ក្រុមចលនាមាតាធម្មជាតិលើកឡើងថាការដែលតុលាការលើកយកអង្គហេតុនៃរឿងក្ដីចាស់ដែលធ្លាប់កាត់ទោសពួកគេរួចហើយ មកដាក់បញ្ចូលក្នុងសំណុំរឿងបច្ចុប្បន្នជារឿងដែលមិនអាចទទួលយកបាន។
ប្រតិកម្មនេះគឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជាលើកទី៣ ក្នុងសំណុំរឿង «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ » ដែលសវនាការលើអង្គសេចក្តីនេះ បានប្រព្រឹត្តទៅកាលនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី បានប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា នៅក្នុងសវនាការជំនុំជម្រះកាលពីថ្ងៃម្សិលមិញនេះ តុលាការបានចោទសួរសំណួរភាគច្រើនដែលតុលាការធ្លាប់សួរ និងដាក់ទោសលើលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងរូបគេផ្ទាល់ កាលពីឆ្នាំ២០២២ ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
កញ្ញាយល់ឃើញថា ការយកអង្គហេតុក្នុងរឿងក្ដីចាស់ មកចោទសួរម្ដងទៀតនៅក្នុងរឿងក្ដីដែលកំពុងជំនុំជម្រះបច្ចុប្បនេះ គឺដោយសារតុលាការគ្មានភស្ដុងតាងថ្មីក្នុងការដាក់បន្ទុកលើពួកគេ ហើយខ្លួនមិនអាទទួលយកបានទេពេលដែលតុលាការយកអង្គហេតុដែលបានជម្រះរួចហើយ មកប្រើម្ដងទៀតដូច្នេះ។
កញ្ញាបន្តថា៖ «សម្រាប់ពួកយើងទាំង៣នាក់ ពួកយើងពិតជាមិនអាចទទួលយកបានទេចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ដែលគ្មានភស្ដុតាងច្បាស់លាស់ ហើយជាពិសេសគឺបានយកអង្គហេតុចាស់ដែលធ្លាប់កាត់ទោសយើងម្ដងទៅហើយកាលពីឆ្នាំ២០២២ទៅលើរឿងញុះញង់យកមកដាក់បន្ទុកយើងនៅលើរឿងរួមគំនិតក្បត់នេះម្ដងទៀត» ។
ចំណែកឯសកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀតគឺ កញ្ញា ឡុង គន្ធា ក៏មិនសុខចិត្តដែរនៅពេលដែលតុលាការប្រើអង្គហេតុដដែលមកចោទសួរកញ្ញាម្ដងទៀត ដោយកញ្ញាចាត់ទុកថាជារឿងអយុត្តិធម៌។
កញ្ញាបន្តថា៖«សម្រាប់ខ្ញុំៗអត់អាចទទួលយកបានទេ ហើយខ្ញុំអត់អាចទទួលយកបានគឺតាំងពីដំបូងមកហើយ តាំងពីខ្ញុំត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារដោយអយុត្តិធម៌ពីបទញុះញង់មកម្ល៉េះ ហើយខ្ញុំត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល១៨ខែដោយអយុត្តិធម៌ដោយគេយកអង្គហេតុតាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០២០[…]នៅពេលនេះទៀតសោត គេយកអង្គហេតុពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ ដើម្បីមកចោទប្រកាន់ខ្ញុំពីបទរួមគំនិតក្បត់ទៀត ខណៈពេលដែលឆ្នាំ២០១២ ដល់ឆ្នាំ២០២០ អង្គហេតុនេះគេបានផ្ដន្ទាទោសខ្ញុំម្ដងរួចមកហើយ នៅក្នុងឆ្នាំ២០២១គឺជាកំឡុងពេលដែលខ្ញុំកំពុងនៅក្នុងពន្ធនាគារ តែបែរជាចោទប្រកាន់ខ្ញុំទៅវិញ» ។
ជុំវិញករណីនេះ លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធការផ្តល់ព័ត៌មានដោយលោកថារឿងក្ដីនេះកំពុងស្ថិតក្នុងដំណាក់កាលនីតិវិធីរបស់ចៅក្រម ខណៈមេធាវីការពារសិទ្ធិឱ្យក្រុមចលនាមាតាធម្មជាតិ លោក សំ ចំរើន ក៏មិនអាចស្នើសុំការអត្ថាធិប្បាយបានដែរ ដោយអះអាងថាជាប់រវល់។
ដោយឡែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានប្រាប់ថា មេធាវីការពារក្ដីឱ្យក្រុមសកម្មជនការពារបរិស្ថាន បានបញ្ជូនឯកសារពាក់ព័ន្ធដែលចេញដោយតុលាការកាលពីសំណុំរឿងចាស់រួចហើយដើម្បីឱ្យតុលាការពិនិត្យចំពោះរឿងក្ដីថ្មីនេះ។
លោកបន្តថា៖ «មេធាវីអ្នកទាំង៣ ក៏បានដាក់បញ្ចូលសាលក្រម និងសាលដីការ តុលាការដែលផ្តន្ទាទោសពួកគេទាំង៣ទៅតុលាការរួចដែរដើម្បីទុកឱ្យតុលាការពិនិត្យពិចារណាមើលថាតើអង្គហេតុដែលចោទប្រកាន់អ្នកទាំង៣ពីបទរួមគំនិតក្បត់នេះ ដូចគ្នានឹងអង្គហេតុដែលតុលាការផ្តន្ទាទោសអ្នកទាំង៣ពីបទញុះញង់កន្លងមកឬទេ ? ព្រោះពេលចោទប្រកាន់អ្នកទាំង៣ពីបទរួមគំនិតក្បត់ គឺកំឡុងពេលដែលអ្នកទាំ៣កំពុងជាប់ពន្ធាគារពីបទញ៉ុះញង់ »។
បើទោះជាបែបណា អ្នកការពារសិទ្ធិមនុស្សរូបនេះ លើកឡើងថា បើតាមនីតិវិធី អង្គហេតុដែលបានប្រើក្នុងការចោទប្រកាន់រួចហើយមិនអាចប្រើបានម្តងទៀតទេ។
លោកបន្តថា៖«តាមគោលការណ៍ច្បាប់ និងបទដ្ឋានអន្តរជាតិគឺតុលាការមិនអាចចោទ ប្រកាន់លើអង្គហេតុដដែលដែលជនម្នាក់ត្រូវបានចោទប្រកាន់និងផ្តន្ទាទោសលើអង្គហេតុនោះរួចទៅហើយទេ» ។
នៅក្នុងសំណុំរឿង«រួមគំនិតក្បត់» មានមនុស្ស១០នាក់ ត្រូវរង់បណ្តឹងតាមផ្លូវតុលាការរួមមាន លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យឹម លាងហ៊ី លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា លោក ពក ខឿយ កញ្ញា ស៊ុន រដ្ឋា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន។
ចំណែកឯសំណុំរឿង«ប្រមាថព្រះមហាក្សត្រ» មានមនុស្សចំនួន៣នាក់ក្នុងចំណោមនោះដែរគឺមានលោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន៕