ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ណែនាំជាថ្មីដល់ក្រុមហ៊ុនផលិត និងនាំចូលគ្រឿងស្រវឹង កាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ខណៈលោកសង្កេតឃើញថា ក្រុមហ៊ុនមួយចំនួនផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងច្រើនលើសលប់ពេក ដែលធ្វើឱ្យជះផលអវិជ្ជមានដល់សង្គម។
ក្នុងពិធីចុះហត្ថលេខាក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត ភក្ត្រា មានប្រសាសន៍ថា ស្របពេលមានការរីកចម្រើននៃឧស្សាហកម្មគ្រឿងស្រវឹង ដែលបានផ្តល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច ប៉ុន្តែឧស្សាហកម្មគ្រឿងស្រវឹងនេះ ក៏បានជះឥទ្ធិពលអវិជ្ជមានត្រឡប់មកវិញដល់សេដ្ឋកិច្ច សង្គម និងវប្បធម៌ប្រពៃណីជាតិផងដែរ តាមរយៈការផ្សាយពាណិជ្ចកម្មគ្រឿងស្រវឹងយ៉ាងគគ្រឹគគគ្រេងតាមប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញទំនាក់ទំនងសង្គម។
លោកបានកត់សម្គាល់ផងដែរថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងខ្លះ បានជំរុញឱ្យអតិថិជន ជាពិសេសយុវជន ឈ្លក់វង្វេងក្នុងការទទួលទានគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ជាដើម។
លោកបន្តថា៖ «ការប្រើប្រាស់គ្រឿងស្រវឹងនាំឱ្យកើតចេញជាបញ្ហាផ្សេងៗ ដូចជា គ្រោះថ្នាក់ចរាចរណ៍ ការជំរុញដល់ការសេពគ្រឿងញៀន ការជួញដូរផ្លូវភេទ និងការឆ្លងមេរោគអេដស៍ជាដើម»។
ករណីនេះ លោក នេត្រ ភក្ត្រា បានជំរុញដល់ក្រុមហ៊ុនទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារនិងការធ្វើទំនាក់ទំនងពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹង និងបទប្បញ្ញត្តិច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមាន និងជៀសវាងនូវការផ្សាយពាណិជ្ជកម្មលើសលប់ពេកនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយន្តការ នីតិវិធី បទដ្ឋានគតិយុត្ត និងការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលមានក្រសួងព័ត៌មានជាប្រធាន និងមានសមាសភាពពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងទៅការផ្សព្វផ្សាយគ្រឿងស្រវឹងនេះផងដែរ។
លោកថា៖ «កិច្ចការស្នូលនៃក្រុមការងារនេះ គឺដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង កំណត់វិធានការបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត ក៏ដូចជា រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភ័ណភាពនិងសុវត្ថិភាព»។
លោក ទេព អស្នារឹទ្ធិ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍បន្ថែមថា ក្រសួងបានដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ដែលក្នុងនោះរួមមាន ការពិនិត្យមើលលើវឌ្ឍនភាពការងារ ជាពិសេសការអនុវត្តសារាចរណែនាំ និងការពិនិត្យមើលទៅលើយន្តការអាទិភាពដែលផ្តោតទៅលើការពង្រឹងកិច្ចសហប្រត្តិការបន្ថែម។
លោកបន្តថា៖ «ជាក់ស្តែងក្រសួងបានក្រើនរំលឹកអំពីភាពចាំបាច់ អំពីការពង្រឹងការអនុវត្តវិធានការការគ្រប់គ្រងការផ្សាយគ្រឿងស្រវឹង គោលបំណងទប់ស្កាត់ការផ្សព្វផ្សាយទាំងឡាយណា ដែលមានលក្ខណៈជ្រុលហួសហេតុពេក ដែលប៉ះពាល់ដល់ការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់សង្គមកម្ពុជា»។
លោកក៏បានអំពាវនាវផងដែរ ឱ្យគ្រប់ភាគីទាំងអស់ចូលរួមសហការនៅក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ និងចូលរួមផ្សព្វផ្សាយនូវផលវិបាកដែលកើតចេញពីគ្រឿងស្រវឹង និងភាពចាំបាច់នៅក្នុងការទប់ស្កាត់។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីតំណាងក្រុមហ៊ុនស្រាបៀហ៊ិននិគែន (ខេមបូឌា) និងក្រុមហ៊ុនខេមប្រូវ (Carisberg Cambodia) បានទេ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។
តែក្នុងពិធីចុះហត្ថលេខាក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនផលិតនិងនាំចូលគ្រឿងស្រវឹងចំនួន១០ បានប្រកាសពីការបង្កើតស្តង់ដារួមមួយសម្រាប់អនុវត្ត ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តទីផ្សារ ប្រកបដោយការទទួលខុសត្រូវ ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខដុមនីយកម្មនៅក្នុងសង្គមកម្ពុជា និងចូលរួមគិតគូរពីសុខភាពសាធារណៈ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញផ្នែកសុខភាពសាធារណៈនៅកម្ពុជា សង្កេតឃើញថា ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅកម្ពុជាបច្ចុប្បន្ន ហាក់មានសន្ទុះច្រើនលើសលប់ ដែលធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់មុខមាត់សង្គមជាតិ និងប្រជាពលរដ្ឋ ជាពិសេសក្រុមយុវវ័យ។
លោកថា៖ «ខ្ញុំកម្រឃើញប្រទេសណាផ្សព្វផ្សាយដូចប្រទេសខ្មែរយើង ដែលរហូតទាល់តែពិធីករ ឬសិល្បៈករ សិល្បៈការិនី គាស់ស្រាផឹកផង ឡើងនិយាយផង វាប៉ះទង្គិចដល់មុខមាត់ប្រទេសជាតិ ហើយវាប៉ះទង្គិចទៅដល់ការផ្សាយដោយផ្ទាល់ទៅដល់មហាជន។ […] ខ្ញុំមានការពិបាកមើលនឹងភ្នែក ប៉ុន្តែនេះជាបរិបទនៅក្នុងស្រុកខ្មែរយើង ខ្ញុំអត់ដឹងថា គេមានគំនិតយ៉ាងម៉េចដែលមើលទៅអត់ឃើញទើស ប៉ុន្តែបើយើងនិយាយអំពីបរិបទជុំវិញប្រទេស គេកម្រមានធ្វើអ៊ីចឹងណាស់ វាហួសហេតុពេក ហើយវាទាក់ទាញយុវជនជ្រុលពេក ដែលធ្វើឱ្យប្រទេសខ្មែរទាំងមូលស្ទើរតែអ្នកប្រមឹកផឹកស៊ីអស់ទៅហើយ»។
លោកក៏បានបង្ហាញពីគោលជំហរគាំទ្រយ៉ាងមោះមុតចំពោះយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលប្រើប្រាស់នៅក្នុងការទប់ស្កាត់ការផ្សព្វផ្សាយលើសកម្រិតនៃប្រភេទគ្រឿងស្រវឹងគ្រប់ប្រភេទនៅកម្ពុជា។ តែយ៉ាងណា លោកនៅតែមើលឃើញថា មានតែការអនុវត្តច្បាប់ឱ្យបានពេញលេញមួយមុខគត់ ទើបអាចនាំមកនូវការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងមានប្រសិទ្ធភាព។
លោកថា៖ «ការធ្វើយ៉ាងម៉េចក៏ដោយ វាតូចតាចមែនទែនបើយើងប្រៀបធៀបការផឹកស៊ីនៅក្នុងប្រទេសខ្មែរយើងទាំងមូល។ […] គ្មានច្បាប់អីខ្លាំងជាងច្បាប់ដែលចាប់មិនឱ្យលក់ដល់យុវជនទេ ឱ្យមានID Card [អត្តសញ្ញាណប័ណ្ណ]ត្រឹមត្រូវពេលលក់ ពេលណាលក់ខុសយើងត្រូវចាប់ពិន័យ ហើយពេលណាផឹកបើកបរប៉ះទង្គិចគេត្រូវជាប់គុក មានតែច្បាប់ប៉ុណ្ណឹងទេដែលមានប្រសិទ្ធភាព ក្រៅពីហ្នឹងទៀតគឺស្ទើរតែអត់ទៅហើយ។ នៅប្រទេសណាក៏ដូចប្រទេសណាដែរ គេមានច្បាប់ក្រោមអាយុគេអត់លក់ឱ្យ បើលក់ គេចាប់បាន គេពិន័យ គេបិទហាង ហើយបើបើកបរយើងប៉ះពាល់អាយុជីវិត និងសុវត្ថិភាពគេ អាហ្នឹងយើងជាប់គុកទៅតាមទម្ងន់ធ្ងន់ធ្ងរជាក់ស្តែង»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានលើកឡើងកាលពីពេលថ្មីៗនេះដែរថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាបញ្ហាប្រឈមមួយដោយបានអូសទាញយុវជនកម្ពុជា ធ្លាក់ក្នុងភាពអបាយមុខ។
លោកក៏បានសំណូមពរឱ្យរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ហាមជនក្រោមអាយុ ១៨ឆ្នាំ ទទួលទានគ្រឿងស្រវឹង និងតំឡើងពន្ធលើផលិតផលទាំងនោះឱ្យប្រហាក់ប្រហែលនឹងប្រទេសជិតខាង៕