លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្រមានជាថ្មីថា ជនទាំងឡាយណាដែលប្រព្រឹត្តអំពើពុករលួយ ក្នុងការជ្រើសរើសមន្ដ្រីរាជការសាធារណៈ នឹងប្រឈមជាមួយការចាត់វិធានការតាមផ្លូវច្បាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា បច្ចុប្បន្ន នៅតែមានករណីសូកប៉ាន់នៅក្នុងការប្រឡងចូលជាមន្ត្រីរាជការ តែយ៉ាងណាក៏ដោយអង្គភាពប្រឆាំងអំពើពុករលួយ នឹងចាត់វិធានការទៅលើករណីនេះ។
លោកមានប្រសាសន៍ថា៖ «មានករណីចង់ស៊ីឡាក់ [ស៊ីសំណូក សូកប៉ាន់] មិនមែនអត់ទេ ប៉ុន្តែត្រូវការចូលរួម និងការអនុវត្តច្បាប់ដោយ ACU [អង្គភាពប្រឆាំងអំពើពុករលួយ] យើងមិនប្រកាស ប៉ុន្តែមានអារឿងស៊ីឡាក់ [ស៊ីសំណូក សូកប៉ាន់]»។
ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងគណៈកម្មការ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមជំរុញការបង្កើតនូវសុក្រឹត្យភាព ដើម្បីធានាឱ្យបាននូវភាពជឿជាក់ក្នុងការប្រឡង និងធានាថាមន្ត្រីដែលជាប់ក្នុងការប្រឡង គឺជាប់ដោយសារសមត្ថភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា៖ «សម័យឥឡូវមិនមែនសម័យដែលប្រឡងមិនជាប់ មន្ដ្រីដាច់ពោះទេ យើងមានជម្រើសផ្សេងច្រើននៅក្នុងការងារ អីចឹងធ្វើម៉េចរួមគ្នាដើម្បីប្រព័ន្ធមួយនេះជោគជ័យ ពិសេសសុំការចូលរួមពីបេក្ខជន និងក្រុមគ្រួសារតែម្ដង […] អ្នកជាប់ គេចេះនិយាយគ្នា អ្នកជាប់គេចេះសួរគ្នា អស់ប៉ុន្មាន? ប្រសិនបើមានរឿងបែបនេះ មិនស្ងាត់ទេ ហេតុអី មន្ត្រីចូលបម្រើរដ្ឋត្រូវចាប់ផ្តើមពីខ្លួនឯង មិនមែនជាការវិនិយោគទេ វិនិយោគកម្លាំងចិត្តកម្លាំងកាយ ខិតខំប្រឹងប្រែងរៀនសូត្រ វិនិយោគអាហ្នឹង មិនត្រូវវិនិយោគរកខ្សែ វិនិយោគរកថវិកាដើម្បីសូកគេនោះទេ ត្រូវវិនិយោគការខិតខំប្រឹងប្រែងដើម្បីធានាបានសុក្រឹត្យភាព និងភាពត្រឹមត្រូវនៃការប្រឡង» ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ មានប្រសាសន៍ថា កន្លងមក អង្គភាពប្រឆាំងអំពើពុករលួយ ក៏ធ្លាប់បានរកឃើញ និងកសាងសំណុំរឿងចំពោះបុគ្គលដែលសូកប៉ាន់ ដើម្បីអាចចូលប្រឡងក្របខណ្ឌមន្ត្រីរាជការផងដែរ។
លោកមានប្រសាសន៍ថា៖ «ពាក់ព័ន្ធការប្រឡងចូលក្របខណ្ឌ អង្គភាពធ្លាប់បានកសាងសំណុំរឿង ព្រមទាំងបញ្ជូនជនសង្ស័យទៅតុលាការរួចមកហើយ ដោយជាប់សង្ស័យពីបទរំលោភអំណាច ដែលជាបទល្មើសពុករលួយ។ បើមានករណីសូកប៉ាន់ចូលក្របខណ្ឌ ហើយអង្គភាពប្រមូលបានភស្តុតាងគ្រប់គ្រាន់ ACU ប្រាកដជាកសាងសំណុំរឿងបញ្ជូនទៅតុលាការ »។
ពាក់ព័ន្ធការប្រឡងជ្រើសរើសក្របខណ្ឌនេះ លោក វិចិត្រ ឱ្យដឹងដែរថា អង្គភាពប្រឆាំងអំពើពុករលួយ មានយុទ្ធសាស្រ្តសំខាន់ៗ ក្នុងការបង្ការទប់ស្កាត់ ក្នុងនោះមានការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងធ្វើជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡង ចាប់តាំងពីដំណាក់កាលតាក់តែងវិញ្ញាសារ ដំណាក់កាលសំណេរ កំណែ បូកពិន្ទុ និងរហូតដល់ការប្រកាសលទ្ធផលស្ថាពរ ព្រមទាំងបំពេញការងារផ្សេងៗមួយចំនួនទៀតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនាមជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល បានអនុវត្តនូវយុទ្ធសាស្រ្តសំខាន់ចំនួន៣ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងនោះរួមមាន ការអប់រំ ការបង្ការទប់ស្កាត់ និងការអនុវត្តច្បាប់។ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយប្រកាន់ខ្ជាប់នូវការរស់នៅប្រកបដោយភាពត្រឹមត្រូវ ស្អាតស្អំ ក្នុងសង្គម។
ចំណែក នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា វិធានការរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយអំពើពុករលួយ និងស៊ីសំណូកសូកប៉ាន់នៅក្នុងការប្រឡង គឺជារឿងល្អ តែការលុបបំបាត់អំពើពុករលួយនៅកម្ពុជា គឺជារឿងពិបាក។
លោកមានប្រសាសន៍ថា៖ «រឿងលុបបំបាត់អំពើពុករលួយនៅកម្ពុជាហ្នឹង យើងពិបាកក្នុងការធ្វើ […]រឿងធំជាងគេការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសការស៊ើបអង្កេត ការឈានទៅដល់ការដាក់បន្ទុកផ្នែកច្បាប់ រាល់បទល្មើសអំពើពុករលួយខ្នាតធំ ដែលប៉ះពាល់ដល់ប្រព័ន្ធដឹកនាំរដ្ឋ ប្រព័ន្ធសេដ្ឋកិច្ច ការអភិវឌ្ឍ ដែលអាចរារាំងការវិនិយោគនៅកម្ពុជា ដែលគួរតែដោះមុនគេ ដោះពីធំមកតូច»។
លោកថា ប្រសិនបើមិនដោះស្រាយបញ្ហាអំពើពុករលួយនៅកម្ពុជានោះទេ ប្រទេសកម្ពុជានឹងមិនមានស្ថេរភាពយូរអង្វែង ព្រមទាំងប៉ះពាល់គ្រប់វិស័យ ទាំងការរើសថ្នាក់ដឹកនាំប្រកបដោយតម្លាភាព និងសុចរិតភាព និងរារាំងការអនុវត្តច្បាប់ ប៉ះពាល់សេដ្ឋកិច្ច ការប្រមូលលុយចូលរដ្ឋមិនគ្រប់គ្រាន់ដោយសារការកិបកេង និងកេងប្រវ័ញ្ចជាដើម។
លោកថ្លែងបន្តថា៖ «រឿងដែលធំជាងគេ អំពើពុករលួយនាំឱ្យមានអយុត្តិធម៌នៅក្នុងសង្គម ភាពមិនស្មើភាពគ្នា ការបែងចែកអ្នកមានអ្នកក្រ អ្នកមានកាន់តែមាន អ្នកក្រកាន់តែក្រ គឺដោយសារអំពើពុករលួយហ្នឹងរារាំងដល់ការធ្វើកម្មវិធីជាតិសំខាន់ៗ ហើយនិងជាពិសេសគឺអ្នកក្ររងគ្រោះជាងគេនៃអំពើពុករលួយហ្នឹង»។
យោងតាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា ស្តីពី សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅឆ្នាំ២០២០ ជាប់ចំណាត់ថ្នាក់លេខ១៦០, នៅឆ្នាំ២០២១ ជាប់ចំណាត់ថ្នាក់លេខ១៥៧, នៅឆ្នាំ២០២២ ជាប់ចំណាត់ថ្នាក់លេខ១៥០ និងឆ្នាំ២០២៣ ជាប់ចំណាត់ថ្នាក់លេខ១៥៨ ក្នុងចំណោមប្រទេសចំនួន១៨០ នៅទូទាំងពិភពលោក។ តាមរយសន្ទស្សន៍នេះ បង្ហាញថា កម្ពុជាត្រូវបានចាត់ថ្នាក់ក្នុងសន្ទស្សន៍ពុករលួយខ្លាំងតាំងពីឆ្នាំ២០១២មក៕