លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាកម្ពុជាមិនចាំបាច់កំណត់លើអាយុកាលប្រើប្រាស់រថយន្តនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងលើការត្រួតពិនិត្យបច្ចេកទេសឱ្យបានហ្មត់ចត់ និងមានគុណភាពខ្ពស់។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាលោកធ្លាប់បានច្រានចោលសំណើរទាក់ទងនឹងការកំណត់អាយុរថយន្តនាំចូល ព្រោះប្រជាពលរដ្ឋមួយចំនួនមិនមានលទ្ធភាពទិញរថយន្តដែលកំណត់ឆ្នាំ ដូច្នេះត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្តវិញ។
លោកបន្តថា «ថ្ងៃមុន ក៏មានការគិតអំពីការកំណត់ឆ្នាំនាំចូលរថយន្ដ ខ្ញុំថា កុំអី ត្រូវពង្រឹងប្រព័ន្ធឆៀក ប្រព័ន្ធឆែកបច្ចេកទេសឱ្យបានរឹងមាំវិញ។ កាលមុនមានប្រជុំ ដល់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដាក់សូមយោបល់ខ្ញុំ ដោយសារគិតគូររឿងបរិស្ថាន ចឹងក៏បានគិតគូរអំពីស្នើសុំថាឥឡូវ គួរតែហាមឆ្នាំ២០២៤នេះ ហាមមិនឱ្យយករថយន្ដលើសអាយុ១០ឆ្នាំ ដល់ឆ្នាំ២០៣០ ហាមមិនឱ្យនាំចូលរថយន្ដដែលអាយុ៥ឆ្នាំ ដើម្បីយើងធានារថយន្ដឱ្យល្អ កុំឱ្យប៉ះពាល់បរិស្ថាន ខ្ញុំថា ដកចោលទៅ មកដល់ម៉ោងនេះមិនទាន់មានការចាំបាច់ ព្រោះអ្នកខ្លះសូម្បីឡាន រត់តាក់ស៊ីមួយចំនួនគាត់មិនអាចរកអា៥ឆ្នាំមកទេ ថ្លៃ ត្រូវពង្រឹងប្រព័ន្ធឆៀកបច្ចេកទេសព្រោះ ១ឆ្នាំ យើងឆៀករថយន្តម្តង »។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ថាករណីខ្លះរថយន្តមានអាយុកាលក្រោម ៥ទៅ១០ ឆ្នាំពិតមែន ប៉ុន្តែនៅតែមានបញ្ហា ដូច្នេះហើយគួរតែមានការពង្រឹងការពិនិត្យបច្ចេកទេសវិញទើបជារឿងត្រឹមត្រូវ។
លោកបន្តថា៖ « ទោះរថយន្តហ្នឹងក្រោម ៥ឆ្នាំ ក្រោម ១០ឆ្នាំ តែបើបច្ចេកទេសវាអត់ត្រូវ កុំឱ្យវារត់[បើកនៅលើផ្លូវ]ព្រោះអ្នកខ្លះឥលូវជួនកាលយកអារថយន្តពីជំនាន់ដើម អាឆ្នាំ៦៨យកមកជិះពេញហ្នឹង នៅថែទាំបច្ចេកទេស ខ្ញុំយល់ពីការថែទាំបរិស្ថាន ខ្ញុំមិនចង់ឱ្យយករថយន្តដែលចាស់យកមកពិបាកខុសបច្ចេកទេសអាចគ្រោះថ្នាក់អីផ្សេងៗ ចឹងខ្ញុំដាក់ថាមិនកំណត់ឆ្នាំទេ តែពង្រឹងការត្រួតពិនិត្យរថយន្តឱ្យបានច្បាស់ នេះទើបត្រឹមត្រូវ »។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ផន រឹម បដិសេធក្នុងការអត្ថាធិប្បាយដោយលោក អះអាងដោយខ្លីថា មិនមានអ្វីថ្មីទាក់ទងសារនយោបាយរបស់លោកនាយរដ្ឋមន្រ្តីនេះទេ។
លោកបន្តថា៖ « សម្តេចមានប្រសាសន៍គ្រប់ជ្រុងជ្រោយហើយ […] មិនមានអ្វីលើសនឹងទេ » ។
អ្នកលក់រថយន្តនៅទីក្រុងភ្នំពេញ លោក អ៊ី ស្រស់ ថាឡាននាំចូលពីស្រុកគេ បើជាឡានដែលគេធ្លាប់ប្រើហើយមិនអាចធានាគុណភាពបានទាំងស្រុងនោះទេ តែទោះបីជាយ៉ាងណាក៏ដោយ ចំពោះឡានថ្មី គឺមានការធានាត្រឹមត្រូវ។
លោកបន្តថា៖ « វាអត់អាចដឹងពីចំណុចហ្នឹងទាំងអស់ [គុណភាពរថយន្ត] ចំពោះរបស់១ តឹក តែបើរបស់ថ្មី របស់ខ្លាញ់គោ អាហ្នឹងគេធានាគុណភាព និងធានាឆ្នាំឱ្យទៀត ខូចគេជួសជុលឱ្យយើង ប៉ុន្តែបើរបស់នាំចូលពីស្រុកគេ គេហៅថាឡានអេតចាយ មកដល់ស្រុកខ្មែរខូចអីគេធ្វើហ្នឹង បើឡានពីស្រុកគេ បើធានាគុណភាពវា ធានាអត់បានទេ គឺយើងត្រូវធ្វើការតេស្តផ្ទាល់ » ។
ដោយឡែក អ្នកនាំពាក្យគណបក្សហ្វ៊ិនស៊ិនប៊ិច លោក ញឿន រ៉ាដែន សាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល ពីព្រោះស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាបច្ចុប្បន្នកំពុងអភិវឌ្ឍ។
លោកបន្តថា៖ « ទី១ យើងដឹងហើយថាកម្ពុជាយើងនៅក្នុងស្ថានភាពយ៉ាងមិច ជាពិសេសស្ថានភាពសេដ្ឋកិច្ច ខ្ញុំពិតជាឯកភាពទៅលើប្រសាសន៍នាយករដ្ឋមន្ត្រី ដែលបានគាត់លើកឡើងពីចំណុចមួយដែលកម្ពុជាយើងកម្ពុជាអភិវឌ្ឍ ហើយក្នុងបរិបទទៅមុខទៀត ដែលកម្ពុជាក្លាយជាអ្នកមាន យើងអាចគិតគូរទៅដល់បញ្ហានេះបាន តែក្នុងស្ថានភាពនេះ យើងគួរប្រើប្រាស់អ្វីដែលយើងមាន និងភាពកែច្នៃប្រឌិត»។
ទាក់ទិននឹងករណីនេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថាការនាំរថយន្តមិនកំណត់ឆ្នាំចូលមកកម្ពុជានេះ អាចធ្វើឱ្យកម្ពុជាសម្បូរទៅដោយរថយន្តចាស់ច្រើន។បន្ថែមពីលើនេះ លោកថាកម្ពុជាគួរតែមានការកំណត់ឆ្នាំនាំចូលច្បាស់លាស់ដើម្បីធានាសុវត្ថិភាព និងចៀសវាង ការប្រើប្រាស់រថយន្តចាស់ច្រើននៅកម្ពុជា។
លោកបន្តថា៖«ការដែលយើងនាំចូលរថយន្តដែលមិនកំណត់អាយុកាលប្រើប្រាស់មកកម្ពុជាអាចធ្វើឱ្យកម្ពុជាអាចនឹងមានរថយន្តចាស់ៗច្រើន ហើយអាចជាបញ្ហាសម្រាប់ថ្ងៃអនាគតដែរ ហើយអាចថាប្រទេសដទៃទៀតដែលមានរថយន្តចាស់ហ្នឹងនាំរថយន្តចេញមកកម្ពុជាអីចឹងទៅ ដែលអាចជាបញ្ហាដែលសម្រាប់កម្ពុជា។ការត្រួតពិនិត្យគុណភាពរថយន្តការឆែកឆេរត្រួតពិនិត្យអីហ្នឹង ខ្ញុំថាជាការប្រសើរហើយប៉ុន្តែ បើសិនជាការត្រួតពិនិត្យទៅ ឆែកឆេរទៅឃើញថារថយន្តហ្នឹងវាមានគុណភាពអន់មិនល្អ ខូចអីទៅគេតម្រូវឱ្យធ្វើនេះធ្វើនោះទៅអស់លុយច្រើនទៅទៀត តើគួរតែអ្នកទិញនោះទិញទេ ឬគួរតែនាំចូលទេ នោះគឺជាបញ្ហាដែលបាទ ចឹងខ្ញុំថាគួរតែកំណត់ឆ្នាំនាំចូលប្រសើរជាង មិនគួរបើកទូលាយទូទៅទេ […] ខ្ញុំថាកម្ពុជាគួរតែកំណត់រថយន្តឆ្នាំណាដែលគួរនាំចូល បើថាចាស់ពេកយើងយកមក គ្រាន់តែយកមកដូចជាកន្លែងដែលគេបោះរថយន្តចោលដដែលយើងមិនគួរយកមកទេ »។
បើតាមលោក យង់ គិមអេង កន្លងមកការប្រើប្រាស់រថយន្តសេរីថ្មី នៅតែមានជះផលអវិជ្ជមាន បណ្តាលឱ្យឆេះ ជាដើម ចំណែកឯរថយន្តដែលមានអាយុកាលយូរឆ្នាំទៀតក៏អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ឬបញ្ហាផ្សេងៗដែរ។លោកបន្តថាការនាំចូលរថយន្តពីក្រៅប្រទេសដោយមិនគិតអាយុកាលក៏មានផលប៉ះពាល់ផងដែរ។ លោកបន្តថា៖ « យើងដឹងហើយថាកាលណានាំចូលរថយន្តចាស់ ឬក៏បញ្ហារថយន្តមួយចំនួនដែលមានភាពមិនប្រក្រតីអាចមានផលប៉ះពាល់ចំពោះអ្នកប្រើប្រាស់ ទន្ទឹមនេះដែរ ខ្ញុំសូមសំណូមពរឱ្យអាជ្ញាធរ ក៏ដូចជាក្រសួងពាក់ព័ន្ធត្រួតពិនិត្យ គយ ពន្ធដារជាដើម »៕