ស្រ្តីកម្មករដែលមានមុខរបរអូសរទេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្អូញត្អែរពីផលលំបាកក្រោយពេលតុលាការរឹតត្បិតព្រំដែនសេរីភាពរបស់ពួកគេ បន្ទាប់ពីតុលាការដាក់ឱ្យស្ថិតនៅក្រៅឃុំបណ្តោះអាសន្នក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ការថ្លែងដូចនេះរបស់ស្រ្តីជាកម្មករអូសរទេះនេះ ធ្វើឡើងក្រោយពីចៅក្រមស៊ើបសួរ នៃតុលាការខេត្តបន្ទាយមានជ័យ លោក អៀង ណារី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចដោះលែងឱ្យស្រ្តីទាំង៣នាក់ នៅក្រៅឃុំបណ្តោះអាសន្ន តែពួកគេត្រូវបង្ហាញខ្លួនជានិច្ចនៅចំពោះមុខអាជ្ញាធរមូលដ្ឋាន១ខែម្តង។ការដោះលែងឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ នៅបន្ទាប់ពីនគរបាលក្រុងប៉ោយប៉ែត ឃុំខ្លួនពួកគេពេញយប់ដើម្បីយកចម្លើយ មុននឹងបញ្ជូនទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្ត។
អ្នកស្រី តូយ ម៉េត ជាស្រ្តីម្នាក់ក្នុងចំណោមមនុស្ស២នាក់ផ្សេងទៀត ដែលត្រូវតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន និយាយថាបើទោះជានៅពេលនេះ អ្នកស្រីហាក់មានសេរីភាពបន្តិចក្តី ក៏សេរីភាពដែលអ្នកស្រីទទួលបាននេះ មិនបានធ្វើឱ្យអ្នកស្រីមានភាពប្រសើរនោះឡើយ។ប្រភពបន្តថា តុលាការបានកំណត់ព្រំដែនរបស់អ្នកស្រីរាប់ចាប់តាំងពីការដូរទីលំនៅ បូករួមនឹងបិទផ្លូវមិនឱ្យអ្នកស្រីបានអូសរទេះដូចមុនទៀត។
លោកស្រីបន្តថា៖ «ទទួលមិនបានមិចគេឲ្យមក គេឲ្យយើងចេញគេអត់ឃុំខ្លួនទេតែគេមិនឲ្យខ្ញុំអូស ខ្ញុំលីអីដូចមុនគេមិនឲ្យទេ គេបិទមិនឲ្យយើងដូរទីលំនៅ ហើយ១ខែទៅបង្ហាញខ្លួននៅសាលាក្រុងមួយដង អត់ទាន់ដឹងរកអីទេ អត់មានដើមអត់មុខរបរ អង្គរក៏ហូប អត់មានអីហូបទេចាស» ។
ទាក់ទងរឿងនេះ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញលិខិតកោះហៅកម្មករអូសរទេះចំនួន៥នាក់ជាស្រ្តី ឱ្យផ្តល់ចម្លើយជុំវិញការបះទង្គិចគ្នារវាងសមត្ថកិច្ច ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីចុងខែឧសភា ដែលបណ្តាលឱ្យមានរបួសទាំងសង្ខាំង។
ដោយឡែក លោក សឿន រ៉សាត់ ដែលត្រូវជាស្វាមីរបស់ស្រី្ត ហ៊ូត វណ្ណ: លើកឡើងថានៅពេលនេះ ក្រុមគ្រួសារដែលជាប់បំរាមតុលាការពិតជាទាល់គំនិត មិនដឹងត្រូវធ្វើបែបណាទេ។លោកបន្តថា បើមុខរបរអូសរទេះដឹកឥវ៉ាន់ចេញចូលកម្ពុជា-ថៃ ត្រូវបិទបែបនេះហើយ គ្មានជម្រើសណាមួយក្រៅពីស្វែងរកការងារថ្មីធ្វើ ប៉ុន្តែមិនដឹងថាជាការងាអ្វីដែរទេ ព្រោះពួកគេគ្មានជំនាញផ្សេងក្រៅពីអូសរទេះដឹកឥវ៉ាន់មួយមុខនោះឡើយ។
លោកបន្តថា៖ «គេដោះលែងធម្មតា អត់មានអីច្រើនគេហាមយើងអូសឥវ៉ាន់គេចពន្ធ មានតែយើងរកការងារផ្សងធើ្វទៅ បើគេបិទយើងហើយយើងមិនដឹងធើ្វមិចទេ» ។
ទាក់ទិនរឿងនេះ លោក រឿន លីណា អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយអះអាងថាសំណុំរឿងនេះមិនមែនស្ថិតនៅក្នុងដៃរបស់ខ្លួនទេ។លោកបន្តថាដើម្បីបានដឹងរឿងនេះច្បាស់ មានតែចៅក្រមទេ។
លោកបន្តថា៖«ឥឡូវខ្ញុំសុំឆែកមើលឯកសារជាមួយខាងចៅក្រមតិចសិន តើការដោះលែងគាត់មានលក្ខណ:អីខ្លះហើយចាំខ្ញុំផ្តល់ដំណឹងទៅវិញបាទ»។
សម្រាប់ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តបន្ទាយមានជ័យ លោក ឌិន ពុទ្ធី លោកសាទរចំពោះការដោះលែងស្រ្តីទាំង៣នាក់ ឱ្យមានសេរីភាពនៅពេលនេះ ប៉ុន្តែការកំណត់ព្រំដែននៃសិទ្ធិសេរីភាពរបស់អ្នកទាំងបីឱ្យដើរលើបន្ទាត់ក្រហមនេះ វាជាបញ្ហារំលោភទសិទ្ធិធ្ងន់ធ្ងរ។
លោកបន្តថា៖«ពាក់ព័ន្ធរឿងហ្នឹង ការដោះលែងគឺជារឿងមួយដ៏ប្រសើរសំរាប់កម្មករ ប៉ុន្តែអ្វីដែលសំខាន់នោះដូចជាមានកិច្ចសន្យាមិនឲ្យអូសរទេះវាមិនស្របទៅតាមគោលការណ៍ច្បាប់ រដ្ឋធម្មនុញ្ញច្បាបើជាតិក៏គេមិនដែលទៅហាមប្រាមប្រជាពលរដ្ឋបើជាកិច្ចសន្យាធើ្វក្នុងលក្ខណ:ថាកុំឲ្យអូសឥវ៉ាន់មិនស្របច្បាប់ ហាមមិនឲ្យចូលអាហ្នឹងត្រឹមត្រូវតាមផ្លូវច្បាប់» ។
របាយការណ៍ដែលមន្រ្តីអង្គការការពារសិទ្ធិមនុស្ស លីកាដូ ទទួលបានឱ្យដឹងថា ស្រ្តីទាំង៣នាក់ដែលតុលាការខេត្តបន្ទាយមានជ័យដោះលែងបណ្តោះអាសន្ន ក្រោមបទចោទ«ប្រឆាំងនឹងរាជការសាធារណ: ជេរប្រមាថ និងហិង្សាដោយចេតនា » នេះមានឈ្មោះ តូយ ម៉េត អាយុ៣៩ឆ្នាំ ស្រ្តីឈ្មោះ ហួត វណ្ណៈ អាយុ៣៦ឆ្នាំ និងឈ្មោះ អោម ឡាច អាយុ៥២ឆ្នាំ។
យ៉ាងនេះក្តី លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ យល់ឃើញថាការផ្តល់សេរីភាពបណ្តោះអាសន្នសម្រាប់ស្រ្តីទាំងបីនាក់នេះ ជាការផ្តល់សញ្ញាល្អមួយសម្រាប់តុលាការ។ប៉ុន្តែការកំណត់ព្រំដែននៃសិទ្ធិសេរីភាពក្នុងកម្រិតធ្ងន់ធ្ងរបែបនេះ វាជាការដាក់សម្ពាធផ្លូវចិត្តមួយដែលធ្ងន់ជាងនេះទៅទៀត។
លោកបន្តថា៖«តុលាការខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៣ មិថុនា បានសំម្រេចឲ្យពួកគាត់ទាំង៣នាក់នៅក្រៅឃុំជាបណ្តោះអាសន្ននេះជាភាពបត់បែនមួយរបស់តុលាការដែលមានការយោគយល់អនុគ្រោះទៅលើស្រី្តជាកម្មករអូសរទេះទាំង៣នាក់ដែលតុលាការបានគិតទៅលើមនុស្សធម៌ជាធំ ប៉ុន្តែតុលាការបានដាក់លក្ខណ:តឹងតែងខ្ពស់ជាច្រើនចំណុចធើ្វឲ្យគាត់មានការពិបាកបាទ ជាពិសេសការប្រកបមុខរបរចិញ្ចឹមជីវិតរបស់គាត់ប្រចាំថ្ងៃ»។
ប្រធានគយប្រចាំច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បានផ្តល់បទសម្ភាសន៍ ឱ្យអ្នកសារព័ត៌មានក្នុងស្រុក អំឡុងពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដឹងថា មូលហេតុដែលនាំឱ្យផ្ទុះអំពើហិង្សានេះកើតឡើង ផ្តើមចេញពីការទប់ស្កាត់ការរត់ពន្ធខុសច្បាប់ តាមក្រុមអូសរទេះ។ប៉ុន្តែក្រុមកម្មករដែលមានរបរអូសរទេះ ចោទប្រកាន់ថា ការអនុវត្តដោយហិង្សារបស់សមត្ថកិច្ចនេះ ជាការប្រើអំណាចផ្តាច់ការទៅវិញ៕