ក្រុមអ្នកធ្វើការងារតាមផ្ទះ ឬអ្នកធ្វើការនៅវិស័យក្រៅប្រព័ន្ធ ស្នើរាជរដ្ឋាភិបាលគិតគូរពួកគេចំពោះការចុះបញ្ជីបេឡាជាតិរបបសន្តិសុខសង្គម (បសស) ដូចអ្នកធ្វើការលើវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធដែរ។
ការលើកឡើងបែបនេះ ធ្វើឡើងខណៈក្រុមអ្នកតំណាង ក៏ដូចជាកម្មករធ្វើការតាមផ្ទះប្រមាណជាង ២៥០នាក់ បានចូលរួមប្រារព្ធខួបលើកទី១៣នៃទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ «គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
ក្រោមកិច្ចសហប្រតិបត្តិការរវាងអុកស្វាមកម្ពុជា និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (អាយឌៀ) វេទិកានេះបានប្រមូលភាគីពាក់ព័ន្ធទាំងអស់រួមមាន ស្ត្រីកម្មករកាងារតាមផ្ទះ អ្នកថែទាំគ្មានប្រាក់ឈ្នួល មនុស្សវ័យចាស់ អ្នកដែលមានពីការភាព ស្ត្រីលក់ដូរតាមផ្លូវ និងតំណាងក្រុមកម្មករដឹងជញ្ជូន ដែលមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័្ធ តំណាងម្ចាស់ផ្ទះ តំណាងមកពីអង្គការដៃគូ ដៃគូអភិវឌ្ឍន៍ និងតំណាងពីរាជរដ្ឋាភិបាល។
តំណាងកម្មករការងារតាមផ្ទះ អ្នកស្រី វុន គឹមស្រ៊ី បានឱ្យដឹងថា កម្មករការងារតាមផ្ទះមានបញ្ហាប្រឈមជាច្រើន ដែលមួយក្នុងចំណោមបញ្ហាចម្បងនោះ គឺការមិនមានកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរ និងការមិនត្រូវបានចុះបញ្ជីទៅក្នុងប្រព័ន្ធកិច្ចគាំពារសង្គម។
អ្នកស្រីថា៖ «ក្រៅពីការមិនបានឈប់សម្រាកគ្រប់គ្រាន់ និងលក្ខខណ្ឌការងារដែលមិនសូវស្រួល ពួកយើងមានបញ្ហាផ្សេងទៀតដែរ ដូចជា កិច្ចសន្យាការងារ និងគ្មានពេលឈប់សម្រាក គ្មានកិច្ចគាំពារ[សង្គម]ដូចជា [ប័ណ្ណ]បសស ជាដើម»។
អ្នកស្រីក៏បានលើកឡើងនូវដំណោះស្រាយដែលអាចទៅរួចមួយចំនួនផងដែរ ដូចជាការចងក្រងគ្នាចូលទៅក្នុងសមាគម ដើម្បីទាមទារផលប្រយោជន៍របស់កម្មករ ក៏ដូចជាការធ្វើយុទ្ធនាការនានា ក្នុងការស្នើទៅរដ្ឋាភិបាលពីអ្វីដែលជាតម្រូវការ ជាពិសេស ការស្នើឱ្យមានការផ្តល់ប័ណ្ណ បសស សម្រាប់ពួកគេជាដើម។
អ្នកស្រីក៏បានជំរុញឱ្យមានការបង្កើននូវចំណេះដឹងសម្រាប់អ្នកធ្វើការងារតាមផ្ទះ ដើម្បីធានាឱ្យបានថាពួកគេដឹងអំពីសិទ្ធិរបស់ខ្លួន និងមិនត្រូវទទួលរងនូវការគាបសង្កត់ពីសំណាក់ថៅកែជាដើម។
រីឯអ្នកស្រី ហាំ សោភី ជាកម្មករធ្វើការងារតាមផ្ទះ មានអាយុ ៥៧ឆ្នាំ បានលើកឡើងដែរថាអ្នកស្រីបានចាប់ផ្តើមបំពេញការងារនេះអស់រយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែអ្នកស្រីនៅមិនទាន់ត្រូវបានចុះបញ្ជីទៅក្នុងប្រព័ន្ធបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា បសស នៅឡើយទេ។
អ្នកស្រីថា៖ «ខ្ញុំធ្វើការងារនេះ ៦ ទៅ៧ឆ្នាំហើយ ខ្ញុំបោសផ្ទះ ជូតផ្ទះ ធ្វើម្ហូប ហើយបើនិយាយរឿងថៅកែ ខ្ញុំដូរ៦ ទៅ៧ផ្ទះដែរហើយ ដោយសារតែគេឱ្យប្រាក់ខែតិចពេក ហើយលក្ខខណ្ឌការងារក៏មិនសូវល្អ។ […] ថៅកែបច្ចុប្បន្ននេះមិនអីទេ តែខ្ញុំក៏អត់ទាន់មានប័ណ្ណ បសស ដែរ។ ពេលឈឺថៅកែទិញថ្នាំឱ្យ តែម៉េចក៏ដោយ បើមាន បសស វាមានស្ថេរភាពជាង វាមិនម្ងៃកាត់ម្ងៃកោរដូចចាំពឹងថៅកែ ចុះបើថ្ងៃណាមួយគាត់ចិត្តលែងបាន យើងមិនយ៉ាប់»។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់បានប័ណ្ណ បសស ដែរ ប៉ុន្តែថៅកែគាត់តែងតែរវល់ និងមិនមានពេលនាំខ្ញុំទៅចុះនោះទេ»។
កាលពីឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីជូនដំណឹងលេខ៣៣៦ ស្តីពី ការចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធមកក្នុងបេឡាជាតិរបបសន្តិសុខសង្គម ចំពោះសហគ្រាសដែលមានកម្មករចាប់ពីម្នាក់ ឬច្រើននាក់ ដើម្បីទទួលបានការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល និងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូន។
លោក ហេង សុផាន់ណារិទ្ធិ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម (បសស) មានប្រសាសន៍នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះថា ក្នុងកិច្ចការដែលអ្នកធ្វើការតាមផ្ទះ នៅមិនទាន់អាចមកចុះបញ្ជីបាន ដោយសារតែភាគីនិយោជកនៅតែមិនទាន់យល់ពីកាតព្វកិច្ចរបស់ខ្លួន។
លោកថា៖ «ខ្ញុំជម្រាបជូនដែរថា យើងមានផលលំបាកជាច្រើន កន្លងមកយើងបានសហការជាមួយខាងអាជ្ញាធរដែរ សម្រាប់ការបញ្ជូនព័ត៌មានអ្នកដែលបម្រើការងារតាមផ្ទះហ្នឹងមក បសស ដើម្បីឱ្យក្រុមអធិការកិច្ចយើងចុះទៅ។ […] ប៉ុន្តែជាក់ស្តែងយើងឃើញថាមិនមានជាលទ្ធផលអីធំដុំកំភួនអីទេ ដោយសារតែនិយោជកភាគច្រើន គាត់មិនយល់ពីកាតព្វកិច្ចនេះនៅឡើយ អ្នកខ្លះបង់ អ្នកខ្លះមិនទាន់បង់»។
លោកបន្ថែមថា ជាយន្តការ គឺនិយោជិតខ្លួនឯងគួរតែទាក់ទងទៅកាន់ បសស ដោយផ្ទាល់តាមរយៈលេខ ១២៨៦ ឬ ១២៩៧ ដើម្បីឱ្យក្រុមការងារចុះទៅត្រួតពិនិត្យនៅតាមកន្លែងដែលពួកគាត់ធ្វើការផ្ទាល់តែម្តង ដោយសារតែ បសស មិនអាចចុះទៅត្រួតពិនិត្យម្តងមួយផ្ទះៗបានទេ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា បានបន្ថែមថា ក្រសួងនៅតែបន្តកិច្ចការផ្សព្វផ្សាយពីអត្ថប្រយោជន៍ បសស ឱ្យបានជ្រាបទៅដល់គ្រប់ប្រជាពលរដ្ឋ ទាំងអ្នកធ្វើការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
លោកថា៖ «បសស បន្តផ្សព្វផ្សាយពីអត្ថប្រយោជន៍ បសស និងកៀងគរអ្នកបម្រើតាមផ្ទះ មកចុះឈ្មោះជាសមាជិក បសស ឱ្យបានច្រើនថែមទៀត។ […] ទន្ទឹមនោះម្ចាស់ផ្ទះត្រូវគោរពសិទ្ធិអ្នកបម្រើតាមផ្ទះ និងគោរពច្បាប់ពាក់ព័ន្ធ»។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ដែរថា អំពើហិង្សា ការប្រមាទមើលងាយ និងការបំពារបំពានផ្សេងៗចំពោះនិយោជិតជាអ្នកធ្វើការងារតាមផ្ទះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ចំណែក នាយិកាអង្គការអុកស្វាមកម្ពុជា លោកស្រី ភាណ សោភ័ណ្ឌ បានកត់សម្គាល់ថាមិនមាននិយោជកច្រើនទេ ដែលអនុវត្តតាមសេចក្តីប្រកាសទាំងនេះ ដើម្បីឱ្យកម្មករនិយោជិតបានទទួលការគាំពារដែលពួកគេត្រូវទទួលបាន។
លោកស្រីថា៖ «បើយើងគិតមើលពីការអនុវត្តនូវសេចក្តីប្រកាសជូនដំណឹងទាំងនេះ យើងនៅមើលឃើញថាមិនមានបងប្អូនច្រើនទេ ដែលថៅកែរបស់គាត់ចុះបញ្ជីឱ្យពួកគាត់ ដើម្បីឱ្យពួកគាត់បានទទួលអត្ថប្រយោជន៍។ […] ខ្ញុំសង្ឃឹមថា កាលើកកម្ពស់កាយល់ដឹងអំពីការចុះបញ្ជី និងអត្ថប្រយោជន៍ ក៏ដូចជាធ្វើយ៉ាងណាផ្តល់ការគាំពារ ផ្តល់លក្ខខណ្ឌការងារសមស្របសម្រាប់បងប្អូនជាកម្មករធ្វើការនៅតាមផ្ទះនេះ នឹងមានថៅកែជាច្រើនទៀត នឹងស្ម័គ្រចិត្តទៅចុះបញ្ជី ហើយបងប្អូនបានយល់ពីសិទ្ធិរបស់ពួកគាត់ ហើយស្នើសុំទៅថៅកែរបស់ខ្លួន»។
ជាមួយគ្នានេះ លោកស្រីក៏បានជំរុញដល់ថៅកែគ្រប់រូប គួរផ្តល់តម្លៃដល់បុគ្គលិក និងអ្នកធ្វើការងារតាមផ្ទះ តាមរយៈការផ្តល់ប្រាក់កម្រៃសមរម្យ ក៏ដូចជាលក្ខខណ្ឌការងារសមរម្យទៅឱ្យពួកគាត់។ ក្រៅពីនោះ លោកស្រីក៏បានអំពាវនាវដល់កម្មករធ្វើការងារតាមផ្ទះ គួរតែដឹងពីកាតព្វកិច្ចរបស់ថៅកែ ក្នុងការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗផងដែរ ដើម្បីជៀងវាងរងការកេងប្រវ័ញ្ចកម្លាំងពលកម្មទៅលើពួកគេ។ បើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មករធ្វើការងារតាមផ្ទះដែលបានចុះបញ្ជី និងមានប័ណ្ណ បសស សរុបមានចំនួន ៥១៧នាក់ ក្នុងនោះមាន ៣៨៩នាក់ ជាស្ត្រី៕