សកម្មជនចលនាមាតាធម្មជាតិបានស្នើឱ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញកោះហៅមន្រ្តីនគរបាលដែលពួកគេចោទប្រកាន់ថា ជាអ្នកដែលកសាងសំណុំរឿងក្នុងបទចោទ រួមគំនិតក្បត់ មកតតាំងក្តីគ្នាដោយផ្ទាល់នៅក្នុងអង្គសវនាការ ប៉ុន្តែការទាមាររបស់ក្រុមចលនាមាតាធម្មជាតិនេះ ត្រូវច្រានចោលដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
សំណើរនេះ ធ្វើឡើងនៅក្នុងពេលដែលសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើកទី៤ ក្នុងសំណុំរឿង «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ» ដែលសវនាការលើអង្គសេចក្តីនេះ បានប្រព្រឹត្តទៅកាលនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
សកម្មជនចលនាមាតាធម្មជាតិលោក លី ចាន់ដារ៉ាវុត ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នេះថា លោកបានស្នើតុលាការដើម្បីជជែកជាមួយមន្ត្រីនគរបាលចំនួន២រូបដែលជាអ្នកកសាងសំណុំរឿងពីបទរួមគំនិតក្បត់ចំពោះយុវជនចលនាមាតាធម្មជាតិ ក៏ប៉ុន្តែតុលាការមិនឯកភាពតាមសំណើរ។
លោកបន្តថា៖ «ព្រឹកមិញនេះយើងបានដាក់ពាក្យរួចទៅហើយដើម្បីស្នើសុំធ្វើការជជែកវែកញែកជាមួយខាងនគរបាលយុត្តិធម៌ដែលជាអ្នកកសាងសំណុំរឿងពួកយើងយកមកចោទប្រកាន់ពួកយើងពីបទរួមគំនិតក្បត់នេះ។ ដោយហេតុថាខ្ញុំផ្ទាល់ដែលជាអ្នកឆ្លងកាត់ការសួរចម្លើយគឺបានដឹងអំពីការធ្វើខុសនីតិវិធីជាច្រើនរបស់នគរបាលយុត្តិធម៌ ដូច្នេះហើយគឺជាមូលហេតុមួយដែលពួកយើងធ្វើការតទល់សួរដេញដោលគ្នា។ ក៏ប៉ុន្តែតុលាការនិងខាងព្រះរាជអាជ្ញាហ្នឹងគឺបានបដិសេធពីការតទល់ហ្នឹង ដែលខ្ញុំយល់ឃើញថាវាបង្ហាញអំពីកម្សោយមួយ និងភាពមិនស្មើគ្នានៅក្នុងការមិនអនុញ្ញាតឱ្យមានការជជែកដេញដោលចំពោះធាតុផ្សំនៃបទល្មើស និងចំពោះការធ្វើខុសនីតិវិធីរបស់ប៉ូលីសក្នុងការកសាងសំណុំរឿង។ ហើយខ្ញុំនឹងព្យាយាមម្ដងទៀតដើម្បីធ្វើការជជែកដេញដោលគ្នា » ។
សកម្មជនចលនាមាតាធម្មជាតិដែលរងបទចោទពីបទ «រួមគំនិតក្បត់» រូបនេះយល់ឃើញថា ការដែលតុលាការមិនអនុញ្ញាតតាមសំណើរសុំជជែកជាមួយភាគីនគរបាលដែលជាអ្នកកសាងសំណុំរឿងចោទប្រឆាំងប្រឆាំងនឹងលោកនេះ ជាការខុសច្បាប់។
លោកបន្តថា៖ «ការដែលតុលាការហើយនិងលោកព្រះរាជអាជ្ញាមិនមានភាពក្លាហាននៅក្នុងការឱ្យខ្ញុំជជែកតទល់ជាមួយប៉ូលីសហ្នឹងគឺជាការរំលោភសិទ្ធិរបស់ខ្ញុំក្នុងនាមជាកូនក្ដីក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ ហើយត្បិតតែគាត់ចាំឱ្យយើងបញ្ចេញមតិទៅលើភស្តុតាងក៏ដោយ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយវាលើសពីភស្តុតាង វាពាក់ព័ន្ធនីតិវិធីនៅក្នុងការសួរនាំខ្ញុំកាលខ្ញុំត្រូវបានគេចាប់យកទៅនាយកដ្ឋានកណ្ដាលសន្តិសុខហ្នឹងដែរ។ ឧទាហរណ៍ដូចជា ការដែលបដិសេធខ្ញុំមិនឱ្យមានមេធាវី ការដែលមិនបានប្រាប់ខ្ញុំអំពីសិទ្ធិរបស់ខ្ញុំ ការមិនបានប្រាប់ខ្ញុំជាមុនអំពីបទចោទប្រកាន់មកខ្ញុំហ្នឹងអាហ្នឹងជាការរំលោភនីតិវិធី គឺជាការរំលោភសិទ្ធិរបស់ជនត្រូវចោទហើយក៏ជាភស្តុតាងមួយបញ្ជាក់ថាអ្វីដែលលោកប៉ូលីសបានរៀបចំជាមួយនិងលោកព្រះរាជអាជ្ញាដែលហៅថាជាភស្តុតាងហ្នឹងគឺវាខុសច្បាប់បាត់ទៅហើយ» ។
រីឯលោក យឹម លាងហ៊ី សកម្មជនចលនាមាតាធម្មជាតិមួយរូបទៀតឯកភាពថា ការដែលតុលាការមិនឱ្យតទល់គ្នាជាមួយភាគីនគរបាល២នាក់ដែលជាអ្នកកសាងសំណុំរឿងនោះ ជាចេតនារបស់តុលាការដើម្បីដាក់បន្ទុកលើក្រុមចលនាមាតាធម្មជាតិជាជាងស្វែងរកយុត្តិធម៌ពិត។
លោកបន្តថា៖ «ការដែលមិនឱ្យយើងតតាំងជាមួយប៉ូលីសហនឹងក៏វាជាសញ្ញាមួយដែលបង្ហាញថា តុលាការហាក់ដូចជាគេចវេសមិនចង់ឱ្យយើងសួរដេញដោលបន្ថែមទៀតចំពោះការដែលដាក់បន្ទុកចោទមកលើសកម្មជនមាតាធមម្មជាតិហ្នឹងឯង។ គ្រាន់តែថាអាចជាលេសរបស់គាត់ដើម្បីដាក់បន្ទុកបន្ថែមដល់ចលនាមាតាធម្មជាតិមិនឱ្យឆ្លើយឆ្លងជាមួយសមត្ថកិច្ចឱ្យមើលដឹងខុសត្រូវ ខ្មៅសជាមួយគ្នាប៉ុណ្ណឹងឯង» ។
ជុំវិញករណីនេះ Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេនៅថ្ងៃទី១៧ ខែមិថុនានេះ ដោយទូរស័ព្ទចូលតែគ្មានអ្នកលើក ខណៈមេធាវីការពារសិទ្ធិឱ្យក្រុមចលនាមាតាធម្មជាតិ លោក សំ ចំរើន ក៏មិនអាចស្នើសុំការអត្ថាធិប្បាយបានដែរ។
ដោយឡែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បង្ហា្ញការការសោកស្តាយចំពោះការសម្រេចរបស់តុលាការដោយមិនអនុញ្ញាតតាមសំណើររបស់សកម្មជនចលនាមាតាធម្មជាតិក្នុងការជជែកតទល់ជាមួយសមត្ថកិច្ចដែលកសាងសំណុំរឿង ខណៈលោកថាការជជែកតទល់រវាងជនត្រូវចោទ និងសមត្ថកិច្ចដែលកសាងសំណុំរឿង និងភស្តុតាងដែលយកមកចោទប្រកាន់បែបនេះ គឺជាគោលការសិទ្ធិទទួលបានការជំនុំជំរះដោយយុត្តិធម៌។
លោកបន្តថា៖«គួរឱ្យសោកស្តាយនៅក្នុងសវនសការព្រឹកមិញប្រធានក្រុមប្រឹក្សាជំនុំជំរះទទួលយកសំណើរបស់តំណាងអយ្យការ ដោយបដិសេធការស្នើសុំរបស់លោក លី ច័ន្ទដារ៉ាវុធ ដែស្នើសុំឱ្យមានការជជែកដេញដោលជាមួយសមត្ថកិច្ច ដោយលើកហេតុផលថាយុវជនមាតាធម្មជាតិទាំងនោះថ្លោះសិទ្ធិដោយពួកគាត់មិនបានចូលរួមនៅសវនាការកាលពីលើកទី២ ដោយពួកគាត់ទទួលបានពីការជូនដំណឹងរបស់តុលាការតែគាត់មិនចូលរួម ចំដំណាក់ដែលសមត្ថកិច្ចធ្វើការបំភ្លឺដែលត្រូវជជែកតទល់។ ប៉ុន្តែតុលាការបានលើកឡើងថាថ្ងៃនេះជាថ្ងៃចាក់បង្ហាញភស្តុតាង ដូច្នេះនៅពេលជជែករឿងភស្តុតាងពួកគាត់អាចបង្ហាញពីភស្តុតាងដោះបន្ទុកបាន»។
នៅក្នុងបញ្ញត្តិមាត្រាមួយចំនួនមានដូចជាមាត្រា៥១ មាត្រា១២៨ មាត្រា១៣០ និងបញ្ញត្តិមាត្រា១៣២ បានកំណត់ថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ត្រូវការពារដោយច្បាប់ ជាពិសេសមានការបែងចែកអំណាច និងឯករាជ្យភាពរបស់តុលាការដែលធានាដោយព្រះមហាក្សត្រ។ ហើយចំពោះមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញកំណត់អំពីសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងការពារសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដោយធានាថា មិនត្រូវឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។ លើសពីនេះក្រមនីតិវិធីព្រហ្មទណ្ឌ ដែលអនុម័តក្នុងឆ្នាំ ២០០៧ ក៏បានចែងដោយលម្អិតអំពីនីតិវិធីដែលត្រូវអនុវត្តលើជនសង្ស័យ និងកំណត់អំពីតួនាទី និងការទទួលខុស ត្រូវរបស់ចៅក្រម ព្រះរាជអាជ្ញា និងភាគីជនជាប់ចោទ ដោយគិតចាប់ពីការផ្តួចផ្តើមនៃការស៊ើបអង្កេតបឋម ពេលចាប់ខ្លួននៅក្នុងនីតិវិធីព្រហ្មទណ្ឌទាំងមូល រហូតដល់ការបញ្ចប់បណ្ដឹងឧបាស្រ័យចុងក្រោយ៕