គណៈមេធាវី អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នលើការរកសេវាមេធាវីមកការពារក្តី ក្រោយស្ថាប័នមួយនេះ រកឃើញករណីមានជនខិលខូចមួយចំនួន បន្លំខ្លួនថាជាមេធាវី ដោយសន្យាជួយដោះស្រាយរឿងក្តីឱ្យ។
អ្នកនាំពាក្យគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ឌិន ស៊ីដែន ថ្លែងប្រាប់Newsroom Cambodia នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះថា កន្លងមក មានប្រជាពលរដ្ឋមួយចំនួន បានដាក់ពាក្យបណ្តឹងមកកាន់គណៈមេធាវីជាបន្តបន្ទាប់ ក្រោយពួកគាត់រងគ្រោះដោយការចាញ់បោកជនខិលខូចមួយចំនួន ដែលបន្លំខ្លួនជាមេធាវី ឬជំនួយការមេធាវី។
លោកបន្តថា ជនខិលខូចទាំងនោះ បានក្លែងបន្លំសមាភាពជាមេធាវី ឬជំនួយការមេធាវី ទៅបោកប្រាស់ប្រជាពលរដ្ឋដែលរកសេវាមេធាវីការពារក្តី តាមរយៈរូបភាពមួយចំនួន ដូចជា ការបង្កើតកាតមេធាវីក្លែងក្លាយ កាត់តរូបភាពពាក់អាវជាមេធាវី ឬលួចយករូបមេធាវីពិតប្រាកដទៅផ្សព្វផ្សាយលើគេហទំព័រ ឬបណ្តាញសង្គម និងបង្កើតការិយាល័យមេធាវីក្លែងក្លាយដោយមិនមានការចុះបញ្ជីត្រឹមត្រូវជាដើម។
លោកបន្ថែមថា ករណីខ្លះទៀត មានទាំងការអូសទាញ ឬបញ្ចុះបញ្ចូលជនរងគ្រោះឱ្យជ្រើសរើសសេវាកម្មខ្លួន ដោយលើកហេតុផលថាមានទំនាក់ទំនងជាមួយមេធាវីផ្សេងៗ ឬអ្នកនេះអ្នកនោះ ដើម្បីងាយស្រួលក្នុងការឈ្នះក្តីផងដែរ។
ករណីនេះ លោក ឌិន ស៊ីដែន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវការរកសេវាមេធាវីការពារក្តីឱ្យខ្លួន ត្រូវមានការប្រុងប្រយ័ត្ន និងត្រូវផ្ទៀងផ្ទាត់ឈ្មោះ អត្តសញ្ញាណ កាតសម្គាល់ខ្លួនរបស់មេធាវីម្នាក់ៗ តាមរយៈទំព័រហ្វេសប៊ុករបស់គណៈមេធាវីកម្ពុជាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តជួលមេធាវី។
លោកថា៖ «ធ្វើការផ្ទៀងផ្ទាត់[Verify] អំពីភាពពិតប្រាកដរបស់មេធាវី អញ្ចឹងគាត់អាចតាមកម្មវិធី[App] របស់គណៈមេធាវី សៀវភៅបញ្ចី ឬតាមរយៈវេបសាយរបស់គណៈមេធាវីផងដែរ»។
បើតាមអ្នកនាំពាក្យគណៈមេធាវីរូបនេះ កន្លងមក គណៈមេធាវី បានទទួលបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ២៩ករណី អំពី ការលួចប្រកបវិជ្ជាជីវៈជាមេធាវីដោយខុសច្បាប់នេះ។
យ៉ាងណា លោកថា ដើម្បីដោះស្រាយបញ្ហានេះ គណៈមេធាវី ក៏បានបង្កើតក្រុមអធិការកិច្ចក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងតាមដានបញ្ហានេះ ដើម្បីកំណត់អត្តសញ្ញាណជនបន្លំខ្លួនជាមេធាវី ឬជំនួយការមេធាវី និងបញ្ជូនខ្លួនពួកគេទៅដោះស្រាយតាមផ្លូវច្បាប់។
អ្នកប្រឹក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត មានប្រសាសន៍ថា ករណីពលរដ្ឋចាញ់បោកជនខិលខូចបន្លំខ្លួនជាមេធាវី ឬជំនួយការមេធាវីនេះ ជាបញ្ហាមួយដែលក្រសួង ឬស្ថាប័នពាក់ព័ន្ធ មិនគួរមើលរំលង និងត្រូវមានចំណាត់ការទប់ស្កាត់ជាបន្ទាន់។ លោកបន្តថា ពលរដ្ឋដែលទៅរកសេវាមេធាវី គឺមានន័យថា ពួកគាត់កំពុងមានបញ្ហាដែលត្រូវការពឹងពាក់មេធាវីឱ្យជួយតតាំងក្តី ប៉ុន្តែបែរជាមករងគ្រោះបន្ថែមទៀត ដោយសាររកសេវាការពារក្តីប៉ះចំអ្នកក្លែងបន្លំជាមេធាវី។
លោកបញ្ជាក់ថា៖ «មេធាវីក្លែងក្លាយនេះ មិនត្រឹមតែមិនអាចជួយដោះស្រាយ ឬក៏រួមចំណែកផ្តល់យុត្តិធម៌សម្រាប់ភាគីរបស់ខ្លួនទេ ថែមទាំងជាចំណែកបញ្ហាមួយបន្ថែមទៀត ទៅកាន់ភាគីដែលកំពុងតែរងគ្រោះពីបញ្ហាអ្វីមួយហ្នឹង»។
លោក ចាន់ឡូត បានជំរុញដល់គណៈមេធាវី ឬអាជ្ញាធរមានសមត្ថកិច្ច គួរតែពង្រឹងចំណាត់ការស្វែងរកជនដែលប្រព្រឹត្តិ ដើម្បីកុំឱ្យបញ្ហានេះនៅបន្តកើតមាន ហើយពលរដ្ឋជាសាមីខ្លួនផ្ទាល់ ក៏គួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មុននឹងសម្រេចចិត្តជួលមេធាវី ឬអ្នកការពារក្តីឱ្យខ្លួន៕