដោយសារមេរោគអេដស៍ និងគ្មានការរើសអើង ជាពិសេសតាមលំអានយុទ្ធសាស្ត្រសកល ៩៥-៩៥-៩៥ គឺអ្នករស់នៅជាមួយមេរោគអេសដ៍ ៩៥%ដឹងពីស្ថានភាពរបស់ខ្លួន ៩៥%បានទទួលការព្យាបាល និង៩៥% គ្មានបរិមាណមេរោគអេដស៍ក្នុងខ្លួន ដែលកម្ពុជាជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីដែលបានទទួលជោគជ័យក្នុងចំណោមប្រទេសទាំង៧លើពិភពលោក។
លោកថា៖ «ដោយការខិតខំប្រឹងប្រែង គិតត្រឹមឆ្នាំ២០២២ រាជរដ្ឋាភិបាលយើងសម្រេចបាន គោលដៅទី១ទើបតែបាន៨៦%ទេ ចំណែកទី២ និងទី៣ គឺយើងធ្វើបានសម្រេចទាំងស្រុងហើយ។ អីដែលជាគោលដៅរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើម៉េចរកឱ្យបានបន្ថែមអ្នកដែលបាត់មុខចន្លោះ១ម៉ឺននាក់ជាង ដែលមិនទាន់ដឹងស្ថានភាពរបស់ខ្លួនហ្នឹង ធ្វើម៉េចអាចឱ្យពួកគាត់មកទទួលសេវា»។
ប្រភពដដែលបន្តថា កម្ពុជាគិតត្រឹមឆ្នាំ២០២២ អត្រានៃអ្នកផ្ទុកមេរោគអេដស៍សរុបធៀបនឹងចំនួនប្រជាពលរដ្ឋសរុបគឺមានត្រឹមតែ កន្លះភាគរយប៉ុណ្ណោះ ដែលអត្រានេះត្រូវបានកត់សម្គាល់ឃើញថាមានការថយចុះជាបន្តបន្ទាប់បើគិតចាប់ពីឆ្នាំ១៩៩៨មក។
នាពេលកន្លងមក រដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈក្នុងការខិតខំបញ្ចប់ការចម្លងជំងឺអេដស៍ឱ្យបានទាំងស្រុង នៅឆ្នាំ២០២៥ មុនគោលដៅកំណត់របស់អង្គការសហប្រជាជាតិរយៈពេល៥ឆ្នាំ ដែលកំណត់នៅឆ្នាំ២០៣០។
ទោះជាយ៉ាងនេះក្តី លោក សឿម សុផល ជាមន្ត្រីគ្រប់គ្រងគម្រោងហ្វុនប៉ាម នៃគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HCCC) បានថ្លែងថា ការដែលចង់លុបបំបាត់ការរីករាលដាលនៃជំងឺអេដស៍នៅឆ្នាំ២០២៥នេះ គឺជារឿងដែលមិនអាចទៅរួច។
លោកថា៖ «វាមិនអាចទៅរួចតែម្តង មិនអាចទៅរួចហ្នឹង ទី១ កត្តាឆ្លងថ្មីមានច្រើន ជាពិសេសគឺក្រុមមនុស្សដែលស្រឡាញ់ភេទដូចគ្នា (MSM) បរិបទនៅស្រុកខ្មែរយើង គឺយើងអត់ទាន់ទទួលស្គាល់ទេថា MSM ហ្នឹងគឺជាប្រភពនៃការចម្លងដ៏ធំមួយសង្គមទូទៅ គឺអត់ស្របទេ។ […] មួយទៀតថវិកាជំនួយនៅក្នុងការដោះស្រាយបញ្ហាមេរោគអេដស៍ហ្នឹង គឺយើងពឹងតែលើជំនួយពីខាងក្រៅ»។
ប៉ុន្តែលោក សឿម សុផល ហាក់ដូចជាបានបង្ហាញសញ្ញាវិជ្ជមានខ្លះៗសម្រាប់កម្ពុជា នៅក្នុងការសម្រេចទៅតាមគោលដៅសកលគឺឆ្នាំ២០៣០។ លោកបានកត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលបានកំណត់ក្រុមគោលដៅសំខាន់រួចហើយ ដោយឡែកបញ្ហាកង្វះធនធាននៅតែបន្តរារាំងដំណើរការនេះ មិនឱ្យសម្រេចកិច្ចការបានឆាប់រហ័សទៅតាមការដែលព្រៀងទុក។
លើសពីនេះទៅទៀត លោក សុផល បានបន្ថែមថា ការម៉ាក់ងាយ និងការរើសអើងអ្នកដែលមានផ្ទុកមេរោគអេដស៍ គឺជាកត្តាមួយទៀតដ៏សំខាន់ ដែលរំខានដល់ការសម្រេចបានតាមគោលដៅរបស់រាជរដ្ឋាភិបាល។
លោកថា៖ «ការមាក់ងាយ ការរើសអើងអ្នកមានផ្ទុកមេរោគអេដស៍ គឺធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាព សុខភាព ការរស់នៅ និងផ្លូវចិត្តរបស់អ្នកមានផ្ទុកមេរោគអេដស៍ ជាពិសេសគឺប្រជាជនគន្លឹះ ដែលជាប្រជាជនងាយរងគ្រោះ។ […] ផលប៉ះពាល់អវិជ្ជមានទាំងនេះ រួមមានការកើនឡើងនៃហានិភ័យនៃការទទួល ឬចម្លងមេរោគអេដស៍ និងអាចឈានទៅដល់ការមានអំពើហិង្សា ភាពខ្វះខាតនិងការកាត់បន្ថយនូវលទ្ធភាពនៅក្នុងការទទួលបានការអប់រំ ទទួលបានការងារ និងភាពយុត្តិធម៌នៅក្នុងសង្គម»។
យោងទៅតាមផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លលើកទី៦ ឆ្នាំ២០២៤ – ២០២៨ អត្រាប្រេវ៉ាឡង់មេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យអាយុចាប់ពី ១៥ឆ្នាំ ដល់៤៩ឆ្នាំ បានថយចុះពី ០.៨% នៅក្នុងឆ្នាំ២០១០ មកត្រឹម ០.៥% នៅឆ្នាំ២០២២។
ចំណែក លោក សាន វណ្ណឌីន នាយកប្រតិបត្តិនៃអង្គការផ្តល់ក្តីមេត្តានៅកម្ពុជា យល់ឃើញស្រដៀងគ្នានេះដែរថា ការសម្រេចគោលដៅប្រយុទ្ធប្រឆាំងអេដស៍ឆ្នាំ២០២៥ ហាក់មិនអាចទៅរួច ដោយសារកង្វះធនធាននៅតាមសហគមន៍ អត្រាឆ្លងនៅតែបន្តកើតមាន និងកង្វះខាតនៅការយល់ដឹង។
លោកថា៖ «បើសិនជាឱ្យសម្រេច១០០%នៅឆ្នាំ២០២៥ខាងមុខនេះ ខ្ញុំគិតថា ដូចជាមិនអាចទៅរួចទេ។ […] ២០៣០អាចដែរ ប៉ុន្តែបើខ្ញុំមើលទៅតាមស្ថានភាពដែលថវិកា ឬក៏សកម្មភាពដែលយើងធ្វើរាល់ថ្ងៃហ្នឹង តាមលុយដែលគេផ្តល់ឱ្យហ្នឹង ខ្ញុំគិតថាបើដល់[សម្រេច]ក៏ពិបាកដែរ»។
លោកបន្តថា៖ «ដោយសារយើងខ្វះធនធាននៅសហគមន៍ ខ្វះបុគ្គលិកបម្រើការងារនៅសហគមន៍ តែមិនមែនខ្វះគ្រូពេទ្យទេ។ ការចម្លង វានៅឆ្លង ហើយការអប់រំយើងមានដែនកំណត់ ការតាមដានរកអ្នកឆ្លងក៏យើងពិបាកដែរ»។
កាលពីថ្ងៃអង្គារ សប្តាហ៍កន្លងទៅ កម្មវិធីរួមរបស់អង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍លើកទី២ ស្តីពីការម៉ាក់ងាយ និងការរើសអើងទាក់ទងនឹងមេរោគអេដស៍របស់អង្គការសហប្រជាជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ដែលមានការចូលរួមពីសំណាក់ភាគីចំនូន៦ប្រទេសរួមមាន កម្ពុជា ថៃ ឡាវ វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន។
ថ្លែងនៅក្នុងវេទិកានោះ នាយកគ្រប់គ្រងថ្នាក់តំបន់នៃអាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីរួមរបស់អង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) លោក Earmonn Murphy បាននិយាយថា ការរួបរួមគ្នាគឺជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដោយសារតែជំងឺនេះមានផលប៉ះពាល់យ៉ាងទូលំទូលាយលើប្រទេសនានាលើសកលលោក។ លោកបន្តថា មេរោគអេដស៍អាចគ្រាន់តែជារឿងមួយនៅក្នុងប្រទេសមួយចំនួន ប៉ុន្តែប្រទេសមួយចំនួនទៀត កំពុងតែមានការរងគ្រោះដ៏ធំធេង ដែលនេះតម្រូវឱ្យមានការចូលរួមពីសហគមន៍ និងការវិនិយោគដែលជាកត្តាមួយសំខាន់នៅក្នុងការសម្រេចឱ្យបាននូវគោលដៅរួមជាសកល៕