ព្រះមហាក្សត្រ បានត្រាស់បង្គាប់បញ្ចប់មុខតំណែងទីប្រឹក្សាក្រសួងព័ត៌មានជិត ១៣០រូប ដែលមន្ត្រីទាំងនោះមានឋានៈស្មើចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រហូតដល់អគ្គនាយក។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសៀវភៅរាជកិច្ចត្រីមាសទី៣ ឆ្នាំ២០២៤ និងផ្សាយចេញដោយទីស្តីការគណរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមិថុនា បានឱ្យដឹងថា ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់បញ្ចប់មុខតំណែងជាទីប្រឹក្សាចំនួន ១២៦រូប ដោយក្នុងនោះមានមន្ត្រីមួយរូប មានឋានៈស្មើរដ្ឋលេខាធិការ, ៨រូប មានឋានៈស្មើអនុរដ្ឋលេខាធិការ និង១១៧រូបទៀត មានឋានៈស្មើអគ្គនាយក។
តែយ៉ាងណា នៅក្នុងព្រះរាជក្រឹត្យនោះ ពុំបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់មុខតំណែងមន្ត្រីទាំងនោះ ជាទីប្រឹក្សាក្រសួងព័ត៌មាននេះទេ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះថា ការបញ្ចប់មុខតំណែងនេះ ធ្វើឡើងក្រោមយន្តការនៃការពិនិត្យ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធស្ថាប័នក្រសួង។ លោកបន្តថា ការណ៍នេះធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព ក្នុងការបំពេញការងាររបស់ក្រសួង ព្រមទាំងបង្កើនសមមូលធនមនុស្ស និងផលិតភាព។
លោកថ្លែងថា៖ «នេះជាការអនុវត្តក្នុងក្របខណ្ឌនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន ក្នុងគោលបំណងលើកកម្ពស់ដំណើរការ និងទំនើបកម្មក្រសួងស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ ព្រមទាំងអភិវឌ្ឍន៍ និងលើកកម្ពស់មូលធនមនុស្ស ដើម្បីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដែរថា បន្ទាប់ពីការបញ្ចប់មុខតំណែងទីប្រឹក្សាក្រសួងទាំងជិត ១៣០រូបនេះ គឺនឹងមិនមានការតែងតាំងនូវសមាសភាពទីប្រឹក្សាថ្មីសម្រាប់ក្រសួងព័ត៌មាននោះទេ។ លោកបន្តថា ការជ្រើសរើសរវាងមុខងារសាធារណៈ និងមុខងារនយោបាយគឺជាជម្រើសរបស់បុគ្គលដែលត្រូវបញ្ចប់មុខតំណែង ដោយស្ម័គ្រចិត្ត។
លោកមានប្រសាសន៍ថា៖ «ជាគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ ជម្រើសរវាងមុខងារសាធារណៈ និងមុខងារនយោបាយ ដែលត្រូវបានបញ្ចប់ដោយស្ម័គ្រចិត្ត ដោយយកមុខងារសាធារណៈ ហើយបោះបង់មុខងារនយោបាយ»។
ជាការកត់សម្គាល់ ក្រោយការតែងតាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានរយៈពេលប្រមាណ ០៤ថ្ងៃ គឺមានការត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជា ទីប្រឹក្សាក្រសួងព័ត៌មាន ចំនួន ៤១៥រូប ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៨០ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។
ទាក់ទងនឹងរឿងនេះដែរ លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បានថ្លែងថា ទីប្រឹក្សាភាគច្រើន សុទ្ធសឹងតែជាមន្ត្រីដែលមានតួនាទីមុខងារសាធារណៈនៅក្នុងក្រសួងរួចទៅហើយ។ លោកបន្ថែមថា ការបន្ថែមតួនាទីជាទីប្រឹក្សាបែបនេះ អាចបង្កឱ្យមានភាពមិនសូវល្អប្រសើរទៅដល់ការអនុវត្តការងារ ដោយសារការបែងចែកតួនាទីមិនមានភាពច្បាស់លាស់ ដែលមានផលប៉ះពាល់ដល់ការគ្រប់គ្រង និងបែងចែកមុខនាទី។
លោកមានប្រសាសន៍ថា៖ «ទាក់ទងនឹងការបញ្ចប់តួនាទីទីប្រឹក្សា ខ្ញុំឃើញថា បញ្ជីឈ្មោះភាគច្រើនសុទ្ធតែជាមន្ត្រីនៅក្នុងក្រសួងព័ត៌មានហ្នឹងតែម្តង។ ទី១ យើងឃើញថាពួកគាត់មានតួនាទីជាមន្ត្រីមុខងារសាធារណៈនៅក្នុងក្រសួងហ្នឹងរួចទៅហើយ ហើយកាលណាយើងផ្តល់តួនាទីទីប្រឹក្សាដែលមានឋានៈស្មើ ហើយធំជាងតួនាទីមុខងារសាធារណៈហ្នឹង វាធ្វើឱ្យប៉ះពាល់ទៅដល់ការអនុវត្ត។ […] ជួនកាលគាត់ត្រឹមជាប្រធាននាយកដ្ឋាន ហើយនៅពេលដែលគាត់មានតួនាទីមួយទៀតជាទីប្រឹក្សា ហើយឋានៈស្មើអគ្គនាយក ឬអនុរដ្ឋលេខាធិការ អ៊ីចឹងអគ្គនាយករងអត់មានតម្លៃហើយ សូម្បីតែអគ្គនាយកខ្លួនឯង ក៏អត់ហ៊ានប្រើប្រធាននាយកដ្ឋានហ្នឹងដែរ រឿងហ្នឹងកើតឡើងយើងឃើញហើយ ការងារវាមិនអាចអនុវត្តបានទៅរលូនទេ»។
លោកក៏បានសាទរចំពោះការបញ្ចប់មុខតំណែងទីប្រឹក្សានៃក្រសួងព័ត៌មាននេះ ដោយថាអាចជាការល្អប្រសើរ និងលើកកម្ពស់ប្រសិទ្ធភាពការងារ។
លោកបន្តថា៖ «ដូច្នេះ ខ្ញុំយល់ថា ការបញ្ចប់តួនាទីទីប្រឹក្សានេះគឺជារឿងល្អ ហើយក៏បានឃើញហើយថាភាគច្រើនគាត់មិនទទួលយកប្រាក់ខែដូចគ្នាដដែលទេ អ៊ីចឹងការកែសម្រួលតួនាទី ភារកិច្ចរបស់មន្ត្រីមុខងារសាធារណៈនៅក្នុងក្រសួងព័ត៌មាន ក៏ដូចជាមន្ត្រីដែលមានឋានៈជាទីប្រឹក្សា គឺជាការរឿងមួយល្អ ហើយអាចធ្វើឱ្យមានការមើលឃើញអំពីការបែងចែកតួនាទី បែងចែកការគ្រប់គ្រងនៅក្នុងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន»។
កាលពីថ្ងៃទី១១ ខែមិថុនា ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញសារាចរណែនាំកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងនៅតាមក្រសួង និងស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប្រមុខរាជរដ្ឋាភិបាល បានអះអាងថា រចនាសម្ព័ន្ធថ្មីនេះ ជាការធ្វើទំនើបកម្ម និងជាការផ្លាស់ប្តូរស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈមួយទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់។
សារាចររបស់រាជរដ្ឋាភិបាល ក៏បានណែនាំដល់ក្រសួង និងស្ថាប័នទាំងអស់ ត្រូវរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឱ្យបានរៀបរយ និងត្រូវប្រើប្រាស់រចនាសម្ព័ន្ធដែលមានស្រាប់ឱ្យអស់លទ្ធភាព។ ក្នុងន័យនេះ រដ្ឋាភិបាល បានតម្រូវឱ្យក្រសួង និងស្ថាប័នទាំងអស់ រក្សាចំនួនអង្គភាពរបស់ខ្លួន ពោលមិនត្រូវបង្កើនចំនួនអង្គភាពថ្មី ទោះស្ថិតក្នុងកម្រិតណាមួយក៏ដោយ។ ចំណែកអង្គភាពដែលមានស្រាប់ គឺចាំបាច់ត្រូវពិនិត្យលទ្ធភាពកែសម្រួល ច្របាច់បញ្ចូលគ្នា ឬត្រូវលុបចោលតែម្តង។
សារាចរដដែល បន្តថា បើក្រសួង និងស្ថាប័ន ចៀសមិនផុតពីការបង្កើតអង្គភាពថ្មី គឺត្រូវធ្វើឡើងដោយផ្អែកលើហេតុផលច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខណ្ឌគោលនយោបាយរបស់រដ្ឋាភិបាល៕