ស្រ្តីជាកម្មករអូសរទេះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយសាកសួរអស់ពេលជាច្រើនម៉ោង ពាក់ព័ន្ធករណីហិង្សាកាលពីចុងខែឧសភា ឆ្នាំ២០២៤។
លោក អ៊ិន គង់ ជិត មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ បញ្ជាក់នៅថ្ងៃនេះថា កម្មករអូសរទេះដែលជញ្ជូនឥវ៉ាន់ពីទឹកដីថៃចូលកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៣នាក់ ក្នុងចំណោមមនុស្ស៥នាក់ ដែលសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត កោះហៅដើម្បីផ្តល់ចម្លើយ ពេលនេះពួកគេត្រូវបញ្ជូនខ្លួនបន្តទៅតុលាការហើយ។
លោកបន្តថា៖«សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនស្រ្តី៣នាក់ មកដល់តុលាការហើយខេត្តបន្ទាយមានជ័យហើយ នៅវេលាម៉ោង៩ព្រឹក »។
របាយការណ៍ដែលមន្រ្តីអង្គការសិទ្ធិមនុស្ស លីកាដូ ទទួលបានឱ្យដឹងថា ស្រ្តីទាំង៣នាក់ដែលនគរបាលកសាងសំណុំរឿងបន្តរួមមាន ឈ្មោះ តូយ ម៉េត អាយុ៣៩ឆ្នាំ ស្រ្តីឈ្មោះ ហួត វណ្ណៈ អាយុ៣៦ឆ្នាំ និងឈ្មោះ អោម ឡាច អាយុ៥២ឆ្នាំ។
ទាក់ទងរឿងនេះ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញលិខិតកោះហៅកម្មករអូសរទេះចំនួន៥នាក់ ឱ្យផ្តល់ចម្លើយជុំវិញការបះទង្គិចគ្នារវាងសមត្ថកិច្ច ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលបណ្តាលឱ្យមានរបួសទាំងសង្ខាំង។
បើទោះជាយ៉ាងនេះក្តី អធិការនគរបាលក្រុងប៉ោយប៉ែតលោក ព្រហ្ម ពិសិដ្ឋ បដិសេធក្នុងការអត្ថាធិប្បាយ ចំពោះករណីនេះ ដោយលោកលើកឡើងថាកំពុងជាប់រវល់្ ខណៈដែលអភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល ក៏អះអាងថាជាប់រវល់ដូចគ្នាដែរ។
លោកបន្តថា៖ «មិនអាចនិយាយបានទេប៉ុណ្ណឹងសិនទៅខ្ញុំកំពុងតែធើ្វការងារ» ។ចំណែកបុរសម្នាក់ដែលទទួលបានលិខិតកោះហៅ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថារូបគេក៏នឹងត្រូវចូលខ្លួនបំភ្លឺដែរ។លោកបន្តថា ការចូលខ្លួននេះមិនទាន់ដឹងថាតើពាក់ព័ន្ធនឹងបទចោទអ្វីនៅឡើយនោះទេ។
លោកបន្តថា៖ «បាទគេប្តឹងមិនដឹងប្តឹងរឿងអីផងឆ្ងល់មិនដឹងប្តឹងពីបទអីទេមេធាវីគេប្តឹង ម៉ោង២បានទៅ ខ្ញុំអត់ដឹងប្តឹងរឿងអីផងគ្រាន់តែមេធាវីគេអ្នកប្តឹង អត់ដឹងថាមេធាវីខាងណាទេ អត់ដឹងដែលខ្ញុំអត់ទាន់ដឹងម៉ោងប៉ុន្មានចប់ តែអ្នកគេប្តឹងហ្នឹងទៅបានទេ ៤នាក់ទេ ១នាក់ទៀតអត់បានទៅបាទ»។
ដោយឡែក លោក ឌិន ពុទ្ធី ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំខេត្តបន្ទាយមានជ័យ ថ្លែងថាករណីនេះ ជាបញ្ហាមួយដែលគួរឱ្យបារម្ភ ហើយលោកទាមទារឱ្យរដ្ឋអនុគ្រោះសម្រាប់កម្មករ រកស៊ីអូសរទេះ ព្រោះពួកគេទទួលបានកម្រៃមិនច្រើនឡើយ ក្នុងមួយថ្ងៃៗ។លោកបន្តថា ការអនុវត្តដូចនេះ វាជាការជិះជាន់កម្លាំងពលកម្មក្នុងទម្រង់មួយដែលធ្ងន់ធ្ងរ សម្រាប់ពលរដ្ឋដែលមានមុខរបររកព្រឹកខ្វះល្ងាច។
លោកបន្តថា៖«អ្វីដែលសំខាន់នោះគួរតែលើកលែងច្បាប់កម្មករអូសរទេះរកទទួលទានសំរាប់ពួកគាត់គិតថាវាមិនជាខាតពន្ធគយប៉ុន្មានទេ គ្រាន់តែយើងកុំដឹកច្រើនហួសហេតុពេកម៉ាល្មមតូចៗគ្រាន់តែចិញ្ចឹមឆ្នាំង យើងគួរតែអនុញ្ញាតឲ្យគាត់ ការប្តឹងកម្មករវាហាក់បីដូចជាមានលក្ខណ:គៀបសង្កត់សិទ្ធិសេរីភាព មានការគំរាមកំហែង។ពាក់ព័ន្ធជាប់ទោសទណ្ឌ ក៏ដូចជាសេរីភាពក្នុងការដើរហើទៀតវាហាក់ដូចជាធ្ងន់ធ្ងរទៅៗ បង្ហាញពីបរិបទនៃស្រុកយើងហ្នឹងវាមិនមានយុត្តិធម៌សង្គម សំរាប់ពលរដ្ឋអ្នកក្រីក្របើកាលណាយើងមើលទៅអ្នកមានគឺមានកប់ក្តោង អ្នកក្ររស់ដល់អត់អីហូប បើយើងនិយាយទៅគឺវាអត់មានយុតិ្តធម៌សង្គមទេ» ។
បើទោះជាយ៉ាងក្តីនេះ ប្រធានគយប្រចាំច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បានផ្តល់បទសម្ភាសន៍ ឱ្យអ្នកសារព័ត៌មានក្នុងស្រុក អំឡុងពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ថា មូលហេតុដែលនាំឱ្យផ្ទុះអំពើហិង្សានេះកើតឡើង ផ្តើមចេញពីការទប់ស្កាត់ការរត់ពន្ធខុសច្បាប់ តាមក្រុមអូសរទេះ។
យ៉ាងនេះក្តី លោក អ៊ិន គង់ជិត មន្រ្តីការពារសិទ្ធិមនុស្សយល់ឃើញថា អាជ្ញារដ្ឋគួរសម្រួលសេដ្ឋកិច្ចសម្រាប់ពលរដ្ឋដែលមានជីវភាពក្រោមមធ្យម។ម្យ៉ាងវិញទៀត ការប្រើប្រាស់តុលាការដើម្បីបញ្ចប់បញ្ហានេះ ជាការបង្កើនបន្ទុក និងបង្កើតការឈឺចាប់ឱ្យពលរដ្ឋបន្ថែមទៀតទៅវិញ៕