ស្រ្តីជាម្តាយរបស់យុវជន២រូប ដែលមានលំនៅឋាននៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានអះអាងនៅថ្ងៃនេះថាក្រុមគ្រួសាររបស់អ្នកស្រីបានដាក់បណ្តឹងបន្តទៅសាលាឧទ្ធរណ៍ទៀតប្រឆាំងការប្រើប្រាស់ហិង្សាពីមន្រ្តីនគរបាលនៅថ្នាក់ក្រោមជាតិ ក្រោយពីបណ្តឹងនៅសាលាដំបូង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ ផ្ទិបរឿងក្តីរបស់អ្នកស្រីទុកចោល មិនចាត់ការអស់ពេលជាច្រើនខែ។
ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកស្រី ឆេង សុខឃី ដែលត្រូវជាម្តាយរបស់យុវជន២រូប និយាយថានេះការស្វែងរកយុត្តិធម៌ជាថ្មីទៀត ដែលក្រុមគ្រួសាររបស់អ្នកស្រីត្រូវទាមទារចំពោះការប្រើប្រាស់ហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ។អ្នកស្រីបន្តថា ការដាក់បណ្តឹងបន្តទៅសាលាឧទ្ធរណ៍នៅពេលនេះ ដោយសារតែបណ្តឹងដែលបានដាក់រួចហើយ ទាំងនៅតុលាការខេត្តបន្ទាយមានជ័យ និងនៅប៉ុស្តិ៍នគរបាល គេមិនចាត់ការ។
អ្នកស្រីបន្តថា ៖ «ខ្ញុំអត់បានទៅកន្លែងដាក់ពាក្យហ្នឹងតែគ្រាន់កូនខ្ញុំគេទៅដាក់ពាក្យបណ្តឹងហ្នឹង ទារសំណងលុយខ្ញុំនៅខាងក្នុងហ្នឹងមិនដឹងថាយ៉ាងណាទេតែគ្រាន់តែថាសំណុំឯកសារវាឡើងទៅតុលាការហើយចាស ខ្ញុំអត់ដឹងយ៉ាងណាទៀតដែលដល់តែតុលាការកោះហៅ កូនទៅថៃបាត់ហើយចាសទោះមានការអីខ្ញុំអាចតេទៅកូនខ្ញុំបាន»។
បើតាមអ្នកស្រី ឆេង សុខឃី ទាក់ទិនអង្គហេតុនៃសំណុំរឿងនេះ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នាយប៉ុស្តិ៍នគរបាល ២នាក់ បានចាប់កូនប្រុសរបស់អ្នកស្រី២វាយធ្វើបាប ក្នុងចំណោមមហាជនកុះករ អំឡុងពេលពួកគេជិះម៉ូតូដើរលេងកម្សាន្តថ្ងៃបុណ្យចូលឆ្នាំ។
អ្នកស្រីបន្តថា នៅបន្ទាប់ពីយុវជនទាំង២នាក់ ធ្វើដំណើរត្រឡប់មកពីវត្តណងចាន់ក្នុងទឹកដីថៃវិញ ដល់ចំណុចស្ពានចិនជិតប៉ុស្តិ៍នគរបាល វរ:ការពារព្រំដែនគោកលេខ៩១១ នៅក្នុងភូមិសាស្រ្ត ភូមិអូរ បីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបាននាយប៉ុស្តិ៍នគរបាលឃាត់ខ្លួនដោយគ្មានមូលហេតុ និងចំណុចដែលគួរឱ្យសង្ស័យណាមួយ ហើយថែមទាំងប្រើប្រាស់អំពោះហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរតែម្តង។មិនតែប៉ុណ្ណោះ ក្រោយធ្វើសកម្មភាពនៅនឹងកន្លែងកើតហេតុមិនអស់ចិត្តហើយនគរបាលបានចាប់ពួកគេអូសដាក់ឡាន និងបន្តធ្វើទារុណកម្មបន្ថែមទៀតនៅក្នុងប៉ុស្តិ៍នគរបាល។
ប្រភពដដែលឱ្យដឹងទៀតថា នៅបន្ទាប់ពីថ្ងៃកើតហេតុរំលងបានមួយសប្តាហ៍ ក្រុមគ្រួសារអ្នកស្រី បានរៀបចំពាក្យបណ្តឹងដាក់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ មុននឹងបន្តសំណុំរឿងនេះទៅតុលាការខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ប៉ុន្តែដោយសារគ្មានការឆ្លើយតបពីតុលាការខេត្តបន្ទាយមានជ័យ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ ទើបនៅថ្ងៃទី១៧ ខែមិថុនា ក្រុមគ្រួសារអ្នកស្រី ត្រូវបង្ខំចិត្តដាក់បណ្តឹងបន្តទៅទៀត ទៅសាលាឧទ្ធរណ៍។នៅក្នុងសំណុំរឿងនេះ សាច់ញាតិរបស់យុវជនទាំងពីរនាក់ ប្តឹងមន្រ្តីនគរបាលឃុំអូរបីជាន់ទាំងពីរនាក់ពីបទ«ប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទំងន់»។
ឆ្លើយតបរឿងនេះ លោក ដុះ វិសុទ្ធ អ្នកនាំពាក្យមហាអយ្យការ នៃសាលាឧទ្ធរណ៍បាត់ដំបង អះអាងថាប្រសិនបើភាគីដើមបណ្តឹង ពិតជាបានដាក់បណ្តឹងចូលមកឧទ្ធរណ៍ប្រាកដមែន តុលាការនឹងមិនទុកវាចោលទេ។បើទោះជាបែបណា មន្រ្តីនាំពាក្យរូបនេះ សន្យាថានឹងផ្ទៀងផ្ទាត់សំណុំរឿងនេះ ឱ្យបានល្អិតល្អន់សិន។
លោកបន្តថា៖«បាទចាំខ្ញុំឆែកមើលចាំខ្ញុំផ្តល់ព័ត៌មានឲ្យវិញ បាទករណីហ្នឹងបើសិនមកដល់សាលាឧទ្ធរណ៍ថ្ងៃទី១៧ចឹងវាបន្តនីតិវិធីនៅក្នុងការអាចកោះហៅផ្សេងៗ វាអត់ទាន់មានចំណាត់ការលើរឿងហ្នឹងទេវាអត់ទាន់មានជម្រះអីទេបើសិនជារឿងហ្នឹងគាត់ប្តឹងមកចឹងតិចទៀត គេកោះហៅគូភាគីឬក៏ដូចជាជនជាប់ចោទគេហៅមកជំរុំជម្រះឡើងវិញបាទ» ។
ចំណែកស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកព្រហ្មទណ្ឌ លោក នូ ជីវ័ន្ត បដិសេធក្នុងការព័ត៌មានលម្អិតដោយលោកអះអាងថា រឿងក្តីនេះមិនស្ថិតនៅក្នុងដៃរបស់លោកទេ។ប្រភពបន្តថា នៅពេលដែលរឿងក្តីនេះ គេបញ្ចប់រួចរាល់ក្នុងហេតុផលណាមួយក៏ដោយ ទើបបញ្ជូនបន្តឱ្យលោកជាអ្នកពិនិត្យ និងសម្រេចនៅនាទីចុងក្រោយ។
លោកបន្តថា៖ «បាទរបាយការណ៍នៅត្រឹមអធិការ ចឹងប្អូនសម្ហាសន៍លោកអធិការទៅគាត់ដោះស្រាយអត់បានត្រូវគ្នាយ៉ាងមិចៗ បានគាត់បញ្ចូលមកពូចឹងហាអរគុណបាន»។
ផ្ទុយពីនេះទៅវិញ លោក អ៊ឹម សុភារ: អធិការនគរបាលស្រុកអូជ្រៅឃុំ បដិសេធថាដើមបណ្តឹងមិនបានស្នើសុំកិច្ចអន្តរាគមន៍ពីមន្រ្តីនគរបាលនៅថ្នាក់ក្រោមជាតិទេ ហើយលោកក៏មិនទាន់បានទទួលបណ្តឹងណាមួយ ដូចការអះអាងរបស់ដើមបណ្តឹងនៅឡើយដែរ មកដល់ពេលនេះ។
លោកបន្តថា៖ «ប្តឹងខាងណាវិញចឹង អត់ប្តឹងមូលដ្ឋាននេះផង អត់បានប្តឹងនៅកន្លែងប៉ូលីសនេះផងបាទ»។
គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការបំភ្លឺពីលោក លោក រឿន លីណា អ្នកនាំពាក្យសាលាដំបូង ខេត្តបន្ទាយមានជ័យបានទេ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួល នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តមន្ទាយមានជ័យ យល់ឃើញថាមន្រ្តីនគរបាលដែលប្រើប្រាស់អំពើហិង្សាប្រឆាំងពលរដ្ឋ គួរត្រូវបានផ្តន្ទាទោសតាមទៅច្បាប់។លោកបន្តថា ក្នុងនាមជាអ្នកដែលអនុវត្តច្បាប់ហើយ ប្រពឹត្តិបំពានដូចនេះ គឺជាការរំលោភអំណាចមួយដែលមិនអាចលើកលែងបានទេ។
លោកបន្តថា៖«បាទវាជារឿងមួយដែលលោកនាយប៉ុស្តិ៍ នាយប៉ុស្តិ៍រង គាត់ប្រព្រឹត្តអំពើហិង្សាទៅលើប្រជាពលរដ្ឋហើយនៅតាមផ្លូវទីសាធារណ:ទៀតក្នុងនាមគាត់ជាមន្រ្តីអនុវត្តច្បាប់។គាត់ត្រូវមានក្រមសីលធម៌បាទគាត់ជាអ្នកផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋឲ្យមានការគោរពគាត់ទៅជាប្រព្រឹត្តបទលើ្មសទៅលើប្រជាពលរដ្ឋចឹង» ។
បើទោះជាបែបណា ក្រុមគ្រួសារដែលអះអាងថាជាជនរងគ្រោះ អះអាងថាពួកគេនឹងនៅបន្តតស៊ូមតិតាមផ្លូវច្បាប់បន្តទៀត ដើម្បីទាមទាររកយុត្តិធម៌ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ៕