មេធាវីការពារសិទ្ធិឱ្យ​​លោក ចៅ វាសនា ប្រធានគណបក្សភ្លើងទៀននៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ គ្រោងប្ដឹងសារទុក្ខទៅតុលាការ​កំពូល នៅចុងខែមិថុនានេះ បន្ទាប់ពីសាលាឧទ្ធរណ៍​បាត់ដំបង សម្រេចតម្កល់សាលក្រម ដែលផ្ដន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមបទចោទ «ញុះញង់» ពាក់ព័ន្ធការណែនាំឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោត។

កាលពីថ្ងៃទី១២ ខែមិថុនា សាលាឧទ្ធរណ៍​បាត់ដំបង សម្រេចតម្កល់សាលក្រម​សាលាដំបូងខេត្តបន្ទាយមានជ័យ ទុកជាបានការដដែល ដោយផ្ដន្ទាទោស លោក ចៅ វាសនា ដាក់ពន្ធនាគារ រយៈពេល​៣ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង» តាមបញ្ញតិមាត្រា ៤៩៥ និង៤៩៦​ នៃក្រមព្រហ្មទណ្ឌ  ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២៣ តាមប្រព័ន្ធតេលេក្រាម។

អ្នកនាំពាក្យសាលាឧទ្ធរណ៍​បាត់ដំបង លោកស្រី ទៀង សំបូរ មានប្រសាសន៍ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ធូ មណី បានសម្រេចតម្កល់សាលក្រមនេះ ក្រោមហេតុផលថា តុលាការ​មានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា លោក ចៅ វាសនា បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែន។

ទោះជាយ៉ាងណាក៏ដោយ គ្រួសារជនជាប់ចោទ និងមេធាវីការពារក្ដី បានប្រឆាំងចំពោះការអះអាងបែបនេះ ដោយសំអាងថា អង្គហេតុដែលតុលាការលើកយកមកសួរដេញដោល ផ្ទុយគ្នាទៅនឹងអង្គហេតុ ដែលតុលាការសម្រេចចោទប្រកាន់លើ លោក ចៅ វាសនា។

លោក អែម ចន្ថា មេធាវីការពារក្តីឱ្យ​លោក ចៅ វាសនា បាន​ថ្លែងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ​ថា ក្នុងរយៈពេលយ៉ាងយូរពីរសប្ដាហ៍ទៀត លោកនឹងដាក់ពាក្យបណ្ដឹងសារ​ទុក្ខទៅកា​ន់តុលាការកំពូល ជុំវិញសំណុំរឿងនេះ។

 លោកថា៖ «យល់ឃើញថា មិនបានផ្ដល់ភាពយុត្តិធម៌ដល់កូនក្ដីយើង តាមរយៈអង្គហេតុ ឃើញ​ថា​កូនក្ដីយើងមិនបានប្រព្រឹត្តដូចបទចោទ»។

បើតាមមេធាវីការពារជនជាប់ចោទរូបនេះ ដើមបណ្ដឹងក្នុងសំណុំរឿងនេះ គឺជា លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

គេហទំព័រ Newsroom Cambodia បានសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពី​លោក អ៊ំ រាត្រី ដែរ ប៉ុន្តែលោក​ថា​កំពុងជាប់រវល់។

អ្នកស្រី ចៅ រតនៈ ជាកូនស្រី​របស់លោក ចៅ វាសនា បានលើកឡើង​​ថា អ្នកស្រី និងឪពុក បាន​ឯកភាពគ្នាឱ្យ​មេធាវី ប្ដឹងជំទាស់ការតម្កល់សាលក្រម ទៅតុលាការ​ជាន់ខ្ពស់ ដោយយល់ថា តុលាការ​ជាន់ទាបមិនមានហេតុផលសមរម្យក្នុងការរក្សាបទចោទឡើយ។

អ្នកស្រីថា៖ «ខ្ញុំយល់ថា [កាត់ក្ដី] មិនត្រឹមត្រូវសម្រាប់គាត់ សូម្បីតែការកាត់បន្ថយឬក៏មានការដក​ក្នុងការដាក់ទោសគាត់ខ្លះគឺអត់មាន គឺរក្សាទោសគាត់១០០ភាគរយ។ ចឹងខ្ញុំយល់ថា មិនយុត្តិធម៌សម្រាប់ឪពុកខ្ញុំទេ ហើយឪពុកខ្ញុំក៏មិនទទួលយកបានដែរ ចឹងមានតែទៅ[តុលាការ]កំពូលបន្តទៀត»។

អ្នកស្រី អះអាងថា កាលពីសវនាការកន្លងទៅ ចៅក្រមបានចោទសួរអំពីសកម្មភាព លោក ចៅ វាសនា ក្នុងគ្រុបស៊ីកណល(Signal) ​ដែលជាគ្រុបឯកជនរបស់បក្សភ្លើងទៀន ប៉ុន្តែបទចោទប្រកាន់ បែរជាពាក់ព័ន្ធនឹងសកម្មភាពក្នុងគ្រុបតេលេក្រាមឈ្មោះ «Sabai សប្បាយ» វិញ។ អ្នកស្រី បន្តថា តុលាការបានចោទប្រកាន់លោក វាសនា ពាក់ព័ន្ធនឹងរូបភាពដែលត្រូវបានបង្ហោះក្នុងគ្រុបតេលេក្រាមឈ្មោះ «Sabai សប្បាយ» ដោយតាមចោទថា បានញុះញង់ពលរដ្ឋឱ្យគូសខ្វែងសន្លឹកឆ្នោត។

អ្នកស្រីបន្ថែមថា លោក ចៅ វាសនា មិនបានជាសមាជិកក្នុងគ្រុប «Sabai សប្បាយ» នេះឡើយ ដោយមានបុគ្គលឈ្មោះ សៅ ឧត្តម ដែលចុះចូលជាមួយបក្សកាន់អំណាច បានយករូបភាពរបស់គាត់​ ដែលបង្ហោះក្នុងគ្រុបស៊ីកណលបក្សភ្លើងទៀន ទៅបង្ហោះបន្តក្នុងគ្រុបតេលេក្រាមនោះ។ បន្ថែមពីលើនេះ អ្នកស្រី​ថា ទាំងសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍បាត់ដំបង បានកាត់ក្ដី ដោយមិនកោះហៅលោក សៅ ឧត្តម មកបំភ្លឺនោះទេ។ ជុំវិញករណីផ្តន្ទាទោសមន្រ្តីបក្សប្រឆាំងនេះ កាលពីថ្ងៃទី១៣ ខែមិថុនា សាលាដំបូង​បាត់ដំបង បានផ្តន្ទាទោសប្រធានគណបក្សភ្លើងទៀន ប្រចាំស្រុកម៉ោងឫស្សី លោក អ៊ុត ជឿន ដាក់​​ព​​ន្ធ​នា​​​​​​គា​​រចំនួន ​​៧​​ឆ្នាំ ក្រោមបទចោ​​ទ​​«​រួម​​គំ​និ​ត​​ក្ប​ត់» និងចេញដីកាឱ្យចាប់ខ្លួនផងដែរ៕