អន្លង់ផ្សោត​កាំពី កោះ​ព្រហ្ម​ចារី ​និងរមណីយដ្ឋានទឹក​នៅ​តាម​ជួរទន្លេមេគង្គ-កាំពី​ គឺជារមណីយដ្ឋាន​​នៅ​​តាម​បណ្តោយ​ទន្លេមេគង្គ​​ និង​ជា​​តំបន់សក្តា​នុ​ពល​ទេសចរណ៍​សម្រាប់ខេត្តក្រចេះ។ អន្លង់​ផ្សោត​កាំពី ស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ​ខេត្តក្រចេះ ជាកន្លែងសម្រាប់​មើល​ផ្សោត​សំខាន់​មួយ​ប្រចាំប្រទេសកម្ពុជា ដែល​មាន​ចម្ងាយ​ប្រមាណជា​១៥​គីឡូម៉ែត្រ​ពី​ក្រុង​ក្រចេះ។

ក្នុងទឹកមុខមិនសូវស្រស់ស្រាយ ស្របពេល​ដែល​ស្ថានភាព​លក់ដូរ​មិនសូវ​ដាច់​ អ្នកស្រី ឈ្នាង សាលេន អាយុ៦៥ឆ្នាំ ជាអាជីវករលក់ណែមត្រីនៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី លើកឡើង​​ថា​ ការលក់ដូរនៅតំបន់រមណីយដ្ឋានជួរ​ទន្លេមេគង្គ-កាំពី មិនសូវមានមនុស្សដូចមុនទេ។​

អ្នកស្រីថ្លែងថា៖ «ការលក់ដូរមិនសូវមានមនុស្សទេ មានតែមុនចូលឆ្នាំមកតិចតួចលក់បានខ្លះៗ សម្រាប់​ទំនិញ​មិនជាថ្លៃទេទៅកន្លែងណាក៏អ៊ីចឹងដែរ គ្រាន់តែ​នៅ​ទីនេះ​សេដ្ឋកិច្ច​ម្នាក់ៗ​ត្អូញ​ថា​គ្មាន​លុយ​ អ៊ីចឹងគ្នាមិនសូវមកដើរលេងទេ។ កន្លែងនេះ​ភាគច្រើន​អ្នក​ភ្នំពេញ​ឧស្សាហ៍​មក​ញ៉ាំបា​យ​ មិនថា​អ្នក​ទៅ​មណ្ឌលគិរី ឬរតនៈគិរី ហើយគេចូលទៅជិះទូកមើលផ្សោតហើយក៏ទៅៗ [ភ្នំពេញ]»។

អ្នកស្រី ឈ្នាង សាលេន អាយុ៦៥ឆ្នាំ ជាអាជីវករលក់ណែមត្រីនៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ (រូបភាព៖ ហុង សេងលី)

អង្គុយលក់អន្សមអាំងក្រោមដើមឈើធំមួយ មានសភាពស្ងាត់កណ្តាលសហគមន៍កាំពី អ្នកស្រី ស៊ុន ហ៊ាន វ័យ៧៧ឆ្នាំ និយាយ​ថា​ ក្នុង​មួយ​រយៈចុងក្រោយ​នេះ អ្នកស្រី​លក់​ដូរ​​មិន​សូវ​ដាច់ ដោយសារ​ខ្វះ​កន្លែង​អង្គុយ​បែបកម្សាន្ត​សម្រាប់​​ភ្ញៀវទេសចរណ៍។​

អ្នកស្រីនិយាយ​ថា៖ «មានតែកន្លែងលេង បើគេអត់ឱ្យយើងធ្វើ​រោងនៅ​ទន្លេគេមានអីលេង? បើយើង​ធ្វើ​កញ្ចុះ​នៅ​តាម​មាត់​ច្រាំង មានអីគេអង្គុយលេង»។

អ្នកស្រី ស៊ុន ហ៊ាន វ័យ៧៧ឆ្នាំ ជាអ្នកលក់ចេកអាំងនៅសហគមន៍កាំពី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ (រូបភាព៖ ហុង សេងលី)

ទោះបីតំបន់ទេសចរណ៍​តាម​ដង​ទន្លេ​មេគង្គទាំង​នេះនៅជិត​​​ក្រុង​ក្រចេះ​ក៏ដោយ​ ប៉ុន្តែ​កង្វះ​កន្លែង​អង្គុយ​​កម្សាន្ត តម្លៃម្ហូបអាហារ​ និង​កង្វះ​​ការផ្សព្វផ្សាយ បណ្តាល​ឱ្យមិនសូវមាន​​ភ្ញៀវ​ទេសចរ​​​​​​មក​កម្សាន្ត​ច្រើន​ ក្រៅតែពីអំឡុងពេល​បុណ្យជាតិ​សំខាន់​ៗ។ កង្វះ​ភ្ញៀវទេសចរ​ ធ្វើ​ឱ្យ​អាជីវករ​លក់ដូរ​ដូចជាអ្នកស្រី ឈ្នាង សាលេន និង​អ្នកស្រី ស៊ុន ហ៊ាន ត្រូវ​ប្រឈម​នឹង​បញ្ហា​ជីវភាព។​​

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះយល់ឃើញមិនខុសគ្នាដែរថា ភ្ញៀវ​ទេសចរ​ភាគច្រើន ចុះទូកមើលផ្សោតនៅអន្លង់កាំពី ហើយក៏ធ្វើដំណើរហួសចេញទៅ។ ប៉ុន្តែ​ក្នុង​រយៈពេល​ថ្មីៗ​កន្លង​មក​នេះ ស្ថានភាពទេសចរណ៍មានភាពប្រសើរឡើង ដោយ​ខេត្ត​​​​ក្រចេះ​មាន​តំបន់​ទេសចរណ៍​​ផ្សេងទៀតច្រើនជាង២០កន្លែង ដូចជារមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី កោះទ្រូង កោះព្រហ្មចារីយ៍​ជាដើម។

លោកបញ្ជាក់ថា៖ «បើអ៊ឹចឹង ដូចជាជួយឱ្យភ្ញៀវគាត់ស្នាក់នៅកាន់យូរ អាចពន្យារ​​ពេលនៃ​ការស្នាក់​របស់​ភ្ញៀវកាន់តែយូរ។ អ៊ីចឹងយ៉ាងហោចយើងទទួលបានភ្ញៀវគាត់ស្នាក់ហ្នឹង យ៉ាង​តិ​ច​១​យប់​អី​ដែរ»។

តាមកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ Newsroom Cambodia តាមប្រព័ន្ធតេឡាក្រាមថា​ ផ្សោតទន្លេមេគង្គមានចំនួនប្រហាក់ប្រហែល ៩០ ក្បាល​ក្នុង​អន្លង់​កាំពី​ខេត្ត​ក្រចេះ និងខេត្តស្ទឹងត្រែង។ កញ្ញា​ថា ចំនួន​ផ្សោត​នេះ​ក៏​នៅ​តែ​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ។

សត្វផ្សោតក្នុងអន្លង់ផ្សោតកាំពី ខេត្តក្រចេះ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ (រូបភាព៖ ហុង សេងលី)

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន ដែលចេញផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថាអន្លង់ផ្សោតកាំពីដែលបង្កើតឡើងកាលពីចុងឆ្នាំ១៩៩៩នោះ ជាអន្លង់​មួយធំ​ជាង​គេ​ក្នុង​ចំណោម​អន្លង់ ៥ផ្សេងទៀតក្នុងខេត្តក្រចេះ។ អន្លង់កាំពីនេះ មានផ្សោតប្រមាណជាង ៣៩-៤០​ក្បាល។

តម្លៃអាហារថ្លៃ​

ស្ថិតលើផ្លូវ​ខេត្ត​លេខ ៣៧៧ នៅចម្ងាយ​ប្រមាណជា​១​គីឡូម៉ែតពី​អន្លង់ផ្សោតកាំពី ជា​តំបន់​រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេ​មេគង្គ-កាំពី។ រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី មានប្រជុំកោះតូចៗ ឆ្នេរខ្សាច់ និងជ្រលងទឹកហូរ។ ភ្ញៀវនិយមមកកម្សាន្តទីនេះ នារដូវប្រាំង គឺចាប់ពីខែមករា ដល់ខែឧសភា ពិសេសនៅរដូវបុណ្យចូលឆ្នាំខ្មែរ និងបុណ្យចូលឆ្នាំ ចិន-វៀតណាម។ នេះបើយោងគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តក្រចេះ។

សម្រាប់អ្នកស្រី ឈ្នាង សាលេន ជាអាជីវករម្នាក់នៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពីដដែល លើកឡើងថា តម្លៃទំនិញ ម្ហូបអាហារ និងសេវាកម្មផ្សេងៗក្នុងរមណីយដ្ឋាននេះមានតម្លៃសមរម្យទៅ តាមទីផ្សារ។

អ្នកស្រីបន្តថា៖ «ម្ហូបអាហារដូចមិនថ្លៃទេ ត្រីគេទិញមកហ្នឹង វាមិន​ចំណេញ​កប់​ក្តោង​ណាស់​ណា​ទេ ល្មម ប្រាំម៉ឺនហ្នឹង គឺតម្លៃសមល្មមហើយ កន្លែងណាក៏អ៊ីចឹងដែរ ភ្ញៀវ​ខ្លះ​គាត់​ថា​គាត់​ដើរ​លេង​គ្រប់​ខេត្ត​ដូច​តែ​គ្នាទេ [តម្លៃ]»។

ទិន្នភាពនៃការលក់ដូរក្នុងរមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ (រូបភាព៖ ហុង សេងលី)

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាប្រាប់ Newsroom Cambodia តាមបណ្តាញ​​សង្គម​តេឡេក្រាម​ថា បើធៀប​តម្លៃ​អាហារ​ក្នុង​ស្តង់​ដារ​ហាង​អាហារ​ដូចគ្នា​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​នោះ យើងឃើញថាតម្លៃអាហារក្នុងស្រុកមានតម្លៃថ្លៃជាងបន្តិចមែន។

លោកស្រីបញ្ជាក់ថា៖ «ជាក់ស្តែងយើងមើលឃើញហើយ មូលហេតុដែលថ្លៃដើមថ្លៃហ្នឹង គឺ​ដោយសារ​តែ​ការដឹក​​ជញ្ជូនរបស់យើងនឹងវាថ្លៃ ហើយសេវាកម្មនានាហ្នឹងក៏ថ្លៃទៀត»។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានប្រាប់ Newsroom Cambodia ថា កន្លង​មកមន្ទីរបានចុះអប់រំដល់អាជីវករតាមសារាចររបស់ក្រសួងពីតម្លៃ សេវាកម្ម និងអនាម័យសុខភាព ជាពិសេសអំឡុងពេលជិតដល់ពិធីបុណ្យធំៗ​។

លោកបញ្ជាក់ថា៖ «ពិសេសនៅពេលដល់កម្មវិធីបុណ្យឈប់សម្រាកធំៗ ចូលឆ្នាំចិន ឆ្នាំខ្មែរ ភ្ជុំអីហ្នឹង គឺយើងតែងតែចុះធ្វើការហ្នឹង។ ប្រជាពលរដ្ឋមួយចំនួនធំហើយបានចូលរួម នៅ​តែ​មួយ​ចំនួន​តូច​ទេ​ដែល​មិន​បាន​ចូលរួម»។

យោងតាមអត្ថបទចុះផ្សាយដោយ RFA កាលពីឆ្នាំ២០១៦ ភ្ញៀវទេសចរ​មកកម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេ​មេគង្គ-កាំពី ខេត្តក្រចេះ ក៏ធ្លាប់ត្អូញត្អែរពីតម្លៃម្ហូបអាហារនេះដែរ។

ក្រោយត្រឡប់ពីការទស្សនាសត្វផ្សោតមេគង្គវិញ អ្នកនាង Severia Bel វ័យ៣០ឆ្នាំ ជនជាតិ​លីទុយអានី (Lithuania) ដែល​​បច្ចុប្បន្ន​ជាអ្នកកាសែតនៅ​ចក្រភពអង់គ្លេសប្រាប់ Newsroom Cambodia ថា ការចាយវាយនៅតាមកន្លែងកម្សាន្តក្នុងខេត្តក្រចេះគឺមានតម្លៃសមរម្យ។ អ្នកនាង​អាចទទួលយកបាន​ដោយសារតម្លៃ និងការចាយវាយអាចខុសគ្នាទៅតាមប្រទេសនីមួយៗ។ អ្នកនាងបន្ថែមថា អ្នកនាងមិនទាន់ត្រូវគេកេងចំណេញទេតាំងពីមកដល់កម្ពុជា។

អ្នកនាងបញ្ជាក់ក្នុងន័យដើមជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា ៖ «ខ្ញុំគិត​ថា​តម្លៃ​ចាយ​វាយ មានភាពសមរម្យ។ ទោះបីជាវាពិបាកកំណត់ថាតម្លៃប៉ុន្មានសមរម្យ ដោយសារ​តែ​ប្រទេស​ផ្សេង​គ្នា​មាន​តម្លៃ​ការ​ចាយវាយខុសគ្នា»។

កង្វះ​ការផ្សព្វផ្សាយ និង​ព័ត៌មានពីការធ្វើដំណើរ

កំពុងតែលេងទឹកហូរយឺតៗត្រឹមស្មងជើងអមជាមួយតន្ត្រី​ឮតិចៗ កំដរ​បរិយាកាសយ៉ា​ង​សប្បាយ​ជាមួយ​នឹង​មិត្តភ័ក្រ្ត​៤នាក់​លើកោះ​ព្រហ្មចារីយ៍  ដែលត្រូវធ្វើដំណើរពីអន្លង់ផ្សោតកាំពី តាមទួក​ប្រហែលជា៣០​នាទីពីអន្លង់ផ្សោតកាំពីនោះ លោក សឿន ពិសិដ្ឋ វ័យ២៣ឆ្នាំ ជាជំនួយ​ការ​ហិរញ្ញវុត្ថុ​ប្រចាំ​ឃុំសំ​បុក​ ស្រុកចិត្របុរី ខេត្តក្រចេះ និងជាភ្ញៀវទេសចរ​មកកម្សាន្តនាចុងសបា្តហ៍ប្រាប់​ថា បញ្ហា​កង្វះ​ការ​ផ្ស​ព្វផ្សាយពី​តំបន់ទេសចរណ៍​ក្នុងខេត្ត​ក្រចេះ​ ជាហេតុ​ធ្វើ​ឱ្យ​មិន​សូវ​មាន​ភ្ញៀវទេស​ចរ​​មក​កម្សាន្ត​។

លោកលើកឡើងថា៖ «អ៊ីចឹងខ្ញុំសូមឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់មកជួយផ្សព្វផ្សាយ [ពីតំបន់​ទេសចរណ៍​អន្ល​ង់ផ្សោតកាំពីនេះ]»។

លោកបន្តថាក្រោយ​មាន​ «បុណ្យភូមិ​មាន​ជើង» ​អំឡុងពេល​ចូលឆ្នាំខ្មែរ​​ លោក​សង្កេតឃើញថា​ ​ភ្ញៀវ​ទេសចរកើនឡើង រួមទាំងការផ្សព្វផ្សាយនៅ​តាមបណ្តាញ​សង្គមមានចំនួនច្រើនជាងមុន ។

លោក សឿន ពិសិដ្ឋ ជាជំនួយការហិរញ្ញវិត្ថុប្រចាំឃុំសំបូរ ស្រុកចិត្របុរី ខេត្តក្រចេះពី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ (រូបភាព៖ ហុង សេងលី)

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា​លើកឡើង​ដែរ​ថា ទោះបីជា​មាន​ទិន្នន័យ​​ពី​កន្លែង​កម្សាន្តក្នុងខេត្តក្រចេះលើប្រព័ន្ធអនឡាញក៏ដោយ តែពេលខ្លះ​ទិន្នន័យ​នោះ​ចាស់​ពេក​មិ​នបា​ន​ធ្វើ​បច្ចុប្បន្នភាព ឬបង្ហោះឡើងវិញ ដែល​ជាមូល​ហេតុ​​ពិបាក​រក​ទិន្នន័យ​ពី​តំបន់​ទេសចរណ៍​​ក្នុង​ខេត្ត​នេះ។

បើតាម​របាយការណ៍ចំនួនអ្នកទេសចរ​របស់ក្រសួងទេសចរណ៍សម្រាប់ខេត្តក្រចេះ​ នាថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ក្នុងឆ្នាំ២០២៤ មានចំនួនទេសចរណ៍សរុបប្រមាណជា ៥១ ០៥២នាក់ តែឆ្នាំ២០២៣ មាន​ចំនួន​ត្រឹម​តែ ៦ ១៥២នាក់។

អ្នកនាង Severia Bel ជាភ្ញៀវទេសចរណ៍បរទេសបន្តថា ព័ត៌មាន​ពីក​ន្លែង​ទេសចរណ៍​នៅ​កម្ពុជា​លើប្រព័ន្ធអ៊ីនធឺ​ណិត​មាន​ភាព​ប្រសើរជាងមុន ប៉ុន្តែសម្រាប់ការធ្វើដំណើរទៅកាន់ខេត្តមួយចំនួន អ្នកនាងជួបផលវិបាកក្នុងការកក់សំបុត្រឡានក្រុង ឬវិធីសាស្ត្រ​ធ្វើ​ដំណើរ​ផ្សេងទៀត​លើ​ប្រព័ន្ធ​អ៊ិនធឺណិត។

អ្នកនាងបន្ថែមថា ទោះបីជាក់ស្តែងមិនពិបាកក្នុងការធ្វើដំណើរក្នុងកម្ពុជា ប៉ុន្តែ​វា​ជំរុញ​ឱ្យ​អ្នកផ្សេង​ទៀត​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការធ្វើដំណើរមកកម្ពុជា ជាពិសេសការធ្វើដំណើរម្នាក់ឯង​។

អ្នកនាងបានលើកឡើងជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា៖ «ពេលខ្ញុំចង់​មក​លេង​កម្ពុជា កន្លែងខ្លះខ្ញុំមិនអាចស្វែងឡានក្រុងបានលើប្រព័ន្ធអ៊ិនធឺណិត ប៉ុន្តែពេលខ្ញុំមកដល់ជាក់ស្តែង វាមិនដូចការគិតទេ។ វាមានភាពងាយស្រួល ក៏ប៉ុន្តែបើគ្មានព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិតទេ ព្រោះ​អាច​បង្ក​ការភ័យព្រួយសម្រាប់អ្នកដំណើរដែរ»។

យោងតាមគេហទំព័រផ្លូវការរបស់ BOOKMEBUS.com ដែល​ជាគេហ​ទំព័រ​ផ្លូវ​សម្រាប់​កក់​សំបុត្រ​ឡាន​ធ្វើ​ដំណើរ​ក្នុងប្រទេស​កម្ពុជាបង្ហាញ​ថា ការរើសការធ្វើដំណើរពីភ្នំពេញទៅក្រចេះ មាន​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ៣ដែល​អាច​កក់សំបុត្រឡានបានតាមប្រព័ន្ធអ៊ិនធឺណិត​បាន​​។

លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ប្រាប់ Newsroom Cambodia ថា ក្រសួង​បាន​បង្កើត​ឱ្យ​មាន​រថយន្ត​ផ្សេងៗ​សម្រាប់​ដឹក​អ្នក​ទេសចរណ៍​ក្នុង​ការដើរ​លេង​តាម​ខេត្ត​នីមួយៗ​នៅ​កម្ពុជា។ លោក​ថា ក្រុមហ៊ុនឯកជននីមួយៗគឺសុទ្ធតែមាន App (កម្មវិធី)ផ្ទាល់ខ្លួន ហើយ​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ក្នុង​ស្រុកមានចំនួនច្រើន គ្មានអី្វដែលគួរបារម្ភនោះទេ​។

លោកថ្លែងថា៖ «ចំពោះការរៀបចំ​ក្នុងការ​ប្រមូល​ផ្តុំ​ព័ត៌មាន​ហ្នឹង ​យើង [ក្រសួង] ក៏​អនុវត្ត​របៀប​នេះ [កក់តាម App] វា​ក៏​ជាឌីជីថលដែរ ព្រោះអ្នកទេសចរណ៍គាត់អាចឆែកបាន។ យើងមាន​ព័ត៌មាន​ទូលំទូលាយ​ពិតមែន តែយើង​មិន​មែន​ប្រមូល​ផ្តុំ​នៅ​ក្នុង​ដុំ​អីតែមួយ ឯ​ព័ត៌មាន​របស់​យើង​គឺ​ទូលំ​ទូលាយ ការធ្វើដំណើរយើងឆែកក្នុងប្រព័ន្ធអ៊ីនធឺណិត គឺឃើញមានហូរហែ»។

តាមលោកស្រីឆាយ ស៊ីវលីន ប្រធានសមាគម​ទេសចរណ៍កម្ពុជាវិញយល់ឃើញថា ការលក់​សំបុត្រ​ឡាន​តាម​កម្មវីធី ឬប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុនដឹកអ្នកដំណើរក្នុងស្រុកនៅមានកម្រិតនៅឡើយ ដូច្នេះភ្ញៀវទេសចរ ពិបាកក្នុងការស្វែងរកសំបុត្រ ជាពិសេសមិនដូចនៅក្រៅប្រទេស។

លោកស្រីលើកឡើងថា៖ «បើសួរថាគ្រាប់គ្រាន់ហើយនៅ? មិនទាន់គ្រាប់គ្រាន់ទេ ដោយសារ​តែ​ក្រុមហ៊ុន​តិច​នៅ​ឡើយទេ មានតែក្រុមហ៊ុនធំៗប៉ុន្មានក្រុមហ៊ុន ដែល​គាត់​មាន​លទ្ធភាព​ក្នុង​ការវិនិយោគ​ទៅ​លើ Digitalization (ប្រព័ន្ធឌីជីថល)ហ្នឹង»។

ជំនួយពីរដ្ឋាភិបាលលើវិស័យទេសចរណ៍

ខេត្តក្រចេះ ស្ថិតនៅភាគឦសាននៃកម្ពុជា មានចម្ងាយ ៣៤០គម ពីរាជធានី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៧ ឆ្លងកាត់ស្រុកស្នួល ចម្ងាយ ២៥០គម ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៧៣ ឆ្លង​កាត់​តាម​ស្រុកតំបែរ និងស្រុកឆ្លូង និងចម្ងាយ ២២០គម តាមផ្លូវទឹកទន្លេមេគង្គ។

យោង​តាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវសំខាន់០២ខែ្ស ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A មានប្រវែងសរុបជិត ៤៩គ.ម ក្នុងខេត្តក្រចេះ សម្រេចបាន ២២% នៅ​ត្រឹម​ខែ​មករា ឆ្នាំ២០២៤។

សម្រាប់អ្នកស្រី ឈ្នាង សាលេន ជាអាជីវករលក់ណែមត្រីនៅ​រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី​ ចង់ឱ្យរាជរដ្ឋាភិបាលជួយរៀបចំសណ្តាប់ធ្នាប់រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី​ឱ្យមា​នភាព​ងាយស្រួយ​ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរ​នៅតំបន់នេះ។

បើតាមលោកស្រី ឆាយ ស៊ីវលីន ជាប្រធានសមាគមន៍ទេសចរណ៍កម្ពុជាលើកឡើងថា ក្នុង​ស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះនេះ រដ្ឋាភិបាលគួរតែមានវិធានការណ៍​ជួយវិស័យឯកជន ដែល​ជា​អ្នករងផលប៉ះពាល់ មិនត្រឹមតែខេត្តសៀមរាបប៉ុណ្ណោះទេ ខេត្តផ្សេងៗទៀតដូចជាក្រចេះ ស្ទឹងត្រែងជាដើម។ អ្នកស្រី​ថា រដ្ឋាភិបាលគួរបញ្ចេញហិរញ្ញប្បទាន ដើម្បី​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ដើម្បីអាចស្រោចស្រង់អាជីវកម្មរបស់ពួកគេ​ ទើបអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរបាន។

អ្នកស្រីបន្ថែមថា៖ «សូម្បីតែ​ខេត្តសៀមរាប​ដែល​យើង​គិត​ថា​រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុងការ​ជួយ​ខេត្ត​សៀមរាប​នូវ​វិស័យ​​ទេសចរណ៍ ហើយ ប៉ុន្តែ​ជាក់ស្តែង​ហិរញ្ញប្បទាន​ហ្នឹង​ក៏​មិនទាន់​បាន​ដល់​វិស័យ​ឯកជ​ន​ដែរ។ ដោយ​ហេតុ​ថា​ការកម្ចី​មិនទាន់​មក​ដល់​វា​មាន​លក្ខខណ្ឌ​ក្នុង​ការធ្វើ​កម្ចី​តឹងតែង​ពេក មើល​ទៅគ្មានអ្វីសម្របសម្រួល និងលើកទឹកចិត្តដល់វិស័យឯកជនសោះ»។