សង្គមស៊ីវិលមួយចំនួន ជំរុញឱ្យអាជ្ញាធរបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើសុវត្ថិភាពទូកចម្លងឆ្លងស្ទឹង ឬទន្លេ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ ខណៈករណីលិចទូកចម្លងនៅតែកើតមានឡើងជាបន្តបន្ទាប់។
ការលើកឡើងនេះ ធ្វើឡើងក្រោយពីហេតុការណ៍លិចទូកចម្លងនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បណ្តាលឱ្យក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ស្លាប់។ បើតាមអាជ្ញាធរទូកចម្លងឆ្លងស្ទឹងនោះ មានសិស្សប្រុសស្រីចំនួន ១៥នាក់ បានជិះនៅលើទូកនោះ ខណៈពេលដែលពួកគេត្រឡប់ពីសាលារៀនទៅផ្ទះវិញ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ(Licadho) លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ថា ករណីលិចទូកនេះ ជាការធ្វេសប្រហែសរបស់អាជ្ញាធរមូលដ្ឋាន ដោយសារតែករណីលិចទូកនេះ ក៏ធ្លាប់កើតឡើងផងដែរ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បណ្តាលឱ្យស្លាប់សិស្សជាច្រើននាក់រួចមកហើយ។
លោកថា៖ «ហើយរដ្ឋាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់មន្ត្រីសាធារណការ និងដឹកជញ្ជូនតាមខេត្ត អាជ្ញាធរមូលដ្ឋាន និងម្ចាស់ទូកចម្លងពីការទទួលខុសត្រូវសុវត្ថិភាព សិស្ស និងអ្នកជិះ ដោយឱ្យអាជ្ញាធរមូលដ្ឋានជាអ្នកតាមដាន និងពិនិត្យមើលគ្រប់ទូកចម្លងសិស្ស និងអ្នកដំណើរ ដើម្បីចៀសវាងហានិភ័យដែលកើតឡើងទៀត។ ដូច្នេះករណីលិចទូចចម្លងនេះ គឺជាការធ្វេសប្រហែស និងការមិនយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន»។
ករណីនេះ លោកស្នើក្រសួងពាក់ព័ន្ធ មានវិធានការលើម្ចាស់ទូកចម្លង ឱ្យគោរពតាមគោលការណ៍សុវត្ថិភាព ហើយអាជ្ញាធរមូលដ្ឋានគួរតែត្រួតពិនិត្យ និងតាមដានលើទូកចម្លងទាំងអស់។
លោក អំ សំអាត បន្ថែមថា៖ «បើមិនគោរពតាមគោលការណែនាំគួរចាត់វិធានការតាមច្បាប់ និងគួរពិនិត្យមើលទូកចម្លងសិស្សជាប្រចាំនៅពេលវេលាម៉ោងសិស្សឆ្លងទៅរៀន និងត្រលប់ទៅផ្ទះ ដូចករណីអាជ្ញារធរជួយសម្រួលចរាចរណ៍ពេលសិស្សចេញពីសាលារៀន»។
ចំណែកឯ នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា ករណីលិចទូកចម្លងដែលតែងតែកើតមានឡើងនេះ គឺដោយសារកង្វះការត្រួតពិនិត្យសុវត្ថិភាពពីសំណាក់អាជ្ញាធរ។
លោកថា៖ «បើតាមខ្ញុំមើលទៅ រឿងទាំងអស់ហ្នឹងវាសុទ្ធតែខ្វះការត្រួតពិនិត្យលើទូកចម្លងអីផ្សេងៗ កន្លងមកយើងអត់បានធ្វើការត្រួតពិនិត្យបានត្រឹមត្រូវ តើមានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវអត់? សម្រាប់ពេលណាដែលជួបគ្រោះថ្នាក់តើអាចមានឧបករណ៍ជួយសង្គ្រោះអីអត់? អញ្ចឹងហើយបានជាមានបញ្ហាជាញឹកញាប់»។
លោកស្នើឱ្យអាជ្ញាធរត្រូវត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពទូក និងការត្រៀមសង្គ្រោះ ក្នុងករណីមានការលិចទូកជាយថាហេតុ។
លោក យង់ គិមអេង បន្ថែមថា៖ «រឿងអស់ហ្នឹងមិនមែនជារឿងថ្មីទេ ហើយអាជ្ញាធរដែនដីដែលមានទូកដ ទូកចម្លងហ្នឹង គួរតែត្រួតពិនិត្យសុវត្ថិភាពឱ្យបានច្បាស់លាស់ ឱ្យបានហ្មតចត់ បើមិនអញ្ចឹងទេ ករណីហ្នឹងនៅតែកើតឡើងដដែលៗ[…] ទី១ គាត់ត្រូវមើលពីប្រព័ន្ធសុវត្ថិភាពរបស់ទូកដទូកចម្លងហ្នឹង ទី២គាត់អាចមើលថាតើមានពោងសុវត្ថិភាពដែលអាចជួយសង្គ្រោះបានអត់? ហើយរឿងទី៣ គាត់អាចពិនិត្យមើលលទ្ធភាពរបស់ទូក ពីចំណុះមិនមែនចេះតែដាក់ៗ អត់គិតពីបញ្ហាសុវត្ថិភាព អាហ្នឹងវាជារឿងមួយដែលសំខាន់»។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ខាងអាជ្ញាធរនឹងពង្រឹងបន្ថែមទៅលើបញ្ហានេះដោយធ្វើការអប់រំណែនាំទៅលើអ្នកជិះនិងអ្នកផ្តល់សេវា។
លោកបន្តថា៖ «កន្លងមកអ្នកផ្តល់សេវាហ្នឹងយើងក៏ធ្លាប់ចែកពោងឱ្យគាត់ដែរ[…] កន្លងទៅ គាត់ពាក់ដែរ តែលើកនេះដូចគាត់ថាអាងមិនអីៗតាមមើល ហើយទឹកវានៅរាក់ផងចឹងគាត់អត់ពាក់ តាមពិតពោងបានចែកជូនគាត់រួចហើយ ចឹងយើងនឹងព្យាយាមអប់រំឱ្យយល់បន្ថែមទៀត»។
ជុំវិញករណីលិចទូចម្លងនៅខេត្តកំពង់ធំនេះដែរ លោក ឃួន វុទ្ធី អធិការនៃអធិការដ្ឋានស្រុកប្រាសាទសំបូរ មានប្រសាសន៍ថា មូលហេតុដែលនាំឱ្យមានឧបទ្ទវហេតុនេះកើតឡើង បណ្តាលមកពីម្ចាស់ទូកធ្វេសប្រហែស ដោយមិនដាក់អាវពោងតាមទូក និងដាក់សិស្សលើសចំណុះ។ លោកបន្តថា ក្រោយកើតហេតុនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនស្ត្រីជាម្ចាស់ទូកចម្លង ម្នាក់ឈ្មោះ សឿន យូន អាយុ ៤០ឆ្នាំ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
បើតាមអធិការរូបនេះ នៅកំពង់ចម្លងនោះ មានទូកដចំនួនមាន៤ ដោយឆ្លាស់វេនគ្នា ដើម្បីចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងតំបន់នោះ។
លោក ឃួន វុទ្ធី បានគូសបញ្ជាក់ថា៖ «ខ្ញុំបានណែនាំដល់ទូក៣ទៀត ដែលមិនទាន់ឧបទ្ទវហេតុកើតឡើងហ្នឹង ចាប់ពីថ្ងៃនេះទៅ ដាក់ពោងឱ្យជាប់ ហើយពិនិត្យមើលទូក បើទូកនោះចាស់ទ្រុឌទ្រោម យើងកុំប្រើប្រាស់ ហើយដាក់ចំណុះឱ្យសមរម្យ»។
កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោយឧបទ្ទវហេតុលិចទូកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពី វិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ពេលធ្វើដំណើរទៅមកសាលារៀន សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។
សេចក្ដីណែនាំ បន្តថា ជារៀងរាល់ឆ្នាំ សិស្សនិងបុគ្គលិកអប់រំមួយចំនួន បានរងគ្រោះក្នុងអំឡុងពេលធ្វើដំណើរមកកាន់សាលារៀនទាំងមធ្យោបាយធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ជាពិសេសនៅរដូវវស្សា និងអំឡុងពេលទឹកជំនន់។
ដើម្បីកាត់បន្ថយផលប៉ះពាល់ និងគ្រោះថ្នាក់ដែលអាចកើតមានក្នុងអំឡុងពេលធ្វើដំណើរមកសាលារៀន ក្រសួងអប់រំ បានណែនាំដល់មន្ទីរអប់រំ អាជ្ញាធរដែនដី និងអាណាព្យាបាល ត្រូវតាមដានរាល់ការព្យាករអាកាសធាតុ ហើយត្រូវពិនិត្យមើលកម្រិតហានិភ័យដែលនឹងអាចកើតមាន និងត្រូវណែនាំឱ្យកែលម្អដល់ម្ចាស់អាជីវកម្ម និងអ្នកបញ្ជាមធ្យោបាយដឹកជញ្ជូនសិស្ស និងបុគ្គលិកអប់រំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ និងមានការទទួលខុសត្រូវខ្ពស់។ ដោយឡែកសម្រាប់ទូក ឬកាណូត ត្រូវបំពាក់ឧបករណ៍សុវត្ថិភាព ឬអាវពោងសុវត្ថិភាព និងកុំដឹកលើសចំណុះ ឬបញ្ជាលើសល្បឿន។ គួរបញ្ជាក់ថា ករណីលិចទូកចម្លងនៅខេត្តកំពង់ធំនេះ ជាសោកនាដកម្មលិចទូកមួយករណីថ្មីទៀត បន្ទាប់ពីសោកនាដកម្មលិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ នៅក្នុងឧប្បត្តិហេតុលិចទូកនោះ បានធ្វើឱ្យកុមារជាសិស្សចំនួន ១១នាក់ ក្នុងចំណោម១៥នាក់ បាត់បង់ជីវិត ខណៈពេលដែលពួកគេជិះទូកត្រឡប់ពីសាលារៀនមកផ្ទះគេវិញ៕