ក្រសួងសុខាភិបាល ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ បំប្លែង​ខ្លួន​ ក្រោយ​រកឃើញករណី​ឆ្លង​កើនឡើង​ ក្នុងកំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤នេះ​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា តាមរយៈប្រព័ន្ធតាមដានជំងឺផ្តាសាយ និងប្រព័ន្ធតាមដានជំងឺរលាកផ្លូវដង្ហើម​ធ្ងន់ធ្ងរ កម្ពុជាបាន​រក​ឃើញ​ថាមានការ​កើនឡើង​នូវជំងឺផ្តាសាយ និង​ជំងឺកូវីដ-១៩ បំប្លែងខ្លួន​ ក្នុងរយៈពេលជាង១ខែចុងក្រោយ​នេះ ខណៈជំងឺឆ្លងនេះ ក៏មាននិន្នាការកើនឡើងស្របគ្នា​នៅក្នុងបណ្តាប្រទេស​ជាច្រើន​នៅក្នុងតំបន់​អាស៊ី​ប៉ា​ស៊ីហ្វិកខាងលិច និងបណ្តាប្រទេស​ជិតខាងកម្ពុជា។

ករណីនេះ ក្រសួងបានអំពាវនាវ​ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ​ ត្រូវយកចិត្តទុកដាក់​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការ​នូវការ​ឆ្លងរាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏​បានណែនាំឱ្យប្រជាពលរដ្ឋចូលរួម​អនុវត្ត​នូវ​វិធានការ​បង្ការ​ឱ្យបាន​ម៉ឹងម៉ាត់ ដោយត្រូវ​ប្រកាន់ខ្ជាប់នូវអនាម័យ ត្រូវ​ខ្ទប់មាត់ដោយ​​ពាក់​ម៉ាស​ ឬប្រើកន្សែងដៃនៅ​​​ពេល​ក្អក​កណ្តាស់ និង​ត្រូវ​ចៀសវាង​ចូល​រួម​ក្នុង​ទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ពិបាក​ដកដង្ហើម ឬ​មាន​បញ្ហា​សុខ​ភាព។ លើសពីនេះ ក្រសួងថា ​ប្រសិនបើ​ធ្វើតេស្តឃើញវិជ្ជមាន​​កូវីដ-១៩ ត្រូវ​ដាក់​ខ្លួន​ឱ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារ រហូត​ដល់គ្មានរោគសញ្ញាជំងឺ។

ក្រសួងបាន​​ណែនាំបន្ថែម​ថា៖ «ប្រសិន​បើមាន​រោគ​សញ្ញា​គ្រុន​ក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬ​ពិបាក​ដក​ដង្ហើម សូម​ស្វែង​រក​ការ​ពិគ្រោះយោ​បល់​នៅ​មណ្ឌល​សុខ​ភាព ឬមន្ទីរពេទ្យ​ឱ្យបានទាន់​ពេល​វេលា ឬ​ទូរស័ព្ទ​មក​កាន់​លេខ​១១៥ ដើម្បីទទួលបានការណែនាំ និង​ពិគ្រោះយោបល់»។

លោក កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះថា បើទោះបី​ជា​ជំងឺកូវីដ-១៩ លែង​ជា​ហានិភ័យ​ធ្ងន់​ធ្ងរ​ក៏​ដោយ ប៉ុន្តែ​​ប្រជា​ពលរដ្ឋ​នៅ​តែ​អាចប្រឈម​នឹង​ការ​​​ឆ្លង បើសិន​ខ្វះការប្រុងប្រយ័ត្ន និងការ​ការពារ​។

លោកថា៖ «ជំងឺកូវីដហ្នឹង​ វាស្រាលដូច​ផ្តាសាយ​មែន ប៉ុន្តែក៏នៅតែអា​ច​មាន​ឆ្លង​ដែរ ប៉ុន្តែ​ហានិ​ភ័យ​ដែល​អាច​ឆ្លង​ដល់​[ស្លាប់​បាត់​បង់​]​អាយុ​ជីវិតនោះ​ អត់មានលក្ខណៈហ្នឹង​​យើង​រក​ឃើញទេ អត់​មាន​ឃើញ​ការ​ស្លាប់​ដោយ​កូវីដ​ឥឡូវ​ហ្នឹង​ទេ»។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យ​ប្រុងប្រយ័ត្ន​​ថែរក្សា​សុខភាព និង​ការ​​ពារ​​ខ្លួនពីការ​ឆ្លងជំងឺផ្សេងៗ​​​ទៀត ក្រៅពីជំងឺផ្តាសាយ​ ដូច​​​ជា ជំងឺថ្លើម ជំងឺ​រលាក​សួត និង​ជំងឺ​របេង​ជាដើម។

លោក កុយ ​វ៉ាន់នី បញ្ជាក់ថា៖ «​​អ្នកណាផ្តាសាយ គាត់​ក្អក​មក​[…]​ ទឹក​កំហាក​ហ្នឹង ប្រសិន​ជា​គាត់​ផ្តាសាយ​ហើយ​គាត់​មាន​មេរោគ​របេង ពេល​ហ្នឹង​មេរោគ​របេង​នឹង​អាច​ឆ្លង​មក​យើង​អ្នក​អត់​ឈឺ»។

ប្រធាន​​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា ​លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី លើកឡើងថា ជំងឺកូវីដ​-១៩ នេះឆ្លងលឿនណាស់​ ហើយ​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ឆ្លង​នេះ ក៏​អាច​បណ្តាល​មក​​ពី​​កត្តា​អាកាស​​ធាតុ​ផងដែរ​ ដោយ​សារពេលនេះជារដូវវស្សា​ និងការប្រែប្រួលអាកាសធាតុ។

លោកថា៖ «ហើយ[អាកាសធាតុ​]យើង​​តិច​ក្តៅ តិច​ភ្លៀង កន្លែង​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​យើង​ងាយ​ស្រួល​នឹង​ការ​ទទួល​ឆ្លង​​ពី​ជំងឺផ្សេងៗ ជា​ពិសេសវី​រុសកូវីដនេះ»។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃ​ទី​១២​ ខែ​មិថុនា ឆ្នាំ២០២៤ ​អ្នក​ឆ្លង​ជំងឺ​​កូវីដ-១៩​ មាន​ចំនួនសរុប ១៣៩ ២៣៣ករណី ក្នុងនោះព្យាបាល​​ជាសះស្បើយចំ​នួន ១៣៦ ១៤១​ករណី និង​ស្លាប់​សរុបចំនួន ៣ ០៥៦នាក់៕