ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ បំប្លែងខ្លួន ក្រោយរកឃើញករណីឆ្លងកើនឡើង ក្នុងកំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា តាមរយៈប្រព័ន្ធតាមដានជំងឺផ្តាសាយ និងប្រព័ន្ធតាមដានជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កម្ពុជាបានរកឃើញថាមានការកើនឡើងនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ បំប្លែងខ្លួន ក្នុងរយៈពេលជាង១ខែចុងក្រោយនេះ ខណៈជំងឺឆ្លងនេះ ក៏មាននិន្នាការកើនឡើងស្របគ្នានៅក្នុងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងបណ្តាប្រទេសជិតខាងកម្ពុជា។
ករណីនេះ ក្រសួងបានអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លងរាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានណែនាំឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តនូវវិធានការបង្ការឱ្យបានម៉ឹងម៉ាត់ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស ឬប្រើកន្សែងដៃនៅពេលក្អកកណ្តាស់ និងត្រូវចៀសវាងចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព។ លើសពីនេះ ក្រសួងថា ប្រសិនបើធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារ រហូតដល់គ្មានរោគសញ្ញាជំងឺ។
ក្រសួងបានណែនាំបន្ថែមថា៖ «ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់»។
លោក កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះថា បើទោះបីជាជំងឺកូវីដ-១៩ លែងជាហានិភ័យធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋនៅតែអាចប្រឈមនឹងការឆ្លង បើសិនខ្វះការប្រុងប្រយ័ត្ន និងការការពារ។
លោកថា៖ «ជំងឺកូវីដហ្នឹង វាស្រាលដូចផ្តាសាយមែន ប៉ុន្តែក៏នៅតែអាចមានឆ្លងដែរ ប៉ុន្តែហានិភ័យដែលអាចឆ្លងដល់[ស្លាប់បាត់បង់]អាយុជីវិតនោះ អត់មានលក្ខណៈហ្នឹងយើងរកឃើញទេ អត់មានឃើញការស្លាប់ដោយកូវីដឥឡូវហ្នឹងទេ»។
ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នថែរក្សាសុខភាព និងការពារខ្លួនពីការឆ្លងជំងឺផ្សេងៗទៀត ក្រៅពីជំងឺផ្តាសាយ ដូចជា ជំងឺថ្លើម ជំងឺរលាកសួត និងជំងឺរបេងជាដើម។
លោក កុយ វ៉ាន់នី បញ្ជាក់ថា៖ «អ្នកណាផ្តាសាយ គាត់ក្អកមក[…] ទឹកកំហាកហ្នឹង ប្រសិនជាគាត់ផ្តាសាយហើយគាត់មានមេរោគរបេង ពេលហ្នឹងមេរោគរបេងនឹងអាចឆ្លងមកយើងអ្នកអត់ឈឺ»។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី លើកឡើងថា ជំងឺកូវីដ-១៩ នេះឆ្លងលឿនណាស់ ហើយការកើនឡើងនូវចំនួនអ្នកឆ្លងនេះ ក៏អាចបណ្តាលមកពីកត្តាអាកាសធាតុផងដែរ ដោយសារពេលនេះជារដូវវស្សា និងការប្រែប្រួលអាកាសធាតុ។
លោកថា៖ «ហើយ[អាកាសធាតុ]យើងតិចក្តៅ តិចភ្លៀង កន្លែងហ្នឹងហើយដែលធ្វើឱ្យយើងងាយស្រួលនឹងការទទួលឆ្លងពីជំងឺផ្សេងៗ ជាពិសេសវីរុសកូវីដនេះ»។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ អ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួនសរុប ១៣៩ ២៣៣ករណី ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១៣៦ ១៤១ករណី និងស្លាប់សរុបចំនួន ៣ ០៥៦នាក់៕