នៅតាមដងវិថីធំៗ តាម​ទីកន្លែង​សាធារណៈ​នានា ក្នុងទីក្រុងភ្នំពេញ ​និងតាមទីរួមខេត្តជាច្រើននៅ​កម្ពុជា គេឃើញមានផ្ទាំ​ង​ផ្ស​ព្វ​ផ្សា​យ​ពា​ណិ​ជ្ជ​ក​ម្ម ​ឬ​ផ្ទាំ​ង​ប៉ា​ណូផ្ស​ព្វ​ផ្សា​យ​​ផ​លិ​ត​ផលគ្រឿងស្រវឹង​យ៉ាង​ព្រោងព្រាត។ ក្រៅពីនេះ ក៏មាន​ផ្សព្វ​ផ្សាយ​​តាម​កញ្ចក់​ទូរទស្សន៍ កាសែត ទស្សនាវដ្តី និង​បណ្តាញ​​​សង្គម​យ៉ាង​ផុ​ស​ផុល​ផងដែរ។ ទាំងនេះ ជាយុទ្ធសាស្ត្រ​ទី​ផ្សា​រ ដើម្បី​ឱ្យអតិថិជន​បានស្គាល់ និង​ជំរុញ​ការ​ពិសារ​គ្រឿង​ស្រវឹង​ ដោយភ្ជាប់​ជាមួយ​​សារ​មួយចំនួនទាក់ទងនឹង​គុណសម្បត្តិស្រាបៀរ និង រសជាតិ​ឆ្ងាញ់កម្រិតពិភពលោក ព្រមទាំង​មោទនភាពជាតិ​ជាដើម។

ការផ្សព្វផ្សាយដ៏សន្ធឹកសន្ធាប់នេះ បង្កឲ្យមានការពិភាក្សាក្នុងចំណោមសាធារណជនជុំវិញផល​ប៉ះ​ពាល់​​ជាច្រើន​ដែលបង្កឡើងដោយគ្រឿងស្រវឹង ជាអាទ៍បញ្ហាសុខភាព គ្រោះថ្នាក់ចរាចរណ៍ ខាត​ពេលវេលា ថវិកា និងសុភមង្គលជាដើម។ កាលពីខែមេសាកន្លងទៅ រដ្ឋាភិបាល​សម្រេចបង្កើត​ក្រុម​ការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដែលត្រូវបានគេរំពឹងថាជាជំហាន វិជ្ជមាន​មួយ។ ក្រុម​ការងារនេះ​ ទទួលបន្ទុក​កំណត់វិធានការ និង​រៀ​ប​​ចំ​សណ្តាប់ធ្នាប់​នៃការគ្រប់គ្រង​ការ​ផ្សា​​​យ​ពាណិជ្ជកម្ម​​​ផលិតផលគ្រឿងស្រវឹង​តាម​គ្រប់​មធ្យោ​បាយ​ប្រ​ព័ន្ធផ្សព្វផ្សាយ​ និងការដាក់​តាំង​ជា​សាធារណៈគ្រប់ទីកន្លែង ដើម្បី​លើ​ក​ក​ម្ព​ស់​សោភណ​ភា​ព និងសុវត្ថិភាពសង្គម។

សាធារណជនដែល Newsroom Cambodia បានជួបសម្ភាសកាលពីខែឧសភាកន្លងទៅ​បង្ហាញ​ការ​សាទរចំពោះការបង្កើត​ក្រុម​ការងារ​ថ្មីនេះ ដោយរំពឹងថាការកាត់បន្ថយ និងរិតត្បិតការ​ផ្សព្វផ្សាយ​គ្រឿ​ងស្រវឹង​អាចហុច​ផល​វិជ្ជមាន​​ដល់ពលរដ្ឋ និងសង្គមកម្ពុជា។ នេះ ក៏ដោយសារក្រុម​ការងារនេះ នឹងត្រួតពិនិត្យ​ការផ្សាយ​ពាណិជ្ជកម្មគ្រឿងស្រវឹង ​វាយតម្លៃ ​យុទ្ធសាស្ត្រ​​ផ្សាយ​ពាណិជ្ជកម្ម និងតម្រូវ​ឲ្យក្រុមហ៊ុន​មាន​​ទំនួល​ខុសត្រូវខ្ពស់ ដែល​អាច​កាត់​បន្ថយ​ការពិសារ​គ្រឿង​ស្រវឹង ដែលជារឿយៗ​បង្កឲ្យមាន​​គ្រោះថ្នាក់​នានា។ ​ពួកគេក៏បានលើកឡើងស្តីពីផលប៉ះពាល់​ជាច្រើន​​ដែល​បង្ក​ឡើង​ដោយ​គ្រឿង​ស្រវឹង ដូចជាបញ្ហាសុខភាព គ្រោះថ្នាក់ចរាចរណ៍ ខាតពេល​វេលា ថវិកា និងសុភមង្គល​ជាដើម។

កំពុងតែដើរទស្សនានៅក្នុងសារមន្ទីរជាតិនាទីក្រុងភ្នំពេញ ដែលមានមនុស្សម្នាកំសាន្តច្រើន លោក​ឌីម ចិត្រា អាយុ១៩ឆ្នាំ និស្សិតឆ្នាំទី១សិ​ក្សា​នៅ​សា​ក​ល​វិ​ទ្យា​ល័​យ​វិ​ទ្យា​សា​ស្ត្រ​​សុខាភិបាល​ត្រេ​ក​អ​រ​​ចំ​ពោះ​សេ​ច​ក្តី​ស​​ម្រេ​ច​រ​បស់​រ​ដ្ឋា​ភិ​បា​ល លើវិធានការបង្កើ​ត​ក្រុម​ការងារ​​​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​​កម្ម​​​ផលិតផលគ្រឿងស្រវឹង។

លោកនិយាយថា៖​ «រាល់ថ្ងៃគ្រឿងស្រវឹងធ្វើឱ្យយុវជនជំនាន់ក្រោយឈ្លក់វង្វេង បាត់បង់​ប្រ​យោ​​​ជ​ន៍​ក្នុង​ជី​​វិ​តរបស់គាត់ច្រើន ដូចជាខាតពេលវេលា ខាតថវិកា ធ្វើឱ្យគ្រួសារអត់មានសុភមង្គល និង​មា​ន​ច្រើន​ជាងហ្នឹងទៀត»។

លោក ឌីម ចិត្រា អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១សិ​ក្សា​នៅ​សា​ក​ល​វិ​ទ្យា​ល័​យ​វិ​ទ្យា​សា​ស្ត្រ​​សុខាភិបាល (រូបភាព៖ ទេព សួគានី)

លោក ថាន់ ប៊ុនថង អាយុ៣១ឆ្នាំ ជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន​មួ​យ​ក​ន្លែង​នៅ​រា​ជ​ធា​នី​ភ្នំ​​ពេញ​ ពេញចិត្ត និងគាំទ្រ លើសេចក្តីសម្រេចរបស់រដ្ឋាភិបាល ព្រោះលោកសង្កេតឃើញថាគ្រឿងស្រវឹង​ផ្ដល់ផលអវិជ្ជាមានដល់ការសិក្សា សុខភាព និងសង្គម។

​លោកនិយាយថា៖​ «តាមការពិត ការលក់ដូរមានផលប៉ះពាល់ដែរ តែមិនប៉ះពាល់ខ្លាំងទេ ហាងខ្ញុំ​ផ្ដោត​លើភេសជ្ជៈដូចជាកូកាអីចឹង​ មិនប្រាកដថាភ្ញៀវទាំងអស់ញ៉ាំគ្រឿង​ស្រវឹ​ង​ទាំង​អស់​ទេ។

លោក ថាន់ ប៊ុនថង អាយុ៣១ឆ្នាំ ជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន​មួ​យ​ក​ន្លែង​នៅ​រា​ជ​ធា​នី​ភ្នំ​​ពេញ (រូបភាព៖ ទេព សួគានី)

ចំណែកព្រះតេជគុណ ប៉ិច ផាត ព្រះជន្ម ២៣ព្រះវស្សា ជានិស្សិត​កំ​ពុ​ង​សិ​ក្សា​ជំ​នា​ញ​ស្ថាបត្យ​ក​ម្ម​សំណង់​ស៊ីវិល​ នៅសាកលវិទ្យាល័យន័រតុន។ នៅក្នុងបទសម្ភាសជាមួយ Newsroom Cambodia ព្រះតេជគុណ ​មានសេចក្តីសោមនស្សជាខ្លាំង ក្រោយ​ទទួលដំណេឹងពីវត្តមានក្រុមការងារគ្រប់គ្រ​​​​ង​ការផ្សាយពាណិជ្ជ​​កម្ម​ផលិតផលគ្រឿងស្រវឹងនេះ។ ព្រះតេជគុណ រំពឹងឃើញកម្ពុជានឹង​មាន​សណ្តាប់​ធ្នាប់​ជាងមុន។

ព្រះតេជគុណមានសង្ឃដីកាថា៖ «គុណវិបត្តិនៃគ្រឿងស្រវឹង វាអាចប៉ះពាល់ច្រើន ដូចជា​នាំ​ឱ្យ​មា​ន​អំពើ​ហិ​ង្សាក្នុងគ្រួសារ ឬក៏នាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗបាត់បង់ជីវិតអីចឹង»។

ព្រះតេជគុណសំណូមពរឱ្យទាំងអ្នកលក់ និងក្រុមហ៊ុនផ្សព្វផ្សាយគ្រឿងស្រវឹង គោរពតា​ម​ច្បាប់ ដែ​ល​​រា​ជរដ្ឋាភិបាលបានកំណត់មកនេះ និងចូលរួមកា​ត់​ប​ន្ថ​យ​គ្រឿ​ង​ស្រ​វឹ​ង​​ក្នុ​ង​ស​ង្គ​ម​។

ព្រះតេជគុណ ប៉ិច ផាត ព្រះជន្ម ២៣ព្រះវស្សា ជានិស្សិត​កំពុងសិក្សាជំនា​ញ​ស្ថាបត្យ​ក​ម្ម​សំណង់​ស៊ីវិល​ នៅសាកលវិទ្យាល័យន័រតុន (រូបភាព៖ ទេព សួគានី)

តាមរបាយការណ៍របស់ Wisevoter នៅក្នុងឆ្នាំ២០២៣ រកឃើញថា​ក​ម្ពុ​ជា​ឈ​រ​នៅ​លេខរៀងទី៣ ដែល​មា​ន​ប្រ​ជា​ជ​ន​ផឹកស្រាច្រើនជាងគេនៅក្នុងតំបន់អាស៊ាន ​និ​ងឈរ​លេខរៀង​ទី​៣​៦ ​នៅ​ក្នុ​ង​ចំ​ណោ​ម​ប្រទេស​នៅលើពិភពលោក ដែលប្រជាជន​កម្ពុជាម្នាក់​អាចផឹកស្រាបាន ២១.៧លីត្រ។

ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ជប៉ុន​ឈ្មោះ​ Kirin ​ ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ឱ្យ​ដឹង​ថា​ ប្រជាជន​កម្ពុជា​សរុប​ទាំង​អស់​បាន​ចំណាយ​ប្រាក់​ប្រមាណ​២,៣​ពាន់​លាន​ដុល្លារ​ទៅ​លើ​ការ​ពិសា​ស្រាបៀរ ​ដោយ​ម្នាក់ៗ​បាន​ពិសា​ស្រាបៀរ​ប្រមាណ​៧២​លីត្រ​ និង​ចំណាយ​ប្រាក់​ប្រមាណ​១៣៦​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ​របាយ​ការណ៍​នេះ​បាន​សិក្សា​ក្នុង​ចន្លោះ​ឆ្នាំ​២០២០-២០២១។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាព បាន​ប្រាប់ Newsroom​ Cambodia ថា ​ការ​បង្កើត​ក្រុម​ការងារ​នេះគ្រាន់​តែ​ជា​ការ​ចាប់ផ្តើម​ទេ​ ​ចំណែក​ឯប្រសិទ្ធភាព​អាស្រ័យ​ទៅលទ្ធផល​របស់​ក្រុមការងារ​។ លោកបន្តថា​ ដើម្បីបង្ការ​គ្រោះថ្នាក់​នានា កម្ពុជា​គួរតែបញ្ឈប់ការផ្សាយ​ពាណិជ្ជកម្ម ឬយ៉ាងហោចណាស់កម្រិត​ការផ្សព្វផ្សាយ។

លោកនិយាយថា៖ «តាមពិតទៅដើម្បីបង្ការយុវជន ក៏​ដូចជា​កុមារ​កុំ​អោយ​ធ្លាក់​ខ្លួន​សេពគ្រឿង​ស្រវឹងដែលធ្វើអោយមានបញ្ហាដល់ធនធានមនុស្សជំនាន់ក្រោយ ជាពិសេស​ដើម្បី​បង្ការ​គ្រោះថ្នាក់​​ចរាចរណ៍​ដែល​កើតឡើង​ដោយសារ​អ្នកបើកបរ​ស្រវឹងហ្នឹង​គឺការផ្សាយ​ពាណិជ្ជកម្ម​នឹង​គួរតែ​ហាម​ទាំងស្រុងតែម្ដងគ្រប់មធ្យោបាយទាំងអស់»។

លោកបន្តថា៖ «ក្នុងករណី​ដែលមិនអាច​ហាមឃាត់ការ​ផ្សាយទាំងស្រុងទេ​ យើងគួរហៅថា​កម្រិត​ការផ្សាយពាណិជ្ជកម្ម​។ មាន​ន័យថា​យើងអនុញ្ញាត​តែការផ្សាយម៉ាកនិងឡួហ្គូ(logo)​របស់​ក្រុមហ៊ុន​បានហើយ មិនអនុញ្ញាតការផ្សាយពាក់ព័ន្ធនឹងការត្រូវរង្វាន់ ឬយកយុវជន យុវនារី តារា មកធ្វើការ​ទាក់ទាញ​កុមារ​នោះទេ»។

យោងតាម​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ២០២៣ បាន​កើន​ឡើង ១១ភាគ​រយ ច្រើន​ជាង​ឆ្នាំ២០២២ ដោយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ជិត ៤ពាន់​ដង ក្នុង​នោះ​មាន​មនុស្ស​ស្លាប់ ១.៥៩០នាក់ និង​របួស ៤.៥០០នាក់។

ចំណែករបាយការណ៍ ដែលចេញផ្សាយដោយ​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  និង​កម្មវិធី​អភិវឌ្ឍន៍​​សហប្រជាជាតិ (UNDP) ឆ្នាំ២០២៣ ដោយប្រើប្រាស់​ទិន្នន័យបានពីប្រព័ន្ធព័ត៌មានជន​រងគ្រោះ និងគ្រោះថ្នាក់​ចរាចរណ៍ (RCVIS)ឆ្នាំ២០១៩ ឲ្យដឹងថាកម្ពុជាខាតបង់ថវិកាចំនួន ៤៦៦.៨ លានដុល្លារអាមេរិក ដោយក្នុង​ចំណោម​​ការខាតបង់សរុប ៨៨.៨ភាគរយ គឺដោយសារការបាត់បង់​ជីវិត និងការ​បាត់ប្រាក់ចំណូល ដែលជនរងគ្រោះអាចរកបានពេញមួយជីវិត។

បើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កិច្ចសហការគ្នា​រ​វា​ងភាគី​រ​ដ្ឋ​ និ​ង​ឯ​ក​ជ​ន មាន​​ភា​ព​​ចាំ​បា​ច់​ដើ​ម្បី​គ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង។ ​យោ​ង​តាម​កា​រ​ចុះ​ផ្សាយ​​រ​​​ប​ស់​ក្រ​សួ​ង​ព័​ត៌​មា​ន​កា​លពី​ខែ​មីនា ឆ្នាំ២០២៤ កន្លងមក ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងយ៉ាងដូច្នេះ៖ «​កា​រ​រួម​គ្នា​គ្រ​ប់​​គ្រ​ង​សណ្តា​​ប់​ធ្នា​ប់​នៃ​​​កា​រ​ផ្ស​ព្វ​ផ្សា​យ​ពា​ណិ​ជ្ជ​ក​ម្ម​គ្រឿ​ង​ស្រ​វឹ​ង​គឺ​ដើ​ម្បី​ជួ​យ​ទៅ​ដ​ល់​សង្គ​ម​ ​ជួ​យ​ទៅ​ដ​ល់​ក្រុមហ៊ុន​ ជួ​យ​ទៅដ​ល់​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ដែ​ល​ជា​អ្ន​ក​ប្រើ​ប្រាស់​ផ​លិ​ត​ផ​ល​​,​ ​កា​ត់​ប​ន្ថ​យ​គ្រោះ​ថ្នា​ក់​​​និ​​​ង​​​ប​​ង្កើ​ន​នូ​វ​សុ​ខ​ដុ​ម​នីយ​ក​ម្មក្នុងសង្គម»។

អង្គការសហប្រជាជាតិផ្តួចផ្តើមព្រឹត្តិការណ៍ដ៏សំខាន់មួយគឺទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានកំណត់យកខែឧសភា ជារៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមបណ្តា​ប្រទេសនានា​ទូទាំង​សកល​លោក ដើម្បីជាការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជា ឱ្យយកចិត្តទុកដាក់លើកកម្ពស់​វិស័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណៈការ និង​ដឹក​ជញ្ជូន​នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

ការ​ស្ទង់​មតិមួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល​ និង​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​ថា ​បុរស​៧​នាក់​ក្នុង​ចំណោម​១០​នាក់ ​ដែល​ស្មើ​ប្រមាណ​៧០% ​សេព​គ្រឿង​ស្រវឹង។​ នេះ​បើ​តាម​របាយ​ការណ៍​ស្តីពី​ការ​អង្កេត​ប្រជា​សាស្ត្រ ​និង​សុខភាព​កម្ពុជា​ឆ្នាំ​២០២១-២០២២ ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មេសា ​ឆ្នាំ​២០២៣។​ ការ​ស្ទង់​មតិ​បង្ហាញ​ថា​ ក្នុង​មួយ​ខែ ​បុរស​១០% ​ពិសា​គ្រឿង​ស្រវឹង​ជា​រៀង​រាល់​ថ្ងៃ​ ឬ​ស្ទើរ​តែ​រាល់​ថ្ងៃ។​ ចំណែក​បុរស ​៦០% ​សេព​គ្រឿង​ស្រវឹង​ពី​១ ​ថ្ងៃ​ទៅ​ ៥ ​ថ្ងៃ។ ​ បុរស​១៨% ​ពិសា​គ្រឿង​ស្រវឹង​ ៦ថ្ងៃ​ទៅ​១០ថ្ងៃ ​និង​បុរស​១២%​ ពិសា​គ្រឿង​ស្រវឹង​ពី​១១​ថ្ងៃ​ទៅ២៤​ថ្ងៃ។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា កា​រ​ងា​រ​អា​ទិ​ភាព​​​រ​ប​ស់ក្រុ​​ម​កា​រ​ងា​រ​​ ​គ្រ​ប់​គ្រ​ង​កា​រ​ផ្សា​យ​ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង គឺត្រូវ​ពិ​និ​ត្យ​មើ​ល​លើ​វឌ្ឍនភាពនៃការងារ​ពាក់ព័ន្ធទៅនឹងការអនុវត្តសារាចរណ៍ណែ​នាំ​ ក៏​ដូ​ចជា​លិ​ខិ​ត​ប​ទ​ដ្ឋាន​គ​តិ​យុ​ត្តិ​​ផ្សេ​ង​ទៀត ​ដែ​ល​ក្រ​សួង​​ព័​ត៌​មា​ន​បា​ន​ដា​ក់​ចេញ​​​ស​ម្រា​ប់​ការអនុវត្តដោយភាគី​ពាក់ព័ន្ធទាំងអស់។ នេះបើតាម លោក ទេព អស្នារិទ្ធ ផ្តល់បទសម្ភាសដល់ Newsroom Cambodia តាមរយៈប្រព័ន្ធតេលេក្រាម កាលពីថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០២៤។

លោកបន្តថា៖ «អាទិ​ភា​ព​ដែ​ល​ផ្ដោ​​​តទៅ​លើ​កា​រ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​កា​​រ​​ជា​មួ​យ​ភា​គី​ពាក់ព័ន្ធ​ទាំង​អ​ស់​ទាំ​ង​វិស័យរដ្ឋ និង​ឯ​ក​ជន ​​ដើម្បី​ពង្រឹង​​ប្រ​សិ​ទ្ធភា​ព​ក្នុ​ង​កា​រ​គ្រ​ប់​គ្រ​ង​កា​រ​ផ្ស​ព្វ​ផ្សាយផលិត​ផ​ល​​គ្រឿង​ស្រ​វឹ​ង​នៅ​ទូ​ទាំងប្រទេស ហើយ​​​ដោយ​​ក្នុ​ង​នោះគឺ​ក៏​មា​ន​កា​រផ្តោត​លើ​កា​រ​យ​ក​ចិ​ត្ត​ទុ​កដា​​ក់​ទៅ​លើ​កា​រ​រៀ​ប​ចំ​នៃ​លិខិត​បទដ្ឋាន​គតិយុទ្ធ​នានា​ដែលគាំទ្រដល់ការគ្រប់គ្រង និង​កា​រ​ប​ង្កើ​ន​ប្រ​សិ​ទ្ធ​ភា​ព​ក្នុ​ង​កា​រ​អ​នុ​វ​ត្ត​ការ​ងារក្នុង​វិស័យនេះ»។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មានរូបនេះ ​ក៏បាន​អំពាវ​នាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ចូលរួម​សហការ​ ដើម្បី​ធ្វើ​ឱ្យ​ការ​អនុវត្ត​ការងារ​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​គ្រឿង​ស្រវឹង​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ។

លោក​ថ្លែង​ថា៖ «[…]​ធ្វើ​យ៉ាង​ណា​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ផល​វិបាក​ដែល​អាច​កើត​មាន​ឡើង​ចេញ​ពី​ការ​សេព​គ្រឿង​ស្រវឹង​ និង​ភាព​ចាំបាច់​ក្នុង​ការ​ទប់ស្កាត់​ ក៏​ដូចជា​ការ​កាត់​បន្ថយ​ផល​វិបាក​ដែល​អាច​កើត​មាន​ឡើង​។ ហើយ​ត្រូវ​បង្កើន​កិច្ច​សហការ​នៅ​ក្នុង​ការ​គ្រប់គ្រង​សណ្តាប់​ធ្នាប់​ និង ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​ឱ្យ​មាន​ប្រសិទ្ធភាព​តាម​រយៈ​ទាំង​ប្រព័ន្ធ ផ្សព្វ ផ្សាយ​បុរាណ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប»។

ការគ្រប់គ្រងផ្សព្វផ្សាយ និងការប្រើប្រាស់គ្រឿងស្រវឹង ក្រសួងសុខាភិបាល​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ក​ម្ពុ​ជា​បា​ន​​​រៀ​ប​ចំ​សេ​ច​ក្តី​ព្រា​ង​ច្បា​ប់​គ្រ​ប់​គ្រ​ង​កា​រ​ប្រើ​ប្រា​ស់​គ្រឿ​ង​ស្រវឹ​ង​តាំង​ពីថ្ងៃទី២៥ ខែឧសភា ​ឆ្នាំ​២​០​១៥ មកម្ល៉េះ។ បើទោះបីកន្លងហួសទៅជិត១០ឆ្នាំទៅហើយក្តី ​ក៏​ច្បា​ប់​ដ៏​មា​ន​សា​រៈ​សំខា​ន់នេះមិនទាន់ត្រូវបានអនុម័តប្រកាសឱ្យប្រើប្រាស់ដើម្បីដោះស្រាយ ​និ​ង​ទ​ប់​ស្កា​ត់​ផ​ល​ប៉ះ​ពា​ល់​ដែលបង្កពីគ្រឿងស្រវឹងក្នុងសង្គមនៅឡើយទេ។

សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​អនុញ្ញាត​ឱ្យ​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នោះ​ទេ ​ហើយ​ច្បាប់​នេះ​នឹង​ដាក់​បន្ទុក​ពន្ធ​ខ្ពស់​ទៅ​លើ​គ្រឿង​ស្រវឹង​ និង​រឹត​បន្តឹង​លើ​ការ​បើក​លក់​គ្រឿង​ស្រវឹង​ពេល​យប់​ជា​ដើម។​

អង្គការ និងសមាគមក្រៅរដ្ឋាភិបាលចំនួន២៣ ក៏ធ្លាប់បានដាក់ចេញនូវ​សេចក្តីថ្លែង​ការណ៍​មួយស្តី​ពីការ​ស្នើសុំរាជរដ្ឋាភិបាលកម្ពុជាឱ្យពន្លឿនការបង្កើតច្បាប់​ស្តីពីការត្រួត​ពិនិត្យ​ផលិតផលគ្រឿង​ស្រវឹង ដោយយកទីតាំងវត្តសំពៅមាស ដែលស្ថិតក្នុងខណ្ឌ៧មករា រាជធានី​ភ្នំពេញ ជាកន្លែងផ្សព្វផ្សាយ ហើយមានមនុស្សចូលរួមប្រមាណ២០០នាក់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរយៈសេចក្តីថ្លែងការណ៍នោះ ស្ថាប័នក្រៅរដ្ឋាភិបាលទាំង២៣បានបង្ហាញការព្រួយបារម្ភ​ជុំវិញ​ផល​ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងសន្តិសុខសង្គម ដោយសារតែភាពសម្បូរ​បែប ​នៃ​គ្រឿង​ស្រវឹង។ ជាពិសេសការកើតឡើងនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ ដែល​​ស្ថា​ប័​ន​ទាំ​ង​​នេះ​ទទូច​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​បង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដោយ​ប​ញ្ចូ​ល​កា​រ​ហា​ម​ឃាត់កា​​រ​ផ្សា​យ​ពា​ណិ​ជ្ជកម្ម ការដំឡើងពន្ធ និងការដាក់កម្រិតភាពទូលំទូលាយនៃគ្រឿងស្រវឹង៕