ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ស្នើអាជ្ញាធរដោះស្រាយវិវាទដីធ្លី ក្រោយក្រុមហ៊ុនវៀតណាមបានឈូសឆាយផលដំណាំរបស់ពួកគាត់អស់ជាច្រើនហិកតា។
ការស្នើនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុនវៀតណាមឈ្មោះ កាម៉ាដេនូវេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited-KVCL) ដែលសហការជាមួយក្រុមហ៊ុន កសិកម្ម យុវជនស្វាយរៀង បានដាក់គ្រឿងចក្រឈូកឆាយផលដំណាំកសិកម្ម ដូចជា ដំឡូង ស្វាយចន្ទី និងតាង៉ែនជាដើម របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅឃុំកោះខ្ញែរ លោក សឹង ករុណា បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះថា ពួកគាត់បានរស់នៅ និងបានដាំដុះនៅលើដីនោះតាំងពីឆ្នាំ២០០៦ ប៉ុន្តែចាប់ពីឆ្នាំ២០២១មក ក្រុមហ៊ុនបានទៅឈូសឆាយដីចម្ការរបស់ពួកគាត់ជាបន្តបន្ទាប់ និងមានការហ៊ុំព័ទ្ធយកដីនោះថែមទៀត។ លោកបន្តថា ភាគីក្រុមហ៊ុនដែលបានអះអាងប្រាប់ពលរដ្ឋថាបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលក្នុងការវិនិយោគនៅទីនោះ ក៏បានហាមប្រាមពលរដ្ឋមិនឱ្យបង្កបង្កើនផលនៅលើដីនោះផងដែរ។
បុរសពោះម៉ាយដែលមានកូន៣នាក់ក្នុងបន្ទុករូបនេះ បានបញ្ជាក់ថា លោកនឹងមិនចាកចេញពីដីនេះទេ និងបានស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីនេះ ដើម្បីឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ដីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។
លោកថា៖ «ខ្ញុំអត់ចេញទេ អត់ចាកចេញទេ ខ្ញុំមានតែដីតែប៉ុណ្ណឹង[…]អានេះដីខ្ញុំមានតែប៉ុណ្ណឹង កេរ្តិ៍ឳពុកម្ដាយខ្ញុំ ខ្ញុំអត់ទៅចោលទេ ខ្ញុំស្លាប់នៅលើដីហ្នឹងក៏ខ្ញុំព្រមស្លាប់នៅលើដីហ្នឹងដែរ។ ខ្ញុំស៊ូស្លាប់ដើម្បីកូន៣នាក់ មិនចេញពីកន្លែងហ្នឹងជាដាច់ខាត ទោះក្រុមហ៊ុនចង់ប្រមាថ ចង់អារក ចង់បាញ់ខ្ញុំក៏ខ្ញុំអត់ខ្លាចដែរ ព្រោះអីខ្ញុំទីពឹងនិងធ្វើស្រែនិងចំការហ្នឹងហើយ»។
ប្រជាពលរដ្ឋរស់នៅឃុំកោះខ្ញែរមួយរូបទៀត លោក ប្រុក ភារម្យ អាយុ៥០ឆ្នាំ បានរៀបរាប់ថា រូបលោក និងពលរដ្ឋផ្សេងទៀតប្រមាណជាង ១០០គ្រួសារ កំពុងជួបទុក្ខលំបាកក្នុងជីវភាព ដោយសារអាជ្ញាធរ និងក្រុមហ៊ុនរារាំងមិនឱ្យបង្កបង្កើនផលនៅលើដីរបស់ខ្លួន ដែលក្នុងមួយគ្រួសារមានចន្លោះពី៤ទៅ៥ហិកតា។ លោកចាត់ទុកសកម្មភាពរបស់ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាននេះ ថាជាការរិតត្បិតសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «ដំបូងអាជ្ញាធរគេថា គ្រាន់តែកាយក្រវាត់ឱ្យដឹងព្រំដីអីទេ ឱ្យប្រជាពលរដ្ឋបង្កបង្កើនផលធម្មតាទេ ពេលក្រោយមកចូលកាយបានមួយថ្ងៃពីរថ្ងៃ ស្រាប់តែអត់ឱ្យយើងភ្ជួរដី ក្រឡេថង អាត្រាក់អីអត់ឱ្យភ្ជួរ អត់ឱ្យព្រួស អត់ឱ្យបង្កបង្កើនផលម៉ង»។
លោក ភារម្យ បានស្នើឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ដោះស្រាយបញ្ហាដីធ្លីនេះជូនប្រជាពលរដ្ឋ ខណៈពួកគាត់បារម្ភពីបញ្ហាជីវភាពនាពេលខាងមុខ ដោយសារតែពុំមានដីបង្កបង្កើនផលចិញ្ចឹមជីវិត។
លោកថា៖ «ខ្ញុំចង់ឱ្យថ្នាក់ដឹកនាំចុះមក ជួយអន្តរាគមន៍ដើម្បីឱ្យប្រជាពលរដ្ឋរស់រានមានជីវិតបន្តទៅទៀត ដោយសារាល់ថ្ងៃ ប្រជាពលរដ្ឋនៅទីនេះអត់មានអីអាស្រ័យផលទេ ដល់ចឹងពេលឆ្នាំក្រោយៗយើងអត់បាយ អត់ទឹកអីហូបហើយ ព្រោះធ្លាប់តែអាស្រ័យផលបានស្រូវ បានអីហូប»។
ជំទប់ទី២ ឃុំកោះខ្ញែរ លោក ហ៊ី សេងហោ មានប្រសាសន៍ថា បញ្ហាដីធ្លីនេះ ទាល់តែថ្នាក់ខេត្តទើបមានសមត្ថកិច្ចដោះស្រាយ។
លោកបន្តថា៖ «តាមការពិតអាជ្ញាធរឃុំមិនមាន សិទ្ធដោះស្រាយទេ រាល់ថ្ងៃនេះលោកអភិបាលស្រុកលោកជាអ្នកដោះស្រាយ»។
លោកបន្ថែមថា៖ «ជាក់ស្តែងសព្វថ្ងៃប្រជាពលរដ្ឋនៅឃុំកោះខ្ញែរ កំពុងជួបប្រទះបញ្ហាដីធ្លីនេះឯង ហើយកន្លងមករាល់ឆ្នាំ គាត់អាស្រ័យផលទៅតាមរដូវរបស់គាត់ អ្នកខ្លះមានដីតិច ហើយចូលយកដីក្រុមហ៊ុនធ្វើខ្លះ តែឆ្នាំនេះក្រុមហ៊ុនអត់ឱ្យធ្វើ អ្នកខ្លះគាត់ក៏អត់មានដីស្រែចំការសោះ អត់មានបានធ្វើទេ អញ្ចឹងការជួបប្រទះនឹងការអត់ឃ្លាននៅឆ្នាំក្រោយ នឹងជួបប្រទះការខ្វះខាត។ ហើយការប៉ះពាល់ជាមួយក្រុមហ៊ុនជាក់ស្តែងក្រុមហ៊ុនព្យួរទាំងដំណាំ ដូចជាតំឡូងអី អត់មានសងសំណងទេ»។
គេហទំព័រ Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអភិបាលខេត្តក្រចេះ លោក វ៉ា ថន និងអភិបាលរងស្រុកសំបូរ លោក ចេង គឹមជប់ ព្រមទាំងតំណាងក្រុមហ៊ុនទាំង២នោះ បានទេ នៅរសៀលថ្ងៃសុក្រនេះ។
ចំណែក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ លោក អ៊ូ សុបុណ្ណកា មានប្រសាសន៍យ៉ាងខ្លីថា៖ «ការងារហ្នឹង អាជ្ញាធរកំពុងដោះស្រាយហើយ បងសួរទៅខាងស្រុក ព្រោះស្រុកកំពុងរកដំណោះស្រាយ»។
តែយ៉ាងណា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា ដីដែលប្រជាពលរដ្ឋអះអាងថាជារបស់ខ្លួន និងកំពុងទាមទារការអាស្រ័យផលនោះ ជាដីរបស់ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ ដែលបានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាល និងចុះបញ្ជី ជាដីឯកជនរបស់រដ្ឋកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០។ រដ្ឋបាលខេត្តបន្តថា ដីនោះមានទំហំសរុប ៧ ៤៥០ហិកតា ដែលតួលេខនេះជាទំហំដីក្រោយពីបានកាត់ឆ្វៀលដីដែលប៉ះពាល់ជាមួយប្រជាពលរដ្ឋរួច។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តក្រចេះ លោក យ៉ុន អ៊ាម បានជំរុញដល់ក្រសួងស្ថាប័ន ចុះទៅពិនិត្យនៅមូលដ្ឋានផ្ទាល់នៅទីតាំងដីទំនាស់ ដើម្បីស្វែងយល់ពីបញ្ហា និងផលលំបាកដែលប្រជាពលរដ្ឋកំពុងប្រឈម ព្រមទាំងដោះស្រាយបញ្ហានេះដោយសន្តិវិធី និងតម្លាភាព។
លោកបន្តថា៖ «បើសិនជា អាជ្ញាធរបណ្តែតបណ្តោយ ឬពន្យាពេលក្នុងការដោះស្រាយបញ្ហានេះ វានឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗ អាចនឹងបង្កឱ្យមានហិង្សាកើតឡើងផងដែរ»។
គួរជម្រាបជូនថា កាលពីឆ្នាំ២០០៩ ក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន អិន ខេ អេហ្គ្រី បានទទួលដីសម្បទានសេដ្ឋកិច្ចទំហំ ១៦ ៥២៧ហិកតា ពីរដ្ឋាភិបាល សម្រាប់ដាំដំណាំអំពៅ ប៉ុន្តែបានក្ស័យធន់នៅឆ្នាំ២០១៧ ហើយអាជ្ញាធរស្រុកសំបូរ បានឱ្យប្រជាពលរដ្ឋចូលទៅអាស្រ័យផលលើដីនោះ។ ក្រោយមកនៅឆ្នាំ២០២១ ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ បានសហការជាមួយក្រុមហ៊ុនកសិកម្ម យុវជន ស្វាយរៀង ដាំដំណាំអំពៅផលិតស្ករអំពៅ ហើយក្រុមហ៊ុនទាំង២នេះ ព្រមទាំងអាជ្ញាធរបានដាក់គ្រឿងចាក់ឈូសឆាយដំណាំកសិកម្មរបស់ពលរដ្ឋ និងបានហាមពលរដ្ឋមិនឱ្យអាស្រ័យផលលើដីទាំងនោះតទៅទៀត៕