ប្រជាពលរដ្ឋដែលរស់នៅស្រុកពួក ខេត្តសៀមរាបកំពុងជួបការលំបាកក្នុងការរស់នៅ និងអាស្រ័យផលលើដីពួកគេ​ស្របពេលរដូវវស្សាក៏កាន់តែខិតជិតមកដល់ដោយសារមានការរឹតត្បិតពីអាជ្ញាធរអប្សរាក្នុងការសង់សំណង់ផ្សេ​​ង​ៗនៅលើដីរបស់ពួកគេ។

‌ពលរដ្ឋនៅស្រុកពួកម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ Newsroom Cambodia នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២​​០​​២​៤នេះ ថាអភិបាលស្រុកពួកបានប្រាប់ប្រជាពលរដ្ឋថា ប្រហែលនៅឆ្នាំ២០២៥ខាងមុខនេះទើបអាចមានកា​​រកា​​ត់​ឆ្វៀលដីពួកគេចេញពីការគ្រប់គ្រងដោយអាជ្ញាធរអប្សរា។ក៏ប៉ុន្តែពលរដ្ឋរូបនេះថា ពលរដ្ឋមានការលំបាកក្នុងការរស់នៅនារដូវវស្សា ដែលចាំបាច់ត្រូវមានការជួសជុលសំណង់នានានៅលើដីពួកគេ ទោះមានការហាមប្រាមពីអាជ្ញធរក៏ដោយ។

លោកមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះខែភ្លៀងខែផ្គរផង ផ្ទះហ្នឹងវាធ្លុះធ្លាយ វាទ្រេត វាបាក់ អញ្ចឹងពួកគាត់អត់រងចាំបានទេ អញ្ចឹងពួកគាត់ក៏ខំធ្វើ ក៏ទោះបីជាមាការមកហាមឃាត់ឱ្យសុំច្បាប់ដោយប្រការណាមួយក៏ពួកគាត់អត់ទៅសុំដែរ ព្រោះដោយសារដីរបស់គាត់ៗសុំសិទ្ធិរស់នៅឱ្យមានជម្រកកក់ក្ដៅឱ្យមានរបង មានអណ្ដូងទឹក មានផ្ទះមានសំបែងជ្រកកោណអ៊ីចឹងណាព្រោះ រាល់ថ្ងៃនេះគេហាមឃាត់ទាំងអស់ គេប្រើពាក្យថាសំណង់អាណាធិបតេយ្យគ្រប់ប្រភេទ រួមទាំងទ្រុងមាន់ បង្គន់ អណ្ដូងទឹកអីផ្សេងៗគ្រប់សព្វគេមិនឱ្យប្រើ»

ប្រភពដដែលបន្តថា អាជ្ញាធរបានចុះទៅរុះរើផ្ទះដែលលោកបានសាងសងនៅលើដីលោកជាច្រើនដងហើយ ក៏ប៉ុ​ន្តែ​​លោកនៅតែសាងសង់ដោយសារតែជាតម្រូវការចាំបាច់ ហើយកាលណាមានការធ្វើខុសណាមួយអាជ្ញាធរតែងតែ​កោះហៅទៅអប់រំណែនាំជាដរាប ដែលលោកចាត់ទុកថាជាការរំលោភសិទ្ធិពលរដ្ឋ។ជាមួយគ្នានេះ លោកស្នើឱ្យកាតឆ្វៀលដីពលរដ្ឋចេញពីការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាដើម្បីកុំឱ្យពលរដ្ឋមានការលំបាកបន្តទៀត។

លោកបន្តថា៖«និយាយទៅស្នើសុំខ្វៀលទៅបង ដោយសារតំបន់វាឆ្ងាយទៅហើយ ស្នើសុំឱ្យមានការខ្វៀលនូវប៉ែកខាងឃុំខ្នាត ឃុំដូនកែវហ្នឹងទៅវាឆ្ងាយពីតំបន់អង្គរហើយ ប្រជាពលរដ្ឋពិបាករស់នៅណាស់ គៀបសង្កត់គ្នា ដល់ពេលអាព្រៃគ្មានប្រាសាទគ្មានអីផង សុំឱ្យខ្វៀលដកចេញទៅហើយនៅក្បែរត្រពាំងក្បែរអាងបុរាណហ្នឹងឱ្យដាក់ទៅ​បុរាណដ្ឋានទៅចម្ងាយ១រយម៉ែត្រ២រយម៉ែត្រពីហ្នឹងទៅ អាហ្នឹងស្នើសុំហ្អាស! កុំឱ្យពិបាកដល់ប្រជាពលរដ្ឋអី»

ដោយឡែក សម្រាប់​លោក ម៉ន សំអុល បានប្រាប់ថាលោក និងពលរដ្ឋក្នុងស្រុកពួកមានការលំបាកជាច្រើនទាំងការស្នើសុំសង់ ឬជួសជុលផ្ទះជាដើម ខណៈដែលពលរដ្ឋជាម្ចាស់ផ្ទះដែលសាងសង់ក្រោយឆ្នាំ២០០៤ ដូចលោកសំអុល នៅតែប្រឈមនឹងការលំបាក។

លោកបន្តថា៖ «ពីបញ្ហាលំបាកវាច្រើន ដូចករណីមួយដូចជាសាងសង់លំនៅដ្ឋាន ដូចជាធ្វើរោងមាន់រោងទា អ៊ីចឹងវាលំបាក ទាល់តែទៅសុំច្បាប់អាជ្ញាធរអប្សរា។ ពេលខ្លះអាជ្ញាធរអប្សរាគាត់មិនឱ្យច្បាប់សាងសង់ទៅទៀត។ ពេលខ្លះកាលពី២០២១-២២ហ្នឹង សូម្បីតែស័ង្កសីរហែកក៏គាត់មិនឱ្យជួសជុលដែរ សុំច្បាប់យ៉ាងម៉េចក៏មិនឱ្យដែរ។ ហើយបន្ទាប់មកដែលប្រជាពលរដ្ឋបានថ្វើការតវ៉ាហ្នឹងគាត់អនុញ្ញាបើកច្បាប់ឱ្យប្រជាពលរដ្ឋសុំច្បាប់សាងសង់លំនៅដ្ឋានបាន ប៉ុន្តែសម្រាប់តែខ្នងផ្ទះចាស់ទេ ផ្ទះដែលយូរឆ្នាំមកហើយតាំងពីឆ្នាំ២០០៤»

ជុំវិញករណីនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា លោកនឹងទៅជួបជាមួយពលរដ្ឋដោយផ្ទាល់ ក្នុងករណីពលរដ្ឋជួបការលំបាកហើយទំនាក់ទំនងទៅប្រាប់លោក។

លោកបន្តថា៖ «ឱ្យគាត់ទាក់ទងមកខ្ញុំមក ខ្ញុំជួយពន្យល់គាត់ តើគាត់មានលំបាកអីខ្លះឱ្យគាត់ទាក់ទងមកខ្ញុំមក ខ្ញុំនឹងទៅជួបផ្ទាល់ក៏បានដែរ»

ចំណែកឯលោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លើកឡើងថា កន្លងមកប្រជាពលរដ្ឋមិនបានស្នើឱ្យកាត់ឆ្កៀលដីចេញពីតំបន់អាជ្ញាធរអប្សរានោះទេ គឺពលរដ្ឋបានសុំឱ្យជួយអន្តរាគមន៍ចំពោះការលំបាកមួយមួយចំ​នួ​នរបស់ពួកគាត់ក្នុងការសាងសង់ ឬជួសជុលសំណង់ផ្សេងៗ។ លោកបញ្ជាក់ថា លោកបានសម្របសម្រួកិច្ចការនោះហើយ ប៉ុន្តែមានតែរដ្ឋាភិបាលទេដែលមានសិទ្ធសម្រេចថាត្រូវធ្វើបែបណា។

លោកបន្តថា៖«យើងបានទទួលការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ មិនមែនសុំកាត់ឆ្កៀលទេ តែគាត់សុំតវ៉ា ដែលបងប្អូនប្រជាពលរដ្ឋដែលថាកាត់ស្នើសុំជួសជុលផ្ទះ ឬក៏អីនោះ សុំការអនុញ្ញាពីអាជ្ញាធរអប្សរាមានការលំបាក ប៉ុន្តែ រឿងនេះយើងបានធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអប្សរារួចមកហើយ ពាក់ព័ន្ធឯកសារដែលគាត់សុំនោះ ហើយចំពោះការសម្រេចបែបណានោះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាល»

ដោយឡែកអ្នកសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត យល់ឃើញ​ថារដ្ឋាភិបាលគួរសិក្សាពីលទ្ធភាពក្នុងការដោះស្រាយបញ្ហានេះ ព្រោះករណីនេះប្រជាពលរដ្ឋតែងតែមា​​នទុក្ខព្រួយជានិច្ច ដោយពលរដ្ឋបានសុំណូមពរ និងដាក់ញត្តិជាច្រើនដងទៅអាជ្ញាធរខេត្ត អង្គការយូណេស្កូ អា​​ជ្ញាធរអប្សរា ដើម្បីពិនិត្យពិចារណាកាត់ឆ្វៀលដីពួកគាត់ចេញពីតំបន់រមណីយដ្ឋានអង្គរ។

លោកបន្តថា៖ «បន្តិចទៀតនេះរដូវវស្សាផងហើយពួកគាត់ដែលមានផ្ទះដំបូលធ្លុះធ្លាយអីហ្នឹងគាត់នឹង ត្រូវជួសជុលដើម្បីបិទបាំងការពារគ្រោះទឹកភ្លៀង និងដើម្បីសុវត្ថិភាពគ្រួសារ […]រាជរដ្ឋាភិបាលគួរបង្កើតក្រុមការងារអន្តរក្រសួងមួយចុះមកពិនិត្យសិក្សាវាយតម្លៃទៅលើតំបន់របស់ពួកគាត់ដែលរស់នៅបច្ចុប្បន្ននេះតើ គួរតែគួរតែមានការកាត់ឆ្វៀលជូនពួកគាត់បានដើម្បីឲ្យពួកគាត់មានកម្មសិទ្ធិត្រឹមត្រូវ ពេញលេញស្របច្បាប់ហើយដែលគាត់អាចចាត់ចែងការងារសំណង់ផ្ទះរបស់គាត់លំនៅឋានរបស់គាត់បានហើយគាត់ រាល់ថ្ងៃគាត់ពិបាកចិត្តគាត់តឹងទ្រូងគាត់មានទុក្ខឥតល្ហែ » ។ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ប្រជាពលរដ្ឋនៅឃុំខ្នាត ឃុំទំរីង និងឃុំដូនកែវ ស្រុកពួក ខេ​ត្ត​សៀមរាបប្រមាណ ៥០០នាក់បានប្រមូលផ្តុំគ្នានៅវត្តខ្នាត ស្នើសុំអាជ្ញាធរកាត់ឆ្វៀលដីដែលពួកគេកំពុងរស់នៅចេញពីការ​​គ្រប់​​គ្រងរបស់អាជ្ញាអប្សរា ក៏ប៉ុន្តែការស្នើសុំនោះមិនទទួលបានដំណោះស្រាយណាមួយឡើយ មក​​ដ​​ល់​​​​ពេលនេះ៕