កំពុងបេះម្រេច​បណ្ដើរជជែក​ជាមួយ​កសិករ​ពីនេះពីនោះបណ្ដើរ លោក ងួន ឡាយ ដែល​ជា​ប្រធាន​សមាគម​លើកក​ម្ពស់​ម្រេចកំពត និងជា​​​ម្ចាស់ចំការ​ម្រេច​មួយ​កន្លែង​​នៅ​ខេត្ត​កំពត​និយាយ​ថា ទីផ្សារ​ម្រេច​កំពត​កាន់តែថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣-២០១៤។ លោកសម្គាល់ឃើញថា យុទ្ធសាស្ដ្រ​ពង្រីកផ្ទៃដី​ដាំដុះ​ហាក់បីដូ​ចជា​គ្មាន​ប្រសិទ្ធភាព ដោយសារ​គ្មានល​ទ្ធភាពផ្គត់ផ្គង់​។

លោកបន្តប្រាប់ដោយកំពុងសម្លឹងមើលទៅកាន់ចំការម្រេច​របស់លោកថា​៖ ​«សណ្ឋានដីដាំដុះ​ចាប់​ផ្ដើម​អស់​ម្ដងបន្តិចៗ​ ផលិតផលដែលប្រមូលបានធ្វើខុសទីផ្សារដែលគេចង់​បាន​ ចំណែកឯទំហំ ពណ៌​វិញ​មិនចំគោលដៅ ជាពិសេសគ្មានតុល្យភាពក្នុងការចំណាយ។ ម្រេចប្រមាណ១៧ម៉ឺនគុម្ព ត្រូវបានបំផ្លាញដោយអាកាសធាតុ និង​ចំការ​ជាច្រើន​កន្លែង​ត្រូវ​បោះបង់​ចោល​ មូលហេតុ​ខ្វះ​ការគ្រប់គ្រង»។

លោក ងួន ឡាយ ​ប្រធាន​សមាគម​លើកក​ម្ពស់​ម្រេចកំពត និងជា​​​ម្ចាស់ចំការ​ម្រេច​មួយ​កន្លែង​​នៅ​ខេត្ត​កំពត

ម្រេចកំពត​ត្រូវ​បាន​​​ចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅឆ្នាំ២០០៨ ហើយ​​ចុះបញ្ជីសម្គាល់ម៉ាកម្រេចកំពត​​នៅ​ក្រសួង​ពាណិជ្ជកម្មនៅថ្ងៃទី២​ មេសា​ ឆ្នាំ២០១០។ ហើយនៅ​ឆ្នាំ​២០១៦ ម្រេចកំពត​ត្រូវ​បាន​ទទួល​ស្គាល់ដោយសហភាពអ៊ឺរ៉ុប។​

កាលពីឆ្នាំ២០០៨នៃការចាប់ផ្ដើមបង្កើតសមាគមម្រេច ទីផ្សារ និងទិន្នផលកើនឡើងជាលំដាប់​ដោយសារ​សមាគម​ចំណាយតិច ប្រមូល​ផលបានច្រើន មានការ​ចុះកុងត្រា​ជា​ពាណិជ្ជករ​ក្រៅ​ប្រទេស មានបចេ្ចសថែទាំដំណាំ និង​​មានប្រភពទឹកផ្គត់ផ្គង់គ្រប់គ្រាន់។ ប៉ុន្តែ​ចាប់តាំង​ពីមាន​វិបត្តិ​កូវីដ១៩ ទីផ្សារ​ម្រេច​ជួប​បញ្ហាប្រ​ឈមជាច្រើ​ន ហើយរហូត​ដល់​បច្ចុប្បន្ន ទីផ្សារ និង​ទិន្នផល​ម្រេច​កាន់តែ​​ថយ​ដោយសារ​បញ្ហា​អាកាសធាតុ រហូតធ្វើ​ឱ្យ​កសិករ​ទាំង​ខ្នាត​តូច​ និង​មធ្យមមួយចំនួន​សម្រេច​ចិត្ត​បោះបង់​ផ្ទៃដីដាំដំណាំជាច្រើនហិកតា។

លោក ងួន ឡាយ បន្ថែម​ថា បច្ចុប្បន្នសមាគមលើកកម្ពស់ម្រេចកំពតមាន៣៨០គ្រួសារ និង​ផ្ទៃដី​២៤០ហិចតា។ លោក​ថា កសិ​ករ​​ដែលដាំម្រេចនៅកំពតប្រមាណ៣០-៤០គ្រួសារ បាន​បោះបង់​អាជីវកម្ម​របស់​ពួកគេ​ដោយសារ​ ​ប្រឈម​​នឹងទីផ្សារ បរិស្ថាន អាកាសធាតុ និង​គ្មាន​ទឹក​ផ្គត់ផ្គង់​ដំណាំ។

លោកបន្ថែម​ថា៖ «កសិករតូចៗក៏ងាប់ កសិករធំៗក៏ងាប់ចឹងហា ហើយ​តែងាប់​ម្រេច​ដឹង​តែ​បោះបង់​ចោល​ហើយ ព្រោះឥ​ឡូវមិនដូចពីមុនទេ កាលឆ្នាំ២០១០-២០១៣​ ​អ្នកវិនិយោគ​គេ​ចូល​មក​វិនិយោគ​ដើម្បី​ពង្រីង​ផ្ទៃ​ដី​បង្កើត​ទិន្នផល​ផ្គត់ផ្គង់ទីផ្សារ តែមកដល់ពេលឥឡូវនេះ ការពង្រឹង​ក៏គ្មា​ន​លទ្ធភាព​ពង្រឹង កុំថា​ឡើយពង្រឹងតែពង្រីកក៏គ្មានលទ្ធភាពពង្រីកដែរ»។

សមាគម​លើកកម្ពស់ម្រេចកំពតមានទីតាំងស្ថិតនៅភូមិអង្គរជ័យ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់​ត្រាច ខេត្តកំពត។ សមាគមនេះ គឺជា​គម្រោង​នាំមុខ​ការការពារ​ការសម្គាល់​ភូមិសាស្រ្ត​ទំនិញ​របស់ក្រសួងពាណិជ្ជកម្ម សហ​ការជាមួយក្រសួង ឧបត្ថម្ភ​ដោយ​ភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ក្នុងគោលបំណង​ការពារ និងផ្សព្វផ្សាយម្រេចកំពត។

របាយការណ៍របស់​សមាគមលើកម្ពស់ម្រេចកំពតបង្ហាញ​ថា​ ម្រេច​កំពតត្រូវ​​បាន​នាំចេ​ញ​ចំនួន​១០៣​តោនក្នុងឆ្នាំ២០២៣។ បើធៀបទៅនឹងឆ្នាំ២០២២ ថយចុះចំនួន១១ភាគរយ។

កសិករកំពុងប្រមូលផលម្រេច

លោកស្រី លី ឃ្លាំង ជាម្ចាស់ចំការម្រេច​ម្នាក់​ទៀត​​បានប្រាប់ញូវស៍រូមខេមបូឌាថា លោក​ស្រី​បាន​ដាំម្រេច​អស់​រយៈពេល​ជាង​១០ឆ្នាំមក​ហើយ ក្នុង​ទំហំ​៤ហិចតា ដោយ​មួយឆ្នាំ​ប្រមូលផលម្ដង។

លោកស្រី​ប្រាប់ថា៖ «តម្លៃទីផ្សារឡើងចុះអត់ទៀង ជួនណាឈ្មួញមកទិញបាន១ម៉ឺនជាង ឬ២ម៉ឺន បើយើង​នាំចេញខ្លួន​ឯងបាន១០$ និង​ទុក​លក់​ឱ្យ​ជន​បរទេស​ខ្លះដែ​ល​មក​ដល់​ចំការ​ផ្ទាល់​ បាន​១៥$​ដែរ»។

លោកស្រីបន្ថែមទៀតថា ឆ្នាំទៅប្រមូលបានជាង១តោន ប៉ុន្តែឆ្នាំនេះ​អត់​បាន​​ដោយសារ​អាកាសធាតុ​រាំង​ស្ងួត​ពេក។

អ្នកស្រី ទូច ផែ អាជីវករលក់ម្រេចនៅខេត្តកំពត ​​ប្រាប់​ញូវស៍រូមខេមបូឌា​​ថា ម្រេច​ពេលខ្លះ​លក់​ដាច់​ច្រើន ពេលខ្លះ​លក់​អត់ដាច់។ អ្នកស្រី​ថា ​ម្រេចខ្ចីក្នុង១ថ្ងៃលក់បាន១០គីឡូ ហើយ​សម្រា​ប់​ម្រេច​ទុំ​ពេលណាមា​នជនបរទេសមកលក់ដាច់បានច្រើន។

អ្នកស្រីប្រាប់ថា៖ «ម្រេចឆ្នាំនឹងឡើងថ្លៃតម្លៃនាំចូល ម្រេចស ៣ម៉ឺន ម្រេចក្រហម៣ម៉ឺនជាង តម្លៃ​លក់​ចេញ​វិញ​បាន​៦ម៉ឺន ឬ៦ម៉ឺនជាង បើទិញចូល២ម៉ឺន លក់វិញបាន៣-៤ម៉ឺន។ វាមិនទៀង»។

អ្នកស្រីបន្តថាប្រសិនបើតម្លៃនាំចូលចុះថយជាងមុនបន្តិចដើម្បីងាយស្រួលក្នុងការលក់ចេញហើយក៏ចង់ឱ្យទីផ្សារម្រេចកំពតមានការរីកចម្រើនជាងមុនផងដែរ។

កញ្ញា អៀង លីលី អាជីវករនៅផ្សារសាមគ្គីទីរួមខេត្តកំពត ដែល​​បានបន្តអាជីពនេះពីម្ដាយ អស់​រយៈពេល​ជាងដប់ឆ្នាំហើយនោះ ប្រាប់ Newsroom Cambodia ថា ម្រេច​បច្ចុប្បន្ន​នាំ​ចូល​កំពុ​ង​ឡើង​ថ្លៃ ហើយ​នៅពេ​លដែលតម្លៃម្រេច​ឡើងថ្លៃហួសពេក ពេលខ្លះមិនអាចយកមកលក់បាន។ កញ្ញា​បន្តថា ម្រេចដែល​កញ្ញាលក់​នាំចូលពីចម្ការម្រេចកំពតដែលអ្នកភូមិយក​មក​ចែកចាយ​ដល់​ក្នុង​ផ្សារ។

កញ្ញានិយាយថា៖ «​គេប្រមូលតាមចម្ការគេយកមកលក់ឱ្យយើង អីចឹងគេយកមកលក់ឱ្យយើង យើង​ក៏​អត់​បានទៅទិញ​ដល់ចម្ការគេដែរ។​ គេមកចូលផ្សារ​មួយ​ថង់​បាន​ដប់​គីឡូ​ប្រាំគី​ឡូ​តាម​ហ្នឹង​អីចឹងទៅ»។

កញ្ញាបន្ថែមថា កញ្ញាចង់ឱ្យប្រជាជនទូទៅយល់ថា ម្រេចកំពតមានតម្លៃថ្លៃ ព្រោះវាខុស​ពី​ម្រេច​ខេត្ត​ដទៃ ដោយសារវាមានគុណភាពល្អ និងហិរ។

កញ្ញានិយាយថា៖ «​ចង់ឱ្យគេយល់ថាម្រេចកំពតខុសពីម្រេចកំពង់ចាម ម្រេចរតនគីរីអីចឹង ដោយសារ​​តម្លៃវាខុស​គ្នាពេក ដល់ពេលអ្នកទិញគេឆ្ងល់ថាម៉េចក៏ម្រេចកំពតវាថ្លៃជាងខ្លាំងម្ល៉េះ ដូចខ្ញុំអ្នកលក់ខ្ញុំតែងតែប្រាប់គេ ធម្មតាម្រេចកំពតគឺវាថ្លៃ វាហិរជាងអីចឹងគុណភាពវាល្អជាង»។

កញ្ញាប្រាប់ទៀតថា ចង់ឱ្យម្រេចកំពតមានភាពល្បីល្បាញដោយសារម្រេចកំពតមានគុណភាពល្អ មានគេទទួលស្គាល់ច្រើនទាំងភ្ញៀវជាតិនិងអន្តរជាតិ។

លោក តេង វ៉ាន់ធឿន ប្រធានការិយាល័យមន្ទីរកសិកម្មនៅខេត្តកំពតប្រាប់ថា ម្រេចកំពត​ជាម្រេច​ដែល​ដាំដុះ​ដោយប្រើប្រាស់ជីសរីរាង្គ (ជីលាយមកគោ និងអាចម៍​ប្រចៀវ) មាន​ការត្រួត​ពិនិត្យ​សណ្ឋាន​ដី​ប្រកបដោយបច្ចេកទេស ​និងស្តង់ដា ជាពិសេស​បានចុះកិច្ចសន្យាទិញ លក់ រវាង​អ្នក​លក់​ និង​អ្នក​ទិញផងដែរ។

លោកបន្តថា ម្រេចកំពតបាននាំចេញទៅក្រៅប្រទេសចំនួន២០ជាងប្រទេសដែលក្នុង​នោះ​មាន​ម្រេច​ខ្មៅ តម្លៃ ១៥​ដុល្លារ​ក្នុងមួយគីឡូក្រាម ក្រហម ​២៥​ដុល្លារ​ក្នុងមួយគីឡូក្រាម និងស ២៨​ដុល្លារ​ក្នុងមួយគីឡូក្រាម។​ ម្រេច​ដែល​ល្បីល្បាញ​ជាង​គេ​មាន​នៅ​ខេត្ត​កំពត​ ​៤ស្រុក និង​ខេត្ត​កែប​មាន​២ស្រុក។

លោកបន្ថែម​ថា៖ «ទិន្នផលនៅក្នុងឆ្នាំ២០២៤នេះមានការថយចុះដោយសារបញ្ហអាកាសធាតុ​​​។ កាលសម័យកូវីដឆ្នាំ២០១៩-​២០២០ គ្រប់ដំណាំទាំងអស់តែងតែមានផលប៉ះពាល់ ប៉ុន្ដែចំពោះ​ម្រេច​កំពត​​មិនមានផលប៉ះពាល់ទេ ដោយសារមូលហេតុអី ម្រេច​យើង​ពេល​ដាំ​ត្រូវ​មាន​ផលិតកម្ម​ចុះ​កិច្ច​សន្យា​ទិ​ញ​​លក់រវាងសហភាពអ៊ឺរ៉ុប ​និងប្រទេសដទៃ»។

បើតាម​ លោក តេង វ៉ាន់ធឿន ប្រសិនបើកសិករមានបញ្ហាប្រឈម​ ខាងមន្ទីរ​តែងតែ​ចាត់​មន្រ្តី​ជំនាញ ឬ​ការិយាល័យ​ដែលជា​សេនាធិការ​ទៅ​ជួយ​ដោះស្រាយ ព្រមទាំងមាន វ​គ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​ថែទាំ​ដំណាំ​ម្រេចទៅកាន់សហគមន៍​ផង។

ការនាំចេញម្រេចកម្ពុជាគ្រប់ប្រភេទទៅក្រៅប្រទេសក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ ប្រមាណ​ ៥០០០​តោន ថយចុះ​ជាង៣០ភាគរយ បើធៀប​នឹង​៨ខែក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ម្ចាស់ចំការម្រេច​ដូច​ជា​លោក ងួន ឡាយ រំពឹង​ថា ​ម្រេច​នឹង​មាន​តម្លៃ​​ថ្លៃ​ជាងមុន​ ហើយស្ថានភាព​​នៃការ​ដាំដុះ​នឹង​បាន​ប្រសើរ​ មុននឹងអ្នកដាំម្រេចសម្រេច​ចិត្ត​ថា​បោះបង់​ដំណាំ​នេះ​នា​ពេល​ខាងមុខ៕​