មន្រ្តីអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យលើកឡើងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ របស់តុលាការខេត្តដំបង បានផ្តន្ទាទោសប្រធានគណបក្សភ្លើងទៀន ប្រចាំស្រុកម៉ោងឬស្សី ដាក់ពន្ធនាគារ៧ឆ្នាំ និងចេញដីកាឱ្យចាប់ខ្លួន។
នៅរៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបងលោក កឹម ហេង បានសម្រេចកាត់ទោសលោក អ៊ុត ជឿន ដាក់ពន្ធនាគារ៧ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់»។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) ប្រចាំខេត្តបន្ទាយមានជ័យ យល់ឃើញថា ការផ្តន្ទាទោសក្នុងស្ថានទម្ងន់ទោស អតិបរិមាបែបនេះ វាស៊ីសង្វាក់គ្នានឹងបទចោទឡើយ។ម្យ៉ាងវិញទៀត ជនសង្ស័យនៅក្នុងរឿងក្តីនេះ មិនបានប្រព្រឹត្តិបទល្មើសថែមទៅទៀត។ហេតុការចោទប្រកាន់ និងដាក់បន្ទុកក្នុងរឿងក្បត់ជាតិនេះ ជាការផ្តល់ការឈឺចាប់មួយកម្រិតទៀត សម្រាប់ក្រុមគ្រួសារលោក អ៊ុត ជឿន។
លោកបន្តថា៖ «ខ្ញុំយល់ថាវាជារឿងអយុត្តិធម៌ សំរាប់គាត់ដែលដោយសារគាត់អត់បានប្រព្រឹត្តទេ គាត់គ្រាន់តែបាននិយាយសម្ហាសន៍ម្តងហ្នឹងដល់ប្រព័ន្ធសារព័ត៌មាននៅក្រៅស្រុកហ្នឹង ក្រៅហ្នឹងមកគាត់មិនធើ្វសកម្មភាពកៀគរមនុស្សបាទ គាត់ប្រកបមុខរបរចិញ្ចឹមជីវិតអត់មានខ្វាយខ្វល់រឿងនយោបាយទៀតផងតាំងពីហ្នឹងមកបាទ »។
ចំណែក មេធាវីការពារសិទ្ធិឱ្យជនសង្ស័យគឺលោក អ៊ឹម ផាន់ណា បដិសេធដោយខ្លីថាលោកមិនអាចផ្តល់ព័ត៌មានលម្អិតបានទេជុំវិញករណីនេះ។លោកបន្តថា ការបន្តនីតិវិធីទៀត ឬយ៉ាងណានោះគឺអាស្រ័យលើការសម្រេចចិត្តកូនក្តីរបស់ខ្លួន។
លោកបន្តថា៖ «គាត់សម្រេចបន្តឬមិនបន្តមិនមែនសម្រេចលើខ្ញុំទេឆន្ទះលើខ្លួនគាត់ទេបើគាត់មិនសុខចិត្ត ប្តឹងទៅឧទ្ធរណ៍ខ្ញុំតាមតាគាត់ទេ បើគាត់ទៅឧទ្ធរណ៍ក៏មិនប្រាកដគាត់ពឹងពាក់ខ្ញុំដែលពឹងអ្នកផ្សេងព្រោះមេធាវីរាប់ពាន់ រាប់ម៉ឺននាក់ជាសិទ្ធិរបស់គាត់ទេ ខ្ញុំចង់និយាយថាសំខាន់ឆន្ទះផ្អែកទៅលើសេចក្តីសម្រេចទេហ្នឹងហើយបាទអរគុណ»។
នៅក្នុងដំណាក់កាលនៃសវនាការលើអង្គសេចក្តី កាលថ្ងៃទី២៨ ខែឧសភា នៅចំពោះមុខអង្គសវនាការ លោក អ៊ុត ជឿន ដែលជាជនសង្ស័យក្នុងរឿងក្តីព្រហ្មទណ្ឌនេះ និងជាប្រធានគណបក្សភ្លើងទៀន ប្រចាំស្រុកមោងឬស្សី ទទួលស្គាល់ថា ខ្លួនពិតជាបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ប្រាកដមែន អំពីដំណឹងនៃការវិលត្រឡប់ចូលស្រុកវិញ របស់លោក សម រង្ស៊ី។ប៉ុន្តែលោកបដិសេធថា អ្វីដែលលោកផ្តល់ការអត្ថាធិប្បាយកាលណោះ គឺមានន័យថា ប្រសិនបើស្ថានភាពតាន់តឹងលោកនឹងមិនទៅចូលរួមទេ។ផ្ទុយទៅវិញ បើរដ្ឋាភិបាលបើកលំហរសេរីភាព រូបលោកនឹងទៅចូលរួមអបអរសាទរជាមួយអ្នកផ្សេងទៀតដែរ។
បន្ថែមពីលើនេះ លោក អ៊ុត ជឿន ច្រានចោលការតាំងសំណួរដោយចៅក្រម និងតំណាងអយ្យការដែលចោទប្រកាន់ថា រូបលោកបានចូលរួមកៀរគរមនុស្ស និងប្រើវេទិកាតាម តុកាហ្វេ រួមទាំងបន្តចែកចាយព័ត៌មានតាមបណ្តាញសង្គម ដើម្បីប្រមូលអតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ទៅទទួលលោក សម រង្ស៊ី គឺមិនមែនជាការពិតឡើយ។
ជម្រាបអង្គសវនាការ ប្រធានគណបក្សភ្លើងទៀនរូបនេះ អះអាងថា ការជួបគ្នានៅតាមតុកាហ្វេនោះ គឺជាការជួបដោយចៃដន្យ។មួយវិញទៀត ការពិភាក្សាគ្នាជាមួយអតីតសហការី គឺជាការជជែកពិភាក្សាអំពីមុខរបរចិញ្ចឹមជីវិត។វាមិនមែនជាការប្រមូលផ្តុំកម្លាំង ក្នុងហេតុផលគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី ទេ។
លើសពីនេះទៀត នៅចំថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ រូបលោកកំពុងជាប់ឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តនៅឡើយ។ហេតុនេះ ការចោទប្រកាន់ថា រូបលោកបានធ្វើសកម្មភាពកៀរគរមនុស្ស តាំងពីថ្ងៃទី១៧ សីហា និងថ្ងៃទី១៤ តុលា ឆ្នាំ២០១៩ វាមិនឆ្លុះបញ្ចាំងពីការពិត និងត្រឹមត្រូវទេ។ លោក អ៊ុត ជឿន ជាប្រធានគណបក្សភ្លើងទៀន ស្រុកម៉ោងឬស្សី ត្រូវរង់ការចោទប្រកាន់ពីបទ« រួមគំនិតក្បត់» ដែលត្រូវបានទាញភ្ជាប់នឹងព្រឹត្តិការ ៩វិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីលោក សម រង្ស៊ី ប្រកាលធ្វើមាតុនិវត្តចូលស្រុកវិញ៕