សង្គមស៊ីវិលមួយចំនួន ជំរុញ​ឱ្យ​អាជ្ញាធរបង្កើន​ការ​​យក​ចិត្តទុកដាក់​បន្ថែម​ទៀត​ ទៅ​លើ​សុវត្ថិភាព​ទូកចម្លង​​ឆ្លង​​ស្ទឹង​ ឬទន្លេ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ ខណៈករណីលិចទូកចម្លងនៅតែកើតមានឡើងជាបន្តបន្ទាប់។

ការលើកឡើងនេះ ធ្វើឡើងក្រោយពីហេតុការណ៍លិចទូកចម្លងនៅស្រុក​ប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បណ្តាលឱ្យ​​ក្មេងស្រី​អាយុ ១៣​ឆ្នាំ​ម្នាក់ស្លាប់។ បើតាម​អាជ្ញាធរ​ទូកចម្លងឆ្លងស្ទឹងនោះ មាន​សិស្ស​ប្រុសស្រីចំនួន ១៥នាក់ បាន​ជិះនៅលើទូក​នោះ ខណៈពេលដែល​ពួកគេ​ត្រឡប់​​ពីសាលា​រៀនទៅផ្ទះវិញ។

​នាយកទទួលបន្ទុក​កិច្ចការ​ទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ(Licadho) លោក អំ សំអាត មាន​ប្រសាសន៍នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤​​​ថា ករណី​លិច​ទូក​នេះ ជាការ​ធ្វេស​ប្រហែសរបស់​អាជ្ញាធរ​មូលដ្ឋាន ដោយសារតែករណីលិចទូកនេះ ក៏ធ្លាប់កើតឡើងផងដែរ នៅ​ឃុំកំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្ត​កណ្តាល បណ្តាលឱ្យស្លាប់សិស្សជាច្រើននាក់រួចមកហើយ។

លោក​ថា៖ «ហើយរដ្ឋាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់មន្ត្រីសាធារណការ និង​ដឹកជញ្ជូន​តាម​ខេត្ត អាជ្ញាធរមូលដ្ឋាន និងម្ចាស់ទូកចម្លង​ពីការទទួលខុសត្រូវសុវត្ថិភាព សិស្ស និងអ្នកជិះ ដោយឱ្យអាជ្ញាធរ​មូល​ដ្ឋាន​ជា​អ្នក​តាម​ដាន និង​ពិនិត្យមើលគ្រប់ទូកចម្លង​សិស្ស និងអ្នកដំណើរ ដើម្បីចៀសវាងហានិភ័យដែលកើតឡើងទៀត។ ដូច្នេះករណីលិចទូចចម្លង​នេះ គឺជាការធ្វេសប្រហែស និងការមិនយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន»។

ករណីនេះ លោកស្នើ​ក្រសួងពាក់ព័ន្ធ​​ មានវិធានការលើម្ចាស់ទូកចម្លង ឱ្យ​គោរពតាមគោល​ការណ៍​សុវត្ថិភាព​ ហើយអាជ្ញាធរមូលដ្ឋានគួរតែត្រួតពិនិត្យ និងតាមដាន​លើ​ទូក​ចម្លង​ទាំង​អស់។

លោក​ អំ សំអាត បន្ថែម​ថា៖‌‌ «បើមិនគោរពតាមគោលការណែនាំគួរចាត់វិធានការតាមច្បាប់ និងគួរពិនិត្យមើលទូកចម្លងសិស្សជាប្រចាំនៅពេលវេលាម៉ោងសិស្សឆ្លងទៅរៀន និងត្រលប់ទៅផ្ទះ ដូចករណីអាជ្ញារធរជួយសម្រួលចរា​ចរណ៍​ពេល​សិស្ស​ចេញពីសាលារៀន»។

ចំណែកឯ នាយកប្រតិបត្តិ​មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិម​អេង សង្កេត​ឃើញ​ថា ករណី​លិច​ទូក​ចម្លង​ដែលតែងតែកើតមានឡើងនេះ គឺដោយសារកង្វះ​ការត្រួតពិនិត្យសុវត្ថិភាពពីសំណាក់អាជ្ញាធរ។

លោក​ថា៖ «បើតាមខ្ញុំមើលទៅ រឿងទាំងអស់ហ្នឹងវាសុទ្ធតែខ្វះការត្រួតពិនិត្យលើទូកចម្លងអីផ្សេងៗ កន្លងមកយើងអត់បាន​ធ្វើការ​ត្រួត​ពិនិត្យ​បាន​ត្រឹម​ត្រូវ តើមានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវអត់? សម្រាប់​ពេល​ណាដែល​ជួប​គ្រោះថ្នាក់តើអាចមាន​ឧបករណ៍​ជួយសង្គ្រោះអីអត់? អញ្ចឹងហើយបានជាមានបញ្ហាជាញឹកញាប់»។

លោកស្នើឱ្យអាជ្ញាធរត្រូវត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពទូក និងការត្រៀមសង្គ្រោះ ក្នុង​​ករណីមានការ​លិច​ទូកជាយថាហេតុ។

លោក​ យង់ គិមអេង បន្ថែមថា៖ «រឿងអស់ហ្នឹងមិនមែនជារឿងថ្មីទេ ហើយអាជ្ញាធរដែនដីដែលមានទូកដ ទូកចម្លងហ្នឹង គួរតែត្រួតពិនិត្យសុវត្ថិភាពឱ្យបានច្បាស់លាស់ ឱ្យបានហ្មតចត់ បើមិនអញ្ចឹងទេ ករណីហ្នឹងនៅតែកើតឡើងដដែលៗ[…] ទី១ គាត់ត្រូវមើលពីប្រព័ន្ធសុវត្ថិភាពរបស់ទូកដទូកចម្លងហ្នឹង ទី២គាត់អាចមើលថាតើមានពោង​សុវត្ថិភាពដែល​អាច​ជួយ​សង្គ្រោះបានអត់? ហើយរឿងទី៣ គាត់អាចពិនិត្យមើលលទ្ធភាពរបស់ទូក ពីចំណុះមិនមែនចេះតែដាក់ៗ អត់​គិតពីបញ្ហាសុវត្ថិភាព អាហ្នឹងវាជារឿងមួយដែលសំខាន់»។

លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ មាន​ប្រសាសន៍​ថា ខាង​អាជ្ញាធរ​នឹង​ពង្រឹង​បន្ថែម​ទៅលើ​បញ្ហា​នេះដោយ​ធ្វើការអប់រំណែនាំទៅលើអ្នកជិះនិងអ្នកផ្តល់សេវា។

លោកបន្តថា៖ «កន្លងមកអ្នកផ្តល់សេវាហ្នឹងយើងក៏ធ្លាប់ចែកពោងឱ្យ​​គាត់ដែរ[…] កន្លងទៅ​ គាត់​ពាក់ដែរ តែ​លើកនេះ​ដូច​គាត់ថា​អាង​មិន​អីៗ​តាម​មើល ហើយ​ទឹក​វា​នៅរាក់ផង​ចឹង​គាត់​អត់​ពាក់ តាម​ពិត​ពោងបានចែកជូនគាត់រួចហើយ ចឹង​យើង​នឹង​ព្យាយាមអប់រំឱ្យ​យល់បន្ថែមទៀត»។

ជុំវិញករណីលិចទូចម្លងនៅខេត្តកំពង់ធំនេះដែរ លោក ឃួន វុទ្ធី អធិការនៃអធិការ​ដ្ឋាន​ស្រុកប្រាសាទ​សំបូរ មានប្រសាសន៍ថា​ មូល​ហេតុ​ដែ​ល​នាំឱ្យមានឧបទ្ទវហេតុនេះកើតឡើង បណ្តាល​មក​ពី​ម្ចាស់ទូកធ្វេស​ប្រហែស ដោយ​​មិនដាក់អាវពោងតាមទូក និង​ដាក់សិស្ស​​លើស​​ចំណុះ។ លោក​បន្តថា ក្រោយ​កើតហេតុនេះ សមត្ថកិច្ច​បាន​ចាប់ឃាត់ខ្លួនស្ត្រីជា​​ម្ចាស់ទូកចម្លង ម្នាក់​ឈ្មោះ សឿន យូន អាយុ ៤០ឆ្នាំ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

បើតាម​អធិការ​រូបនេះ នៅកំពង់ចម្លងនោះ មាន​ទូកដចំនួន​មាន៤ ដោយ​ឆ្លាស់វេនគ្នា​ ដើម្បីចម្លងប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​នៅក្នុងតំបន់នោះ។

លោក​ ឃួន វុទ្ធី បានគូសបញ្ជាក់​​ថា៖ «ខ្ញុំបានណែនាំដល់​​ទូក​​៣​ទៀត ដែល​មិន​ទាន់​ឧបទ្ទវ​ហេតុ​កើ​ត​ឡើង​ហ្នឹង ចាប់​ពី​ថ្ងៃនេះទៅ ដាក់ពោងឱ្យជាប់ ហើយពិនិត្យមើលទូក បើទូកនោះចាស់ទ្រុឌទ្រោម យើងកុំប្រើប្រាស់ ហើយដាក់ចំណុះឱ្យសមរម្យ»។

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោយឧបទ្ទវហេតុ​លិច​​ទូកនេះ​​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ចេញ​សេចក្ដីណែនាំ ​ស្ដីពី ​វិធានការ​បង្ការ​ និង​ទប់​ស្កាត់​គ្រោះថ្នាក់​ពេល​ធ្វើដំណើរ​ទៅ​មក​សាលារៀន​ សម្រាប់​បុគ្គលិក​អប់រំ ​និង​សិស្សានុសិស្ស​។​

​សេចក្ដីណែនាំ​ បន្តថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​សិស្ស​​និង​បុគ្គលិក​អប់រំ​មួយ​ចំនួន ​បាន​រងគ្រោះ​ក្នុង​អំឡុង​​ពេល​ធ្វើ​ដំណើរ​មកកាន់​សាលារៀន​ទាំង​មធ្យោបាយ​​ធ្វើដំណើរ​តាម​ផ្លូវ​គោក​ និង​ផ្លូវទឹក​ ​ជាពិសេស​នៅ​រដូវវស្សា​ ​និង​អំឡុង​ពេល​ទឹកជំនន់​។​

​​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ និង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​មក​សាលា​រៀន​ ​ក្រសួង​អប់រំ ​បាន​ណែនាំ​ដល់មន្ទីរអប់រំ​ ​​អាជ្ញាធរ​ដែនដី​ ​និង​អាណាព្យាបាល​ ​ត្រូវ​តាមដាន​រាល់​ការ​ព្យាករ​អាកាសធាតុ​ ​ហើយ​ត្រូវ​ពិនិត្យមើល​ក​ម្រិត​ហានិភ័យ​ដែល​នឹង​អាច​កើតមាន​ ​និង​ត្រូវ​ណែនាំ​ឱ្យ​កែ​លម្អ​ដល់​ម្ចាស់​អាជីវកម្ម​ ​និង​អ្នកបញ្ជា​មធ្យោបាយ​ដឹកជញ្ជូន​សិស្ស​ ​និង​​បុគ្គលិក​អប់រំ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​គោរពច្បាប់​ចរាចរណ៍​ ​និង​មាន​ការទទួល​ខុស​ត្រូវ​ខ្ពស់​។​ ​ដោយឡែក​សម្រាប់​ទូក​ ​ឬ​កាណូត​ ​ត្រូវ​បំពាក់​ឧបករណ៍​សុវត្ថិភាព​ ​ឬ​អាវ​ពោង​សុវត្ថិភាព​ ​និង​កុំ​ដឹក​លើសចំណុះ​ ​ឬ​បញ្ជា​លើស​ល្បឿន​។ គួរបញ្ជាក់ថា ករណីលិចទូកចម្លងនៅខេត្តកំពង់ធំនេះ ​ជា​សោកនាដកម្ម​លិច​ទូក​​មួយ​​ករណី​ថ្មី​ទៀត ​បន្ទាប់ពី​សោកនាដកម្ម​លិច​ទូក​នៅ​ភូមិ​កោះ​ចំរើន​ ​ឃុំ​កំពង់​ភ្នំ​ ​ស្រុក​លើ​ក​ដែក​ ​ខេត្ត​កណ្ដាល​ ​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែ​តុលា​ ​ឆ្នាំ​២០២២​។​ ​នៅ​ក្នុង​ឧប្បត្តិហេតុ​លិច​ទូក​នោះ បាន​​ធ្វើ​​ឱ្យ​កុមារ​​ជា​សិស្ស​ចំនួន ​១​១​នាក់ ​ក្នុងចំណោម​១​៥​នាក់​​ បាត់បង់ជីវិត​ ​ខណៈ​ពេល​ដែល​ពួកគេ​ជិះទូក​ត្រឡប់​ពី​សាលារៀន​មក​ផ្ទះ​គេ​វិញ​៕