លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្រមានជាថ្មីថា​ ជន​ទាំង​ឡាយ​ណាដែ​ល​ប្រព្រឹត្តអំពើពុករលួយ ក្នុងការជ្រើសរើសមន្ដ្រីរាជការសាធារណៈ នឹងប្រឈមជាមួយការចាត់វិធានការតាមផ្លូវច្បាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ។

ក្នុង​ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទ​រដ្ឋបាល រាជធានីភ្នំពេញ នៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា បច្ចុប្បន្ន នៅតែមានករណីសូកប៉ាន់នៅក្នុងការប្រឡងចូលជាមន្ត្រីរាជការ តែយ៉ាង​ណាក៏​ដោយ​អង្គភាព​ប្រឆាំងអំពើពុករលួយ នឹងចាត់វិធានការទៅលើករណីនេះ។

លោកមានប្រសាសន៍ថា៖ «មានករណីចង់ស៊ីឡាក់ [ស៊ីសំណូក សូកប៉ាន់] មិនមែនអត់ទេ ប៉ុន្តែត្រូវការចូលរួម និងការអនុវត្តច្បាប់ដោយ ACU [អង្គភាពប្រឆាំងអំពើពុករលួយ] យើងមិនប្រកាស ប៉ុន្តែមានអារឿងស៊ីឡាក់ [ស៊ីសំណូក សូកប៉ាន់]»។

ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងគណៈកម្មការ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួម​ជំរុញការបង្កើតនូវសុក្រឹត្យភាព ដើម្បីធានា​ឱ្យ​បាន​នូវភាពជឿជាក់ក្នុងការ​ប្រឡង និង​ធានាថាមន្ត្រីដែលជាប់ក្នុងការប្រឡង គឺជាប់ដោយសារសមត្ថភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែងបន្តថា៖ «សម័យឥឡូវ​មិនមែនសម័យដែលប្រឡងមិនជាប់ មន្ដ្រីដាច់​ពោះទេ យើងមានជម្រើសផ្សេងច្រើននៅក្នុងការងារ អីចឹងធ្វើម៉េច​រួមគ្នាដើម្បីប្រព័ន្ធមួយនេះជោគជ័យ ពិសេសសុំការចូល​រួម​ពី​បេក្ខជន និងក្រុមគ្រួសារតែម្ដង ​[…] អ្នកជាប់ គេចេះនិយាយគ្នា អ្នកជាប់គេចេះសួរគ្នា អស់ប៉ុន្មាន? ប្រសិនបើមានរឿងបែបនេះ មិនស្ងាត់ទេ ហេតុអី មន្ត្រីចូលបម្រើរដ្ឋត្រូវចាប់ផ្តើមពីខ្លួនឯង មិនមែនជាការវិនិយោគទេ វិនិយោគកម្លាំងចិត្តកម្លាំង​កាយ ខិតខំប្រឹងប្រែងរៀនសូត្រ វិនិយោគអាហ្នឹង​ មិនត្រូវវិនិយោគរកខ្សែ វិនិយោគរកថវិកាដើម្បីសូកគេនោះទេ ត្រូវវិនិយោគការខិតខំប្រឹងប្រែងដើម្បីធានាបានសុក្រឹត្យភាព និងភាពត្រឹមត្រូវនៃការប្រឡង» ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ មានប្រសាសន៍ថា កន្លងមក អង្គ​ភាពប្រឆាំងអំពើពុករលួយ ក៏ធ្លាប់បានរកឃើញ និងកសាងសំណុំរឿងចំពោះបុគ្គលដែលសូកប៉ាន់ ដើម្បីអាចចូលប្រឡងក្របខណ្ឌមន្ត្រីរាជការផងដែរ។

លោកមានប្រសាសន៍ថា៖ «ពាក់ព័ន្ធការប្រឡងចូលក្របខណ្ឌ អង្គភាពធ្លាប់បានកសាងសំណុំរឿង ព្រមទាំងបញ្ជូនជន​សង្ស័យទៅតុលាការរួចមកហើយ ដោយជាប់សង្ស័យពីបទរំលោភអំណាច ដែលជាបទល្មើសពុករលួយ។ បើមានករណីសូក​ប៉ាន់​ចូល​ក្របខណ្ឌ ហើយអង្គភាពប្រមូលបានភស្តុតាងគ្រប់គ្រាន់ ACU ប្រាកដជាកសាងសំណុំរឿងបញ្ជូនទៅតុលាការ »។

ពាក់ព័ន្ធការប្រឡងជ្រើសរើសក្របខណ្ឌនេះ លោក វិចិត្រ ឱ្យដឹងដែរថា អង្គភាពប្រឆាំងអំពើពុករលួយ មានយុទ្ធសាស្រ្តសំខាន់ៗ ក្នុងការបង្ការទប់ស្កាត់ ក្នុងនោះមាន​ការ​សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និង​ធ្វើជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡង ចាប់តាំងពីដំណាក់កាលតាក់​តែង​វិញ្ញាសារ ដំណាក់​កាល​សំណេរ កំណែ បូកពិន្ទុ និងរហូតដល់ការប្រកាសលទ្ធផលស្ថាពរ ព្រមទាំង​បំពេញការងារផ្សេងៗមួយចំនួនទៀតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនាមជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល បានអនុវត្តនូវយុទ្ធសាស្រ្តសំខាន់ចំនួន៣ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងនោះរួមមាន ការ​អប់រំ ការបង្ការទប់ស្កាត់ និងការអនុវត្តច្បាប់។ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាប្រយុទ្ធ​ប្រឆាំងអំពើពុករលួយ ដោយប្រកាន់ខ្ជាប់នូវ​ការរស់នៅប្រកបដោយភាពត្រឹមត្រូវ ស្អាតស្អំ ក្នុងសង្គម។

ចំណែក នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា វិធាន​ការរបស់​រដ្ឋាភិបាល ក្នុងការកាត់បន្ថយអំពើពុករលួយ និងស៊ីសំណូកសូកប៉ាន់នៅក្នុងការប្រឡង គឺជារឿងល្អ តែ​ការលុបបំបាត់អំពើពុករលួយនៅកម្ពុជា គឺជារឿងពិបាក។

លោកមានប្រសាសន៍ថា៖ «រឿងលុបបំបាត់អំពើពុករលួយនៅកម្ពុជាហ្នឹង យើងពិបាកក្នុងការធ្វើ […]រឿងធំជាងគេការ​អនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសការស៊ើបអង្កេត ការឈានទៅដល់ការដាក់បន្ទុកផ្នែកច្បាប់ រាល់បទល្មើសអំពើពុករលួយខ្នាតធំ​ ដែលប៉ះពាល់ដល់ប្រព័ន្ធដឹកនាំរដ្ឋ ប្រព័ន្ធសេដ្ឋ​កិច្ច ការអភិវឌ្ឍ ដែល​អាចរារាំងការវិនិយោគនៅកម្ពុជា ដែលគួរតែដោះមុនគេ ដោះពីធំមកតូច»។

លោកថា ប្រសិនបើមិនដោះស្រាយបញ្ហាអំពើពុករលួយនៅកម្ពុជានោះទេ ប្រទេសកម្ពុជានឹងមិនមានស្ថេរភាពយូរអង្វែង ព្រមទាំងប៉ះពាល់គ្រប់វិស័យ ទាំងការរើសថ្នាក់ដឹកនាំប្រកបដោយតម្លាភាព និងសុចរិតភាព និងរារាំងការអនុវត្តច្បាប់ ប៉ះពាល់សេដ្ឋកិច្ច ការប្រមូលលុយចូលរដ្ឋមិនគ្រប់​គ្រាន់​ដោយ​សារការកិបកេង និងកេងប្រវ័ញ្ចជាដើម។

លោកថ្លែងបន្តថា៖ «រឿងដែលធំជាងគេ អំពើពុករលួយនាំឱ្យមានអយុត្តិធម៌នៅក្នុងសង្គម ភាពមិនស្មើភាពគ្នា ការបែងចែកអ្នកមានអ្នកក្រ អ្នកមានកាន់តែមាន អ្នកក្រកាន់តែក្រ គឺដោយសារអំពើពុករលួយហ្នឹងរារាំងដល់ការធ្វើកម្មវិធីជាតិសំខាន់ៗ ហើយនិង​ជាពិសេសគឺអ្នកក្ររងគ្រោះជាងគេនៃអំពើពុករលួយហ្នឹង»។

យោងតាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា ស្តីពី សន្ទស្សន៍នៃការយល់​ឃើញ​ពី​អំពើពុករលួយនៅ​ឆ្នាំ​​២០២០ ជាប់ចំណាត់ថ្នាក់​លេខ​១៦០, ​នៅ​ឆ្នាំ​២០២១ ជាប់ចំណាត់ថ្នាក់លេខ​១៥៧,​ នៅ​​ឆ្នាំ​២០២២ ជាប់ចំណាត់ថ្នាក់​​​​លេខ​​១៥០​ និង​ឆ្នាំ​២០២៣​ ជាប់ចំណាត់ថ្នាក់​លេខ​១៥៨ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ ​នៅ​ទូទាំង​ពិភព​លោក។ តាមរយសន្ទស្សន៍នេះ បង្ហាញថា កម្ពុជា​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​សន្ទស្សន៍​ពុក​រលួយ​ខ្លាំង​តាំង​ពី​ឆ្នាំ​២០១២​មក៕