មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា ការនាំចេញផលិតផលក្នុងវិស័យវាយនភ័ណ្ឌ ពីកម្ពុជាទៅក្រៅប្រទេស មានការកើនឡើងជាង ២០ភាគរយ ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៤នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ក្នុងនោះសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ជាទីផ្សារនាំទំនិញពីកម្ពុជាច្រើនជាងគេ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន ប្រាប់ Newsroom Cambodia នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការនាំចេញផលិតផលក្នុងវិស័យវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជា ទៅទីផ្សារក្រៅប្រទេសមានការកើនឡើងចំនួន ២០.១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ក្នុងនោះទំនិញភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប ដែលមានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និងវត្ថុធ្វើដំណើរផ្សេងៗ។
លោកបន្តថា ការកើនឡើងនេះ ដោយសារតែកម្ពុជាមានសន្តិភាព និងរួចផុតពីជំងឺឆ្លងកូវីដ-១៩ ខណៈនៅឆ្នាំ២០២៣ គ្រប់បណ្តាប្រទេសនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា បានជួបប្រទះផលលំបាក ការគំរាមកំហែងពីជំងឺកូវីដ-១៩ ដែលនាំឱ្យពិបាក្នុងការនាំចេញ។
លោក កត្តា អ៊ន បញ្ជាក់ថា៖ «ការនាំចេញនេះគឺដោយសារ ទី១ ដោយសារពិភពលោកយើងបានវិលមកភាពប្រក្រតីឡើងវិញ ការងើបឡើងនៃកំណើនសេដ្ឋកិច្ចឡើងវិញនៃបណ្តាប្រទេសទាំងឡាយនៅលើសកលលោក ជាពិសេសនៅអឺរ៉ុប នៅអាមេរិក[…] ដូច្នេះហើយមានការបញ្ជាទិញច្រើនដែលធ្វើឱ្យការនាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប និងវត្ថុធ្វើដំណើរនេះមានការកើនឡើង»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា ការនាំទំនិញចេញរបស់កម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត នៅទីផ្សារអន្តរជាតិមានកើនឡើង ដោយសារតែនៅអឺរ៉ុប និងអាមេរិក មានតម្រូវការខ្ពស់សម្រាប់ទំនិញសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ខណៈទីផ្សារនៅប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ក៏មានតម្រូវការខ្ពស់ផ្នែកទំនិញប្រើប្រាស់ និងទំនិញកសិផលមួយចំនួនធំពីកម្ពុជាផងដែរ។
ប្រធានសហព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ សាទរចំពោះការកើនឡើងនូវការនាំទំនិញផ្នែកវាយនភ័ណ្ឌនៅកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ខណៈលោកស្រីសង្កេតឃើញមានកំណើនរោងចក្រសហគ្រាសថ្មីៗ និងមានវិនិយោគទុនមកពីក្រៅប្រទេសជាដើម។
លោកស្រីបញ្ជាក់ថា៖ «ទាក់ទងទៅនឹងក្រុមហ៊ុនទើបតែ ចង់និយាយថាដែលទើបតែបង្កើតថ្មីនៅក្នុងស្រុកខ្មែរនៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤ គឺមានការបង្កើតហ្នឹងដូចជាង៧០ ក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនទាំងអស់ហ្នឹង គឺផលិតសម្ភារៈនៅក្នុងការធ្វើដំណើរ»។
ទោះជាមានការកើនឡើងក៏ពិតមែន ប៉ុន្តែលោកស្រី យ៉ាង សុភ័ណ្ឌ កត់សម្កាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ រោងចក្រមួយចំនួនតូច បានជួបប្រទះនូវបញ្ហាមួយចំនួន ដែលអាចធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការផលិត និងការនាំចេញផងដែរ ដូចជា ករណីអគ្គិភ័យឆេះរោងចក្រ និងករណីបិទរោងចក្រជាដើម។
ចំណែក អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ហៅកាត់ថា ស៊ីខាវឌូ) លោក អាត់ ធន់ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤នេះ ការនាំចេញផលិតផលកាត់ដេរទៅក្រៅប្រទេស មិនទាន់មានភាពល្អប្រសើរខ្លាំងនោះទេ។ លោកបន្តថា ប្រភេទទំនិញដែលមានការកើនឡើងក្នុងការនាំចេញភាគច្រើន ជាកាបូបយូរដៃ ដែលត្រូវបានយកទៅដាក់លក់នៅសហរដ្ឋអាមេរិក។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា វាមានការកើនឡើងខ្លះក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែចំនួនវាមិនទាន់ច្រើនទេ ប៉ុន្តែការកើនឡើងខ្លះហើយ»។
បើតាមគោលនយោបាយឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មកាត់ដេរជាវិស័យមួយដែលដើរតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ ផលិតផលសម្លៀកបំពាក់ សុទ្ធសឹងត្រូវបាននាំចេញទៅក្រៅប្រទេស ដែលតំណាងឱ្យប្រមាណ ៨០% នៃការនាំចេញផលិតផលរបស់កម្ពុជា ហើយទីផ្សារសំខាន់ៗសម្រាប់ផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់មានចំនួនបីគឺ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងហុងកុង។
ទន្ទឹមនឹងនោះក្នុងកំឡុងឆ្នាំ២០២២ និង២០២៣ ប្រទេសកម្ពុជានិងបណ្តាប្រទេសដទៃបានជួបប្រទេះនឹងវិបរត្តិកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស និងវិស័យមួយចំនួន មិនអាចនាំនេញ នាំចូលបាន៕