ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេស យកមកប្រើប្រាស់ជានាវា-ទូកចម្លង ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ។
ការណែនាំរបស់ក្រសួងបានធ្វើឡើងក្រោយពីករណីលិចទូកចម្លងនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ស្លាប់ ក្នុងចំណោមសិស្សប្រុសស្រីចំនួន ១៥នាក់ ដែលបានជិះទូកចម្លងនោះ។
យោងតាមសារាចរណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានលើកឡើងថា ដើម្បីឆ្លើយតបនឹងស្ថានភាពដែលអាចកើតមានជាយថាហេតុនូវគ្រោះថ្នាក់ក្នុងការធ្វើដំណើរតាមនាវា ឬទូក ជាពិសេសក្នុងរដូវវស្សា ដែលតែងកើតមានជាញឹកញាប់នូវព្យុះ ភ្លៀង ខ្យល់កន្ត្រាក់ និងចរន្តទឹកហូរខ្លាំងនោះ ក្រសួងបានដាក់ចេញនូវវិធានការមួយចំនួន ក្នុងការពង្រឹងសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ។
ក្នុងវិធានការនោះ ក្រសួងបានណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេស យកមកប្រើប្រាស់ជានាវា-ទូកចម្លង និងត្រូវធានាថា នាវា-ទូកចម្លង បានទទួលការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំទៅតាមការកំណត់ ក្នុងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងប្រកាសស្តីពីនីតិវិធីនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេស នាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេស។
សារាចររបស់ក្រសួងបន្តណែនាំថា៖ «[ម្ចាស់អាជីវកម្មកំពង់ចម្លង]ត្រូវយកចិត្តទុកដាក់លើចំណុចចាំបាច់ ដូចជា សំបកទូក គ្រឿងម៉ាស៊ីន ប្រព័ន្ធចង្កូត ដំបូលទូក ប្រព័ន្ធភ្លើង សញ្ញាសំឡេង ឧបករណ៍ សុវត្ថិភាពនៅលើទូក ឧបករណ៍សង្គ្រោះបឋម និងសញ្ញាប្រកាសអាសន្នជាដើម»។
ក្រសួងក៏បានណែនាំដល់ម្ចាស់អាជីវកម្ម ត្រូវត្រួតពិនិត្យចំនួនអ្នកដំណើរ និងវត្ថុផ្សេងៗទៀតដែលដឹកតាមនាវា-ទូក ដើម្បីធានាថាមិនផ្ទុកលើសទម្ងន់ និងត្រូវបំពាក់ឧបករណ៍ សម្ភារៈបរិក្ខាសុវត្ថិភាពចាំបាច់ឱ្យបានគ្រប់គ្រាន់ ដូចជា ពោងសុវត្ថិភាព ភ្លើងបំភ្លឺ និងអាវពោងជាដើម។
ជាមួយគ្នានេះ ក្រសួងក៏បានស្នើដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់តាមដាន និងណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លង និងនាវា-ទូកលក្ខណៈគ្រួសារ ដែលកំពុងធ្វើអាជីវកម្មនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យប្រកាន់ខ្ជាប់វិធានសុវត្ថិភាព នៅពេលធ្វើប្រតិបត្តិការចម្លង ឬដឹកជញ្ជូនផ្សេងៗ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម មានប្រសាសន៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ «ចំពោះការគ្រប់គ្រងទូកដរ ទូកចម្លងហ្នឹង គឺយើងប្រគល់ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ខាងច្រកចេញចូលតែមួយលោកជាអ្នកផ្តល់នូវការអនុញ្ញាត ប៉ុន្តែនៅក្នុងនាមក្រសួងសាធារណការ ក្រសួងជំនាញ ក្រសួងបច្ចេកទេសទៅលើបញ្ហាហ្នឹង យើងតែងតែមានសារាចរណែនាំក្តីជាសេចក្តីប្រកាសព័ត៌មាន សេចក្តីអំពាវនាវក្តី សូមឱ្យមានការប្រុងប្រយ័ត្ន សូមឱ្យមានការត្រៀមបង្ការ ជាពិសេសគឺក្មេងៗ ដែលយើងបានដឹងហើយថាប៉ុន្មានមុនថ្ងៃនេះ គឺមានករណីលិចទូកដចម្លងមួយធ្វើឱ្យក្មួយស្រីម្នាក់បាត់បង់ជីវិត ដែលជារឿងគួរឱ្យសោកស្តាយ ដែលយើងត្រូវត្រៀមបង្ការ ដើម្បីកុំឱ្យមានឧបទ្ទេវហេតុនេះមានទៅមុខតទៅទៀត»។
លោកបន្តថា ប្រសិនបើម្ចាស់អាជីវកម្មកំពង់ចម្លង មិនធ្វើការអនុវត្តតាមការណែនាំនេះ ហើយធ្វេសប្រហែស បង្កឱ្យអ្នកដទៃរងគ្រោះ នោះអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមទណ្ឌកម្មរដ្ឋបាល និងច្បាប់ដែលមានជាធរមាន។
ម្ចាស់អាជីវកម្មទូកចម្លងអ្នកដំណើរជាលក្ខណៈគ្រួសារ នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក សេង ខុម គាំទ្រចំពោះការណែនាំរបស់ក្រសួង ដោយថានេះជាការគិតគូរដល់ប្រជាពលរដ្ឋ និងធានាសុវត្ថិភាពដល់អ្នកដំណើរតាមផ្លូវទឹក។
លោកមានប្រសាសន៍ថា៖ «ខាងមន្ទីរ ខាងក្រសួងគេណែនាំចឹង គឺយើងថែរក្សាអាយុជីវិតទាំងអស់គ្នា បើមានបញ្ហាទៅពិបាកទាំងអស់ បើទូកខាងខ្ញុំសុទ្ធតែមានអាវពោងទាំងអស់ហ្នឹង បើកដល់ឆ្លងទន្លេសាបផង មិនមែនត្រឹមព្រែកទេ ខាងខ្ញុំនេះសុខសប្បាយ[មិនមានករណីលិចទូកចម្លងទេ]»។
ទាក់ទិននឹងករណីនេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ថា ការចេញសារាចរណែនាំនេះ ជាផ្នែកមួយក្នុងការធានានូវសុវត្ថិភាពសម្រាប់អ្នកដំណើរតាមផ្លូវទឹក។ តែយ៉ាងណា លោកថា អ្វីដែលសំខាន់នោះ ក្រសួងត្រូវចុះទៅត្រួតពិនិត្យដោយផ្ទាល់ ដើម្បីអាចដឹងអំពីស្ថានភាពជាក់ស្តែង និងត្រួវពិនិត្យជាប្រចាំទៅលើអ្នកប្រើប្រាស់ទូកចម្លងនេះ តាំងពីគុណភាពនៃទូក និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត។
លោកថ្លែងថា៖ «ការចេញសេចក្តីសម្រេច ឬក៏សេចក្តីណែនាំអីគ្រប់បែបយ៉ាង វាជារឿងមួយសំខាន់ហើយ តែសំខាន់មែនទែន គឺត្រូវចុះធ្វើការត្រួតពិនិត្យផ្ទាល់ដែរ ថាតើមានទូកកែច្នៃឬអត់ បើមានទូកកែច្នៃដែលខុស ដែលវាខុសប្រក្រតីអត់ ធានាសុវត្ថិភាពបានទេ យើងត្រូវតែធ្វើការផាកពិន័យធ្វើការចាប់ឃាត់ទុកអីចឹងទៅ អាហ្នឹងទើបអាចធានាសុវត្ថិភាពបាន បើគ្រាន់តែណែនាំ ណែនាំឱ្យគាត់យល់ គាត់រកលុយបាន រឿងហ្នឹងគាត់ធ្វើម៉េចយល់ ទាល់តែចាត់វិធានការផ្លូវច្បាប់»។
លោក យង់ គិមអេង បន្ថែមថា ប្រសិនបើក្រសួងគ្រាន់តែចេញសារាចរណែនាំ ដោយមិនយកចិត្តទុកដាក់លើបញ្ហាទាំងនេះទេ នោះនឹងអាចមានឧបទ្ទវហេតុបែបនេះកើតឡើងជាបន្តទៀត។ លោកថា៖ «ក្រសួងសាធារណការ លោកគួរតែសហការណ៍ឱ្យបានល្អប្រសើរជាមួយហ្នឹងអាជ្ញាធរដែនដី ដើម្បីធ្វើកិច្ចការងារនេះ អាហ្នឹងគឺអាចដោះស្រាយបញ្ហាហ្នឹងបានហើយ បើសិនជាយើងនៅតែបណ្តែតបណ្តោយ យើងនៅតែមិនអើពើទេ គ្រាន់តែណែនាំហើយចោល ណែនាំចោល គឺលើកក្រោយវាកើតឡើងទៀត អាចរឿងរ៉ាវធំដុំជាងនេះ អាចកើតឡើងបន្តទៀត»៕